​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានចាត់ទុក​ធនា​​គារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​ប្រៀបដូចជា​បេះ​ដូង និង​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ខណៈ​លោក​បានផ្តល់​អនុសាសន៍ និង​លើកទឹកចិត្ត​ដល់​ធនាគារ​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្តល់​សេវាកម្ម​របស់ខ្លួន​ឱ្យ​កាន់​​តែ​ទូលំទូលាយ​។​


​នាឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ធនាគារ​វី​ង​ថៅ​វើ នៅ​ថ្ងៃទី​​ ២០ ខែធ្នូ លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ការសម្ពោធ​អគារ​ធនា​គារ​វី​ង​នាពេលនេះ គឺជា​និមិត្តរូប​នៃ​ការរីកចម្រើន​របស់​វិស័យ​ធនាគារឯកជន ជាពិសេស​អ្នកវិនិយោគ​ក្នុងស្រុក​។ ជាមួយគ្នានេះ​លោក​ក៏បាន​ចូលរួម​ត្រេកអរ​ផងដែរ ចំពោះ​ការពង្រីក​ធនាគារ​ក្នុងស្រុក​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយនេះ ដែល​ធ្វើឱ្យ​កម្ពុ​ជាមាន​ម្ចាស់ការ និង​អាច​បង្វិល​សាច់ប្រាក់​ក្នុងស្រុក​បាន​។

​លោក​មានប្រសាសន៍ថា​៖ «​វិស័យ​ធនាគារ កាលណា​ពង្រីក​នឹង​សម្រួល​លទ្ធភាព​ដល់​អតិថិ​​ជន ប៉ុន្តែ​យើង​ក៏មាន​កាតព្វកិច្ច​មួយ​ត្រូវ​រក្សា​លំនឹង ហើយ​ការបញ្ជូន​សាច់ប្រាក់​ទៅឱ្យ​អតិថិជន ត្រូវមាន​ការវាយតម្លៃ​ច្បាស់លាស់ ជាពិសេស​ក្នុង​គ្រា​លំបាក​នេះ​។ ព្រោះ​បញ្ហាសំខាន់​សេដ្ឋកិច្ច​របស់​យើង បើសិនជា​អត់​មាន​ចរន្ត​
​ថវិកា​ទេ សេដ្ឋកិច្ច​អត់​ដើរ​ទេ​»​។​


​លោក​បាន​បញ្ជាក់ថា ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល រាជរដ្ឋាភិបាល​អាណត្តិ​ទី៧ ​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​ជំរុញ​សម្ទុះ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម សំដៅ​សម្រេច​ចក្ខុវិស័យ​ឆ្នាំ​ ២០៣០ និង​ ២០៥០ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ការរីកចម្រើន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​សកល ដែល​បច្ចេកវិទ្យា​ឌីជីថល​កំពុង​ដើរតួនាទី​ស្នូល និង​ជា​ចលករ​សំខាន់ គ្របដណ្តប់​លើ​គ្រប់​ទិ​ដ្ឋ​ភាព​នៃ​សេដ្ឋកិច្ចសង្គម រួមទាំង​វិស័យ​ហិរញ្ញវត្ថុ​ធនាគារ​។ 

​បន្ថែម​លើ​នេះ រាជរដ្ឋាភិបាល​ក៏បាន​ដាក់ឱ្យអនុវត្ត​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ឆ្នាំ ២០២៣-២០២៨ ​ដែលមាន​ចក្ខុវិស័យ​រយៈពេល​វែង​អភិ​​វ​ឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការលើក​កម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ការរក្សា​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ និង​ការជំរុញ​នវានុវត្តន៍​ហិរញ្ញវត្ថុ​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត ថ្លែងថា​៖ «​គោលនយោបាយ​អភិវឌ្ឍ​ន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ឆ្នាំ ​២០២៣-២០២៨​ គឺជា​សមិទ្ធផល​មួយ​ដែលមាន​សារៈសំខាន់​គួ​ជាទី​មោទន​​ភាព ក្នុងការ​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​សំដៅ​ចូលរួម​លើកកម្ពស់​បរិ​​យា​ប័ន្ន​ហិរញ្ញវត្ថុ​»​។​

​ក្របខ័ណ្ឌ​គោលនយោបាយ​ទាំងនេះ​នឹងមាន​សារៈសំខាន់​សម្រាប់​វិស័យ​ធនាគារ​នៅ​កម្ពុជា ក្នុង​បរិការណ៍​នៃ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ជាពិសេស​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ការចាប់យក និង​ការ​សម្រប​ខ្លួន​ទៅនឹង​ប្រព័ន្ធ​ឌីជីថល​របស់​ធនា​គារ​មិន​ត្រឹមតែ​រួមចំណែក​លើក​កម្ពស់​កម្រិត​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​លើកកម្ពស់​កំណើន​និង​ប្រកបដោយ​ចីរភាព​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ថ្លែងថា បើ​និយាយ​ពី​វិស័យ​ធនាគារ មាន ​២ ​ប្រភេទ គឺ​ប្រភេទ​ធនាគារ​របស់​រដ្ឋ និង​ធនាគារឯកជន​រួមទាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែលមាន​មុខងារ​និង​ភារកិច្ច​ខុសៗ​គ្នា​។​

​យ៉ាងណាមិញ​លោក​បញ្ជាក់​ពី​សារៈសំខាន់​ជារួម​នៃ​ធនាគារ​ថា​៖ «​ធនាគារ មាន​តួនាទី​ក្នុង​រក្សា​លុយ ផ្តល់​លុយ ការគ្រប់គ្រង ចាត់ចែង និង​រៀបចំ​លុយ គឺជា​រឿង​សំខាន់​។ ដូ​ច្នះ​ហើយ​បានជា​ធនាគារ​មាន​សារៈសំខាន់ ព្រោះ​កាលណា​យើង​ចាត់ចែង​គ្រប់គ្រង​លុយ​ដល់​គោលដៅ នោះ​ហើយ គឺជា​បេះដូង​នៃ​សេដ្ឋកិច្ច​ដែល​​ជំរុញឱ្យមាន​សកម្មភាព​សេដ្ឋកិច្ច កម្រើក​សេដ្ឋកិច្ច និង​កំណើនសេដ្ឋកិច្ច​»​។ 

​ដើម្បី​បន្ត​ធានា​រក្សាបាន​ភាពរឹងមាំ​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​ព្រមទាំង​លើកកម្ពស់​តួនាទី​របស់​ធនាគារ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច លោកនាយក​រដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​មួយចំនួន​រួមមាន​៖​ការពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​សេវាកម្មរ​បស់​ខ្លួន​ឱ្យ​កាន់តែ​ទូលំទូលាយ​, ពិនិត្យ​លទ្ធ​ភាព​ផ្តល់​ឥណទាន​ឱ្យបាន​កាន់​តែ​ច្រើន​ដល់ សហគ្រាស​មីក្រូ ធុន​តូច និង​ធុន​មធ្យម​។​

​ពង្រីក​ឥណទាន ដល់​វិស័យ​កសិកម្ម​ជាពិសេស​ឥណទាន​ស​​ម្រា​ប់​ដំណាំ​ស្រូវ និង​ឥណទាន​បៃ​តង​, លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ រៀបចំ​ឥណទាន​ឡើងវិញ​ដើម្បី​ជួយ​វិស័យ​ទេសចរណ៍​, រៀបចំ​កម្មវិធី​ផ្តល់​កម្ចី​ដោយផ្ទាល់​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាមួយ​អត្រា​ការប្រាក់​សមរម្យ និង​ធនាគារជាតិ​នៃ​កម្ពុជា គួរ​រិះរក​វិធី​សមស្រប​ដើម្បី​បន្ធូរបន្ថយ​នូវ​បទ​ប្បញ្ញត្តិ​ប្រុងប្រយ័ត្ន​មួយចំនួន​ដែល​ចាំបាច់​ក្នុង​ការផ្តល់​លទ្ធភាព​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បន្ត​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុង​ការរួម​​ចំណែក​គាំទ្រ​ទៅដល់​ក្រុមហ៊ុន និង​សហគ្រាស​ឯកជន​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា​៖ «​កិច្ចការងារ​នេះ​គឺមាន​សារៈសំខាន់​ណាស់ ដើម្បីឱ្យ​សេដ្ឋកិច្ច​មួយ ដើរ​ត្រូវ​ចរន្ត ដែល​ក្នុងនោះ​ហិរញ្ញវត្ថុ​បាន​ដើរ​តួនាទី​សំខាន់​ខាង​ប្រព័ន្ធ​ធនាគារ​ហើយ​ធនាគារជាតិ​របស់​យើង ដើរតួនាទី​ក្នុង​ការជួយ​សម្រួល​គាំទ្រ​ទៅដល់​ប្រតិបត្តិការ​ដល់​ប្រព័ន្ធ​ធនាគារ​»​។​

​លោក​ថា ថ្មីៗ​នេះ​ធនាគារជាតិ បាន​ដើរតួនាទី​យ៉ាងសកម្ម​ចរចា​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​ការរៀបចំ​ប្រព័ន្ធ​ទំនាក់ទំនង​ក្នុង​ការជួយ​ធ្វើ​ពាណិជ្ជកម្ម​ទេស​ចរណ៍​ផ្សេងៗ តាមរយៈ​រៀបចំ​ប្រព័ន្ធ​ទូទាត់​ត្រង់ ក៏ដូចជា​ការ​​រៀបចំ QR code ជាដើម​៕​