ភ្នំពេញៈ នាយករដ្ឋមន្ត្រី​កម្ពុ​ជា ​លោក ​ហ៊ុន ម៉ា​ណែ​ត និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក គី​ស៊ី​ដា ហ្វូ​មី​អូ បាន​សន្យា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធ​សា​ស្ត គ្រប់​ជ្រុងជ្រោយ​តាមរយៈ​គម្រោង​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង​លើ​គ្រប់​វិស័យ ដោយ​នាយក​រដ្ឋ​មន្ត្រី​ទាំង​​ ២ បានទទួល​ស្គាល់​ពីសា​រៈ​សំខាន់​នៃ​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​រួមគ្នា​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​ ២០២៣ ស្តីពី «​កម្ពុជា និង​ជប៉ុន​ប្ដេជ្ញា​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​។​


​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖«​ប្រទេស​ទាំង​ ២ ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត នៅក្នុង​ឆ្នាំនេះ នាយករដ្ឋមន្ត្រី​ទាំង​២ បាន​សន្យា​ធ្វើការ​យ៉ាង​ជិត​​ស្និទ្ធ​ជាមួយគ្នា ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធ​សា​ស្ត គ្រប់​ជ្រុងជ្រោយ តាមរយៈ​គម្រោង​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការជាក់ស្ដែង​លើ​គ្រប់​វិស័យ​»​។​

​ប្រភព​ដដែល​បន្តថា​៖«​នាយក​​រដ្ឋមន្ត្រី​ទាំង​ ២ ​បានទទួល​ស្គាល់​ពីសា​រៈ​សំខាន់​នៃ​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជា​ច្រើន រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ការពារជាតិ និង​សន្តិសុខ ថាមពល អភិវឌ្ឍន៍​ឌីជីថល ការ​​បោសសម្អាត​មីន និង​សុខភាព​សាធារណៈ​»​។​


​តាមរយៈ​សេចក្តីប្រកាស​ព័​ត៌​​មាន​នេះដែរ​លោក គី​ស៊ី​ដា ហ្វូ​មី​អូ បាន​សម្តែង​អំណរគុណ​ចំពោះ​ការចូលរួម​ដោយ​សកម្ម​របស់លោក​ហ៊ុន ម៉ា​ណែ​ត នៅក្នុង​កិច្ច​​ប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន និង​កិច្ចប្រជុំ​កំពូល​លើក​ទី​ ១ ​ស្តីពី​សហគមន៍​បំ​ភាយ ឧស្ម័ន​សូន្យ​អាស៊ី (AZEC)​។​

​ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ា​ណែ​ត​ក៏បាន​សម្តែង​អំណរ​សាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រទេស​ជប៉ុន ដែល​បានធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ប្រកប​ដោយ​ជោគជ័យ​ដោយ​លោក​បាន​សម្តែង​ការគាំទ្រ​យ៉ាង​ពេញលេញ​ចំពោះ​គំនិត​ផ្តួចផ្តើម​ថ្មី​ចំនួន​ ៣ របស់​ជប៉ុន ដែល​រួមមាន​៖«​ដៃគូ​ចិត្ត និង​ចិត្ត​គ្រប់​ជំនាន់​»,«​ដៃគូ​សម្រាប់​សហ​បង្កើត​សេដ្ឋកិច្ច និង​សង្គម​» ​និង ​«​ដៃគូ​សម្រាប់​សន្តិភាព និង​ស្ថិរភាព​»​។​


​ក្នុងឱកាស​នៃ​ការចូលរួម​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន​លើក​ទី​ ៥០ ដែល​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ​១៥-១៩ ខែធ្នូ ឆ្នាំ ​២០២៣ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន លោក​ហ៊ុន ម៉ា​ណែ​ត ក៏បាន​បញ្ជាក់​ជាថ្មី​នូវ​អំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​​ជប៉ុន​សម្រាប់​ការគាំទ្រ និង​ជំនួយ​ដ៏​ថ្លៃថ្លា​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​។ លោក​លើកឡើងថា​៖«​សូម​ថ្លែង​ការ​អរគុណ​ដ៏​ជ្រាល​​ជ្រៅ ជូន​ចំពោះ​ឯកឧត្តម​នាយក​​រដ្ឋមន្ត្រី​គី​ស៊ី​ដា​សម្រាប់​ការសន្យា​ផ្តល់​ឥណទាន​សម្បទាន​ចំនួន ២០ ប៊ី​លាន​យ៉េន ដើម្បី​ជួយ​ដល់​វិស័យ​សុខាភិបាល​របស់​កម្ពុជា តាម​ទីជនបទ​នៅ​កម្ពុជា​»​។​

​ក្រោយពី​ជំនួប​ប្រកបដោយ​ផ្លែ​ផ្កា​ខាងលើ​លោក​គី​ស៊ី​ដា បានប្រគល់​ជូន​លោក​ហ៊ុន ម៉ា​ណែ​ត នូវ​កាស​ប្រាក់​អនុស្សាវរីយ៍​ប្រភេទ ៥ ០០០ រៀល ដើម្បី​អបអរសាទរ​ខួប​ទី​៧០​ឆ្នាំ​នៃ​មិត្តភាព​កម្ពុជា​-​ជប៉ុន​ផងដែរ​។

​ទាក់ទង​នឹង​ការណ៍​នេះដែរ​លោក តាន់ ហ្ស​ង់ ហ្រ្វង់​ស័​រ រដ្ឋមន្ត្រី​ប្រតិ​​ភូ​អម​នាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការបរទេស បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​លទ្ធ​ផល​នៃ​ការចូលរួម​កិច្ចប្រជុំ​កំពូល​នេះ នា​យប់​ថ្ងៃទី​ ១៩ ខែធ្នូ​ថា កម្ពុជា និង​ជប៉ុន មាន​ទំនាក់ទំនង​ការទូត ជាមួយនឹង​គ្នា​ ៧០​ ឆ្នាំ​កន្លងមកហើយ ហើយ​នៅ​ចុង​ទសវត្សរ៍​ ៨០ ដើម​ទសវត្សរ៍ ​៩០ ប្រទេស​ជប៉ុន បាន​ចូលរួម​ក្នុងការ​ស្វែងរក​សន្តិភាព និង​រៀបចំ​ឱ្យមាន​សន្តិភាព នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​លោក​បញ្ជាក់ថា ៖ «​ទំនាក់ទំនង កម្ពុជា​-​ជប៉ុន គ្មាន​ការ​ប្រួល​ប្រែ​ឡើយ ទោះបីជា​កម្ពុជា ទើប​ដូរ​នាយករដ្ឋមន្ត្រី​ក៏ដោយ​ព្រោះថា ទំនាក់ទំនង​ការ​​ទូត រវាង​ប្រទេស​ទាំង ​២ មាន​ចំនួន​ ៧០​ ឆ្នាំ​មកហើយ​។ មួយវិញទៀត មិនមែន​អាស្រ័យ ទៅលើ​បុគ្គលិកលក្ខណៈ​របស់​នា​យក​រដ្ឋមន្ត្រី ឆ្លង​ចេញពី​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នោះទេ គឺ​វា​មាន​មូលហេតុ​មួយចំនួន​ដែល​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ មាន​លក្ខណៈ​កាន់តែ​ល្អ​​ប្រសើរ​»​។ 

​លោក តាន់ ហ្ស​ង់​ ហ្រ្វង់ស័​រ បន្ថែមថា តទៅ​មុខ​ទៀត​ក៏ដោយ ក៏​មិនគួរ​ឱ្យមាន​ការបារម្ភ​ដែរ​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ជប៉ុន ទោះបីជា​សព្វថ្ងៃនេះ កម្ពុជា​នឹង​បន្ត​ត្រូវការ​ជំនួយ​ពី​ជប៉ុន​ក៏ដោយ ហើយ​សព្វថ្ងៃនេះ ជប៉ុន​សម្លឹង​ឃើញ​កម្ពុជា ជា​ប្រទេសមួយ​ដែលមាន​ការ​អភិវឌ្ឍ​សង្គម និង​កំណើនសេដ្ឋកិច្ច​ខ្លាំងក្លា​។​

​លោក​ថ្លែងថា ៖ «​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​ស្គាល់​កំណើនសេដ្ឋកិច្ច​ខ្លាំងក្លា ស្គាល់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ខ្លាំងក្លា​គឺ​នៅពេលនោះ​ហើយ ដែល​ជប៉ុន​មើលឃើញ​កម្ពុជា ដូចជា​ដៃគូ​សេដ្ឋកិច្ច​មួយ​ខានមិនបាន ដោយសារ​កម្ពុជា​ជា​ប្រទេស​សមាជិក​អាស៊ាន​ដែល​អាស៊ាន គឺជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ ប៉ូល​ទាក់ទាញ​សេដ្ឋ​​កិច្ច​ជាងគេ​នៅក្នុង​អាស៊ី​ប៉ា​ស៊ី​​ហ្វិ​ក ដែល​កម្ពុជា​គឺជា​ដៃគូ​ខានមិនបាន​របស់​ជប៉ុន​»​។​

​មួយវិញទៀត​លោកតា​ន់ ហ្ស​ង់​ ហ្រ្វង់​ស័​រ​ក៏បាន​លើកឡើង​ដែរ​ថា វិនិយោគទុន​របស់​ជ​ប៉ុន​មាននៅ​គ្រប់កន្លែង​ដូចជា​ចិន វៀតណាម ភូមា ដូចនេះ​កុំ​និយាយ​ពីរ​បប​នយោបាយ ដោយសារតែ​លុយ​គ្មាន​ក្លិន​ប្រជាធិបតេយ្យ លុយ​គ្មាន​ក្លិន​ផ្តាច់ការ​នោះទេ ទីណា​គេ​រកបាន គឺ​គេ​ទៅហើយ​៕