ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានផ្តល់​ជា​អនុសាសន៍ និង​ណែនាំ​ឱ្យ​ស្ថាប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​បន្ត​ចូលរួម​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដែលមាន​ចរិត​បំពុលសង្គម​។​


​លោក​បានលើកឡើង​ដូចនេះ តាមរយៈ​សារលិខិត​អបអរសាទរ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​លើក​ទី​២០ នៅ​ថ្ងៃទី​ ២១ ខែធ្នូ ដែល​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​ឆ្នាំ ​២០២៣ ធ្វើឡើង​ក្រោម​ប្រធានបទ «​ក្រម​សីល​ធម៌ និង​វិជ្ជាជីវៈ សារព័ត៌មាន​»​។​

​លោក​បាន​លើកឡើងថា​៖ «​ប្រធានបទ​នេះ​ពិតជា​មាន​សារៈ​​សំខាន់បំផុត ខណៈដែល​ការ​អនុវត្ត​ក្រមសីលធម៌ វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន មួយចំនួន​នៅមានកម្រិត ជាពិសេស​អ្នក​សារព័ត៌​មាន​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​ទាមទារ​ឱ្យមាន​ការយកចិត្ត​ទុក​ដាក់​ពង្រឹង​ការអនុវត្ត​ក្រម​សីល​​ធម៌​វិជ្ជាជីវៈ និង​ការបណ្តុះបណ្តាល​ជំនាញ ដើម្បី​បង្កើន​សមត្ថភាព​របស់​អ្នកសារព័ត៌មាន និង​បង្កើន​ទំនុកចិត្ត​ដល់​សាធារណជន​»​។​


​ក្នុងឱកាស​នេះដែរ​លោកនាយក​​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដោយស្មោះ​ចំពោះ​ស្ថាប័ន​សារព័ត៌មាន និង​អ្នក​​សារព័ត៌មាន​ទាំងអស់ ដែល​បាន​គាំទ្រ​គោលនយោបាយ​របស់​រាជ​​រដ្ឋាភិបាល​នាពេល​កន្លងមក ក៏ដូចជា​គោលនយោបាយ​របស់​រាជ​​រដ្ឋាភិបាល​នីតិកាល​ទី​៧ ​នៃ​រដ្ឋ​សភា ដែល​នេះ​ជា​កម្លាំងចលករ​ក្នុងការ​ចូលរួមចំណែក​ថែរក្សា​សុខសន្តិភាព និង​ការកសាង​ប្រទេស​ឱ្យមាន​ការរីកចម្រើន​ប្រកបដោយ​ចីរភាព ដោយ​សម្លឹង ឆ្ពោះទៅ​បង្គោល​ចរណ៍ «​ចក្ខុ​វិស័យ​កម្ពុជា ឆ្នាំ ​២០៥០»​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​តែង​​តែ​យកចិត្តទុកដាក់​លើកកម្ពស់ សេរីភាព​នៃ​ការបញ្ចេញមតិ សេរី​ភាព​សារព័ត៌មាន និង​ជំរុញឱ្យមាន​ការបណ្ដុះបណ្ដាល​ផ្នែក​សារព័ត៌​​មាន និង​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទំនើប ក៏ដូចជា​ពង្រឹង​ការ​​អនុវត្ត​ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឱ្យ​អ្នកសារព័ត៌មាន បំពេញភារកិច្ច​ប្រកបដោយ​វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ​»​។​


​ដើម្បី​ចូលរួមចំណែក​ក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា លើក​ទី២០​ នេះ លោកនាយក​រដ្ឋ​មន្ត្រី​ក៏បានផ្តល់​ជា​អនុសាសន៍​សំខាន់ៗ​មួយចំនួន​ផងដែរ សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​ពិភាក្សា​ដោះ​​ស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​ការ​បំពាន​ក្រមសីលធម៌ វិជ្ជាជីវៈ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ បំភ្លៃ​ការពិត មាន​ចរិត​បំពុលសង្គម ជេរប្រមាថ និង​ញុះញង់ បង្ក​ឱ្យ​កើតមាន​អរិភាព ការបែកបាក់​សាមគ្គីភាព​ជាតិ​។​

​លោក​ថា​៖ «​ត្រូវ​បន្ត​ចូលរួម​ថែរក្សា​សុខសន្តិភាព ការអភិវឌ្ឍ​ប្រទេសជាតិ និង​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ ផ្អែកលើ​ការអនុវត្ត​ច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ត្រូវ​លុបបំបាត់​ជន​ឱកាសនិយម ដែល​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន​»​។​

​លោក ហ៊ុន ម៉ា​ណែ​ត បន្ថែមទៀតថា ផ្ដល់ព័ត៌មាន​ពិត​ដល់​សាធារណ​ជនជាតិ​-​អន្តរជាតិ ពី​សភាពការណ៍​ពិត​នៅ​កម្ពុជា​, ធ្វើជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ភាព​ពិត​ជាក់ស្ដែង និង​ភាព​អសកម្ម​នៅក្នុង​សង្គម​,​ផ្សព្វផ្សាយ​អប់រំ​ពី​វិធាន​ការបង្ការ​គ្រោះថ្នាក់​ចរាចរណ៍ គ្រោះ​ថ្នាក់​នៃ​គ្រឿងញៀន ការជួញដូរ​មនុស្ស គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជាដើម​។​

​លោក​បាន​បន្តថា​៖ «​រួមគ្នា​បន្ត​ចូលរួម​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដែលមាន​ចរិត​បំពុលសង្គម អាចធ្វើឱ្យ​ប្រទេសជាតិ អស្ថិរភាព​នយោបាយ ចលាចល ភាពវឹកវរ និង​បាត់បង់​សណ្តាប់​ធ្នាប់​សង្គម​, ប្រកាន់ខ្ជាប់​ក្រម​សីល​ធម៌ វិជ្ជាជីវៈ ផ្សាយ​ព័ត៌មាន​ពិត​មាន​តុល្យភាព ចៀសវាង​ការ​ផ្សាយ​ព័ត៌មាន​ដែល​ធ្វើឱ្យ​ខូច​ផលប្រយោជន៍​ជាតិ និង​បាត់បង់​ទំនុកចិត្ត​ពី​សាធារណជន​»​។​

​លោក​ក៏បាន​ណែនាំ​ឱ្យមាន​ការ​បណ្តុះបណ្តាល​សមត្ថភាព​ជំនាញ​របស់​អ្នកសារព័ត៌មាន​ទាំង​បច្ចេក​ទេស និង​វិជ្ជាជីវៈ ដើម្បី​លើកកម្ពស់​គុណភាព​ព័ត៌មាន សណ្តាប់ធ្នាប់​វិស័យ​ព័ត៌មាន និង​កិត្យានុភាព​ស្ថាប័ន​សារព័ត៌មាន​។​

​ទាក់ទង​នឹង​សារលិខិត​នេះដែរ លោក ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ក្លឹប​អ្នកកាសែត​កម្ពុជា​នឹង​បន្ត​បេសកកម្ម​សំខាន់ ដោយ​ធ្វើ​យ៉ាង​ណា​ជួយ​បណ្តុះបណ្តាល​ទាំង​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ដល់​អ្នកសារព័ត៌មាន​។​

​លោក​បាន​ថ្លែងថា៖ «​នៅពេល​ខាងមុខ​ក្លិប​អ្នកកាសែត​កម្ពុ​ជាមាន​មហិច្ឆតា​ធំ​ណាស់ ដើម្បី​ធ្វើយ៉ាងណា​បង្កើត​ក្រុមប្រឹក្សា​ក្រម​សីលធម៌​អ្នកសារព័ត៌មាន ដែល​ពេល នោះ​ពួកគាត់​ដែលជា​អ្នក​សារព័ត៌​មាន​អាច​មើល អាច​វាយតម្លៃ និង​ដាក់ពិន័យ​ដោយ​អ្នកសារព័ត៌មាន ឬ​ក្រុម​អ្នកសារព័ត៌មាន​ខ្លួនឯង ជា​ជាង​រាជរដ្ឋាភិបាល​ឬ​សមត្ថកិច្ច​ណាមួយ​។ នេះ​ជា​រឿង​សំខាន់បំផុត​ដែល​ស្ទើរតែ​ទូទាំង​ពិភព​លោក​បាន​អនុវត្ត​ទម្រង់​បែបនេះ​»​។​

​បច្ចុប្បន្ន​នៅ​កម្ពុជា មាន​សារព័ត៌​មាន​បោះពុម្ព​ផ្សាយបាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​ចំនួន​ប្រមាណ ៥០០​ អាជ្ញាប័ណ្ណ​, វិទ្យុ​FM មាន​ប្រមាណ ២២១ ​ស្ថានីយ​, ស្ថានីយ​ ទូរទស្សន៍ មាន ២១​ ប៉ុ​ស្ត៍​, ទូរ​ទស្សន៍​ខ្សែកាប​មាន​ជាង ៩០​ ប៉ុ​ស្ត៍​និង​សារព័ត៌មាន​អន​ឡាញ​មាន​ចំនួន​ជាង​ ៩០០​ អាជ្ញាប័ណ្ណ​៕