ភ្នំពេញៈ អ្នកជំនាញ​ក្នុង​វិស័យ​អប់រំ​បានចាត់ទុក​គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល ដែល​ផ្តោត​ការយកចិត្តទុកដាក់​សំខាន់​លើ​ទារកដ្ឋាន​តាម​សហ​គម​ន៍ថា ​ជា​ជំហាន​ឆ្ពោះទៅរក​ភាព​ស៊ី​វិ​ល័យ​ដូច​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​អាស៊ាន​។​


​ការលើកឡើង​ដូចនេះ បន្ទាប់ពី​ក្រសួង​អប់រំ យុវជន និង​កីឡា បានចាប់ផ្តើម​ប្រជុំ​ជា​លើកដំបូង​ជាមួយ​អន្តរក្រសួង​ស្តីពី​ការបង្កើត និង​គ្រប់គ្រង​ទារកដ្ឋាន ដឹកនាំ​ដោយ​លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខា​​ធិ​ការ​ប្រចាំការ​ក្រសួង​អប់រំ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ​នៅ​ថ្ងៃទី​​ ១៩ ខែធ្នូ ឆ្នាំ ​២០២៣​។​

​ប្រភព​ដដែល​បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​រួមមាន នាយកដ្ឋាន​អប់រំ​កុមារ​តូច​, គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​,​មន្ត្រី​បច្ចេកទេស​សុខាភិបាល​,​ម​ជ្ឈ​​មណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​,​ម​ជ្ឈ​មណ្ឌល​គាំពារ​មាតា និង​ទារក​, នាយក​​ដ្ឋា​ន​ការងារ​, នាយកដ្ឋាន​ផែនការ ស្ថិតិ និង​នីតិកម្ម រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​។​


​ក្រសួង​អប់រំ​បាន​បន្តថា​៖ «​គោល​​បំណង​នៃ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​កំណត់​ក្របខ័ណ្ឌ​រៀបចំ​សេចក្តីព្រាង ចែករំលែក​ទស្សនទាន និង​បទពិសោធន៍​ទូទៅ ឈាន​ឆ្ពោះទៅ​បង្កើត​ទារកដ្ឋាន​សហគមន៍​មួយ​ប្រកបដោយ​វិជ្ជាជីវៈ និង​និរន្តរភាព​ក្នុង​គោលដៅ​ចូលរួម​ជួយ​សម្រាល​បន្ទុក​មាតា បិតា​បាន​មួយកម្រិត​ធំ ក៏ដូចជា​បន្ថែម​ការយ​ក​ចិត្ត​ទុកដាក់​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​តាំងពី​វ័យក្មេង​»​។​

​ពាក់ព័ន្ធ​នឹង​ការបង្កើត​ទារកដ្ឋាន​តាម​សហគមន៍ និង​រោងចក្រ​សហគ្រាស​នេះ លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​​សេវា​អប់រំ​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​ ២០២៣​ ថា គោលនយោបាយ​ស្តីពី​ការបង្កើត និង​គ្រប់គ្រង​ទារកដ្ឋាន របស់​រាជរដ្ឋាភិបាល គឺជា​ជំហាន​ថ្មី​មួយទៀត មិន​ធ្លាប់មាន​ពីមុន​ដែល​ជួយ​ជំរុញ​កម្រិតជីវភាព​ប្រជាពលរដ្ឋ​ផង និង​ជួយ​បង្កើន​គុណភាព​អប់រំ​នៅ​កម្ពុជា​ផង​។​


​លោក ​គង់ សំនៀង បាន​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​បង្កើតឱ្យមាន​ទារកដ្ឋាន​នេះ​គឺជា​រឿង​មួយ​ល្អ និង​ជា​ជំហាន​ថ្មី​មួយទៀត​ដែល​ធ្វើឱ្យ​ប្រទេស​យើង​មាន​ភាព​ស៊ី​វិ​ល័យ បង្កើន​គុណភាព​អប់រំ​នៅ​កម្ពុជា​ថែម​មួយកម្រិត​ទៀត​»​។​

​សូម​រំឭក​ដែរ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានផ្តល់​ជា​អនុសាសន៍​លើ​ការបង្កើតឱ្យមាន​ទារកដ្ឋាន​នេះ​ដែល​កំណត់​ការអភិវឌ្ឍ​ធនធានមនុស្ស​ជា​វិស័យ​អាទិភាព និង​ត្រូវ​យកចិត្តទុកដាក់​តាំង​ពី​តូច ក៏ដូចជា​ចង់ឱ្យមាន​ទារក​ដ្ឋា​ន​សម្រាប់​គ្រួសារ​កម្មករ និយោជិត​នៅតាម​សហគ្រាស​រោងចក្រ​ផងដែរ​។​

​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​«​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រ​ចិត្ត សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​» និង​ «​កម្មវិធី​បណ្តុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​»​ កាលពី​ថ្ងៃទី​ ១៤ វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការបង្កើត​ទារកដ្ឋាន និង​ម​តេ្ត​យ្យ​សហគមន៍ គឺជា​កិច្ច​​ការសំខាន់​សម្រាប់​លើកកម្ពស់​សុខុមាលភាព​ទារក និង​ការអប់រំ​ឱ្យ​កាន់តែ​ឈ្លាសវៃ​។​

​លោក​បាន​មានប្រសាសន៍ថា​៖ «​ការ​​រៀបចំ​ទារកដ្ឋាន និង​ម​ត្តេ​យ្យ​សហគមន៍​នេះ​ជាការ​រួមចំណែក​ក្នុងការ​យកចិត្ត​​ទុកដាក់​ទៅលើ​សុខភាព ជួយ​ក្នុង​ការថែទាំ​សុខុមាលភាព​របស់​ទារ​ក​តាម​រយៈ​ការគ្រប់គ្រង​ការជួយ​បំប៉ន គ្រប់​​គ្រង​ទាំង​ការហូបចុក​ទាំង​អាហារូបត្ថម្ភ និង​ការបង្ហាត់បង្រៀន​ផ្សេងៗ​»៕