ភ្នំពេញៈ​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​) និង​អង្គការ​សកម្ម​ភាព​កំចាត់​មីន​ជប៉ុន ​(JMAS) ប្រចាំ​កម្ពុជា ​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​កិច្ច​សហ​ប្រ​តិបត្តិ​ការ និង​ភាព​ជា​ដៃគូ​លើ​គម្រោង​គាំទ្រ​ការ​បោស​សម្អាត​មីន ​និង​អភិ​វឌ្ឍន៍​តំបន់​បោ​សសម្អាត​មីន​រួច​ស្ថិត​ក្នុង​ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​គម្រោង​គាំទ្រ​ការ​បោស​សម្អាត​តំបន់​គ្រាប់​បែក​ចង្កោម​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ក្រោមជំនួយ​ទឹក​ប្រាក់​ពីជប៉ុន​ជិត​ ៥០ ​ម៉ឺន​ដុល្លារ។​


​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ ​បាន​ធ្វើ​ឡើង​រវាង​លោក ​ហេង រតនា អគ្គ​នាយក​នៃ​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា ​(CMAC) និង​លោក KARUBE Masakazu ប្រធាន​អង្គការ​សកម្ម​ភាព​កំចាត់​មីន​ជប៉ុន​ ហៅ​កាត់​ថា (JMAS)​ ប្រចាំ​កម្ពុជា​កាល​ពី​ថ្ងៃទី​២០​ ខែធ្នូ ឆ្នាំ​២០២៣ ​នៅទី​បញ្ជា​ការ​ស៊ីម៉ាក់​រាជ​ធានី​ភ្នំពេញ​។​

​លោក ​ហេង ​រតនា បាន​ឱ្យ​ដឹង​ថា គម្រោង​ទាំង​២​នេះ ​ជា​ការ​ផ្តល់​ជំនួយ​ឥត​សំណង​ ដែល​មាន​ថវិកា​សរុប​ចំនួន​៤៩​៩ ១៣៥,​១០ដុល្លារ​អាមេរិ​កសម្រាប់​រយៈ​ពេល​១២​ខែ ចាប់​ពី​ថ្ងៃទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៣​ ដល់​ថ្ងៃទី​១៨​ ខែធ្នូ ឆ្នាំ​២០២៤​។ លោក​បាន​បញ្ជាក់​ថា ​នេះ​ជា​ឆ្នាំ​ទី​៣ នៃ​ការ​អនុវត្ត​គម្រោង​នេះ ​ដែល​មាន​ផែន​ការ​បោស​សម្អាត​ផ្ទៃដី​ចម្ការ​មីន​/​គ្រាប់ ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ​និង​ខេត្ត​ស្ទឹង​ត្រែង​សរុប​ចំនួន ​៦៣០​ ហិកតា​។​


​លោក​បាន​បញ្ជាក់​ថា៖ «​អង្គ​ការ​ JMAS គឺជា​ដៃគូ​ជា​មួយ​នឹង​អង្គ​ភាព​ស៊ីម៉ាក់ ​ជាង​ ២០​ ឆ្នាំ​ហើយ ​ហើយ​មែន​ទែន​ទៅ​អង្គការ​ JMAS​ ជប៉ុន​នេះ​គឺជា​អង្គ​ការ​មួយ​ដ៏​សំខាន់​ដែល​បា​នរួម​ចំណែក​ជា​មួយ​នឹង​អង្គ​ភាព​ស៊ីម៉ាក់ ដោយ​សារ​តែ​អង្គការ​ជប៉ុន​មួយ​នេះ​បង្កើត​ឡើង​នៅ​កម្ពុជា​យើង​ ហើយ​បាន​ពង្រីក​ខ្លួន​ទៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​មាន​បញ្ហា​គ្រាប់​មីន​នៅ​ក្នុង​សកល​លោក​យើង​នេះ​»​។​

​អគ្គ​នាយក​នៃ​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​លើក​ឡើង​ដែរ​ថា ​ការ​ចុះហត្ថ​លេខា​នេះ​ក៏​ជា​ការ​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​របស់​រដ្ឋា​ភិ​បាលជ​ប៉ុន​ដែល​បាន​បន្ត​ជួយ​ដល់​អង្គការ​ JMAS​ ឱ្យ​សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​ស៊ី​ម៉ាក់​ជា​បន្ត​ទៀត នៅ​ក្នុង​ការ​ងារ​នេះ​។​


​លោក​បាន​ថ្លែង​ថា៖ «​ថវិកា​ដែល​យើង​ទទួលបា​ន​ពី​ជប៉ុន​លើ​គម្រោង​២​នេះ ​មាន​ចំនួន​ជិត​៥០​ម៉ឺន​ដុល្លារ​អាមេរិក ដែល​គម្រោង​នេះ​ចែក​ចេញ​ជា​២​ចំណែក​ ដែល​ទី​១​ត្រូវ​ធ្វើ​ការ​នៅ​ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយ​មាន​ជ័យ និង​មួយ​ទៀត​នៅ​ខេត្ត​ស្ទឹង​ត្រែង​»​។​

​លោ​ក ហេង​ រតនា បាន​បន្តថា៖«​គម្រោង​នេះ​ក៏​ជា​គម្រោង​ឆ្នាំ​ទី​៣​នៃ​ផែន​ការ​៣​ឆ្នាំដែល​គាត់​ និង​អង្គភាព​ស៊ីម៉ាក់​បាន​ឯក​ភាព​គ្នា​តាំង​ពី​មាន​វិបត្តិ​កូ​វីដ​១៩​មក​ ដែល​យើង​មាន​គម្រោង​រយៈ​ពេល​៣​ឆ្នាំ​ជា​មួយ​គ្នា​។​យើង​សង្ឃឹមថា​នឹង​មិន​ចប់​នៅ​ត្រឹម​ប៉ុណ្ណេះ​ទេ ​ដោយ​យើង​នឹង​បង្កើត​គម្រោង​ថ្មីៗ​ទៀត ​ដើម្បី​ជួយ​ដល់​កម្ពុជា​យើង​នៅ​តំបន់​ដែល​មាន​ការ​គំរាម​កំហែង​ដោយ​សារ​គ្រាប់​មីន ​និង​គ្រាប់​​បែក​ចង្កោម​»​។

​លោក​បាន​បញ្ជាក់​ដែរថា ​អ្វីដែល​អង្គ​ភាព​ស៊ីម៉ាក់​នឹង​រួម​សហ​ការ​គ្នា​បន្ទាប់​ទៀត​ ជា​ពិសេស​បន្ទាប់​ពី​ការ​បញ្ចប់​ការ​បោស​សម្អាត​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ឆ្នាំ​២០២៥​ ខាង​មុខ​ លោក​ក៏​នៅតែ​សម្លឹង​ឃើញ​បញ្ហា​ច្រើន​នៅ​ឡើយ​លើ​សំណល់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​ ដូច​ជា ​គ្រាប់​បែក​ចង្កោម​ គ្រាប់​ទម្លាក់​ពី​យន្ត​ហោះ និង​យុទ្ធ​ភណ្ឌ​ជា​ច្រើន​ទៀត​។​

​បើ​តាម​លោក ​ហេង ​រតនា ​មូល​ហេតុ​ដែល​អង្គ​ភាព​ដោះ​មីន​នេះ​ ជ្រើស​រើស​ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ក្នុង​ការ​អនុវត្ត​គម្រោង​នេះ ព្រោះ​ម៉ាឡៃ​គឺជា​តំបន់​មួយ​ដែល​ទទួល​រង​គ្រាប់​មីន​ប្រឆាំង​មនុស្ស ​មីន​តោន​ ជាច្រើន ហើយ​កម្លាំង​ដោះ​មីន​ក៏​រង​គ្រោះ​ថ្នាក់​ច្រើន​ផង​ដែរ​នាពេល​កន្លង​មក​ក្នុង​ការងារ​បោស​សម្អាត​មីន​នេះ​។​

​ចំណែក ​ខេត្ត​ស្ទឹងត្រែ​ង​វិញ​ អង្គភាព​ស៊ីម៉ាក់​ទើបតែ​បង្កើត​គម្រោង​នេះ​ថ្មី​ប្រមាណ​ជា​៣​ទៅ​៤​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​បាន​ជ្រើស​រើស​តំបន់​ដែល​រង​ប៉ះ​ពាល់​ដោយ​គ្រាប់​បែក​ចង្កោម​ច្រើន​នៅ​ទី​នោះ​។​

​សូម​បញ្ជាក់​ដែ​រថា​ ជា​លទ្ធ​ផល​ក្នុងការ​អនុវត្ត​គម្រោង​ខាង​លើ​សម្រាប់​ឆ្នាំ​ទី​១ និង​ឆ្នាំ​ទី​២ ​កន្ល​ងទៅ​ អង្គភា​ព​ស៊ីម៉ាក់ ​សម្រេច​បាន​រំដោះ​ផ្ទៃដី​ចម្កា​រមីន​/​គ្រាប់​សរុប​ចំនួន​ ១ ១៨៥​ ហិក​តា ​រុករក​ឃើញ​ និង​កម្ទេច​ចោល​១ ៦៧១​ គ្រាប់​។ ប្រជា​ពលរដ្ឋ​ទទួល​ផល​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​ពី​ការអ​នុវត្ត​គម្រោង​នេះ​មាន​ចំនួន​ ៦៤​ ០១៩​ នាក់​៕