ភ្នំ​ពេញៈ ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ លោក ​នេត្រ​ ភក្ត្រា ​គាំទ្រ​​គំនិត​ផ្តួច​ផ្តើម​ក្នុង​ការ​បង្កើត​ក្រុម​ប្រឹក្សា​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​សារ​ព័ត៌​មាន​ ដែល​អ្នក​សារ​ព័ត៌​មាន​បាន​លើក​មក​ជជែក​ពិភា​ក្សា ក្នុ​ង​វេទិកា​និពន្ធ​នាយក​សារ​ព័ត៌​មាន​កម្ពុ​ជា​ លើក​ទី​២០​ ធ្វើ​ឡើង​នៅ​សណ្ឋា​គារ​សុខា​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​ធ្នូ ​ឆ្នាំ​២០​២៣​​។ ​


លោក​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​បាន​លើក​ឡើង​ថា ​ជា​រឿង​ចាំ​បាច់​ណាស់​ ដែល​អ្នក​សារ​ព័ត៌​មាន​ទាំង​អស់​ត្រូវ​មាន​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​រួម​មួយ ​សម្រាប់​ធ្វើ​ការ​អនុ​វត្ត​។​ ការ​បង្កើត​បាន​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​រួម​សម្រាប់​អ្នក​សារ​ព័ត៌​មាននេះ ​លោក​រដ្ឋ​មន្ត្រី​ប្រៀប​ប្រ​ដូច​ទៅ​នឹង​ប្រទេស​មួយ​ដែល​មាន​រដ្ឋ​ធម្ម​នុញ្ញ ​ដែល​គ្រប់គ្នា​មិន​អាច​ធ្វើ​រំលង​បាន  ហេតុ​នេះ​អ្នក​សារ​ព័ត៌​មាន​ក៏​គួរតែ​មាន​ធម្ម​នុញ្ញ​របស់​ខ្លួន​ដែល​គ្រប់គ្នា​មិន​មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​អនុ​វត្ត​ក្រម​សីល​ធម៌​រួម​នោះ​ឡើយ​។​​

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា​ នៅ​ពេល​មាន​គោល​រួម​មួយ​ហើយ​ សមា​គម​សារ​ព័​ត៌​មាន​នីមួយៗ​ យក​គោល​នោះ​ទៅ​បង្កើត​ក្រម​សីល​ធម៌​ផ្ទាល់​ខ្លួន​យ៉ាង​ណា​នោះ ​គឺ​ទៅ​តាម​អធ្យា​ស្រ័យ​រៀងៗ​ខ្លួន​ ប៉ុន្តែ ​យ៉ាង​ហោច​ណាស់​ អ្នក​សារ​ព័ត៌​មាន​ទាំង​អស់​ត្រូវ​មាន​គន្លឹះ​រួម​ តម្លៃ​រួម​ និង​ការ​គោរព​រួម​គ្នា​។ ​ 


លោក​ថ្លែង​ថា​៖«​​នេះ​ជា​គំនិត​ផ្តួច​ផ្តើម​មួយ​ដែល​ខ្ញុំ​សូម​ផ្តល់ការគាំ​ទ្រ ​ពី​ព្រោះ​អ្វី​ដែល​យើង​ចង់​បាន​គឺ​អ្នក​សារព័​ត៌​មាន​ទាំង​អស់​ ត្រូវ​តែ​ទទួល​បាន​ការ​ការ​ពារ​ផ្នែក​ផ្លូវ​ច្បាប់​»​។​​

​លោក​រដ្ឋ​មន្ត្រី​លើក​ឡើង​ទៀត​ថា​ ការ​បង្កើត​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈនេះ​នឹង​មិន​មាន​ការ​អនុ​វត្ត​ស្តង់​ដា​ផ្សេងៗ​គ្នា​នោះ​ទេ ​ពោល​គឺ​គ្មាន​ក្លិប​អ្នក​សារ​ព័ត៌​មាន​នេះ​ ឬ​សមា​គម​អ្នក​សារ​ព័ត៌​មាន​នោះ​ អនុ​វត្ត​ផ្សេង​គ្នា​ដោយ​ប្រការ​ណា​មួយ​ឡើយ​ សំខាន់​គ្រប់​ស្ថាប័ន​សារ​ព័ត៌​មាន​ទាំង​អស់​ត្រូវ​ឈរ​លើ​មូល​ដ្ឋាន​រួមគ្នា​តែ​មួយ​។​ លោក​បន្ថែម​ថា ​ចំណុ​ច​នេះ​ក្រសួង​ព័ត៌​មាន​នឹង​បន្ត​ធ្វើ​កិច្ច​ការ​ងារ​ជា​មួយ​សមា​គម​អ្នក​សារព័ត៌​មាន​ទាំង​អស់​ ដោយ​ក្រសួង​ជា​អ្នក​សម្រប​សម្រួល​ ធ្វើ​យ៉ាង​ណា​ឱ្យ​អ្នក​សារព័​ត៌​មាន​ទាំង​អស់​លើក​ឡើង​ ឬ​​សរ​សេរ​ចេញ​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន​ សំដៅ​បង្កើត​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​សារ​ព័ត៌​មាន​រួម ដែល​គ្រប់​គ្នា​យល់​ស្រប​។​ 


លោក​ថ្លែង​ថា​៖«​យើង​ខ្ញុំ​នឹង​ឱ្យ​ក្រដាស ​១ ​ប៊ិក​ ១ ​ដើម​ ដើម្បី​ឱ្យ​បង​ប្អូន​សារ​ព័ត៌​មាន​ទាំង​អស់​សរ​សេរ​ចេញ​មក​ ថា​ចង់​ឱ្យ​មាន​ការ​គោរព​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​មួយ​ តើ​អ្នក​សារ​ព័ត៌​មាន​គួរ​មាន​អ្វីខ្លះ​។​ អ្នក​ទាំង​អស់​គ្នា​ជា​អ្នក​កសាង​អាហ្នឹង​ អ៊ី​ចឹង​ត្រូវ​តែ​ផ្តល់​យោប​ល់ ​ក្រសួង​អត់​មាន​ទៅ​អង្គុយ​សរ​សេរ​ឱ្យ​បង​ប្អូន​ទេ ​ព្រោះ​វា​មិន​មែន​ជា​ការ​ចាប់​បង្ខំ​ តែ​ជា​ការ​អនុ​វត្ត​ដោយ​គោល​ការណ៍​ស្ម័គ្រ​ចិត្ត​​»​​។​ 

លោក​ ពុ​យ​ គា ​ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា​ លើក​ឡើង​ថា​ អ្វី​ដែល​ត្រូវ​បន្ត​ជជែក​ដើម្បី​រក​ការ​សម្រេច​រួម​នោះ​គឺ ​រវាង​ការ​បង្កើត​ឱ្យ បង្កើត​ក្រុម​ប្រឹក្សា​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​សារ​ព័ត៌មាន​ និង​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​សារ​ព័ត៌មាន ​តើ​មួយ​ណា​គួរ​កើត​មុន​។​ បើ​តាម​លោក​ ពុ​យ​ គា  ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​សារ​ព័ត៌​មាន អាច​ពិបាក​នឹង​កើត​មាន​បើសិន​ជា​មិន​មាន​ ក្រុម​ប្រឹក្សា​​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​សារ​ព័ត៌មាន។​​

លោក​ថ្លែង​ថា​៖​«​ក្លិប​អ្នក​កា​សែត​កម្ពុជា ​នឹង​បន្ត​ដើរ​តួ​នាទី​ជា​ស្នូល​ក្នុង​ការ​សម្របសម្រួល ​ពិគ្រោះ​យោប​ល់​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​ ដើម្បី​ពិនិត្យ​លទ្ធ​ភាព​រៀប​ចំ​បង្កើត ក្រុម​ប្រឹក្សា​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​សារ​ព័ត៌​មាន​មួយ​ឱ្យ​បាន​»​​។ 

​យ៉ាង​ណា​លោក​ពុ​យ​ គា​ លើក​ឡើង​ថា​  រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​នេះ​ក្លិប​អ្នក​កាសែ​ត​កម្ពុ​ជា​បាន​ធ្វើ​ការ​ជា​ច្រើន​ក្នុង​នោះ​ក៏មាន​ការ​ផ្តោ​ត​ទៅ​លើ​ការ​ចង​ក្រង​ ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​សារ​ព័ត៌​មាន​ ផ​ង​ដែរ ។​ លោក​ពុ​យ ​គា ​ចង់​ឱ្យ​អ្នក​សារ​ព័ត៌​មាន​ យក​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​សារ​ព័ត៌​មាន​ ដែល​ចង​ក្រង​ដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា​ ធ្វើ​ជា​គោល​១ សម្រាប់​ការ​អនុ​វត្ត​ មុន​នឹងមាន​គោល​ការណ៍​អនុ​វត្ត​រួម​​។ ​

សារ​លិខិត​ផ្ញើ​ជូន​ វេទិ​កា​និពន្ធ​នាយក​សារ​ព័ត៌​មាន​កម្ពុ​ជា​លើក​ទី​២០​ នេះ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ ម៉ា​ណែ​ត​ បាន​ណែ​នាំ​ឱ្យ​អ្នក​សារ​ព័ត៌​មាន​ ធ្វើ​ការ​ពិភា​ក្សា​ដោះ​ស្រា​យ​បញ្ហា​ប្រឈម​ដោយ​ធ្វើ​យ៉ាង​ណា​បន្ត​ថែ​រក្សា​សុខ​សន្តិ​ភាព​ ការ​អភិ​វឌ្ឍ​ប្រទេស​ជាតិ ពង្រឹង​លទ្ធិ​ប្រ​ជាធិប​តេយ្យ​ ពិសេស​ត្រូវ​ផ្អែក​លើ​ការ​អនុ​វត្ត​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​ ឱ្យ​បាន​ល្អ​ ផ្តល់​ព័ត៌​មាន​ពិត ​ប្រឆាំង​ព័ត៌​មាន​ក្លែង​ក្លាយ​ ចៀស​វាង​ផ្សាយ​ព័ត៌​មាន​នាំ​ឱ្យ​ខូច​ប្រ​យោជន៍​ជាតិ​ និង​ទំនុក​ចិត្ត​សា​ធារ​ណ​ជន​​។ ​

យោង​តាម​សេច​ក្ដី​ថ្លែង​ការណ៍​រួម​វេ​ទិ​កានិ​ពន្ធ​នាយក​សារ​ព័ត៌​មាន​កម្ពុ​ជា​លើក​ទី​២០​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២១​ ខែ​ធ្នូ ​ឆ្នាំ២០​២៣ ​បាន​ឱ្យ​ដឹង​ថា​ការ​បណ្ដុះ​បណ្ដាល​អប់រំ​ ផ្សព្វ​ផ្សាយ​អំពី​សីល​ធម៌​វិជ្ជា​ជីវៈ​សារ​ព័ត៌​មាន​ នៅ​តែ​ជា​បញ្ហា​ស្នូល​សម្រាប់​អ្នក​សារ​ព័ត៌​មាន​ ព្រោះ​ស្ថា​ប័ន​ និង​អ្នក​សារ​ព័ត៌​មាន​ហាក់​មាន​កំណើន​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ច្បាស់​លាស់​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កំហុស​ឆ្គង​វិជ្ជា​ជីវៈ​ និង​ក្រម​សីល​ធម៌​ងាយ​នឹង​កើត​ឡើង​។

គួ​របញ្ជាក់​ថា ​វេទិ​កា​និពន្ធ​នា​យក​សារ​ព័ត៌​មាន​កម្ពុ​ជា ​លើក​ទី​២០​ មាន​ការ​ចូល​រួម​ពី​នាយក​គ្រប់​គ្រង​ និពន្ធ​នាយក​ តំណាង​សមា​គម​ និង​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​សារ​ព័ត៌​មាន កាសែ​ត​ វិទ្យុ​ ទូរ​ទស្សន៍​ ព្រម​ទាំង​សារ​ព័ត៌​មាន​អន​ឡាញ​សរុប​មាន​ចំនួន​ ១១៤​​នាក់ មក​ពី ​៧១​អង្គ​ភាព​ ជួប​ជុំ​គ្នា ​ដើម្បី​ជជែក​ពិភា​ក្សា ​និង​អនុ​ម័ត​សេចក្តី​ថ្លែង​ការណ៍​រួម​ស្តីពី​ «​វិជ្ជា​ជីវៈ​ និង​ក្រម​សីល​ធម៌​សារ​ព័ត៌​មាន​»​ ដែល​មាន​៩​ចំណុច​ ក្នុង​នោះ​ក៏​បាន​ស្វែង​រក ​យន្ត​ការ​ជួយ​តម្រង់​ទិស ​និង​លើក​ទឹក​ចិត្ត​ អ្នក​សារ​ព័ត៌​មាន​ ចូ​ល​រួម​កាន់​តែ​សកម្ម​ក្នុង​ការ​អនុ​វត្ត​​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​ ផង​ដែរ​៕