ភ្នំពេញៈ ​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​ចេញ​បញ្ជា​ឱ្យ​បន្សុទ្ធ​កង​កម្លាំង​ប្រដាប់​អាវុធ​ដោយ​ត្រូវ​បោស​សម្អាត​គ្រឿង​ញៀន​ចេញពី​កង​កម្លាំង​ប្រដាប់​អាវុធ​មុន​គេ ហើយ​ប្រសិន​បើ​កង​កម្លាំង​ត្រូវ​បាន​រ​កឃើ​ញ​មាន​សារ​ជាតិ​ញៀន​នោះ​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ក្រប​ខ័ណ្ឌ ដោយ​លោក​បញ្ជាក់​ថា អ្នក​អនុវត្ត​ច្បាប់​ត្រូវ​តែ​ស្អាត​ស្អំ​មុន​គេ​។​


​លោក​បាន​ហៅ​រឿង​សន្តិ​សុខ​សង្គម​ពាក់​ព័ន្ធ​ទៅនឹ​ង​រឿង​ការ​បង្ក្រាប​គ្រឿង​ញៀន​គឺជា​រឿង«​ធំ​ណាស់​»​ហើយ​វិធាន​គន្លឹះ​ទាំង​៥​របស់​លោក​ ក្នុង​នោះ​មាន​មួយ​សំខាន់​គឺ«​ភូមិ​ ឃុំ​មាន​សុវត្ថិ​ភាព​ និង​ការ​ដាក់​ទិស​ដៅ​ផ្តោត​ទៅ​លើ​ការ​បង្ក្រាប​គ្រឿង​ញៀន​»​ហើយ​លោក​បញ្ជាក់​ថា សមត្ថកិច្ច​ក៏បាន​ធ្វើការ​ជាច្រើន​ផង​ដែរ​មក​ដល់​ម៉ោង​នេះ​ចំពោះ​រឿង​នេះ​។ លោក​ក៏បាន​អរ​គុណ​ចំពោះ​សមត្ថ​កិច្ច​ដែល​បាន​ធ្វើ​កិច្ច​ការ​នេះ​។

​នៅក្នុង​ពិធី​បិទ​សន្និ​បាត​ការ​ងារ​បរិស្ថាន​ឆ្នាំ​២០២៣​ និង​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៤របស់​ក្រសួង​បរិស្ថាននៅរសៀល​ថ្ងៃទី​២១ ខែធ្នូ​ លោកហ៊ុន ម៉ា​ណែ​ត ថ្លែង​ថា​៖«​ប៉ុន្តែ​ឥឡូវ​ទិស​ដៅ​មួយ​ដែល​យើង​ត្រូវធ្វើ ហើយ​ខ្ញុំ​ចេញ​ថ្ងៃ​នេះ​។ ថ្ងៃ​មិញ​បាន​ជជែក​ជា​មួយ​នឹង​ឯក​ឧត្តម​ស ​សុខា​ [​រដ្ឋមន្ត្រី​មហាផ្ទៃ​] និង​ឯក​ឧត្តម​ ទៀ សីហា [​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​]ដែរ​គឺ​ត្រូវ​ប​ន្សុទ្ធ​កម្លាំង​របស់​យើងត្រូវ​បោស​សម្អាត​គ្រឿង​ញៀន​ចេញពី​កង​កម្លាំង​ប្រដាប់​អាវុធ​។ អា​ហ្នឹង​ត្រូវតែ​ធ្វើ​មុន​គេ ​ព្រោះ​អ្នក​អនុវត្ត​ច្បាប់​ត្រូវតែ​ស្អាត​មុន​គេ​។ ឯកឧត្ត​ម ​ស សុខា បាន​ចេញ​គោល​ការណ៍​ថ្ងៃ​មុន​ក្នុង​ប៉ូលិស​ឱ្យ​តែ​មាន​សារ​ធាតុ [​ញៀន​]​គឺ​បណ្តេញ​ចេញពី​ក្រប​ខ័ណ្ឌ​»​។​

​លោក​បន្ត​ថា រឿង​បណ្តេញ​ចេញ​នេះ​ក៏​ធ្លាប់​បាន​ធ្វើ​ច្រើន​ហើយ​ដែរ​នៅ​ក្នុង​កង​ទ័ព​ជើង​គោក​ក្នុង​ឆ្នាំ​២០១៩ ដែល​មាន​៤៨​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​សារ​គ្រឿង​ញៀន​ដោយ​ដោះ​ដូរ​អ្នក​ផ្សេង​ ហើយ​នៅ​អគ្គ​បញ្ជាកា​រដ្ឋាន​នៃ​កង​យោ​ធពល​ខេ​មរ​ភូមិ​ន្ទមាន​៨០​នាក់​ត្រូ​វបាន​បណ្តេញ​ក្នុង​កងទ័ព​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំនេះ​គឺ​ដោះ​ដូរ​អ្នក​ផ្សេង​។ កាល​លោក​កាន់​តំណែង​ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ លោក​ក៏បាន​ចុះ​ហត្ថ​លេខា​បណ្ដេញ​ចេញ​មន្ត្រី​កងទ័ព​នៅ​តាម​ភូមិ​ភាគ​ផង​ដែរ និង​ដោះ​ដូរ​អ្នក​ផ្សេង​ជំនួស​។ 


​លោក​នាយក​រដ្ឋមន្ត្រី​បន្ថែម​ថា​៖«​អ៊ីចឹង​គឺ​ចេញ​គោល​ការណ៍​បទ​បញ្ជា​ឱ្យ​ច្បាស់​ក្រសួង​មហាផ្ទៃ​ ក្រសួង​ការពា​រជាតិ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ អគ្គ​បញ្ជា​ការ​ទាំង​ក្រប​ខ័ណ្ឌ​ក្រសួង​នៅ​ខាងលើ​ក្រប​ខ័ណ្ឌ​ឯក​សណ្ឋាន​នៅ​ខាង​លើ ​មន្ត្រី​ដែល​មាន​ពាក់​ព័ន្ធ​នឹង​ការប្រើ​ប្រាស់​គ្រឿង​ញៀន​គឺ​ត្រូវ​បណ្ដេញចេញពី​ក្រប​ខ័ណ្ឌ​តែម្តង​។ នេះ​គឺ​ត្រូវតែ​ធ្វើ​ ហើយ​ក្រប​ខ័ណ្ឌ​នេះ ខ្ញុំ​ទុកឱ្យ​ក្រសួង​ស្ថា​ប័ន​ ប្រសិន​បើ​ពី​អង្គ​ភាព​ហ្នឹង​នៅ​មហា​ផ្ទៃ​ត្រូវ​បណ្ដេញ​ចេញ​ពី​នាយក​ដ្ឋាន​ហ្នឹង​ឱ្យ​[​ជ្រើស​]​រើស​ពល​នគរ​បាល​ថ្មី​បញ្ចូល​ចុះ​។ កុំ​កាត់​ក្រប​ខ័ណ្ឌ​ចោល​ តែ​អត់ឱ្យ​ស័ក្តិ​ហ្នឹង​ទេ​»​។ 

​លោក ​ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​ថា ​បើ​មិន​បន្សុទ្ធ​​កង​កម្លាំង​ប្រដាប់​អាវុធ​ទេ ​ដែលជា​កម្លាំង​អនុវត្ត​ន៍ច្បាប់​នោះ​នឹង​មាន​ការ​ពិបាក​។ ប៉ុន្តែ​ចំពោះ​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​គឺ​ត្រូវ​មាន​ច្បាប់​បញ្ញត្តិ​ដាច់​ដោយ​ឡែក​ ព្រោះ​តាម​ច្បាប់​អ្នក​ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជន​រង​គ្រោះ​។​


​លោក​ថ្លែង​ថា​៖«​ឥឡូវ​យើង​ដាក់​អភិ​ក្រម​ទាំង​មូល​តែ​ម្ដង​ រដ្ឋាភិ​បាល​អាណត្តិ​ថ្មី​គឺ​ធ្វើ​ចាប់​ផ្តើម​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​តែម្ដង​។ អ្នក​ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន​គឺ​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រប​ខ័ណ្ឌ​ភា្ល​ម​។ អ្នក​ដែល​ជួញ​ដូរ​គ្រឿង​ញៀន​គឺ​ត្រូវ​ប្រឈម​ជា​មួយ​ច្បាប់​ហើយ​បណ្ដេញ​ចេញពី​ក្រប​ខ័ណ្ឌ​។ ចំពោះ​ជន​បរទេស​នៅ​ក្នុង​ប្រទេសប្រ​សិន​បើ​មាន​ពាក់​ព័ន្ធ អនុវត្ត​ច្បាប់​ហើយ​បណ្ដេញ​ចេញ​តែ​ម្ដង​អត់​ត្រូវ​ការ​ទុក​ទេ​»​។​

​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ស សុខា រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ថ្ងៃទី​១៨​ ខែធ្នូ ​បាន​ព្រមាន​ជាថ្មី​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ ​ជាពិសេស​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​តេស្ត​រក​ឃើញ​សារ​ធាតុ​ញៀន​ក្នុង​ខ្លួនឬ​ជាប់​ពាក់​ព័ន្ធ​គ្រឿង​ញៀននឹង​ត្រូវ​ប្រឈម​ការ​បណ្តេញ​ចេញ​ពី​ក្រប​ខ័ណ្ឌ​នគរ​បាល​ជាតិ​។​

​នៅ​ឯ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ជា​ផ្លូវ​ការ​មជ្ឈ​មណ្ឌល​សំចត​ និង​ស្តារ​នីតិ​សម្បទា​ជន​រង​គ្រោះ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ​លោក ​ស ​សុខា ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​ប្រកាស​តែ​ម្តង ​គ្រប់​មន្ត្រី​ក្រោម​ឱវាទ ​ជាពិសេស​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ក្រប​ខ័ណ្ឌ​ក្រសួង​មហា​ផ្ទៃ ចំពោះ​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ឱ្យតែ​ធ្វើ​តេស្ត​រក​ឃើញ​សារ​ធាតុ​ញៀន មិន​អនុញ្ញាត​ឱ្យ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នគរ​បាល​ទៀត​ទេ​»​។​

​កាល​ពី​ខែកញ្ញា ​ឆ្នាំ២០២៣ ​អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គា​រ​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ដោយ​ដាក់​ចេញ​វិធាន​ការ​ធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​លើ​មន្ត្រី​ពន្ធនា​គារ​ជា​ទូទៅ និង​ជន​ជាប់​ឃុំ​ដែល​មាន​ការ​សង្ស័យ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដើម្បី​រឹត​បន្តឹង​ការ​ធ្វើ​ចរា​ចរណ៍​គ្រឿង​ញៀន​នៅ​ក្នុង​ពន្ធ​នា​គារ​៕