កែបៈ អាជ្ញាធរ​ខេត្ត​កែប គ្រោង​រៀប​ចំពិធី​បង្ហោះ​​ខ្លែង​ខ្មែរ ក្នុង​គោល​បំណង​ដើម្បី​ចូល​រួម​ថែរក្សា វប្បធម៌​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ជាតិ​ខ្មែរ ក៏​ដូច​ជា​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរណ៍ក្នុ​ង​ខេត្ត នា​ឱកាស​ឆ្លង​ឆ្នាំ​​សកល​ខាង​មុខ​នេះ​​។


បើ​យោង​តាម​សេចក្ដី​ប្រកាស​ដែល​​ចុះ​ហត្ថ​លេខា​ដោយ​លោក សោម ពិសិដ្ឋ អភិបាល​ខេត្ត​កែប បាន​ឱ្យ​ដឹង​ថា ពិធី​​បង្ហោះ​​ខ្លែង​នេះ នឹង​ត្រូវ​រៀប​ចំឡើ​ង​នៅ​ឆ្នេរ​ថ្មី​ផ្សារ​ក្ដាម​ខេត្តកែប  នា​ថ្ងៃទី​​៣០ ខែ​ធ្នូ ឆ្នាំ​២០២៣​។ ដើម្បី​​​ឱ្យពិធី​​នេះ មាន​​ការ​ប្រព្រឹត្ត​ទៅដោ​យ​ភាព​សប្បាយ​រីករាយ លោក​​អភិបាល​ខេត្ត​បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ និង​កង​កម្លាំង​ទាំង​អស់ ព្រម​ទាំងសា​ធារណជន ដែល​ស្រឡាញ់ ចូលចិត្ត និង​មាន​ទេព​កោសល្យ​ក្នុង​ការ​ធ្វើខ្លែ​ង មេត្តា​យក​ខ្លែង​របស់​ខ្លួន ដើម្បី​មក​ចូល​រួម​​បង្ហោះ​ឱ្យ​បាន​ច្រើន​កុះ​ករ​។

លោក​បញ្ជាក់​ថា៖«​ការ​រៀប​ចំ​ពិធី​បង្ហើរ​ខ្លែង​ខ្មែរ​នេះ មាន​គោល​បំណង​រួម​ចំណែក​ថែរក្សា ប្រពៃណី វប្បធម៌ ទំនៀម​ទម្លាប់​ដ៏​ផូរ​ផង់​របស់​ជាតិ​យើង និង​ជំរុញ​លើក​កម្ពស់​វិស័យ​ទេស​ចរណ៍​ក្នុង​ខេត្ត ក៏​ដូច​ជាប​ង្ក​ការ​សប្បាយ​រីករាយ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ ដែល​មក​សម្រាក​កម្សាន្ត លម្ហែ​ក្នុង​ខេត្ត​កែប​»​។


​លោក សោម ពិសិដ្ឋ បាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ទៀត​ថា ចំពោះ​អ្នក​ដែល​ចូល​រួម​យក​ខ្លែង​មក​បង្ហោះ​​ក្នុង​ពិធី​នេះ អាច​នឹង​ទទួល​បាន​រង្វាន់​ជា​ថវិកា និង​បណ្ណ​សរសើរ បើ​សិន​​ខ្លែង​របស់​ខ្លួន ត្រូវ​បាន​វិនិច្ឆ័យ​ថា មាន​ភាព​ច្នៃ​ប្រឌិតមាន​ទម្រង់ និង​បច្ចេកទេស​ក្នុង​ការ​ផលិត​ល្អ សោភណភាព​ល្អ បង្ហោះ​​ឡើង​ និង​ដាក់​ចុះ​បាន​ល្អ​។

លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិ​សាស្ត្រ បាន​ថ្លែង​នៅ​ថ្ងៃទី​២​១ ខែ​ធ្នូ​ថា ល្បែង​បង្ហោះ​​ខ្លែង​ ឬ​ខ្លែង​ឯក គឺ​ជា​ល្បែង​មួយ​ដែល​យុវជន​ខ្មែរ កុមារា​-​កុមារី តែង​តែ​លេង​សប្បាយ​នៅ​ខែ​កត្តិក ដែល​​ជា​ខែមាន​ខ្យល់​ធ្លាក់​មក​ពី​ទិស​ខាង​ជើង​។ 

​ល្បែង​នេះ គឺ​ចាប់​ផ្ដើម​មាន​វត្តមាន​តាំង​ពី​ក្រោយសម័យអង្គរមក ដែលឃើញ​មាន​មនុស្ស​ក្មេង​ចាស់ បាន​ធ្វើខ្លែ​ង​សម្រាប់​បង្ហោះ​​នា​រដូវ​ធ្លាក់​ខ្យល់ ខណៈ​ដែល​ល្បែង​នេះ ក្រុម​មនុស្សជំ​នាន់​មុន ក៏​បាន​បង្កើត​ជំនឿ​ដែរ​ថា​ ប្រសិ​ន​ជា​ខ្លែង​បាន​ដាច់​ខ្សែ ហើយ​ទៅ​ទើរ​នៅ​លើ​ដំបូង​ផ្ទះ​ណា វា​អាច​នឹងមា​ន​ភាព​ចង្រៃ។ ហេតុ​នេះ​វា​ជា​ចំណុច​មួយ​ដែល​ក្រុម​មនុស្ស​ជំនាន់​មុន​បង្កើត​មក ដើម្បី​ឱ្យ​ល្បែង​បង្ហោះ​​ខ្លែង ត្រូវ​បង្ហោះ​នៅ​ទី​វាល​ដែល​ធំ​ទូ​លាយ ជាពិសេស​បង្ការ​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ផ្សេងៗ​កើត​ឡើង​។

លោក​ថ្លែង​ថា​៖ «អា​ជ្ញាធរ​ខេត្ត​កែប លោក​មាន​គំនិត​ក្នុង​ការ​បង្ហើរ​ខ្លែង​បែប​នេះ គឺ​ពិត​ជា​ល្អ​មែន​ទែន ​ពីព្រោះ​ជា​ការ​​រំឭក​អំពី​អនុស្សាវរីយ៍​ដែល​ជា​ល្បែង​ខ្មែរ​មួយ​នៅ​​ក្នុង​ប្រវត្តិ​សាស្ត្រ​​។ ដូច្នេះ​ហើយ​ជា​អត្ថ​ប្រ​យោជន៍ វា​គ្រាន់​តែ​បង្ហាញ​ប្រាប់​ពី​ការស​ប្បាយ និង​ការ​រក្សា​ទុក​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ខ្មែរ​យើង​​​»។

ចំណែក​លោក​ស្រី ឆាយ ស៊ីវលីន ប្រធាន​​សមាគម​​ទី​ភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​ (CATA) បាន​ថ្លែង​ថា ព្រឹត្តិ​ការណ៍​បង្ហោះ​​ខ្លែង​នេះ វា​ជាកម្មវិធី​មួយ​ដែល​ទាក់​ទាញ​ទេសចរទាំង​នៅ​ក្នុង​ស្រុក ក៏​ដូច​ជា​ទេសចរ​បរទេស​​ចង់​មក​ស្គាល់ និង​មក​ទស្សនា ពីព្រោះ​ល្បែង​បង្ហោះ​​ខ្លែង វា​ជាផ​លិត​ផល​មួយ​ទាក់​ទាញ​ទេសចរ​ផង​ដែរ​។ 

លោកស្រី​បន្ត​ថា ​កម្មវិធី​បង្ហោះ​​ខ្លែង​នេះ​ដែរ វា​ក៏​ជា​ការ​ចូល​រួម​រំឭក​ដល់​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ ខណៈ​កម្មវិធី​មាន​តាំង​ពី​យូរ​មក​ហើយ ប៉ុន្តែ​មនុស្ស​ជំនាន់​ក្រោយ​នេះ មាន​អ្នក​ខ្លះ​ក៏​បាន​ដឹង បាន​ស្គាល់ និង​អ្នក​ខ្លះ​ទៀត ក៏​មិន​បាន​ដឹង​ជា​ដើម​។

លោក​ស្រី​បញ្ជាក់​ថា៖ «​ដូច្នេះ​យើង​រៀប​ចំ​កម្មវិធី​នេះ​ឡើង ប្រាដក​ជា​ទាក់​ទាញ​ទេស​ចរ​ក្នុង​ស្រុក ក៏​ដូច​ជា​ទេសចរបរទេស​ផង​ដែរ ពីព្រោះ​អ្វី​ដែល​ជា​ប្រពៃណី និង​វប្បធម៌​របស់​យើង គឺ​តែង​តែ​​ទទួល​បាន​ការ​ចាប់​អារ​ម្មណ៍​​»​។

លោក​ស្រី​បន្ថែម​ថា ទន្ទឹម​នឹង​ការ​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​ទេសចរអន្តរ​ជាតិ កម្ពុជា​ខ្លួន​ឯង ​ក៏​ត្រូវ​រៀប​ចំ​ឱ្យ​​មាន​ព្រឹត្តិការណ៍​កម្សាន្ត​សប្បាយៗ ដែល​អម​ជាមួ​យ​នឹង​ការរំលេច​​វប្បធម៌​ប្រពៃណី​របស់​ខ្លួន​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដល់​សហគមន៍​មូល​ដ្ឋាន​ផង និង​ដើម្បី​ជួយជំ​រុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​៕