សៀមរាបៈ ពេលនេះ​កាលពី​ ២៣ ​ឆ្នាំមុន លោក​ឈាវ ហុង គ្រាន់តែ​ជា​កសិករ​ដ៏​សាមញ្ញ​ម្នាក់​ដែល​ធ្វើ​ចម្ការ​ប្រថុយប្រថាន​លើ​ផ្ទៃដី​តែ​ជាង ​១ ​ហិកតា​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​លោក​មាន​ដី ​៩ ​ហិកតា ធ្វើ​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​រហូត​ក្លាយជា​កសិករ​គំរូ ព្រមទាំង​មាន​សហគមន៍​កសិកម្ម​ពី​បណ្ដា​ខេត្ត​នានា​បាន​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​កសិដ្ឋាន​របស់លោក​ទៀត​ផង​។​


​ថ្វីដ្បិតតែ​នៅ​ជុំវិញ​កសិដ្ឋាន​របស់លោក ​ឈាវ ហុង មាន​សភាព​ដី​ពណ៌​ក្រហម​ស្ងួត និង​បែក​ក្រហែង​បង្ហាញ​ពី​ភាពខ្វះ​ទឹក​នៅ​រដូវប្រាំង​ក្តី ប៉ុន្តែ​សម្រាប់​កសិដ្ឋាន (HONGECOFARM)​ របស់លោក​វិញ សូម្បីតែ​រដូវ​ប្រាំង​ក៏​រំលេច​ដោយ​ទេសភាព​ពណ៌​បៃតង​ដែរ​។​

​លោក ឈាវ ហុង ដែលមាន​វ័យ ​៦៦ ​ឆ្នាំ​ បានឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍ ​ដឹងថា បច្ចុប្បន្ន​គ្រួសារ​របស់​លោក​រស់នៅ​ភូមិ​សំរោង ឃុំ​​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​


​គ្រួសារ​របស់លោក​ក៏​ជា​កសិករ​សាមញ្ញ​ដូចជា​ប្រជា​កសិករ​ដទៃទៀត​នៅក្នុង​សហ​គម​ន៍​ដែរ​។ ដោយសារតែ​ជីវិត​ជា​កសិករ គឺ​លោក​ធ្លាប់តែ​ធ្វើស្រែ ១ ​មុខ​ប៉ុណ្ណោះ តែ​ដោយ​ស្រឡាញ់​ការដាំដុះ​ខ្លាំង លោក​ក៏​ដាំ​បន្លែ​នៅ​លើដី​ទំនេរ ក្រោយពី​ការធ្វើ​ស្រូវ​រួចរាល់​។​

​លោក​បាន​បន្តថា ការចាប់​ផ្តើមធ្វើ​កសិកម្ម​របស់​លោក​ដំបូង​ក្នុង​ឆ្នាំ​ ២០០០ គឺ​លោក​គ្រាន់តែ ដាំ​ដុះ​តាម​ទម្លាប់​ប៉ុណ្ណោះ​ដោយ​មិនចេះ​ពី​បច្ចេកទេស​ក្នុង​ការដាំ​ឡើយ ពោលគឺ​លោក​ធ្វើ​កសិកម្ម​ទាំង​ប្រថុយប្រថាន​ហើយ​ត្រូវ​ចំណាយ​កម្លាំង និង​ដើមទុន​ច្រើនតែ​បាន​ផល​តិច​។​ការធ្វើ​កសិកម្ម​តាម​ទម្លាប់​នេះ​លោក​បាន​ចំណាយពេល​ជាង​ ១០ ​ឆ្នាំ​ដោយ​មិនបាន​ចូលរៀន​ជំនាញ​បច្ចេកទេស​កសិកម្ម​ជាមួយ​ស្ថាប័ន​ណាមួយ​ឡើយ​។​


​លោក​បាន​រៀបរាប់​ទៀតថា លុះដល់​ឆ្នាំ​ ២០១២ នៅពេល​ដែលមាន​ការបើក​វគ្គប​ណ្តុះ​បណ្តាល​ខ្លីៗ​ពី​បច្ចេកទេស​ដាំ​​ដំណាំ​តាមបែប​សរីរាង្គ និង​តាមរយៈ​គម្រោង ​GIZ ​របស់​រាជ​រដ្ឋា​ភិ​បាល និង​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​មក លោក​ក៏បាន​ចូលរួម​គ្រប់​វគ្គ​សិក្សា​រហូត​។​ក្រោយពី​បាន​សិក្សា​ស្វែងយល់​ពី​បច្ចេកទេស​ដាំ​ដុះ​មក លោក​ក៏​ចាប់ផ្តើម​កែប្រែ​របៀប​ធ្វើ​កសិកម្ម​តាម​ទម្លាប់​មក​ធ្វើជា​ប្រព័ន្ធ​កសិកម្ម​បែប​ទំនើប​បន្តិច​ម្តងៗ រហូតដល់​ឆ្នាំ​ ២០១៦ ​លោក​ក៏​ចាប់ធ្វើ​កសិកម្ម​បន្លែ​សរីរាង្គ​តែម្តង​។​

​លោក​បាន​ថ្លែងថា​៖ «​ពីមុន​យើង​គ្រាន់តែ​ដាំ​បន្លែ​តាម​ទម្លាប់​អត់​មាន​បច្ចេកទេស​អី​ទេ ហើយក៏​មិនបាន​ផល​ល្អ​ដែរ ប៉ុន្តែ​ក្រោយពី​មន្ត្រី​ជំនាញ​កសិកម្ម​បង្ហាត់បង្រៀន​ហើយ​ខ្ញុំ​ខំ​សិក្សា​ស្វែងយល់​ពី​ការប្រើ​បច្ចេកទេស​ដាំ​ដុះ​ក៏មាន​ការរីកចម្រើន​បែបនេះ​ទៅ​»​។​

​បើតាម​លោក ឈាវ ហុង បន្ទាប់ពី​លោក​ដាំ​ដំណាំ​តាម​បច្ចេកទេស​មក​គឺ​លោក​ទទួល​បាន​ទិន្នផល​ល្អជា​រៀងរាល់ឆ្នាំ ធ្វើឱ្យ​លោក​មាន​ទុន​ពង្រីក​ដីស្រែ​ពី​ជាង​ ១ ​ហិកតា​រហូតដល់​ ៩ ​ហិកតា​។ ក្នុង​ផ្ទៃដី​ ៩ ​ហិកតា​នេះ ​គឺ​លោក​ធ្វើ​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ ៦​ ហិកតា និង​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ប្រា ត្រី​ឆ្ពិន និង​ត្រី​ក្រហម រីឯ ​៣ ​ហិកតា​ទៀត​លោក​ធ្វើ​ស្រូវ​រំដួល​។​

​ការធ្វើ​ប្រព័ន្ធ​កសិកម្ម​បែប​ចម្រុះ​នេះ​លោក​បាន​សង់​ជា​ផ្ទះ​សំណាញ់​ដែលមាន​បណ្តោយ ​៤៦ ​ម៉ែត្រ និង​មាន​ទទឹង​ ២៥​ ម៉ែត្រ ចំនួន​ ៩ ​ខ្នង ដោយ​ក្នុង ​១ ​ខ្នង​លោក​ត្រូវ​ចំណាយ​ថវិកា​ប្រហែល ​៣​ ម៉ឺន​ដុល្លារ​។

ជាទូទៅ​លោក​ដាំ​ប៉េង​បោះ​ឆឺ​រី ម្ទេស​​ហា​វ៉ៃ  ​និង​ដំណាំ ហូប​ផ្លែ  ​ចំណែកឯ​បន្លែ​ហូប​ស្លឹក​វិញ​មាន​សាឡាដ ស្ពៃក្រញាញ់ ខាត់ណា ស្ពៃចង្កឹះ តែ​បន្លែ​ហូប​ស្លឹក​ទាំងនោះ​គឺ​លោក​ដាំ​ទៅតាម​រដូវ​។ ប៉ុន្តែ​ចូលដល់​ខែធ្នូ​គឺ​ប្រភេទ​បន្លែ​ស្ពៃ​​ក្រញាញ់ ស្ពៃចង្កឹះ​អីហ្នឹង​ធ្លាក់​ថ្លៃ ដូច្នេះ​លោក​ត្រូវ​ប្តូរ​មក​ដាំ​សាឡាដ សម្រាប់​បរទេស​ហូប​វិញ ព្រោះ​វា​មានតម្លៃ​ខ្ពស់​។​

​លោក​បញ្ជាក់ថា ចំពោះ​បន្លែ​សុវត្ថិភាព​គឺ​លោក​មិន​បារម្ភ​ថា​ដាំ​បាន​ហើយ​គ្មាន​អ្នកទិញ​នោះទេ ហើយ​ជាទូទៅ​លោក​បោះ​ដុំ​ឱ្យ​ម៉ូយ​បើ​សាឡាដ​ក្នុង​ ១ ​គីឡូ​ក្រាម​ថ្លៃ ៦​ពាន់​រៀល​,​ខាត់ណា​ដើម​ ១ ​គីឡូក្រាម ៤​ ពាន់​រៀល រីឯ​ស្ពៃក្រញាញ់​ ១ ​គីឡូក្រាម​មានតម្លៃ​ចន្លោះ​ពី ២​ ពាន់​ទៅ ​២ ៥០០ ​រៀល ចំណែក​ប៉េង​បោះ​ឆឺ​រី ​១ ​គីឡូក្រាម​ថ្លៃ ៣,៥​ ដុល្លារ ហើយ​ប៉េង​បោះ​ប្រភេទ​នេះ​វា​មានតម្លៃ​ថេរ​រហូត ប៉ុន្តែ​គិតពី​ថ្ងៃ​ដាំ​រហូត​បេះ​មាន​រយៈពេល​ ៧៥ ​ថ្ងៃ​ហើយ​ម៉ូយ​ក៏ត្រូវ​ការ​ខ្លាំង​ដែរ​ដើម្បី​យកទៅលក់​នៅតាម​ម៉ា​ត និង​តាម​ផ្សារ​ទំនើប​ក្នុង​ក្រុង​សៀម​រាប និង​នៅ​រាជធានី​ភ្នំពេញ​។​

​លោក​ ឈាវ ហុង ឱ្យដឹងថា ចំពោះ​ស្រូវ​វិញ​លោក​ធ្វើ​ប្រភេទ​ស្រូវ​ផ្ការំដួល​ដែល​ក្នុង ​១​ ឆ្នាំ​លោក​ធ្វើបាន ​១២​ តោន ហើយ​លោក​ក៏​ទទួល​ទិញ​ពី​ប្រជាកសិករ​នៅក្នុង​សហគមន៍​របស់លោក​ដែរ​ដោយ​ក្នុង ​១​ ដូ​វៗ​អាច​ប្រមូលបាន​ទាំង​ទិញ និង​ធ្វើ​ខ្លួនឯង​ប្រហែល ​៣០ ​តោន ហើយ​លោក​បាន​កិន​ជា​អង្ករ​លក់​វិញ​។

ដោយ​សារ​តែ​លោក​ទទួលបាន​ជោគ​ជ័យ​ក្នុង​ការធ្វើ​កសិកម្ម​នេះ​ទើប​ខាង​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់​ខេត្តសៀមរាប និង​ក្រសួង​ក​សិ​កម្ម​ទទួលស្គាល់​កសិដ្ឋាន ​(HONG-ECOFARM)​របស់លោក​រហូតមក​ទល់​បច្ចុប្បន្ន​។​

​ទន្ទឹមនេះ ស្ទើរតែ​រៀងរាល់​​សប្តាហ៍​មាន​កសិករ​ក្នុង​សហ​គម​ន៍​ស្ទើរ​គ្រប់​ខេត្ត​បានមក​ទស្ស​កិច្ច​សិក្សា​ក្នុង​កសិដ្ឋាន​របស់លោក និង​មាន​ទាំង​ជន​បរទេស​ប្រុស​-​ស្រី​មកពី​ចំនួន​ ២៦ ​ប្រទេស​ក្រោម​គម្រោង​របស់​ USAID ​ក៏បាន​មក​មើល​កសិដ្ឋាន​របស់លោក​ដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​សម្រាប់​ថ្ងៃ​អនាគត​ខ្ញុំ​គ្រោង​ធ្វើ​ជាក​សិ​ទេសចរណ៍​ដោយ​រៀបចំ​ឱ្យ​មានផ្ទះ​ស្នាក់នៅ​បណ្តោះអាសន្ន​សម្រាប់​ភ្ញៀវ​មាន​បន្ទប់​ចម្អិន​​អាហារ​។ ព្រោះ​ទីនេះ​ជាក​សិ​​ដ្ឋា​ន​ដែល​រក្សាបាន​ទេសភាព​ពណ៌​បៃតង​គ្រប់​រដូវ​កាល​»​។​

​ទាក់ទង​នឹង​ការធ្វើ​កសិកម្ម​បែប​ច្នៃប្រឌិត​នេះ លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់​ខេត្តសៀមរាប​ឱ្យដឹង​ដែរ​ថា លោក​ឈាវ ហុង ត្រូវបាន​ជ្រើសរើស​ជា​កសិករ​គំរូ​ជា​យូរ​មកហើយ ហើយ​គាត់​គឺជា​មនុស្ស​ដែលមាន​ចំណង់​​ចំណូលចិត្ត​ក្នុង​ការធ្វើ​កសិកម្ម ហើយ​បើ​និយាយ​ពី​ការធ្វើ​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​គឺ​គាត់​ជា​កសិករ​គំរូ​។ ចំពោះ​កសិករ​រូបនេះ ខាង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​តែងតែ​បង្ហាត់បង្ហាញ​ពី​បច្ចេកទេស​ដាំ​ដុះ​ដល់​គាត់​រហូត​។​

​ចំពោះ​បន្លែ​របស់គាត់​ជា​បន្លែ​សុវត្ថិ​ភាព​ទាំងអស់ ព្រោះ​ការដាំ​បន្លែ​នៅក្នុង​ផ្ទះ​សំណាញ់​គឺ​មិនមាន​បាញ់ថ្នាំ​សម្លាប់សត្វ​ល្អិត​អី​ទេ ហើយ​ជាទូទៅ​គាត់​ប្រើ​ជីកំប៉ុស​និង​ភាគច្រើន​គាត់​ធ្វើខ្លួន​គាត់​ទៀតផង​។​

​លោក​ថ្លែងថា​៖ «​មិនមែន​តែ​កសិករ​ខ្មែរ​ទេ​ដែល​ទៅ​មើល​កសិដ្ឋាន​របស់គាត់​តែមាន​ទាំង​បរទេស​ទៀតផង​។ មាន​តាំងពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​មាន​តាំងពី​តំណាងរាស្ត្រ និង​ក្រសួងកសិកម្ម​ផងដែរ​»​។​

​លោក​ ឃឹម ហ្វី​ណង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់​និង​នេសាទ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន​មាន​កសិករ​គំរូ​ច្រើន​នាក់​នៅតាម​ខេត្ត​នីមួយៗ ហើយ​ក្រសួងកសិកម្ម​ក៏​តែងតែ​ជំរុញ​ពាក់ព័ន្ធ​នឹង​ការងារ​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម មិន​ថា​ជា​បច្ចេកទេស​ដែល​ទទួលបាន​ពី​ការស្រាវជ្រាវ​របស់​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ឬក៏​ជា​បច្ចេកទេស​ដែល​ទទួលបាន​ពី​ការចែករំលែក​បទពិសោធ​ន៍​ល្អៗ​ពី​តំបន់​ផ្សេងៗ​នៅ​ទូទាំងប្រទេស​ទេ ពោលគឺ​ក្រសួង​តែងតែ​ជំរុញ​ព្រោះ​នៅ​​ក្នុង​ក្រសួង​ក៏មាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម​ដែរ​។​

​លោក​បាន​ថ្លែងថា ជា​គោល​ការណ៍​សំខាន់​របស់​ក្រសួង​ គឺ​ការ​ចងក្រង និង​ប្រមូលផ្តុំ​កសិករ​ដែល​ធ្វើ​កសិកម្ម​តាមបែប​គ្រួសារ​ឱ្យ​ងាក​មក​ធ្វើ​កសិកម្ម​តាម​ទម្រង់​បែប​ឧស្សាហកម្ម​វិញ​តាមរយៈ​ការប្រមូល​ផ្តុំគ្នា​ឱ្យទៅជា​សហគមន៍​ខ្នាត​ធំ​។

សហ​គម​ន៍​នេះ​យើង​ហៅថា សហ​គម​ន៍​កសិកម្ម​ទំនើប ហើយ​បើ​ក្នុងករណី​ដូច​គាត់​ដាំ​បន្លែ​ខាងលើនេះ គឺ​យើង​លើកទឹកចិត្ត​ឱ្យ​ជា​ប្រភេទ​សហគមន៍​ដែលមាន​ទំហំ​ធំ​មាន​ការធ្វើ​ផលិតកម្ម​រួមគ្នា និង​ការគ្រប់គ្រង​រួមគ្នា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ថ្លៃដើម​នៃ​ការផលិត​មានការ​ធ្លាក់ចុះ និង​មាន​ទំហំ​នៃ​ការផ្គត់ផ្គង់​មាន​និរន្តរភាព​ដែល​នេះ​គឺជា​អាទិ​ភាព​ចម្បង​របស់​ក្រសួង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ចំពោះ​កសិករ​ទាំងអស់​ដែល​គិតថា ខ្លួន​ឯង​មាន​បច្ចេកទេស​មិន​ដល់​ខ្វះ​បទពិសោធន៍​គឺ​ក្រសួង​នឹង​ផ្តល់​ច្រក​នេះ​ដើម្បី​អនុញ្ញាតឱ្យ​ក​សិ​ករ​ទូទាំងប្រទេស​អាច​ចូលរួម​ជាមួយ​សហគម​ន៍​បង្កើតបានជា​សហគម​ន៍​ខ្នាត​ធំ​ផលិត​ទំនិញ​ដែលមាន​គុណភាព​តាម​ស្តង់ដា និង​មានតម្លៃ​ប្រកួត​ប្រ​ជែង ហើយ​និង​មាន​បរិមាណ​ផ្គត់ផ្គង់​អាច​នឹង​បំពេញតម្រូវការ​ទីផ្សារ​បាន​»៕