​ភ្នំពេញៈ កម្ពុជា​-​ចិន បានរៀបចំ​ព្រឹត្តិការណ៍ «​សប្តាហ៍​ផ្លាស់ប្តូរ​វប្បធម៌ និង​ភាពយន្ត​​កម្ពុជា​-​ចិន ឆ្នាំ​ ២០២៣» ដើម្បី​រួមចំណែក​លើកកម្ពស់​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិ​​ការ​ជុំវិញ​វិស័យ​វប្បធម៌​រវាង​ប្រទេស​ទាំង​ ២ ជាពិសេស​លើ​វិស័យ​ភាពយន្ត សំដៅ​បង្កើន​ទំនាក់ទំនង និង​ការយល់ដឹង​រវាង​ប្រជាជន និង​ប្រជាជន ស្រប​​ពេល​ប្រារព្ធ​ខួប​លើក​ទី​ ៦៥ នៃ​ទំនាក់ទំនង​ការទូត​ទ្វេភាគី​។​

ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​រយៈពេល ២ ​ថ្ងៃ ពីថ្ងៃ​ទី​ ១៩ ដល់​ថ្ងៃទី ​២០ ខែធ្នូ ឆ្នាំ ​២០២៣ នៅ​ទីក្រុង​សៀក​មិន ខេត្ត​ហ្វូ​ជៀន ដោយ​ភាគី​កម្ពុជា លោក​ហាប់ ទូច រដ្ឋលេខាធិការ​ប្រចាំ​ការ បាន​ដឹកនាំ​គណៈប្រតិភូ​ផលិតករ និង​សិល្បករ​ភាព​យន្ត​កម្ពុជា​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ នេះ​បើ​យោងតាម​ការ​​ប្រកាស​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ថ្ងៃទី ​២១ ខែធ្នូ​។

​ប្រភព​ដដែល​បានឱ្យដឹងថា ព្រឹត្តិការណ៍​នេះ​សហការ​រៀបចំ​ដោយ​រដ្ឋបាល​ក្រុង​សៀក​មិន រួម​នឹង​គណៈកម្មការ​រៀបចំម​ហោ​ស្រព​ភាពយន្ត​អាស៊ី​កម្ពុជា និង​នាយកដ្ឋាន​សិល្បៈ​ភាព​​យន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ គាំទ្រ​ដោយ​ការិយាល័យ​ភាព​យន្ត​ប្រចាំខេត្ត​ហ្វូ​ជៀន កា​រិ​យា​ល័យ​ភាពយន្ត​ទីក្រុង​សៀក​មិន និង​សាលា​ភាពយន្ត​នៃ​សាកល​​វិទ្យាល័យ​សៀក​មិន​។​


​ក្នុង​កម្មវិធី​នេះ គេ​បាន​ចាក់ខ្សែ​ភាពយន្ត​កម្ពុជា​ចំនួន ៤ ​ចំណងជើង ជា​សាធារណៈ តាម​រោងភាពយន្ត​នានា​នៅ​ទីក្រុង​សៀក​មិន​នេះ ហើយក៏​មានការ​រៀបចំ​ពិព័រណ៍​វត្ថុ​សិល្បៈ​ខ្មែរ​ថែម​ទៀតផង​។​

​ក្រៅពីនេះ គណ​:​ប្រតិភូ​កម្ពុជា​ក៏បាន​ធ្វើ​ទស្សនកិច្ច​នៅ​សាលា​ភាពយន្ត នៃ​សាកល​​វិទ្យាល័យ​សៀក​មិន ព្រមទាំង​មាន​កិច្ចពិភាក្សា​ស្តីពី​ឱកាស បញ្ហា​ប្រឈម នៃ​ការធ្វើ​សហ​ផលិតកម្ម និង​ការរីកចម្រើន​នៃ​ការសម្តែង​ភាពយន្ត​។​


​ទន្ទឹមនឹងនេះ លោក ហាប់ ទូច លើកឡើងថា​៖«​ការរៀបចំ​សប្តាហ៍​ផ្លាស់ប្តូរ​ភាពយន្ត និង​វប្បធម៌​កម្ពុជា​-​ចិន​នៅ​ទីក្រុង​សៀក​មិន ​Xiamen នាពេលនេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត ក្នុងការ​លើកកម្ពស់​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​រវាង​កម្ពុជា​-​ចិន​។​


​លោក​ថ្លែង​ទៀតថា កម្មវិធី​នេះ​ក៏​ជាការ​ផ្តល់ឱកាស​ដល់​អ្ន​ក​នៅក្នុង​វិស័យ​ភាពយន្ត​នៃ​ប្រទេស​ទាំង ​២ អាចបង្កើត​ការ​វិនិយោគ​មួយ​រួមគ្នា ការផ្លាស់​ប្តូរ​បទពិសោធន៍​គ្នា ផលិតភាព​យន្ត​រួមគ្នា ដើម្បី​ជា​ប្រយោជន៍​លើ​ការបង្កើន​ការយល់ដឹង​រវាង​ប្រជាជន និង​ប្រជាជន តាម​​រយៈ​ខ្សែភាពយន្ត ក៏ដូចជា​ការ​ពង្រឹង​ទំនាក់ទំនង​ផ្នែក​វប្បធម៌​។

​លោក ឈ​ត ប៊ុន​ថង មន្ត្រី​​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង អប់រំ ទេសចរណ៍ និង​វប្បធម៌ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា កាលណា​ទំនាក់ទំនង​ផ្នែក​នយោបាយ និង​ការទូត រវាង​កម្ពុជា និង​ចិន​ល្អ ទំនាក់​ទំនង​ពាណិជ្ជកម្ម វប្បធម៌ សិល្បៈ ប្រជាជន និង​ប្រជាជន នឹង​អម​ទៅជា​មួយ ខណៈ​ទំនាក់ទំនង​សង្គម​វប្បធម៌​ក៏មាន​ភាព​សំខាន់​ដែរ ហើយ​ការ​​បង្កើត​កម្មវិធី​«​សប្តាហ៍​ផ្លាស់ប្តូរ​វប្បធម៌ និង​ភាពយន្ត​កម្ពុជា​-​ចិន ឆ្នាំ ​២០២៣»​ គឺជា​ការ​បង្កើត​លទ្ធភាព​ឱ្យ​អ្នកជំនាញ​វិស័យ​ភាពយន្ត​បង្កើន​ការ​ស្វែង​យល់​ពីគ្នា ចែករំលែក​ជំនាញ​គ្នា និង​បង្កើន​ទំនាក់ទំនង​គ្នា​កាន់តែ​ជិតស្និទ្ធ​។​

​លោក​ថ្លែងថា​៖«​បើ​និយាយ​ពី​វិស័យ​វប្បធម៌ កម្ពុជា និង​ចិន​គឺ​ខ្លាំង​ដូចគ្នា សម្បូរ​មរតក​វប្ប​ធម៌ ដូចគ្នា ដែល​ការបង្កើត​កម្ម​វិធី​នេះ ធ្វើឱ្យ​អ្នកជំនាញ​រវាង​ប្រទេស​ទាំង ​២ កាន់តែ​ស្និទ្ធ​ស្នាល​គ្នា ហើយក៏​បង្កើន​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជា​ជន​។ ចិន​អាចជួយ​ឱ្យ​ទីផ្សារ​ភាពយន្ត​កម្ពុ​ជាមាន​ភាព​ទូលំ​ទូលាយ​លើ​ឆាក​អន្តរជាតិ ព្រោះ​ចិន​ពូកែ​ណាស់​លើ​វិស័យ​ភាពយន្ត​នេះ​»​។​

​លោក ប៉ុក បូរ៉ា​ក់ ប្រធាន​នាយកដ្ឋាន​ភាពយន្ត​ខ្មែរ​នៃ​ក្រសួង​វប្បធម៌ ថ្លែងថា​៖ «​យើង​ឃើញ​មាន​សកម្មភាព​ជាច្រើន​ក្នុង​វិស័យ​វប្បធម៌ ទាំង​ក្នុង​វិស័យ​ភាពយន្ត​រវាង​កម្ពុជា និង​ចិន ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ដែល​យើង​ផ្តោតជាសំខាន់​លើ​ការផ្លាស់ប្តូរ​ភាពយន្ត ការ​​ផ្សាយ​ភាពយន្ត​ចិន​នៅ​កម្ពុជា ការផ្សាយ​ភាពយន្ត​កម្ពុជា​នៅ​ចិន ហើយ​យើង​បង្កើត​ឱកាស​វិនិយោគ​ផ្សេងៗ​ផងដែរ ជា​ពិ​​សេស​ការបង្កើត​ធន​ធន​មនុស្ស​ក្នុង​វិស័យ​ភាពយន្ត​៕