ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជា​ឱ្យមាន​ការចាប់ខ្លួន​ជន​ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ហើយ​បើ​មានការ​តវ៉ា​ គឺ​ត្រូវ​ចាប់​វ៉ៃខ្នោះ​តែម្តង​ដោយ​រូប​​លោក​នឹង​ធ្វើជា​ខ្នងបង្អែក​ដល់​មន្ត្រី​ដែល​បាន​អនុវត្ត​តួនាទី​បាន​ត្រឹម​ត្រូវ​ទៅតាម​ច្បាប់​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត​ បានចេញ​បញ្ជា​បែបនេះ ក្នុងពេល​លោក​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​ស​ន្និ​​បាត​បូកសរុប​ការងារ​ឆ្នាំ​ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៤​របស់​ក្រសួងបរិស្ថាន​នៅ​រសៀល​ថ្ងៃទី​ ២១ ខែធ្នូ​។

លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖ «​កន្លងទៅ​រឿង​បុក​មនុស្ស​ហ្នឹង​មិនចាំបាច់​សុំ​គោលការណ៍ ហើយ​លោក​សុំ​ចេញ​បទបញ្ជា​បើសិន​ជាមាន​បទល្មើស​ជាក់ស្តែង ឧទាហរណ៍​បើកឡាន​បុក​គេ​ស្លាប់ មិនបាច់​សុំ​គោលការណ៍​ទេ ហើយ​ឃាត់​ជនបង្ក​តែម្តងទៅ ហើយ​បើ​គាត់ ​(​ជនបង្ក​)​ តវ៉ា វាយខ្នោះ​តែម្តងទៅ ហើយ​កូន​ប៉ូលិស​ធ្វើ​ចុះ​មិនចាំបាច់​ស្នើសុំ​ទៅ​ស្នងការ​អី​ទេ​»​។​


​លោក​បន្តថា​៖ «​ត្រូវតែ​អនុវត្ត រឿង​វា​អ៊ីចឹង​មិន​ចាំ​បាច់​ទៅណា​។ ថ្ងៃមុន​ខ្ញុំ​ឃើញ​ឡាន​អា​យ៉ែ​បុក​ដោយ​ទាំង​ប៉ូលិស​បះជើង​ ៣ ទៅ ៤ ​នាក់ ហើយ​រត់​ចូលទៅក្នុង​ឡាន​ចុះមក​ធ្វើ​មិនដឹង​។ អត់​ទេ​ណា​! ចាប់​ទៅ គ្មាន​ខ្នង​ណា​ទេ​ខ្ញុំ​ប្រាប់​ទៅ​បងប្អូន​ប៉ូលិស​របស់​យើង ទី​១​ អាវុធហត្ថ​មន្ត្រី​អនុវត្ត​ច្បាប់​ក្នុង​បទល្មើស​ជាក់​ស្តែង បើ​បងប្អូន​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​អនុវត្ត​ចុះ ហើយ​ខ្នង​របស់​បងប្អូន គឺ​នាយករដ្ឋមន្ត្រី​និយាយ​ឱ្យ​អ៊ីចឹង​ហ្មង​»​។ 

​លោក​លើកឡើងថា បើសិនជា​គេ​ថា មាន​ខ្នង​ណា​ទៀត​មិនបាច់​សួរ​ទេ ព្រោះ​នាយករដ្ឋមន្ត្រី​ចេញ​គោលការណ៍​ហើយ ហើយ​ប្រសិន​​បើ​ធ្វើទៅ​មាន​បញ្ហា​ទៅដល់​កន្លែង​គេ​ដក​បញ្ឈរជើង សូម​ប្រា​ប់លោក លោក​នឹង​ដំឡើង​ស័​កិ្ត​ឱ្យ​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ទៀតថា​៖ «​ចំពោះ​មេ​ដែល​ចាត់​ចែង​បងប្អូន​អនុវត្ត​ច្បាប់ ហើយ​ដាក់ពិន័យ​បងប្អូន​ដែល​ធ្វើ​ខុស​គ្មាន​មូលហេតុ​ខ្ញុំ​នឹង​ចាត់​វិធាន​ការ​»​។​

​ការ​ថ្លែង​របស់​លោកនាយក​​រដ្ឋមន្ត្រី​នាពេលនេះ​ស្របពេល​មានប្រតិកម្ម​ជាច្រើន​នៅតាម​បណ្តាញ​សង្គម​ករណី​កូនប្រុស​មេធាវី​ម្នាក់​ដែល​បាន​បើកឡាន​ទំនើប​ប្រដេញ​គ្នា​ក្នុង​ក្រុង​ហើយ​បាន​បុក​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើត​ហើយ កាលពី​យប់​ថ្ងៃទី​ ១៤ ខែធ្នូ ប៉ុន្តែ​មកដល់ពេលនេះ​ជនបង្ក​នៅ​មិនទាន់​ត្រូវបាន​ចាប់ខ្លួន​នៅឡើយ​។​

​ជាមួយគ្នានេះ លោក សៀង ប៊ុន​លាង អាយុ ​៥០​ ឆ្នាំ ជា​ឪពុក​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កដោយ​អ្នកបើកបរ​រថយន្ត​ទំនើប​ម៉ាក Jeep បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២១​ ធ្នូ​ថា បើទោះជា​លោក​នៅមាន​អារម្មណ៍​វិលវល់​ក្នុងអំឡុងពេល​កាន់ទុក្ខ​កូនប្រុស​របស់លោក​ក្តី តែ​លោក​សាទរ​យ៉ាងខ្លាំង​ចំពោះ​ចំណាត់​ការ​របស់លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ក្នុងការ​អន្តរាគមន៍​ចំពោះ​សព​កូនប្រុស​របស់លោក​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មានការ​ត្រេក​​អរ​យ៉ាងខ្លាំង​ដើម្បី​ចាត់ការ​ចំពោះ​ជនល្មើស​ ដើម្បី​យកមក​ផ្ដន្ទាទោស​ព្រហ្មទណ្ឌ​ចំពោះមុខ​ច្បាប់​»​។​

​លោក​ឱ្យដឹងថា លោក​បានដាក់​ពាក្យបណ្តឹង​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រាជ​ធានី​ភ្នំពេញ​រួចហើយ​កាលពី​ថ្ងៃទី ​១៥ ខែធ្នូ ឆ្នាំ​ ២០២៣ តែ​លោក​មិន​ចាំ​ថា ក្នុង​ពាក្យបណ្តឹង​នោះ​លោក​ទាមទារ​សំណង​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​បើតាម​ពាក្យបណ្តឹង​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន គ្រួសារ​ជនរងគ្រោះ​បានទាមទារ​សំណង​ការខូចខាត និង​ជំងឺ​ចិត្ត​ចំនួន​ ២០ ម៉ឺន​ដុល្លារ​អាមេរិក​។​

​បើតាម​លោក សៀង ប៊ុន​លាង កូនប្រុស​របស់លោក គឺជា​ជើង​ឯក​ប្រកួត​សី​ជម្រើសជាតិ​លេខ ១ ហើយ​ធ្លាប់​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ហ្វី​លី​ពិន និង​ទៅ​ច្រើន​ប្រទេស​ទៀត​។ កូនប្រុស​របស់លោក​ឈ្មោះ​សៀង គឹមហុង ដែល​ត្រូវ​រថយន្ត​បើក​បុក​ស្លាប់ អាយុ​ ២៣ ​ឆ្នាំ ក៏​ទទួលបាន​មេដាយ​ប្រមាណ​ជា ​៤០ ​មេដាយ​។ លោក មានកូន ​៣ ​នាក់ ​(​ស្រី ​២​ នាក់​) ​ហើយ​សៀង គឹមហុង ដែល​ស្លាប់​គឺជា​កូនប្រុស​ច្បង​។​

​បើ​យោងតាម​ហ្វេ​ស​ប៊ុ​កលោក ជិន ម៉ា​លីន រដ្ឋលេខាធិការ​ក្រសួង​​យុត្តិធម៌ បានសរសេរថា ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ស្ថាប័ន​អយ្យការ បានចេញ​ដីកា​បញ្ជា​ឱ្យ​ជនបង្ក​ចូលខ្លួន​និង​បង្គាប់​ឱ្យ​ជនបង្ក​បង្ហាញខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យបាន​មុន​ថ្ងៃទី ​៩ ខែមករា ឆ្នាំ​ ២០២៤​។ ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​នេះ ក៏មាន​អានុភាព​បញ្ជា​ឱ្យកម្លាំង​សមត្ថកិច្ច ស្វែងរក​និង​នាំខ្លួន​ជនសង្ស័យ​មកកាន់​អយ្យការ​ផងដែរ ក្នុងករណី​មិន​ព្រម​ចូលមក​បង្ហាញខ្លួន​។

លោក​ថ្លែងថា​៖ «​ចំពោះ​លទ្ធផល​នៃ​ការអនុវត្ត​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​នេះ​ខ្ញុំ​នឹង​ជូន​ព័ត៌មាន​បន្ថែម​តាម​ក្រោយ​ទៀត​»​។​

​យោង​ដីកា​ដែលមាន​ចុះ​ហត្ថ​លេខា​ដោយ​លោក​ប្លង់ សុផល ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​ ១៩ ​ធ្នូ​ឆ្នាំ ​២០២៣ បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យមាន​មនុស្ស​ស្លាប់​នេះ គឺ​បាន​បង្កឡើង​ដោយ​ភាគីរ​ថយ​​ន្ត​។

ដីកា​សរសេរ​បន្តថា មាន​ភ័ស្តុ​តាង​បង្ហាញថា ឈ្មោះ​ព្រហ្ម វិចិត្រ​សុស​ក្តា ជា​អ្នកបើកបរ​រថយន្ត ប៉ុន្តែ​ក្រោយពី​បង្កឱ្យមាន​គ្រោះ​​ថ្នាក់​ចរាចរណ៍ ជនសង្ស័យ​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ ក្នុង​គោលបំណង​គេច​ចេញពី​ការទទួលខុសត្រូវ​ហើយ​មិនដឹងថា ទៅ​ទីណា​។​

​ដីកា​ដដែល​សរសេរថា​៖ «​ហេតុដូច្នេះ​ចេញ​បញ្ជា​ឱ្យកម្លាំង​សមត្ថកិច្ច នាំ​បុគ្គល​ឈ្មោះ​ព្រហ្ម វិចិត្រ​សុស​ក្តា បង្ហាញខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ឱ្យបាន​មុន​ថ្ងៃទី​ ៩ ​ខែមករា​ឆ្នាំ​ ២០២៤ ​ដើម្បី​ធ្វើការ​ស្តាប់​ចម្លើយ​»​។​

​លោក​ ប្លង់ សុផល ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ប្រាប់​នៅ​ថ្ងៃទី​ ២១​ ធ្នូ​ថា ចំពោះ​ជនសង្ស័យ​ដែល​តុលា​ការចេញ​ដីកា​ឱ្យចូល​ខ្លួន​នោះ​មិនទាន់​ឃើញ​បង្ហាញខ្លួន​នៅ​តុលាការ​ទេ​។​

​ជុំវិញ​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ នៅ​ថ្ងៃទី​ ២១ ​ធ្នូ ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ទូរស័ព្ទ​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ ជួន ណា​រិន្ទ​ អគ្គ​ស្នង​ការរង​នគរបាលជាតិ​ និង​ជា​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​សុំ​បញ្ជាក់​ពី​លោក តែ​លោក​ឆ្លើយថា ជាប់រវល់​កិច្ច​ចាំបាច់​។​

​ប៉ុន្តែ​បើតាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហោះ​សារ​ថា លោក​ ជួន ណា​រិន្ទ «​សូម​អំពាវនាវ​ដល់​ក្មួយប្រុស ជា​ជនសង្ស័យ បើករថយន្ដ Jeep ដែល​បុក​បុរស​ម្នាក់​ស្លាប់​នៅ​ខណ្ឌទួលគោក ឬ អាណាព្យាបាល​សូម​នាំ​កូនប្រុស មក​សារភាព និង​បង្ហាញខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តតាម​នីតិវិធី​»​។ 

​លោក ​ជួន ​ណា​រិន្ទ​ ថា​៖ «​កុំ​រត់គេចខ្លួន​បែបនេះ​វា​មិនអាច​គេច​ពី​ផ្លូវច្បាប់​ ១ ​ជីវិត​បានទេ​! សមត្ថកិច្ច​មិន​ដក​ដៃ ក្នុងការ​អនុវត្ត​ច្បាប់ ចំពោះ​ករណីនេះ​បានទេ ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់លោក​ព្រះរាជអាជ្ញា បើ​នៅតែ​បន្ត​គេចខ្លួន សមត្ថកិច្ច​នឹង​បន្ត​សុំ​ដីកា​តាមរក​ចាប់ខ្លួន​បន្តទៀត​ហើយ​»​។​

​គួរ​រំឭក​ដែរ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​ ១០​ យប់ ថ្ងៃទី​ ១៤ ខែធ្នូ​ឆ្នាំ​ ២០២៣ ស្ថិតនៅ​សង្កាត់​បឹងកក់​ ២ ខណ្ឌ​ទួល​គោក​។ រថយន្ត​បង្ក​ម៉ាក Jeep ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2CB-9963 បាន​បើក​បុក​បណ្តាលឱ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ រីឯ​ជនបង្ក​បាន​រត់គេចខ្លួន​ក្រោយពេល​កើតហេតុ​។​

​លោក​ សេក សុជាតិ អ្នក​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​​ស្រាវជ្រាវ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ពាក់ព័ន្ធ​យុវជន​បើកបរ​រថយន្ត​ប្រណាំង​គ្នា​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​រហូត​បណ្តាលឱ្យមាន​ជនរងគ្រោះ​ស្លាប់ ហើយ​ឪពុក​របស់គាត់​ជា​មេធាវី​បាន​ទៅ​ចូល​​រួម​បុណ្យសព​ជនរងគ្រោះ​ហើយ​បាន​គំរាមកំហែង​ថា ប្រសិនបើ​ភាគី​ជនរងគ្រោះ​មិន​ដក​ពាក្យបណ្តឹង​ទេ​នឹង​ខូច​កិត្តិយស​ទាំងសងខាង​។​

​លោក​ថ្លែងថា​៖ «​យើង​ឃើញថា តុលាការ​បាន​ទុកពេល​ជិត​ ១ ​ខែ​ ដើម្បីឱ្យ​សាមីខ្លួន​ជា​ជន​ល្មើស​ចូលខ្លួន​នៅ​តុលាការ​»​។​

​លោក​លើកឡើងថា​៖ «​បញ្ហា​ទាំងអស់នេះ​យើង​បាន​ឃើញថា ពេលវេលា​ដែល​ពន្យារ​នេះ​មាន​លក្ខណៈ​យូរ ដែល​ខុសពី​ប្រក្រតី ដែល​យើង​គិតថា ប្រហែលជា​ការពន្យារពេល​នេះ ស្ថិតនៅក្នុង​បំ​​ណង​ឬ​ចេតនា​ណាមួយ​ដែល​ចង់ឱ្យ​គ្រួសារ​របស់​ជនបង្ក​ហេតុ និង​គ្រួសារ​ជនរងគ្រោះ​អាច​រក​វិធី​ផ្សះផ្សា​គ្នា​ក្នុង​លក្ខខណ្ឌ​ណាមួយ​ក្រៅ​ប្រព័ន្ធតុលាការ​»៕