ភ្នំពេញៈ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ​(UNDP)​ បាន​សិក្សា​វាយតម្លៃ​រួមគ្នា ដោយបាន​រកឃើញថា ការអន្តរាគមន៍​ជំនួយ​សង្គម​ពិសេស​ចំនួន​ ២​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​កន្លងទៅ គឺ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​បច្ច័យ​អវិជ្ជមាន​មកលើ​គ្រួសារ​ងាយ​រង​ហានិភ័យ​។​


​ការអន្តរាគមន៍​ទាំងនោះ រួម​មាន កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ​១៩ ដែល​បាន​ដាក់ឱ្យអនុវត្ត​កាលពី​ខែមិថុនា ឆ្នាំ​ ២០២០ រហូតមកទល់​បច្ចុប្បន្ន ដោយបាន​គ្របដណ្តប់​ពលរដ្ឋ​ប្រមាណ​ ៧០ ​ម៉ឺន​គ្រួសារ ឬ​ស្មើនឹង​ ២,៨​ លាន​នាក់​ជាមួយនឹង​ការប្រើ​​ប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ ១ ២៤៣,៧៥​ លាន​ដុល្លារ​។​

​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុង​អំឡុងពេល​មាន​សម្ពាធ​អតិផរណា និង​គ្រោះទឹកជំនន់ ដោយ​គ្របដណ្ដប់​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​ប្រមាណ​ ៥០ ម៉ឺន​គ្រួសារ​ស្មើនឹង​ប្រមាណ​ ១,៨​ លាន​នាក់​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​បានសម្រេច​ដាក់ឱ្យអនុវត្ត​កាលពី​ចុងឆ្នាំ​ ២០២២ និង​បាន​បិទ​បញ្ចប់​កាលពី​ខែកក្កដា ឆ្នាំ ២០២៣ ដោយបាន​ចំណាយ​ថវិកាជាតិ​ប្រមាណ ​៥៥,៧​ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​​ធិ​ការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​ ១៩ ខែធ្នូ ឆ្នាំ​ ២០២៣​។​


​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ក៏បាន​រកឃើញ​គ្រួសារ​គោលដៅ​ដែល​ទទួលផល​ប្រមាណ​ជាង​ ៩៧ ​ភាគរយ ពេញចិត្ត និង​គាំទ្រ​ការអន្តរាគមន៍​ជាការ​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​នេះ​ផងដែរ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​តាម​ការសិក្សា​រកឃើញ​ថា អ្នកទទួលផល​ពី​កម្មវិធី​នេះ​បាន​យក​ថវិកា​ទៅប្រើ​ប្រាស់​ទៅលើ​មុខ​ចំណាយ​ចាំបាច់​ដូច​ការរំពឹងទុក ពិសេស​ចំណាយ​លើ​ម្ហូបអាហារ​, សេវា​សុខាភិបាល និង​ឱសថ​, ការសិក្សា​របស់​កូន​,​ថ្លៃ​សេវា​ទឹក​​ភ្លើង​,​ជួល​ផ្ទះ​និង​ចំណាយ​ចាំ​បាច់​ផ្សេងៗ​»​។​


​លទ្ធផល​នេះ បាន​បង្ហាញថា​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ទាំង ​២ បាន​ចូលរួម​ទប់ស្កាត់​ពី​ការធ្លាក់ចុះ​ខ្លាំង​នៃ​ជីវភាព​របស់​គ្រួសារ​គោលដៅ​ដូច​បង្ហាញ​ក្នុង​សូ​ច​​នាករ​សង្គម​​សេដ្ឋកិច្ច​សំខាន់ៗ ដោយបាន​កាត់បន្ថយ​ការកើនឡើង​នៃ​អត្រា​អសន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ​ ១៣ ​ភាគរយ​, កាត់​​បន្ថយ​ការកើនឡើង​នៃ​អត្រា​គ្រួសារ​មិនមាន​ប្រាក់​សន្សំ​ ៧,៥ ​ភាគរយ​,​កាត់បន្ថយ​ការកើនឡើង​នៃ​អត្រា​គ្រួសារ​យឺតយ៉ាវ​ក្នុង​ការសង​ប្រាក់​ធនាគារ​ចំនួន​ ២,៤ ​ភាគរយ​។​

​ប្រភព​ដដែល​បន្តថា ចំនួន​គ្រួសារ​គោលដៅ​ដែល​គ្មាន​លទ្ធ​ភាព​បង់ថ្លៃ​សេវា​ទឹក ភ្លើង និង​ថ្លៃ​ជួល​ផ្ទះ​ទាប​ជាង​ក្រុមគ្រួសារ​ដែល​មិន​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ១៣ ​ភាគរយ និង​ចំនួន​គ្រួសារ​គោលដៅ​ដែល​គ្មាន​លទ្ធភាព​បង់ថ្លៃ​សេវា​សុខាភិបាល​ទាប​ជាង​ចំនួន ​២៧ ​ភាគរយ​។​

​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​បាន​បញ្ជាក់ថា​៖ «​លទ្ធផល​នៃ​ការវាយតម្លៃ​នេះ​ក៏បាន​បង្ហាញ​ផងដែរ​ថា ស្ទើរតែ​ ១០០​ ភាគរយ​នៃ​គ្រួសារ​ពលរដ្ឋ​គោលដៅ ជា​​ពិសេស​គ្រួសារ​ងាយ​រង​ហានិភ័យ​ដែល​ទទួលបាន​សាច់ប្រាក់​ឧបត្ថម្ភ មាន​ទស្សន​វិជ្ជមាន​មកលើ​រាជរដ្ឋាភិបាល​និង​អាជ្ញាធរ​មូលដ្ឋាន ដែលជា​ការរួមចំណែក​បង្កើន​និង​ពង្រឹង​សតិអារម្មណ៍​របស់​ពល​រដ្ឋ​មកលើ​រាជរដ្ឋាភិបាល​បន្ថែមទៀត​»​។​

​ពាក់ព័ន្ធ​ការវាយតម្លៃ​នេះ លោក​ យង់ គិ​ម​អេង ប្រធាន​ម​ជ្ឈ​មណ្ឌល​ប្រជាជន​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​បានទទួល​ស្គាល់​ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ទាំងនេះ​ពិតជា​បាន​ចូលរួមចំណែក​បន្ធូរបន្ថយ​បន្ទុក​នៃ​ការចំណាយ​របស់​ពលរ​ដ្ឋ​ពិតប្រាកដ​មែន​។​

​លោក​បាន​ថ្លែងថា​៖ «​ទោះជា​ទំហំ​សាច់ប្រាក់​ឱ្យ​គាត់​មិន​ច្រើន តែ​វា​ជួយ​បន្ធូរបន្ថយ​ការចំណាយ​មួយចំនួន​។ វា​មិន​ធ្វើឱ្យ​ជីវភាព​គាត់​ប្រសើរ​ទេ តែ​អាច​ទប់ទល់​កុំឱ្យ​គាត់​ស្ថិតក្នុង​ស្ថានភាព​យ៉ាប់​យ៉ឺ​ន​ខ្លាំងពេក​»​។​

​ទោះជា​យ៉ាងណា​បញ្ហា​ប្រឈម​មួយចំនួន​ក៏ត្រូវ​បាន​សិក្សា​រកឃើញ​ដោយ​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP)​ ផងដែរ​ដូចជា ការយល់ដឹង​នៅមានកម្រិត​របស់​គ្រួសារ​ងាយ​រង​ហានិភ័យ​ពី​ការកំណត់​អត្តសញ្ញាណ​និង​គ្រួសារ​គោលដៅ​មួយចំនួន​តូច​ជួប​បញ្ហា​នៅពេល​បើកប្រាក់​ឧបត្ថម្ភ ដោយសារ​បញ្ជរ​ធនា​​គារ​វី​ង​នៅ​ឆ្ងាយ​ពី​លំនៅឋាន​របស់​ពួកគាត់​៕