​ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ការអភិវឌ្ឍ​ធនធានមនុស្ស​ជា​កត្តា​អាទិ​ភាព​ចម្បង និង​តែង​បាន​យក​ចិត្ត​ទុកដាក់​ក្នុង​ការកសាង​មូលធន​មនុស្ស​ប្រកបដោយ​ចំណេះដឹង និង​សុខភាព​បរិបូរណ៍ ព្រមទាំង​បានធ្វើ​កំណែទម្រង់​ជា​បន្តបន្ទាប់​ដើម្បី​ពង្រឹង​ប្រព័ន្ធ និង​គុណភាព​អប់រំ រួម​នឹង​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ផងដែរ​។​


​នេះ​ជាការ​ថ្លែង​របស់​លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុងជំនួប​ជាមួយ​លោក អ៊ូ យាន (Wu Yan) អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណៈ​ប្រតិ​ភូ នា​រសៀល​ថ្ងៃទី​ ​២០ ខែធ្នូ ឆ្នាំ​ ២០២៣​។

ក្នុងជំនួប​នេះ លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ស្វាគមន៏លោក អ៊ូ យាន និង​គណៈ​​ប្រតិភូ ក្នុងឱកាស​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា និង​ចូលរួម​ក្នុង​ពិធី​សម្ពោធ​សាកល​វិ​ទ្យ​ល័យ​ខេ​មតិ​ច ដែល​សបញ្ជាក់​នូវ​ចំណង​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​កម្ពុជា​-​ចិន ដោយ​លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ជា​ផ្លែផ្កា​នៃ​ជំនួប​រវាង​អនុ​រដ្ឋ​​មន្ត្រី​ក្រសួង​អប់រំ​ចិន និង​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​​កី​ទ្បា​កម្ពុជា​។​


​លោក​ថ្លែងថា​៖ «​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា បានចាត់ទុក​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជា​កត្តា​អាទិភាព​ចម្បង និង​តែង​បាន​យកចិត្តទុកដាក់​ក្នុង​ការកសាង​មូលធន​មនុស្ស​ប្រកបដោយ​ចំណេះដឹង និង​សុខភាព​បរិបូរណ៍ ព្រមទាំង​បានធ្វើ​កំណែទម្រង់​ជា​បន្តបន្ទាប់​ដើម្បី​ពង្រឹង​ប្រព័ន្ធ និង​គុណភាព​អប់រំ បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំងប្រទេស​ចំនួន​​ ១​​ លាន ៥ សែន នាក់​»​។  

​លោកថ្លែងថា ជាងនេះទៀត រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ចេញ​នូវ​កម្មវិធី​មួយចំនួន តួយ៉ាង​ដូចជា កម្មវិធី STEM ដើម្បី​ជួយ​តម្រង់ទិស​សិ​ស្សា​នុ​-​សិស្ស​ឱ្យមាន​នូវ​ជំនាញ​សំខាន់ៗ​សម្រាប់​ទីផ្សារការងារ​។​


​លោក អ៊ូ យាន បាន​ថ្លែង​ឡើង​ពី​លទ្ធផល​ជា​ផ្លែផ្កា​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កី​ទ្បា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ ជាពិសេស ការបន្ត​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ចិន និង​ការបន្ត​កិច្ចសហការ​លើ​វិស័យ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ឱ្យ​ស្របតាម​តម្រូវការ​ទីផ្សារការងារ​នៅ​កម្ពុជា​។​

​ទាក់ទង​នឹង​ការអប់រំ​នៅ​ថ្ងៃទី​ ២០ ខែធ្នូ​នោះដែរ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​អប់រំ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​សម្ពោធ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​កម្ពុជា ​(CamTech)​។​

​លោក ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែងថា សាកលវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​កម្ពុជា​នឹង​ក្លាយជា​សមិទ្ធផល​ថ្មី​មួយទៀត នៃ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​រវាង​កម្ពុជា​-​ចិន សម្រាប់​បម្រើ​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស ព្រមជាមួយ​ជាស​ក្ខី​ភាព​ដ៏​រឹងមាំ​ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​ប្រជាជន​និង​ប្រជាជន​កម្ពុជា​ចិន​។​

​លោក​ថ្លែងថា​៖ «​ការពង្រឹង​គុណភាព​អប់រំ​ឧ​ត្ត​ម​សិក្សា​លើ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេក​​វិទ្យា គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​សម្រេច​នូវ​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រទេស ហេតុនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុ​វត្ត​គំនិត​ផ្តួចផ្តើម​ជាច្រើន​ក្នុងការ​ពង្រីក​វិសាលភាព​នៃ​ការ​ទទួលបាន​ការអប់រំ​នៅ​កម្រិត​​ឧ​ត្ត​មសិ​ក្សា ការពង្រឹង​គុណ​​ភាព​បណ្តុះបណ្តាល​និង​គុណ​ភាព​ស្រាវជ្រាវ​ជាដើម​»​។​

​តាមរយៈ​ទិន្នន័យ​ឆ្នាំ​ ២០២៣ បង្ហាញថា ចំនួន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​ចំនួន​និស្សិត​ចូលរៀន​មានការ​កើនឡើង​ច្រើន​គួរឱ្យ​កត់​​សម្គាល់ ដោយ​ផ្តើមចេញពី​សាកលវិទ្យាល័យ​តែមួយ​ក្នុង​ឆ្នាំ ​១៩៧៩ កើន​ដល់ ៨​ នៅ​ឆ្នាំ​ ១៩៩៧​ ហើយ​បន្ត​កើនឡើង​ដល់ ១១០ ​នៅ​ឆ្នាំ ​២០១៣ ​និង​ ១៣២ ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នៅ​ឆ្នាំ​ ២០២២​។ នេះ​បើតាម​លោក ហង់​ជួន ណា​រ៉ុ​ន​។​

​លោក អ៊ូ យាន បាន​ថ្លែងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការផ្លាស់ប្ដូរ​ផ្នែក​អប់រំ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ចិន និង​កម្ពុជា​បាន​បន្ត​កាន់តែ​ស៊ីជម្រៅ ដោយមាន​និស្សិត​កម្ពុ​ជាជាង ៤ ៥០០ ​នាក់ កំពុង​សិក្សា​នៅ​ប្រទេស​ចិន ក្នុងនោះ​មាន​និស្សិត​ជាង ៨០០ ​នាក់ ដែល​បានទទួល​អាហា​រូប​ករ​ណ៍​របស់​រដ្ឋាភិបាល​ចិន ខណៈ​ប្រទេស​ចិន​ក៏បាន​បញ្ជូន​មនុស្ស​ចំនួន​ ១៨​ នាក់មក​សិក្សា​នៅ​កម្ពុជា​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​ការ​អប់រំ​គឺជា​កិច្ចការ​មូលដ្ឋាន​ដ៏​សំខាន់បំផុត​សម្រាប់​ប្រទេសជាតិ និង​ប្រជាជាតិ​។ ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​បានចាត់ទុក​ការអប់រំ​ថា ជាការ​វិនិយោគ​យុទ្ធសាស្ត្រ​សម្រាប់​អនាគត និង​ជា​មូលដ្ឋានគ្រឹះ​នៃ​ភាពរុងរឿង​យូរអង្វែង​។ វា​ក៏​ត្រូវបាន​ចាត់ទុកថា ជា​តំណ​ភ្ជាប់​ដ៏​សំខាន់ និង​ជា​កម្លាំង​ជំរុញ​ដែល​មិនអាច​កាត់ថ្លៃ​បាន​ក្នុងការ​លើកកម្ពស់​ចំណង​មិត្ត​​ភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រជាជន​»​។​

​លោក អ៊ូ យាន បាន​ថ្លែង​បន្តទៀតថា ការបង្កើតឡើង​នូវ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​កម្ពុជា​នេះ មិន​ត្រឹមតែ​ជាការ​ដៅ​ពណ៌​ទឹកខ្មៅ​សម្រាប់ «​ឆ្នាំ​មិត្តភាព​ចិន​-​កម្ពុជា​» ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជាការ​សង្ឃឹម​ដ៏​មុតមាំ​ក្នុង​ការបើក​ការចាប់ផ្តើម​សម្រាប់ ​«​ឆ្នាំ​មនុស្សធម៌​ចិន​-​កម្ពុជា​» ​នៅ​ឆ្នាំក្រោយ​ផងដែរ​៕