​នៅ​ចុងឆ្នាំ​ ២០២៣ ខួប​លើក​ទី​៥ នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រុស្ស៊ី​-​អាស៊ាន ដែល​បាន​ប្រារព្ធ​នៅ​ឆ្នាំនេះ ក៏​ទៅដល់​ទីបញ្ចប់​ដែរ​។ ក្នុងអំឡុង​ពេល​ខួប​នេះ កម្ពុជា​បាន​បន្ត​ធ្វើជា​ប្រទេស​សម្របសម្រួលនៃ​ភាពជាដៃគូ​នេះ ហើយ​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​អន្តរ​កម្មនេះ​ប្រកបដោយ​អត្ថន័យ​។


ក្នុង​ក្របខ័ណ្ឌ​នៃ​អន្ត​រកម្ម​រុស្ស៊ី​-​អាស៊ាន មានលទ្ធភាព​ថ្មីៗ​ត្រូវបាន​បើក ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​ដ៏​រឹងមាំ និង​ស៊ីជម្រៅ ជា​ផលប្រយោជន៍​ទៅវិញ​-ទៅមក និង​កសាង​តំបន់​ប្រកបដោយ​សន្តិភាព ស្ថិរភាព វិបុលភាព និង​សមាហរណកម្ម​។

កាលពី​ខែកក្កដា​កន្លងទៅ ដោយ​បូកសរុប​លទ្ធផល​នៃ​ការអភិវឌ្ឍ​ភាព ជា​ដៃគូ​យុទ្ធសាស្ត្រ​រុស្ស៊ី​-​អាស៊ាន តាំង​ពី​ឆ្នាំ​ ២០១៨​ មក រដ្ឋមន្ត្រីការបរទេស​បានកត់សម្គាល់​ពី​ការរួមចំណែក​ដ៏​ធំ​​នៃ​ទំនាក់ទំនង​នេះ​ក្នុង​ដំណើរការ​សមាហរណកម្ម និង​ការកសាង​សហ​​គម​ន៍​អាស៊ាន​។ វិស័យ​អន្តរ​កម្ម​ទាំងនេះ​រួមមាន ការឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម និង​ការគំរាមកំហែង​ថ្មីៗ ការ​បង្កើន​សន្តិសុខ​ស្បៀង​ក្នុង​តំបន់ ការប្រយុទ្ធ​ប្រឆាំងនឹង​គ្រោះមហន្តរាយ ធម្មជាតិ កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​បរិស្ថាន និង​អាកាសធាតុ ថាមពល និង​នវានុវត្តន៍​។ ផែនការ​ស្តីពី​សកម្ម​ភាព​គ្រប់​ជ្រុងជ្រោយ​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រុស្ស៊ី​-​អាស៊ាន​ សម្រាប់​ឆ្នាំ ​២០២១-២០២៥ កំពុង​ត្រូវបាន​អនុវត្ត​ដោយ​ជោគជ័យ​។


គម្រោង​រួមគ្នា​កំពុង​ត្រូវបាន​អនុវត្ត​នៅក្នុង​វិស័យ​នៃ​និរន្តរភាព​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​សេដ្ឋកិច្ច​ឌីជីថល និង​ច្នៃប្រឌិត​។ ប្រទេស​យើង​នៅតែ​ជា​ប្រទេស​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម និង​ជី​ដែលមាន​ការទទួលខុសត្រូវ​ដល់​អាស៊ី ជា​ប្រទេស​ផ្តល់​សេវា​អប់រំ និង​ជា​ដៃគូ​ក្នុង​កិច្ចសហប្រតិបត្តិកា​រវិ​ទ្យា​សាស្ត្រ និង​បច្ចេកទេស​។ ក្នុង​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិកា​រវិ​ទ្យា​សាស្ត្រ និង​បច្ចេកទេស​រុស្ស៊ី​-​អាស៊ាន ឆ្នាំ​ ២០២២ ​គំនិត​ផ្តួចផ្តើម​ចំនួន​ ៥២​ ត្រូវបាន​អនុ​​វត្ត​ដោយ​ជោគជ័យ​លើ​ប្រធានបទ​នៃ​ជីវ​បច្ចេកវិទ្យា កសិកម្ម ការគ្រប់គ្រង​ធនធានទឹក និង​បរិស្ថាន មីក្រូ​អេ​ឡិច​ត្រូ​និក និង​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​ថាមពល និង​អវកាស​។

ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម​យ៉ាង សកម្ម​នៅក្នុង​ព្រឹត្តិការណ៍​នៃ​កិច្ចសន្ទនារុស្ស៊ី​-​អាស៊ាន​។ មានការ​ផ្លាស់ប្តូរ​បទ​​ពិសោធន៍ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ភាពជា​ដៃគូ​រុស្ស៊ី​-​អាស៊ាន ទាំង​នៅ លើ​មូលដ្ឋាន​ទ្វេភាគី​។ យើង​មាន​សេចក្តី​រីករាយ​ថា យុវជន​កម្ពុជា​យក​ចិត្ត​ទុកដាក់​ដល់​ការសិក្សា​នៅក្នុង​ប្រទេស​យើង​។ ការអប់រំ​របស់​រុស្ស៊ី​ត្រូវបាន​គេ​ស្គាល់​ប្រកបដោយ​គុណ​​ភាព​ខ្ពស់ និង​ឱកាស​ច្រើន​សម្រាប់​ការផ្លាស់ប្តូរ​ក្នុង​វិស័យ​ការអប់រំ​។


កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់លោក Sergey Lavrov រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សហព័ន្ធរុស្ស៊ី ជាមួយ​ប្រមុខ​ការទូត​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្សា​ការ​តា / MFA Russia កាលពី​ថ្ងៃទី​ ១៣ ខែកក្កដា ឆ្នាំ​២០២៣​។ Supplied​

ក្រៅពី​ខួប​លើក​ទី​៥ នៃ​កិច្ចសន្ទនា​យុទ្ធសាស្ត្រ​រុស្ស៊ី​-​អាស៊ាន ឆ្នាំនេះ​អន្តរ​កម្ម​អន្តរ​សាសនា​រវាង​ប្រទេស​យើង​ទាំង ​២ បាន​អភិវឌ្ឍ​យ៉ាងសកម្ម​។ កាល​ពី​ខែមេសា​កន្លងទៅ សម្តេច Metropolitan Sergy នៃ​ប្រទេស​សិង្ហ​បុរី និង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ បាន​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ និង​ភ្នំពេញ ហើយ​បាន ធ្វើ​ពិធី​សម្ពោធ​ព្រះវិហារ St. George នៅ​រាជធានី​ភ្នំពេញ​។

ការពង្រីក​អន្តរ​កម្ម​រវាង​ព្រះពុទ្ធ​​សាសនិក​ត្រូវបាន​ពិភាក្សា​ក្នុងអំឡុង​ពេល គណៈប្រតិភូ​នៃ​សភា​ស៊ីវិល​នៃ​សហព័ន្ធរុស្ស៊ី​មក​កម្ពុជា​ ដើម្បី​សង្កេត​មើល​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​ ២០២៣​។​ ការចូលរួម​របស់​តំណាង​កម្ពុជា​ក្នុង​វេទិកា​ព្រះពុទ្ធសាសនា​អន្តរជាតិ​នៅ​តំបន់ Buryatia ជា​មជ្ឈមណ្ឌល​​ព្រះពុទ្ធសាសនា​ដ៏​សំខាន់​មួយ​នៅលើ​ពិភពលោក​ក៏​ជួយ​ដល់​ការអភិវឌ្ឍ​ទំនាក់ទំនង​នេះ​។

អន្តរ​កម្ម​បែបនេះ គឺជា​ភ័ស្តុតាង​នៃ​ចំណង​ប្រវត្តិសាស្ត្រ​ដ៏​ស៊ីជម្រៅ​នៃ​ប្រទេស​យើង​ជាមួយ​វប្បធម៌​អឺរ៉ុប និង​វប្បធម៌​ផ្សេងទៀត​នៃ​អឺ​រ៉ាស៊ី ហើយ​ឆ្លុះ​បញ្ចាំង​ពីបទ​ពិសោធន៍​ដ៏​យូរអង្វែង នៃ​សន្តិ​សហ​វិជ្ជមាន​របស់​មនុស្ស ភាសា និង​សាសនា​ផ្សេងៗ​គ្នា​។

ក្នុង​បរិបទ​នៃ​មហិច្ឆតា​បន្ត​ពង្រីក​ចំណងមិត្តភាព​ដ៏​យូរអង្វែង​រវាង​រដ្ឋ​យើង​ទាំង ​២ យើង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ជំនួយ​របស់​ថ្នាក់​ដឹកនាំ​កម្ពុជា​ក្នុងការ​រៀបចំ​នៅ​វត្ត​​ដូន​ធី នៅ​ខេត្តកំពង់ចាម​នូវ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លើក​ទី​៤០​ ឆ្នាំ អតីត​អ្នក​ជំនាញការ​កសិកម្ម​នៃ​សហភាពសូវៀត ៨​ រូប និង​អ្នកឯកទេស​កម្ពុជា ​​១​​ រូប​ដែល ត្រូវបាន​សម្លាប់​ដោយ​ពួក​ខ្មែរក្រហម​។

​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅ​វត្ត​ដូន​ធី លើក​ទី​៤០​ឆ្នាំ ដល់​អតីត​អ្នកជំនាញការ​កសិកម្ម​នៃ​សហភាពសូវៀត ៨​រូប ដែល​បាត់​បង់ជីវិត​នៅ​ខេត្តកំពង់ចាម​។ Supplied

អន្តរ​កម្ម​រុស្ស៊ី​-​អាស៊ាន ​បាន​ប្រារព្ធ​ខួប​លើក​ទី​៣០ ​ឆ្នាំ ប៉ុន្តែ​ទំនាក់ទំនង​របស់​ប្រទេស​យើង​ជាមួយ​បណ្តា​រដ្ឋ​ក្នុង​តំបន់​មាន​ប្រវត្តិ​ដ៏​យូរអង្វែង​។ ​សហភាពសូវៀត ដែល​រុស្ស៊ី​ជា​ប្រទេសស្នង បាន​គាំទ្រ​ប្រជាជន​អាស៊ី អាគ្នេយ៍​ក្នុងការ​តស៊ូ​ប្រឆាំង​អាណានិគមនិយម ហើយ​បន្ទាប់មក​បានរួម​ចំណែក​ដល់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​រដ្ឋ​ដែល​សម្រេចបាន​ឯករាជភាព​។

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​វិទ្យាស្ថាន​ប​ច្ចេ​វិទ្យា​កម្ពុជា​ធ្វើជា​ភ័ស្តុតាង នៃ​ជំនួយ​នេះ​នៅ​កម្ពុជា ដែល​បន្ត​បម្រើ​ជា​ប្រយោជន៍​ប្រជាជន​កម្ពុជា​។​ ពិធី​គោរព​វិញ្ញាណក្ខន្ធ​អតីត​អ្នក​​ជំនាញការ​កសិកម្ម​នៃ​សហភាព​​សូ​វៀត​ ដែល​បាន​បាត់បង់​ជីវិត គឺជា​ភ័ស្តុតាង​មួយ​នៃ​ការចងចាំ​របស់​ប្រជាជន​កម្ពុជា​អំពី​ជំនួយ​របស់​សហ​​ភាព​សូ​វៀត​ បន្ទាប់ពី​ការរំដោះ​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។ យុគសម័យ​នោះ​ពិតជា​បាន​បង្កើត​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​នៃ​ទំនុកចិត្ត និង​មិត្តភាព​ដែល​រុស្ស៊ី​នៅតែ​ថែរក្សា​។

កម្ពុជា​ជា​សមាជិក​ដ៏​សំខាន់​មួយ​នៃ​អាស៊ាន​។ ប្រទេស​របស់​យើង​មាន គោលបំណង​បន្ត​ពង្រីក​អន្តរ​កម្ម​គ្រប់​ជ្រុងជ្រោយ ជាមួយ​បណ្តា​រដ្ឋ​អាស៊ាន និង​គាំទ្រ​ដល់​រចនាសម្ព័ន្ធ​សន្តិសុខ និង​ការអភិវឌ្ឍ​ក្នុង​តំបន់​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ជុំវិញ​។ នៅក្នុង​លក្ខខណ្ឌ​នៃ​ការផ្លាស់ប្តូរ​ពិភពលោក​ដ៏​ធំធេង​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ ភាពជា​ដៃគូ ការគិតគូរ​ពី​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក ការរក្សា​អត្តសញ្ញាណ អរិយធម៌ និង​លទ្ធភាព​អភិវឌ្ឍន៍​ស្មើៗ​គ្នា គឺជា​មូលដ្ឋាន​នៃ​ការបង្កើត​ពិភពលោក​ពហុ​ប៉ូល​ត្រឹមត្រូវ​៕

អាណា​តូ​លី បូ​រ៉ូ​វី​ក​ ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​