ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​គាំទ្រ​ចំពោះ​យុទ្ធនាការ ការកាត់បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងបរិស្ថាន ជាពិសេស​យុទ្ធនាការ «​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» ខណៈ​មកដល់ពេលនេះ មាន​អ្នកចូលរួម​យុទ្ធនាការ​នេះ​ជាង ៣​លាន​៥ សែន​នាក់ ផងដែរ​នៅ​ទូទាំងប្រទេស​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានប្រកាស​គាំទ្រ​ដូចនេះ ក្នុងឱកាស​ចូលរួម​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២៣​។


លោក​បាន​លើកឡើងថា កំណើន​នៃ​ការប្រើប្រាស់ និង​កើនឡើង​នូវ​សំណល់​ប្លា​ស្ទិ​ក ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ជាស​កល ខណៈ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ពុំមាន​ការគ្រប់គ្រង​សំណល់​ឱ្យបាន​ត្រឹម​ត្រូវបាន​បង្ក​ឱ្យ​ការបំពុល​ប្លា​ស្ទិ​ក​ទៅក្នុង​បរិស្ថាន ដែល​បណ្តាលឱ្យមាន​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​ជីវៈចម្រុះ​ផ្សេងៗ​ទៀត ក៏ដូចជា​ការបាត់បង់​សោភណភាព​បរិស្ថាន​ជាដើម​។

លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ៖ «​ខ្ញុំ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​យុទ្ធនាការ​ការកាត់បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក ដែល​ក្រសួងបរិស្ថាន​បានដាក់​ចេញ​នាពេល​ថ្មីៗ​នេះ ជាពិសេស​យុទ្ធនាការ «​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» ដែល​រួមចំណែក​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ប្រជាជន ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ប្រចាំថ្ងៃ​នៅ​កម្ពុជា​»​។


តាម​ការស្រាវជ្រាវ​ជាស​កល សំណល់​ប្លា​ស្ទិ​ក ជាពិសេស​មីក្រូ​ប្លា​ស្ទិ​ក ត្រូវបាន​រកឃើញ​នៅក្នុង​ត្រី ប្រភពទឹក​ដែល​អាច​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ និង​ទាមទារ​ឱ្យ​ពិភពលោក​យកចិត្តទុកដាក់​បន្ថែម​ក្នុងការ​ដោះស្រាយ​បញ្ហា​បំពុល​ដោយ​ប្លា​ស្ទិ​ក​នេះ​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី លោក​សង្កេតឃើញ​មានការ​ចូលរួម​យុទ្ធនាការ​នេះ​ច្រើន​ពី​វិស័យ​ឯកជន​ផងដែរ ដែល​កិច្ចការងារ​មួយ​នេះ​បាន​ដំណើរការ​ច្រើន និង​បានទទួល​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន​ជាច្រើន​តាមរយៈ​ការមិន​ប្រើ​ប្លា​ស្ទិ​ក​។

យោងតាម​ក្រសួងបរិស្ថាន បានឱ្យដឹងថា យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» «​យើង​រួម​កម្លាំង​គ្នា ការពារ​បរិស្ថាន​កម្ពុ​ជា​» និង​«​លា​ហើយ​ប្លា​ស្ទិ​ក​» គិត​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា រហូតដល់ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២៣ មាន​អ្នកចូលរួម​សរុប​ចំនួន ៣ ៥២៨ ៨៣២​នាក់​។

ក្រសួង​បាន​បន្តទៀតថា ក្នុងនោះ​រួមមាន​លោកគ្រូ​អ្នកគ្រូ​សរុប​ចំនួន​១២៤ ៤៧៧​នាក់ សិស្សានុសិស្ស​សរុប​ចំនួន ៣ ១៤៦ ៤៥០ នាក់ កម្មករ​កម្មការិនី សរុប​ចំនួន ១៩៥ ៨៦១ នាក់ និង​អ្នកចូលរួម​ផ្សេងៗ​ទៀត សរុប​ចំនួន ៤១៤ ៣៥៩​នាក់ ដោយ​ផ្សព្វផ្សាយ​សរុប​បាន​ចំនួន ១១ ០៣២​លើក ក្នុង​សាលារៀន​សរុប​ចំនួន ៧ ៦៧៨​សាលា រោងចក្រ​ចំនួន ២៨២ វត្ត​អារាម ៣៥ និង​សហគមន៍​ទីប្រជុំជន​ចំនួន ៧៧​កន្លែង នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

ជាមួយគ្នានេះដែរ ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ក៏​ទទួលបាន​ការគាំទ្រ​ពី​រាជធានី ខេត្ត​ចំនួន​១១​បន្ថែមទៀត តាមរយៈ​ការចុះ​អនុស្សរណៈ​យោគយល់ (MoU) រវាង​ក្រសួងបរិស្ថាន និង​រដ្ឋបាល​រាជធានី ខេត្ត​ទាំង​១១​នេះ កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២៣​។

រាជធានី​ខេត្ត​ទាំង​១១​នោះ​រួមមាន រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កំពង់ធំ ព្រះវិហារ សៀមរាប បាត់ដំបង បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ​៕