​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន បានប្រកាស​ដាក់ឱ្យអនុវត្ត​ស្តង់ដា​សាលា​ម​ត្តេ​យ្យ​សិក្សា​គំរូ និង​ប្រកាស​ស្តីពី​ការ​ប្រែក្លាយ​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​សហគមន៍​ជា​ឧបសម្ព័ន្ធ​គ្រឹះស្ថាន ​ម​ត្តេ​យ្យ​សិក្សា ឬ​បឋមសិក្សា​សាធារណៈ សំដៅ​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​។


ការប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នេះ ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី​២១​ខែធ្នូ ឆ្នាំ ២០២៣ ក្រោម​អធិបតីភាព​លោក ហង់​ជួន ណា​រ៉ុ​ន ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ និង​តំណាង​អង្គភាព​ពាក់ព័ន្ធ​នៃ​ក្រសួង​អប់រំ មន្ត្រី​ជំនាញ​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត និង​នាយិកា​សា​លាម​ត្តេ​យ្យ​សិក្សា​រដ្ឋ​គោលដៅ​តំណាង​ដៃគូ​អភិ​ឌ្ឍ​សរុប​ចំនួន ៤៤៥​នាក់​។

ទន្ទឹមនឹងនេះ ក៏មាន​ការរៀបចំ​សិក្ខាសាលា​ពាក់ព័ន្ធ​ស្តង់ដា​សាលា​ម​ត្តេ​យ្យ​សិក្សា​គំរូ​ផងដែរ ដើម្បី​ពិភាក្សា និង​ចែករំលែក​បទពិសោធន៍​ការអនុវត្ត​ជាក់ស្ដែង​។ នេះ​បើតាម​ក្រសួង​អប់រំ យុវជន និង​កីឡា​។


លោក ហង់​ជួន ណា​រ៉ុ​ន បាន​លើ​ឡើង​ថា៖ «​ស្ថិតក្នុង​បរិបទ​នៃ​ការរីកចម្រើន​ជា​បន្តបន្ទាប់​របស់​ពិភពលោក នាពេល​បច្ចុប្បន្ននេះ ការអប់រំ​កុមារ​តូច​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ និង​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​មូលធន​មនុស្ស​»​។

បើតាម​លោក​រដ្ឋមន្ត្រី ការស្រាវជ្រាវ​ជាច្រើន​បានឱ្យដឹងថា កុមារ​ដែល​បានទទួល​សេវា​អប់រំ​កម្រិត​ម​ត្តេ​យ្យ​សិក្សា តែងតែបាន​ចូលរៀន​នៅ​កម្រិត​បឋមសិក្សា​ដោយ​ជោគជ័យ​ហើយ​ភាគច្រើន រៀន​ចប់​បឋមសិក្សា​ដោយ​ពុំមាន​ការត្រួត​ថ្នាក់ និង​បោះបង់​ការសិក្សា​ឡើយ​។


លោក​បញ្ជាក់ថា៖ «​ក្នុង​វ័យ​ដំបូង​របស់​កុមារ គឺជា​អំឡុង​ពេលដែល​មាតាបិតា ឬ​អ្នកផ្តល់​សេវា​អប់រំ កុមារ​តូច​ត្រូវ​ផ្តល់​អាហារូបត្ថម្ភ ឱ្យបាន​គ្រប់គ្រាន់​ដើម្បីឱ្យ​កោសិកា​ខួរក្បាល មានការ​លូតលាស់​បាន​ល្អ ព្រោះ​ក្នុងដំណាក់កាល​ដំបូង​នេះ កោសិកា​ខួរក្បាល​កុមារ មានការ​លូតលាស់​យ៉ាង​ឆាប់រហ័ស ក្នុងការ​អភិវឌ្ឍ និង​ការបណ្តុះ​បំ​ណិ​ន​ផ្សេងទៀត​»​។

បំ​ណិ​ន​ទាំងនោះ​រួមមាន​ដូចជា បំ​ណិ​ន​សង្គម ភាពក្លាហាន ភាព​អំណត់ វិន័យ សីលធម៌ ឥរិយាបថ និង​បំ​ណិ​ន​ទំនាក់ទំនង​របស់​កុមារ ដែល​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ការធានា ជោគជ័យ​ក្នុង​ជីវិត​របស់​កុមារ​។

សូម​បញ្ជាក់ដែរថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រួច​វិធានការ​លើកកម្ពស់​គុណ​ភាព និង​ភាពឆ្លើយតប​សេវា​អប់រំ តាមរយៈ​ការលើកកម្ពស់​វិជ្ជាជីវៈ​គ្រូបង្រៀន និង​ការលើកទឹកចិត្ត ព្រមទាំង​បង្កើន​ស្វ័យភាព គណនេយ្យភាព និង​ភាពជា​អ្នកដឹកនាំ​ក្នុងការ​គ្រប់គ្រង​សេវា​អប់រំ​គ្រប់​លំដាប់ថ្នាក់ សំដៅ​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០​។

ក្នុងនោះ​គោលដៅ​ទី​៤.២ បាន​កំណត់ថា ត្រឹម​ឆ្នាំ​២០៣០ ធានាថា​កុមារី និង​កុមារា​ទាំងអស់​ទទួលបាន​ការ​អប់រំ​កម្រិត​ម​ត្តេ​យ្យ​សិក្សា ការថែទាំ និង​ការអភិវឌ្ឍ​កុមារ​តូច​ប្រកបដោយ​គុណភាព ដើម្បី​ពួកគេ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការអប់រំ​កម្រិត​បឋមសិក្សា​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានផ្តល់​ជា​អនុសាសន៍​ពេលកន្លងមក ដោយបាន​ដាក់ចេញ​វិធានការ​គន្លឹះ​ចំនួន​៤ ក្នុង​គោលដៅ​ពង្រឹងគុណភាព​គ្រឹះស្ថានសិក្សា​រដ្ឋ​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ដល់​មធ្យមសិក្សា រួមមាន ១ ការពង្រឹង អភិបាលកិច្ច​សាលារៀន ២ ការពិនិត្យ កែសម្រួល និង​រៀបចំ​កម្មវិធីសិក្សា​, និង​សកម្មភាព ក្រៅ​ម៉ោង​សិក្សា​ឱ្យស្រប​ទៅតាម​តម្រូវការ​ក្នុងការ​ពង្រឹង​ចំណេះដឹង វិន័យ សីលធម៌ និង​ឥរិយាបថ របស់​សិស្ស​។

អនុសាសន៍​ទី​៣ ការយកចិត្តទុកដាក់​លើ​សុខភាព​របស់​សិស្ស តាមរយៈ​កម្មវិធី​អាហារូបត្ថម្ភ​ដល់​កុមារ និង​ការត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​នៅតាម​សាលារៀន និងទី​​៤ ការជំរុញ និង​លើកទឹកចិត្ត​ការចូលរួម​របស់​មាតាបិតា អ្នកអាណាព្យាបាល និង​សហគមន៍​ក្នុង​ការអប់រំ​ស្របតាម​ពាក្យស្លោក «​ភាពជា​ដៃគូ​រដ្ឋ និង​សហគមន៍​ដើម្បី​ការអប់រំ​»៕​