រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តក្នុងការកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់តាមរយៈយន្តការផ្តល់ភាពងាយស្រួល មិនស្មុគស្មាញចំពោះពលករ និងការផ្តល់អត្ថប្រយោជន៍ខ្ពស់តាមរយៈការធ្វើចំណាកស្រុកដោយស្របច្បាប់។
លោក ហេង សួរ បានថ្លែងបែបនេះ នៅក្នុងពិធីបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី Kristin Parco ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ឯកអគ្គរាជទូត និងរដ្ឋទូតនៅកម្ពុជាមួយចំនួន និងមន្ត្រីជាន់ខ្ពស់នៃបណ្តាក្រសួង-មន្ទីរ និងសង្គមស៊ីវិលពាក់ព័ន្ធសរុបប្រមាណ ២០០ រូប នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣។
យោងតាមការជូនដំណឹងរបស់ក្រសួងការងារ នាឱកាសនោះ លោក ហេង សួរ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាមានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និងលើកកម្ពស់ការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅបរទេសថែមទៀតផង។
លោកថា៖«បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារជាសេនាធិការ បានពង្រាយ និងពង្រីកជាបន្តបន្ទាប់នូវអនុព័ន្ធការងារនៅតាមបណ្តាប្រទេសគោលដៅដែលពលករកម្ពុជាកំពុងមានវត្តមានដើម្បីដោះស្រាយបញ្ហា និងការពារសិទ្ធិជូនពលករក្នុងករណីមានការរំលោភបំពាន»។
លោកបញ្ជាក់ថា ទាំងនេះគឺសុទ្ធសឹងតែជាការបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលដែលមិនព្រងើយកន្តើយចំពោះពលករកម្ពុជានៅបរទេសឡើយ។
លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ថា ក្នុងអាណ្តតិទី៧នេះ ផ្នែកទេសន្តរប្រវេសន៍ បានក្លាយជាកម្មវិធីដ៏សំខាន់និងជាអាទិភាពសម្រាប់ក្រសួងក្នុងការយកចិត្តទុកដាក់ដើម្បីលើកកម្ពស់ និងគាំពារសិទ្ធិពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏ដូចជាជនបរទេសដែលធ្វើការនៅកម្ពុជា។
យ៉ាងណាមិញ លោក ហេង សួរ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក៏ដូចជាមួយក្រសួងការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានក្រមសីលធម៌ និងមនសិកាវិជ្ជាជីវ:ដើម្បីរួមគ្នាសម្រេចបាននូវគោលដៅរួមដែលចង់បានការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់នានាជូនពលករទេសន្តរប្រវេសន៍។
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៣ កម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ដែលជាសក្ខីភាពបង្ហាញនូវវឌ្ឍនភាព និងសមិទ្ធផលថ្មីមួយបន្ថែមទៀត លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលផ្តោតសំខាន់លើកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងពលករខុសច្បាប់។
រដ្ឋមន្រ្តីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានបញ្ជាក់ថា ការបង្កើត និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់មជ្ឈមណ្ឌលសំចតនេះ គឺជាទឡ្ហីករណ៍មួយបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីសំដៅផ្តល់កិច្ចគាំពារ និងគាំទ្រនូវសេចក្តីត្រូវការចាំបាច់របស់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស កម្លាំងពលកម្ម តាមរយៈការផ្តល់សេវាសមស្រប ទប់ស្កាត់រាល់អំពើជួញដូរមនុស្សក្នុងប្រទេស និងឆ្លងកាត់ព្រំដែន៕