លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្នើ​ឱ្យក្រសួង​រៀបចំ​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍​ជប៉ុន រៀបចំ​កម្មវិធី​ផ្លាស់ប្តូរ​ចំណេះដឹង និងជំនាញ បទពិសោធ និងបច្ចេកវិទ្យា​លើហេដ្ឋា​រចនាសម្ព័ន្ធ របស់​ប្រទេស​ជប៉ុន ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ ផ្លូវ ស្ពាន នៅកម្ពុជា​ឱ្យកាន់តែ​មានប្រសិទ្ធភាព​បន្ថែមទៀត។


លោកបានស្នើ​បែបនេះ នៅក្នុងពិធី​បើកការដ្ឋាន​សាងសង់​ចំណតផែ​កុងតឺន័រ​ទឹកជ្រៅ​ជំហានទី១ នៅកំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ 

ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ាណែត ក៏បាន​ស្នើមិត្ត​ជប៉ុន​ជួយពិនិត្យ​លទ្ធភាព​ក្នុងការគាំទ្រ​ដល់​ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ ស្ពាន​នៅកម្ពុជា​បន្ថែមទៀត។ ក្នុងនោះ​មានដូចជា គម្រោង​ពង្រីក​កំណាត់​ផ្លូវ​ជាតិ​លេខ១​ ពីភ្នំពេញ ទៅដល់​ស្ពាន​ហ្សឹបាសា (ស្ពាន​អ្នកលឿង) និងគម្រោង​ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ ក្តីតាកុយ-ទៅ​អរិយក្សត្រ ដែលបច្ចុប្បន្ន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) បានកំពុង​ពិនិត្យ​សំណើ​របស់​ក្រសួង​សាធារណការ និងដឹកជញ្ជូន​ដែលបាន​ស្នើ​រួចហើយ។ 


លោកក៏បាន​រំលេចឡើង​ផងដែរ​ថា ត្រឹមរយៈពេល​ប៉ុន្មាន​ខែមកនេះ កម្ពុជា និងជប៉ុន​បានសម្ពោធ​សមិទ្ធផល​រួមគ្នា​ជាច្រើន ដែលនេះ​ហើយជា​និមិត្តរូប​ដ៏សំខាន់​នៃការ​អបអរសាទរ​នៃ​ខួប​ទី៧០ ឆ្នាំនៃ​ទំនាក់ទំនង​ការទូត​កម្ពុជា-ជប៉ុន។ លោកបានមាន​ប្រសាសន៍​ថា៖ «មានន័យ​ថា​ការបន្ត​រីកចម្រើន ពូនជ្រំ​នូវ​ទំនាក់ទំនង​ដោយលេចចេញ​នូវ​ផ្លែផ្កា​នៅលើដី​សម្រាប់​ប្រទេស​ទាំង២ និងប្រជាជន​ទាំង២»។ 

សូមរំឭក​ថា នាយករដ្ឋ​មន្ត្រី​កម្ពុជា និងនាយករដ្ឋ​មន្រ្តី​ជប៉ុន បានសន្យា​ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​ពង្រឹងភាព​ជាដៃគូ​យុទ្ធសាស្ត គ្រប់​ជ្រុងជ្រោយ តាមរយៈ​គម្រោង​កិច្ចសហ​ប្រតិបត្តិការ​ជាក់ស្ដែង​លើ​គ្រប់​វិស័យ ខណៈដែល​នាយក​រដ្ឋមន្ត្រី​ទាំង២ ក៏បាន​ទទួលស្គាល់​ពីសារៈសំខាន់​នៃការពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​រួមគ្នា​ផងដែរ។


ប្រទេសទាំង​២ ​បានប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី៧០ នៃការ​បង្កើត​ទំនាក់ទំនង​ការទូត នៅក្នុង​ឆ្នាំនេះ ដោយ​នាយក​រដ្ឋមន្ត្រី​ទាំង២​បានសន្យា​ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​ពង្រឹងភាព​ជាដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ តាមរយៈ​គម្រោង​កិច្ចសហ​ប្រតិបត្តិការ​ជាក់ស្ដែង​លើ​គ្រប់វិស័យ។

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា ក៏បានលើកឡើង​នាឱកាសនោះ​ដែរ​ថា ជានិច្ចកាល កម្ពុជា​បានចាត់ទុក​ជប៉ុន​គឺជាមិត្ត​ដ៏ល្អ និងជាដៃគូ​យុទ្ធសាស្រ្ត​ដែលបាន​ជួយដល់​កម្ពុជា​យ៉ាងច្រើន​សន្ធឹកសន្ទាប់​លើការ​អភិវឌ្ឍ​វិស័យ​ជាច្រើន ក្នុងនោះ​រួមមាន​ផងដែរ​នូវ​វិស័យ​ហេដ្ឋារចនា សម្ព័ន្ធ​ផ្លូវ ស្ពាន វិស័យ​កំពង់ផែ​ជាដើម៕