លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ នេះ បានសម្រេចបណ្ដេញមន្ដ្រីនគរបាលចំនួន ១១ រូប ពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ពោលគឺប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការប្រកាសបណ្ដេញចេញមន្ដ្រីនគរបាលជាតិទាំង១១នាក់ ចេញពីក្របខ័ណ្ឌនេះ ជាកម្លាំងស្ថិតក្រោមឱវាទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ។
ជុំវិញបញ្ហានេះ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែល លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីថ្មី សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌបន្ទាប់ធ្វើតេស្តឃើញមានសារធាតុញៀន។ ក្នុងនីតិកាលកន្លងទៅ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានអនុវត្តវិធានការនេះយ៉ាងសកម្ម និងតឹងរ៉ឹងផងដែរ។ លោកបានសង្កត់ធ្ងន់ថា នៅមានមួយចំនួនបន្តបន្ទាប់ទៀតដែលអង្គភាពចំណុះក្រសួងមហាផ្ទៃបានរកឃើញ និងកំពុងបន្តនីតិវិធីជំនាញ ពាក់ព័ន្ធនគរបាលប្រើប្រាស់គ្រឿងញៀន។
បើតាមសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៣ បញ្ជាក់ថា ដោយមានការចង្អុលដឹកនាំពី លោក ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា ចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង បើកយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ បណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ វរនគរបាលការពារព្រំដែនលេខ ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង។ ជាលទ្ធផលគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារ បានស្វែងរកឃើញមន្ត្រីនគរបាលដែលជាអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន ១១នាក់»។
ប្រភពដដែលបន្តថា៖«ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនមន្ត្រីនគរបាលទាំង ១១នាក់នោះ ទៅកាន់មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល»។
ជាមួយគ្នានោះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ ក៏បានចេញសេចក្តីជូនដំណឹងស្តីពីការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីក្រោមឱវាទរបស់ខ្លួនផងដែរ ដើម្បីអនុវត្តតាមប្រសាសន៍ណែនាំរបស់លោក ស សុខា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានណែនាំឱ្យគ្រប់អង្គភាពត្រូវរឹតបន្តឹងចំពោះបញ្ហាគ្រឿងញៀន និងមន្ត្រីក្រោមឱវាទដែលមានការពាក់ព័ន្ធនឹងបញ្ហានេះ។
សេចក្តីជូនដំណឹងបន្តថា៖«ក្នុងន័យនេះ សំដៅអនុវត្តតាមខ្លឹមសារណែនាំ និងមានវិធានការម៉ឺងម៉ាត់ ចំពោះមន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលមានការពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងអនុវត្តការធ្វើតេស្តរកសារធាតុជាតិញៀនលើមន្ត្រីក្រោមឱវាទទាំងទាំងអស់នាពេលដ៏ខ្លីខាងមុខនេះ»។
ជុំវិបញ្ហានេះ លោក ស សុខា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣បានសម្រេចអនុវត្តវិន័យចំពោះលោក សួន តុសិត្យពិទូរ្យ នាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិដោយដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរនបាលជាតិ បន្ទាប់ពីត្រូវបានបានរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ធ្នូនេះ បានប្រកាសពីការបន្សុទ្ធកម្លាំងប្រដាប់អាវុធទាំងអស់កុំឱ្យមានគ្រឿងញៀន ដោយត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ក្នុងករណីដែលរកឃើញថាមានការពាក់ព័ន្ធនឹងគ្រឿងញៀន។
លោកបញ្ជាក់ថា៖«ចំពោះអ្នកជួញដូរគ្រឿងញៀន គឺត្រូវប្រឈមជាមួយច្បាប់និងបណ្តេញពីក្របខ័ណ្ឌ ហើយជនបរទេសបើមានការពាក់ព័ន្ធនឹងគ្រឿងញៀន គឺត្រូវអនុវត្តន៍តាមច្បាប់របស់កម្ពុជានឹងត្រូវបណ្តេញចេញពីកម្ពុជាតែម្តង»៕