ជប៉ុនបាន​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អៗ​ជា​បន្តបន្ទាប់​ទៀត​ជាមួយ​កម្ពុជា ក្នុងនាម​ជា​ប្រទេស​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែលមាន​ចំណងមិត្តភាព​ការទូត​អាយុកាល ៧០​ ឆ្នាំ ដើម្បី​រួមចំណែក​សម្រេច​ចក្ខុវិស័យ​វែងឆ្ងាយ​នៃ​ការដឹកនាំ​កម្ពុជា ឱ្យ​ឆ្ពោះ​ទៅជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ​២០៥០​។

ការសន្យា​របស់​ភាគី​ជប៉ុន តាមរយៈ​ជំនួប​ទ្វេភាគី​រវាង​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក អ៊ិ​ស៊ិ​បា​ស៊ិ រី​នតា​រ៉ូ (H.E. Mr. ISHIBASHI Rintaro) អនុរដ្ឋមន្ត្រី​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ នៃ​ប្រទេស​ជប៉ុន ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​២២​ខែធ្នូ ឆ្នាំ ២០២៣​។ នេះ​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។


កិច្ចពិភាក្សា​ដោយ​ផ្តោត​សំខាន់​លើ​ចំណុច​សំខាន់ៗ​មួយចំនួន​រួមមាន (១) ការរៀបចំ​តាក់តែង​ផែនការមេ​សម្រាប់​វិស័យ​កំពង់ផែ​នៅ​កម្ពុជា (២) យុទ្ធសាស្ត្រ​រយៈពេល​វែង​របស់​កម្ពុជា​ស្តីពី​អព្យាក្រឹត​កាបូន (៣) ផែនការមេ​គ្រប់​ជ្រុងជ្រោយ ស្តីពី​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ និង​ភ័ស្តុភា​រកម្ម ២០២៣-២០៣៣​។​(៤) ការបន្ត​កិច្ចសហប្រតិបត្តិការ និង​បន្ត​ផ្តល់​ការគាំទ្រ លើ​ការអនុវត្ត​គម្រោង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ថ្មី ជំហាន​ទី​២ និង​ជំហាន​ទី​៣ ឱ្យបាន​លឿន​តាម​ផែនការ​ដែល​បាន​គ្រោងទុក (៥)​ការសិក្សា​គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​១ និង​គម្រោង​សិក្សា​ស្ពាន​ត​ភ្ជាប់​ពី​តំបន់​ក្តី​តា​កុយ ទៅកាន់​អរិយ​ក្សត្រ និង (៦) ការលើកកម្ពស់​គុណភាព​អប់រំ​របស់ វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ឱ្យទៅជា​គ្រឹះស្ថាន​អប់រំ​ឆ្លាត​វៃ​។

នា​ពិធីបើកការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ថ្មី​-​ជំហាន​ទី​១ កាលពី​ថ្ងៃទី​២២​ខែធ្នូ ឆ្នាំ ២០២៣ លោក​រដ្ឋមន្ត្រី ប៉េង ពោធិ៍​នា បាន​ថ្លែងថា ប្រទេស​ជប៉ុន​គឺជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ដែលជា​និច្ចកាល បាន​ជួយ​ដល់​កម្ពុជា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​លើ​ការអភិវឌ្ឍ​វិស័យ​ជាច្រើន ហើយ​កម្ពុជា​បានចាត់ទុក​ជប៉ុន​គឺជា​មិត្ត​ដ៏​ល្អ​។


លោក​បន្តថា ការជួយ​របស់​ជប៉ុន ក្នុងនោះ​រួមមាន​ផងដែរ​នូវ​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​-​ស្ពាន វិស័យ​កំពង់ផែ ជាពិសេស​ការអភិវឌ្ឍ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នេះ​តែម្តង​។

លោក​ថា​៖«​មាន​ជាអាទិ៍​ដូចជា ការសាងសង់ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ​, ការអភិវឌ្ឍ​សមត្ថភាព​នៃ​ការគ្រប់គ្រង និង​ប្រតិបត្តិការ​ចំណត​ផែ​, ការសាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​, ការសាងសង់​ឃ្លាំង​ស្តុក​ទំនិញ​កុងតឺន័រ​, ការធ្វើឱ្យ​ប្រសើរឡើង​សមត្ថភាព​រដ្ឋបាល​កំពង់​ផែ​, ការសិក្សា​សមិទ្ធិ​លទ្ធភាព និង​រៀបចំ​ផែនការមេ​កំពង់ផែ និង​ការផ្គត់ផ្គង់​ឧបករណ៍​គ្រឿងចក្រ​លើកដាក់​នៅ​កំពង់ផែ​ជាដើម​»៕