​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៤ តាម​ប្រព័ន្ធ​វីដេអូ ដែល​កិច្ចប្រជុំ​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​ប្រទេស​សមាជិក​មេគង្គ​-​ឡាន​ឆាង ដើម្បី​សម្រេចបាន​នូវ​គោលដៅ​រួម​ក្នុងការ​លើកកម្ពស់​សន្តិ​ភាព និង​វិបុលភាព​នៅក្នុង​អនុតំបន់​។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា ការចូលរួម​កិច្ចប្រជុំ​នេះ តប​តាម​ការអញ្ជើញ​របស់​ស​ហ​ប្រធាន​នៃ​កិច្ចប្រជុំ​គឺ​លោក មីន អ៊ុង​ឡាំង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា និង​លោក លី ឈាង នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ កិច្ចប្រជុំ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៣ ដែល​នឹងមាន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​អម​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ផងដែរ​។


សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖«​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៤​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍ ដ៏​សំខាន់​សម្រាប់​ប្រទេស​សមាជិក​មេគង្គ​-​ឡាន​ឆាង ដើម្បី​សម្រេចបាន​នូវ​គោលដៅ​រួម​ក្នុងការ​លើកកម្ពស់​សន្តិ​ភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​អនុតំបន់ ព្រមទាំង​ជំរុញ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឈាន​ទៅមុខ​បន្ថែមទៀត តាមរយៈ​ការដាក់ឱ្យ​អនុវត្ត​ផែនការ​សកម្មភាព​៥​ឆ្នាំ​ស្តីពី កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​។

ក្រោម​មូលបទ «​ចូលរួម​កសាង​សហគមន៍​វាសនា​រួមគ្នា​និង​ទំនើបកម្ម​ក្នុងចំណោម ប្រទេស​មេគង្គ​-​ឡាន​ឆាង​» ថ្នាក់ដឹកនាំ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នឹង​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព​ដែល​សម្រេចបាន​ក្រោម​កិច្ចសហប្រតិបត្តិការ​នេះ នឹង​កំណត់​ទិសដៅ​អនាគត សម្រាប់​ការពង្រីក​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ និង​ជំរុញ​បន្ថែម​នូវ​ទំនុកចិត្ត​ទៅវិញទៅមក ក៏ដូចជា​ពង្រឹង​ភាពជា​ដៃគូ​ក្នុងចំណោម​បណ្ដា​ប្រទេស​មេគង្គ​-​ឡាន​ឆាង ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​នៅក្នុង​អនុតំបន់​មេគង្គ​-​ឡាន​ឆាង​។


ប្រភព​ដដែល​បន្ថែមថា ឯកសារ​ចំនួន​៣ ដែល​គ្រោង​នឹង​អនុម័ត​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ រួមមាន (១) សេចក្តីថ្លែងការណ៍​ទីក្រុង ណៃ​ពិដោ (២) ផែនការ​សកម្មភាព​៥​ឆ្នាំ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (២០២៣- ២០២៧) និង (៣) គំនិត​ផ្តួចផ្តើម​រួម​ស្ដីពី​ការអភិវឌ្ឍ​ច្រករបៀង​នវានុវត្តន៍​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង​៕​