
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ កាលពីខែមិថុនា ឆ្នាំនេះ ។ ហេង ជីវ័ន
ភ្នំពេញៈ បញ្ហាគ្រោះថ្នាក់ចរាចរណ៍បាននិងកំពុងបន្តកើតមានជាហូរហែ នៅតាមដងផ្លូវនានានៅកម្ពុជា ដែលមូលហេតុនាំឱ្យមានគ្រោះថ្នាក់នេះ គឺមានកត្ដាជាច្រើនដែលក្នុងនោះមានករណីមិនគោរពច្បាប់ចរាចរណ៍ ឬ អ្នកបើកបរប្រើគ្រឿងស្រវឹង ជាដើម។ល។
ថ្វីបើមន្ត្រីជំនាញអះអាងថា ក្នុងរយៈពេល ៨ ខែឆ្នាំ ២០២៣ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ១១៤៨នាក់ ដែលថយចុះជាងឆ្នាំ ២០២២ ចំនួន ១៦៧នាក់ក្ដីក៏ប៉ុន្ដែករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីបារម្ភដោយសារវាជះឥទ្ធិពលខ្លាំងដល់សេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិ។
ជុំវិញករណីនេះមានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ម្នាក់បានបង្ហាញក្ដីរំពឹងថាអ្នកធ្វើដំណើរលើដងផ្លូវគ្រប់រូបនឹងមិនធ្វេសប្រហែសដូចរូបលោកឡើយ ខណៈពេលនេះលោកកំពុងធ្លាក់ខ្លួនពិការអស់មួយជីវិត ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍គួរឱ្យសោកស្ដាយនាពេលកន្លងទៅ។
លោកមៀង សុភ័ក្ត អាយុ៣៧ឆ្នាំ បានរៀបរាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថាលោករស់នៅភូមិថ្មពូនឃុំថ្មពូនស្រុកព្រៃឈរខេត្តកំពង់ចាមដែលមានភរិយាជាអ្នកលក់បន្លែ។ រូបលោកមានកូនចំនួន ៣នាក់(ប្រុសម្នាក់) ដែលកូនស្រីច្បងអាយុ ១៤ឆ្នាំ និងកូនស្រីពៅអាយុ ៥ឆ្នាំ។
លោក សុភ័ក្ត បានរំឭកពីថ្ងៃកើតហេតុគ្រោះថ្នាក់ចរាចរណ៍ថា លោកជាកម្មករធ្វើការនៅរោងចក្រកៅស៊ូមួយក្នុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។ទោះជាការធ្វើដំណើរពីរោងចក្រមកផ្ទះមានចម្ងាយឆ្ងាយក្តីក៏ជារៀងរាល់ថ្ងៃលោកតែងតែត្រឡប់មកផ្ទះនៅពេលយប់ដើម្បីជួបជុំប្រពន្ធកូន។ ប៉ុន្តែ ជាអកុសលនៅពេលដែលលោកកំពុងជិះម៉ូតូម្នាក់ឯងនៅប្រហែលម៉ោងជិត ៧ យប់ស្រាប់តែមានរថយន្តធុនធំ២គ្រឿងបើកជែងគ្នារេចង្កូតពេញទ្រូងផ្លូវ។ ក្នុងគ្រាប្រថុចញ៉ុចនោះលោកបានបង្ខំចិត្តបើកគេចពីរថយន្តទាំងនោះ តែម៉ូតូរបស់លោកបានទៅបុកនឹងរថយន្ត១គ្រឿងដែលកំពុងចតចោលនៅលើចិញ្ចើមផ្លូវមុខផ្ទះគេ។
លោកបាននិយាយថា៖ «ពេលបុកភ្លាមៗខ្ញុំនៅក្រោកអង្គុយមិនសន្លប់ទេ តែស្មារតីរបស់ខ្ញុំបាត់បង់៩០ភាគរយហើយ។ ពេលនោះខ្ញុំគ្រាន់តែដឹងថា ខ្ញុំកំពុងអង្គុយតែខ្ញុំមើលមនុស្សលែងស្គាល់ថានរណាជានរណាហើយ។លុះពេលដែលខ្ញុំដឹងខ្លួនវិញស្រាប់តែនៅមន្ទីរពេទ្យទៅហើយ»។
បើតាមលោក សុភ័ក្ត ដំបូងឡើយសាច់ញាតិរបស់លោកបានបញ្ជូនទៅមន្ទីរពេទ្យក្រុងសួងតែខាងមន្ទីរពេទ្យមិនហ៊ានទទួលទើបដឹកលោកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមហើយលោកក៏ដឹងខ្លួនឡើងវិញដែរ។ ប៉ុន្តែពេលនោះមន្ទីរពេទ្យកំពង់ចាមក៏មិនហ៊ានទទួលព្យាបាលទៀតដោយគ្រូពេទ្យប្រាប់ថាស្ថានភាពរបួសអាចគ្រោះថ្នាក់ដល់ជីវិត និង បង្គាប់ឱ្យដឹកទៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។
លោកបានបន្ដថា បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យកាល់ម៉ែតពេលនោះលោកសន្លប់លែងដឹងខ្លួនទៅហើយហើយគ្រូពេទ្យគិតថាលោកស្លាប់ក៏ប្រាប់ឱ្យសាច់ញាតិរបស់លោកវេចខ្ចប់សពរបស់លោកដើម្បីដឹកយកមកផ្ទះដើម្បីធ្វើបុណ្យ។
លោកបានរំឭកបន្តថា នៅពេលក្រុមគ្រួសារកំពុងលើកលោកតាមហ្វ្រង់កាដើម្បីដាក់ចូលក្នុងរថយន្តពេទ្យស្រាប់តែលោកដឹងខ្លួនឡើងវិញហើយពេលនោះគ្រូពេទ្យបានប្រញាប់ប្រញាល់យកលោកចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់និងចាប់ផ្តើមវះកាត់តែម្តងដោយសារគ្រោះថ្នាក់នោះឆ្អឹងផាលត្រគាកក្រោយរបស់លោកបានបាក់ជា ២ កំណាត់រីឯជើងខាងស្តាំដាច់ត្រឹមត្រគាកនៅជាប់តែស្បែកប៉ុណ្ណោះ សូម្បីតែប្រដាប់់បន្តពូជក៏ដាច់បាត់ដែរ។ គ្រូពេទ្យបានចោះកន្លែងជិតផ្ចិតដើម្បីឱ្យលោកបន្ទោបង់និងនោមរហូតមកទល់បច្ចុប្បន្ន។
ដោយសារតែលោកធ្លាប់រងគ្រោះដោយសារចរាចរណ៍នេះទើបលោកផ្តាំផ្ញើដល់អ្នកបើករថយន្តត្រូវបើកបរមានសុជីវធម៌កុំវ៉ាជែងពេលរថយន្តកំពុងមានល្បឿនលឿនដូចគ្នា។ បើកាលណាវ៉ាជែងគ្នាគឺភាគីម៉ូតូគេចមិនផុតទេរីឯអ្នកបើកបរម៉ូតូក៏ត្រូវបើកប្រកាន់ផ្លូវរបស់ខ្លួនជានិច្ចនិងកុំបើកបរលឿនពេកព្រោះគង់តែទៅដល់គោលដៅដូចគ្នា ហើយបើមានបុគ្គលណាម្នាក់ពិការដោយគ្រោះថ្នាក់ចរាចរណ៍គឺទុក្ខធំបំផុតមានតែប្រពន្ធនិងកូនៗទេ។
លោកស៊ឹង ចំរើន អាយុ ៣៧ឆ្នាំ ជាអ្នកបើកបររថយន្តដឹកទំនិញផលិតនៅប្រទេសកូរ៉េ ចំណុះ ១តោនបាននិយាយប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដោយសារតែលោកជាអ្នកប្រើប្រាស់រថយន្តទៅតាមបណ្តាខេត្តលោកបានមើលឃើញថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនៅតែកើតមានជារៀងរាល់ថ្ងៃទាំងនៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្ត។ ជាញឹកញាប់ គ្រោះថ្នាក់ច្រើនកើតរវាងរថយន្តនិងម៉ូតូដែលបើកវ៉ាជែងគ្នាពិសេសក្នុងស្ថានភាពផ្លូវមានគ្រោះថ្នាក់ដូចជាផ្លូវកោងជាដើម។
លោកបានបន្តថា បញ្ហារ៉ឺម៉កកង់ ៣ ឬ ម៉ូតូផាសអាប់ ក៏មានអ្នកបើកបរមួយចំនួនតូចមិនបានគោរពសិទ្ធិអ្នកបើកបរដូចគ្នានៅលើទ្រូងផ្លូវដែរ។ ពួកគាត់បើកបរក្នុងសភាពវ៉ាជែងជាពិសេសគាត់ស៊ីញ៉ូឆ្វេងបត់ស្តាំស៊ីញ៉ូស្តាំបត់ឆ្វេង (ផាសអាប់) ស្រេចតែចិត្តគាត់នឹកឃើញបើកបរគ្មានស្គាល់គន្លងផ្លូវរបស់ខ្លួន។សម្រាប់លោកផ្ទាល់លោកធ្លាប់បានរៀនច្រើនវគ្គអំពីច្បាប់ចរាចរណ៍ដូច្នេះលោកតែងប្រុងប្រយ័ត្នជានិច្ចក្នុងការបើកបរ។
លោកបានបញ្ជាក់ប្រាប់ថា៖ «ដូចខ្ញុំបានរៀនពីច្បាប់ចរាចរណ៍អ៊ីចឹងគឺពេលបើកបររថយន្តខ្ញុំមិនហ៊ានវ៉ាជែងនៅផ្លូវដែលស្ថានភាពមានគ្រោះថ្នាក់ទេព្រោះវាមិនមែនគ្រោះថ្នាក់តែយើងទេតែវាបង្កបញ្ហាដល់អ្នករួមដំណើរលើផ្លូវថ្នល់ជាមួយយើងដែរ»។
ករណីនេះលោកក៏លើកជាយោបល់ថា លោកចង់ឱ្យអ្នកបើកបរមិនថារថយន្តឬម៉ូតូទេគួរចេះយោគយល់អធ្យាស្រ័យដល់គ្នាកុំវ៉ាជែងនិងបើកហួសល្បើនពីព្រោះថាប្រសិនបើអ្នកបើកបរចេះអធ្យាស្រ័យដល់គ្នានោះគ្រោះថ្នាក់នឹងកាត់បន្ថយបានច្រើនហើយនឹងបានរក្សាអាយុជីវិតឬរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួនបានទៀតផង។
ជុំវិញបញ្ហានេះលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា នៅពេលមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍របស់នគរបាលចរាចរណ៍ដោយស្មើភាពមានតម្លាភាពនិងបានត្រឹមត្រូវគឺជាទូទៅនឹងនាំមកនូវការគោរពច្បាប់ចរាចរណ៍ក្នុងចំណោមអ្នកប្រើប្រាស់ផ្លូវដែលអាចកាត់បន្ថយការស្លាប់និងរបួសនៅក្នុងចំណោមប្រជាពលរដ្ឋ។ មួយរយៈនេះ លោកមើលឃើញថាចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ស្ថិតក្នុងកម្រិតមួយទាបថ្វីដ្បិតតែថ្ងៃខ្លះមាន ២ ទៅ ៣នាក់ និង អាចលោតដល់ ៦នាក់ដែលខុសពីពេលមុនៗ លោកធ្លាប់តែឃើញអ្នកស្លាប់ដោយគ្រោះចរាចរណ៍មានចន្លោះពី ៦ ទៅ ១០ នាក់ ឯណោះក្នុង ១ថ្ងៃ។
លោកបានបន្តថា៖ «អ៊ីចឹងខ្ញុំគិតថានេះជាលទ្ធផលដែលកើតចេញមកពីការរឹតបន្តឹងការអនុវត្តច្បាប់បន្ថែមទៅលើសកម្មភាពផ្សេងៗទៀតដែលយើងមាន។ទាំងស្ថាប័នរដ្ឋាភិបាលនិងស្ថាប័នមិនមែនរដ្ឋាភិបាលហើយខ្ញុំលើកទឹកចិត្តឱ្យមន្ត្រីនគរបាលចរាចរណ៍របស់យើងពង្រឹងការអនុវត្តច្បាប់ហ្នឹងឱ្យបានកាន់តែខ្លាំង»។
បើតាមលោក បញ្ញា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បើតាមលោកឃើញរបាយការណ៍របស់ស្ថាប័នពាក់ព័ន្ធបង្ហាញថាករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅពេលយប់សឹងតែ ៥០ ឬ ក៏ជាង ៥០ ភាគរយ ក្នុង១ថ្ងៃៗ ដោយសារការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍មិនសូវជាមានទេនៅពេលយប់។ បញ្ហានេះអាចដោយសារថា មន្ត្រីនគរបាលចរាចរណ៍សម្រាកឬក៏ពិបាកនៅក្នុងការដាក់គោលដៅដាក់អីអ៊ីចឹងទៅ។ ចំពោះឥរិយាបថមួយចំនួនរបស់អ្នកប្រើប្រាស់ផ្លូវវិញមានការប្រែប្រួល តែចំណុចមួយចំនួនទៀតនៅតែជាកត្តាប្រឈម។ ចំពោះការប្រែប្រួលនោះគឺទាក់ទងនឹងការពាក់មួកសុវត្ថិភាពមានច្រើនជាងមុនបើទោះជាក្នុងចំណោមអ្នករួមដំណើរមិនសូវពាក់ក្តី។សម្រាប់កុមារនៅរាជធានីភ្នំពេញគឺមានពាក់មួយសុវត្ថិភាពច្រើនតែបើនៅតាមបណ្តាខេត្តជាពិសេសសិស្សសាលាកម្រិតបឋមសិក្សាមិនមានពាក់មួកសុវត្ថិភាពតែម្តង។
លោកបញ្ជាក់ថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលប្រកាសឱ្យប្រើប្រាស់ តាំងពីឆ្នាំ ២០១៥ មកបានចែងថា អ្នកបើកបរម៉ូតូរួមទាំងអ្នករួមដំណើរ ដោយរាប់ចាប់ពីកុមារអាយុពី ៣ ឆ្នាំឡើងទៅ ត្រូវពាក់មួកសុវត្ថិភាព។ ប៉ុន្តែ មកទល់ពេលនេះ មិនទាន់មានការអនុវត្តច្បាប់ទាក់ទងនឹងករណីកុមារមិនពាក់មួកទេដូច្នេះធ្វើឱ្យអត្រាពាក់មួកសុវត្ថិភាពរបស់កុមារទាបខ្លាំងមែនទេន ជាពិសេសនៅតាមបណ្តាខេត្តនានានិងជាញឹកញាប់តែងតែធ្វើឱ្យពួកគាត់ប្រឈមនឹងគ្រោះថ្នាក់ក្នុងពេលពួកគាត់ជិះម៉ូតូមកសាលារៀន។
លោកបានបញ្ជាក់ថា៖ «ខ្ញុំឃើញឥរិយាបថអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងបើតាមរបាយការណ៍របស់ស្ថាប័នសុខាភិបាលឃើញចំនួនមិនច្រើនដូចបណ្តាឆ្នាំមុនៗទេ។ ទាក់ទងនឹងល្បឿនក៏ខ្ញុំឃើញមានការយល់ដឹងច្រើនជាងមុនដែរ»។
បើតាម លោក បញ្ញា បច្ចុប្បន្នលោកសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនហាក់បីដូចជាមិនគោរពភ្លើងសញ្ញាចរាចរណ៍ទេ។ ករណី ១ទៀត អ្នកបើកបរម៉ូតូដឹកអាហារដឹកអីវ៉ាន់ហ្នឹងក៏គាត់មិនសូវគោរពភ្លើងសញ្ញាចរាចរណ៍ដែរពោលគឺគាត់ធ្វើម៉េចឱ្យតែបានលឿននេះជាបញ្ហាប្រឈមមែនទែន។ករណីនៅពេលយប់ក៏អ៊ីចឹងដែរការគោរពច្បាប់ទាំងរថយន្តនិងម៉ូតូគឺអត់មានតែម្តងដែលទាមទារឱ្យមានការពង្រឹងការគោរពច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋឡើងវិញទាំងការអនុវត្តច្បាប់របស់មន្ត្រីនគរបាលផង។
លោកបានបន្តថា បើតាមការកត់សម្គាល់របស់លោកឃើញថាអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ជាងគេមានអាយុចន្លោះពី ១៥ ឆ្នាំដល់ ២៩ ឆ្នាំ។ ដោយឡែក ក្រុមប្រឈមនឹងគ្រោះថ្នាក់ដែរគឺសិស្សនិស្សិត កម្មករនិយោជិតនិងប្រជាពលរដ្ឋជាកសិករដែលភាគច្រើនពួកគាត់ជាអ្នកបើកបរម៉ូតូនិងអ្នកជិះម៉ូតូដែលមិនសូវយល់ដឹងពីច្បាប់ចរាចរណ៍។ ហេតុដូច្នេះហើយអង្គការរបស់លោកគ្រោងឱ្យមានកម្មវិធីសាកល្បងមួយក្នុងការបណ្តុះបណ្តាលគ្រូបង្គោលដើម្បីបង្រៀនអំពីបច្ចេកទេសក្នុងការបើកបរម៉ូតូដល់សិស្សានុសិស្សនៅតាមវិទ្យាល័យមួយចំនួននិងកម្មករមួយចំនួននៅទូទាំងប្រទេស នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤។
ពាក់ព័ន្ធនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ភ្នំពេញប៉ុស្តិ៍ បានទាក់ទងនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ជុំវិញការអនុវត្តច្បាប់ចរាចរណ៍ដែរតែលោកមិនឆ្លើយតប។
ទោះជាយ៉ាងណា លោក សត្យា បូរាណអនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បើតាមទិន្នន័យដែលលោកទទួលបានពីនាយកដ្ឋានសណ្តាប់ធ្នាប់ចរាចរណ៍ក្រសួងមហាផ្ទៃស្តីពីគ្រោះថ្នាក់ចរ គិតពីដើមខែ មករា ដល់ខែ សីហា ឆ្នាំ ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ២ ៤២៧ លើកនិងបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ១ ១៤៨នាក់ របួសធ្ងន់ ២ ០៣៣នាក់និងរបួសស្រាល ១ ២៣៦នាក់។
ចំពោះមូលហេតុបង្កគ្រោះថ្នាក់វិញលោកប្រាប់ថា គឺបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់មិនគោរពសិទ្ធិអាទិភាពនិងការបើកបរមិនប្រុងប្រយ័ត្ន។ ក៏ប៉ុន្តែ បើប្រៀបធៀប ៨ខែដូចគ្នា កាលពីឆ្នាំ ២០២២ គឺចំនួនគ្រោះថ្នាក់ កើនឡើង ៧៩លើក ប៉ុន្តែ អ្នកស្លាប់ថយចុះ ១៦៧ នាក់ស្មើនឹង១៤ភាគរយ អ្នករបួសធ្ងន់ថយចុះ ៣១ នាក់ស្មើនឹង ២ ភាគរយនិងអ្នករបួសស្រាលថយចុះ ១៣ នាក់ ឬ ស្មើនឹង ១ភាគរយ។
លោកបានឱ្យដឹងដែរថា កាលពីថ្មីៗនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានប្រកាសផ្សព្វផ្សាយផែនការ ១០ ឆ្នាំ ដែលជាផែនទីបង្ហាញផ្លូវក្នុងការបន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកព្រោះថ្វីដ្បិតតែរយៈពេលប៉ុន្មានខែនេះគ្រោះថ្នាក់ចរាចរណ៍មានការថយចុះក៏ពិតមែនតែករណីនេះនៅតែជាបញ្ហាប្រឈមគួរឱ្យព្រួយបារម្ភដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់ខ្ពស់។
លោកបានបញ្ជាក់ថា៖ «នៅក្នុងផែនការហ្នឹងដែលគោលដៅរបស់យើងគឺកាត់បន្ថយអ្នកស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍យ៉ាងហោចណាស់ឱ្យបាន ៥០ ភាគរយ នៅឆ្នាំ២០៣០។ នេះជាគោលដៅចម្បងរបស់យើង»។
បើតាមលោកសត្យា បូរាណ ចំពោះសសរស្តម្ភដែលត្រូវអនុវត្តសម្រាប់ទប់ស្កាត់អ្នកស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៦ ។ ក្នុងនោះសសរស្តម្ភ
ទី១-ពាក់ព័ន្ធការគ្រប់គ្រងការងារសុវត្ថិភាពចរាចរណ៍
ទី២-ពាក់ព័ន្ធការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍
ទី៣-គឺការអប់រំបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់នៅតាមសាលារៀននិងទីតាំងដែលគ្រោះថ្នាក់កើតញឹកញាប់
ទី៤-ផ្តោតលើសុវត្ថិភាពផ្លូវថ្នល់ថាតើផ្លូវដែលសាងសង់ហើយមានសុវត្ថិភាពកម្រិតណា?
ទី៥-ការជួយសង្គ្រោះពេលមានគ្រោះថ្នាក់ចរាចរណ៍និងសសរស្តម្ភ
ទី៦-គឺពាក់ព័ន្ធនឹងសុវត្ថិភាពយានយន្តពង្រឹងលើការត្រួតពិនិត្យបច្ចេកទេសដើម្បីធានាពីសុវត្ថិភាពយានយន្ត៕