ភ្នំពេញៈ កីឡាកររបស់កម្ពុជាព្រំ សំណាង បានបង្ហាញពីកាយវិការដ៏កម្រមួយដោយរូបគេបានលុតជង្គង់បង្ហាញការសុំទោសទៅដល់អ្នកប្រដាល់របស់អាមេរិក Harry Lopez ដែលមានរបួសបែកយ៉ាងធំ ក្រោមការវាយកែងរបស់ខ្លួននៅក្នុងការប្រកួតអន្តរជាតិ Cambodia Kun Khmer KKIF ចំណែកម្ចាស់មេដាយមាសស៊ីហ្គេម ២ សម័យកាល បឺត សង្ឃឹម បានយកឈ្នះជើងខ្លាំងរបស់ថៃ Khongsak Phanic ក្នុងព្រឹត្តិការណ៍នេះដែរ ដើម្បីជាការសងសឹកឱ្យជនរួមជាតិ ដែលខ្លួនធ្លាប់បានសន្លប់ក្រោមដៃកីឡាករថៃម្នាក់នេះ។
បើទោះបីជាមួយរយៈចុងក្រោយនេះ ប្រជាប្រិយរបស់ ព្រំ សំណាង បានធ្លាក់ចុះតាមរយៈការបង្ហាញស្នៀតប្រកួតមិនសូវមានភាពទាក់ទាញ ប៉ុន្តែចំពោះការប្រកួតCambodia Kun Khmer ដែលធ្វើនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាប់ផ្លូវជាតិលេខ ៥ កាលពីយប់ថ្ងៃទី២៣ ខែធ្នូ ព្រំ សំណាង នៅតែបង្ហាញការប្រកួតបែបបន្ធូរដៃឱ្យ Harry Lopez បើទោះបីជាកីឡាកររបស់អាមេរិករូបនេះ បានព្យាយាមវាយសម្រុកខ្លាំងទៅលើរូបគេក៏ដោយ។
ការបង្ហាញការសន្តោសនេះ ដោយសារការវាយកែងរបស់គេបានធ្វើឱ្យកីឡាករ Harry Lopez បែកនៅលើចិញ្ចើមខាងឆ្វេងតាំងពីទឹកទី ១។
ទោះបីជាយ៉ាងណា ការស្រែកបន្ទោសខ្លាំងៗរបស់អ្នកគាំទ្រផ្ទាល់រាប់ម៉ឺននាក់បានជំរុញឱ្យ ព្រំ សំណាង ចាប់ផ្តើមស្ទុះស្ទាវាយខ្លាំងទៅលើកីឡាកររបស់អាមេរិកម្នាក់នេះ នៅក្នុងទឹកទី៣ចុងក្រោយ ដោយរូបគេបានទាត់ផ្ទួនៗសំដៅកញ្ចឹងក ហើយនៅពេលHarry Lopezបានជម្នះចូលវាយសងនោះ សំណាង បានច្រាសកែងសងទៅវិញយ៉ាងរន្ថើន។
យ៉ាងណាក៏ដោយ Harry Lopez មិនបានរាថយចំពោះការវាយចូលផ្ទៃមុខចំនួន២កែងរបស់ ព្រំ សំណាង នោះទេ ដោយកីឡាកររបស់អាមេរិកម្នាក់នេះ នៅតែព្យាយាមចូលវាយលុកធ្វើឱ្យ ព្រំ សំណាង ទប់ចិត្តមិនបាន ហើយបានវាយកែងស្តាំចូលពេញទំហឹងបណ្តាលឱ្យដៃគូម្នាក់នេះ បែកដល់លលាដ៍ក្បាលផ្នែកខាងឆ្វេង។ ដោយមើលឃើញមុខរបួសបែកធំ និងមានឈាមហូរខ្លាំងបែបនេះ ព្រំ សំណាង បានលុតជង្គង់បង្ហាញការសុំទោសដល់ Harry Lopez បើទោះបីជាអាជ្ញាកណ្តាល មិនទាន់ស្រែកឱ្យឈប់ក៏ដោយ។
ប៉ុន្តែភ្លាមៗបន្ទាប់ពីឃើញ ព្រំ សំណាង លុតជង្គង់នោះ លោកអាជ្ញាកណ្តាល ក៏ចាប់ឃាត់កីឡាករHarry Lopez ដើម្បីបញ្ជូនឱ្យគ្រូពេទ្យពិនិត្យមុខរបួសដែលបែកយ៉ាងធំនេះ ហើយគ្រូពេទ្យសម្រេចបញ្ឈប់ការប្រកួតតែម្តង។ នៅក្រោយការសម្រេចនេះ Harry Lopez ក៏បានលុតជង្គង់ បង្ហាញការគោរពទៅដល់ ព្រំ សំណាង វិញ ហើយបានបង្ហាញកាយវិការទទួលស្គាល់ពីការវាយកែងដ៏មានគ្រោះថ្នាក់របស់ សំណាង មុនពេលរូបគេដើរចុះពីសង្វៀន ដើម្បីទៅដេរមុខរបួសទាំង២កន្លែងនេះ។
ចំពោះការលុតជង្គង់សុំទោសទៅលើកីឡាករអាមេរិក Harry Lopez នេះ ព្រំ សំណាង បានបកស្រាយនៅក្រោយការប្រកួតថា ជាការសម្តែងការសន្ដោសប្រណីទៅលើដៃគូប្រកួតរបស់ខ្លួនដែលមានទឹកចិត្តប្រកួតដ៏អង់អាច ក្នុងការបង្ហាញពីភាពស៊ូទ្រាំរបស់ជាតិសាសន៍ខ្លួនឯង បើទោះបីជាមានរបួសធ្ងន់ និងមានឈាមហូរស្រោចពីផ្ទៃមុខ តែគាត់មិនបានបង្ហាញការរាថយទេ។
ព្រំ សំណាង បានបញ្ជាក់ថា៖ «ខ្ញុំធ្លាប់បានវាយកែងផ្តួលដៃគូឱ្យសន្លប់ច្រើននាក់មកហើយ ប៉ុន្តែគាត់ម្នាក់នេះមានរបួសធ្ងន់ពេក ហើយគាត់ជាកីឡាករស្លូតបូត ដែលមានមហិច្ឆតា និងការតស៊ូខ្លាំង ដើម្បីបង្ហាញថា ពូជសាសន៍របស់គាត់គឺជាអ្នកតស៊ូ ហេតុនេះហើយនៅពេលឃើញគាត់បែកធំបែបនេះ ខ្ញុំពិតជាមានការស្លុតចិត្ត និងអាណិតគាត់ឡើងស្រក់ទឹកភ្នែក»។
អ្នកប្រដាល់មានរហស្សនាម«ជាងកាត់សក់ដៃឯក»រូបនេះ បានបន្ថែមថា៖ «តាមពិតការវាយកែងចុងក្រោយរបស់ខ្ញុំ ក្នុងបំណងកាប់ឱ្យត្រូវដៃរបស់គាត់ទេ ប៉ុន្តែគាត់បិទមិនជាប់ ទើបចំលលាដ៍ក្បាលបណ្តាលឱ្យបែកធំបែបនេះ ដែលធ្វើឱ្យខ្ញុំមិនសប្បាយចិត្តឡើយ។ បើទោះបីជាយើងជាអ្នកប្រយុទ្ធ ប៉ុន្តែយើងក៏នៅតែមានចិត្តសន្ដោសប្រណី និងក្តីស្រឡាញ់ចំពោះគ្នា ព្រោះម្នាក់ៗ សុទ្ធតែខំប្រឹងប្រែងឡើងប្រកួតតំណាងឱ្យក្បាច់គុននៃជាតិសាសន៍របស់ខ្លួនដូចគ្នា»។
ចំណែកកីឡាករ បឺត សង្ឃឹម បានយកឈ្នះជើងខ្លាំងរបស់ថៃ KhongsakPhanicដោយពិន្ទុជាឯកច្ឆន្ទ ហើយការវាយកែងឆ្វេងរបស់គេ ក៏បានបន្សល់ទុកស្នាមបែកនៅចុងចិញ្ចើមខាងស្តាំរបស់ដៃគូម្នាក់នេះផងដែរ។ជាមួយលទ្ធផលនេះ បានបង្ហាញថា បឺត សង្ឃឹម ជាកីឡាករកម្ពុជាដំបូងគេដែលអាចយកឈ្នះ KhongsakPhanicដើម្បីសងសឹកដល់កីឡាករជាជនរួមជាតិ ឃីម បូរ៉ា, ឈាន ហុង និង ផាន់ សុផាត ដែលសុទ្ធតែបានចាញ់ថៃម្នាក់នេះ ដោយសន្លប់ដូចគ្នា។
សម្រាប់ការប្រកួត Cambodia Kun Khmer KKIF ដែលមានអ្នកទស្សនាចូលផ្ទាល់ប្រមាណ ២២ ៣០០នាក់ កាលពីយប់ថ្ងៃសៅរ៍នោះដែរ កីឡាករកាមេរ៉ូន Mbang Hen Eric ដែលប្រកួតតំណាងឱ្យកម្ពុជាបានបុកជង្គង់ផ្តួលអ្នកប្រដាល់ហ្វីលីពីនឱ្យសន្លប់ត្រឹម ៣០ វិនាទី នៅក្នុងទឹកទី១ ចំណែក សូត្រ សុឃីម បានទាត់ចូលកញ្ចឹងកកីឡាករឡាវ Somsak Dadevong បណ្តាលឱ្យសន្លប់នៅតដើមទឹក ទី ២ រីឯ ប៊ន ពន្លឹក បានឈ្នះពិន្ទុអ្នកប្រយុទ្ធប្រេស៊ីល Nicolas Silva ប៉ុន្តែ សូត្រ ប៊ុនធី បានចាញ់កីឡាករអ៊ីរ៉ង់Reza Razaviដោយពិន្ទុ៕