ភ្នំពេញៈ មន្ត្រីនៃក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធរខេត្តសៀមរាប ពិភាក្សាគ្នាក្នុងការរៀបចំដាក់ឈ្មោះតំបន់រុនតាឯក ឱ្យក្លាយជាទីក្រុងថ្មីនៃការអភិវឌ្ឍន៍តំបន់រុនតាឯក ដើម្បីដាក់ជូនដល់រាជរដ្ឋាភិបាល សុំការសម្រេចជាផ្លូវការ ខណៈដែលតំបន់នេះ ក៏ជាសក្ដានុពលទាក់ទាញភ្ញៀវទេសចរផងដែរ។
ការរៀបចំបែបនេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំពិនិត្យ និងពិភាក្សា ស្ដីពីការបង្កើតក្រុងរុនតាឯក ខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន អង្គភាព អាជ្ញាធរស្រុក និងឃុំពាក់ព័ន្ធជាច្រើនទៀត កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។
តាមរយៈហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តសៀមរាប លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងថា ការបង្កើតក្រុងនេះអនុវត្តទៅតាមអនុសាសន៍របស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែននិងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដោយជំរុញឱ្យការអភិវឌ្ឍតំបន់រុនតាឯកឱ្យក្លាយទៅជាក្រុងមួយដ៏ស្រស់ស្អាតរបស់ខេត្តសៀមរាប ក្នុងការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលនៅសេសសល់ក្នុងតំបន់រមណីយដ្ឋានអង្គរ មករស់នៅទីនេះ។
លោកបានបន្តថា បច្ចុប្បន្ន តំបន់រុនតាឯក មានប្រជាពលរដ្ឋទៅរស់នៅចំនួនជាង ៦០០០គ្រួសារ ហើយតំបន់នេះបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ប្រព័ន្ធទឹកកខ្វក់ ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី សាលាស្រុក សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្សារលក់ដូរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទៀតផង។
ក្នុងកិច្ចពិភាក្សានេះដែរ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានឱ្យដឹងដែរថាផ្អែកតាមការចុះពិនិត្យ មានឃុំ២ដែលអាចបង្កើតជាក្រុងបាននោះ គឺឃុំរុនតាឯក ស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ដែលជាឃុំមានហេដ្ឋារចនាសម្ព័ន្ធសមស្រប ទៅនឹងលក្ខន្តិកៈក្នុងការបង្កើតទីក្រុងបាន។
លោកបានថ្លែងថា៖ «សូមណែនាំដល់អាជ្ញាធរខេត្ត ត្រូវធ្វើការពិភាក្សាឱ្យបានជាក់លាក់ ជាមួយក្រុមប្រឹក្សាខេត្ត ក្នុងការដាក់ឈ្មោះទីក្រុងថ្មីនេះ ព្រមទាំងត្រូវពន្លឿនក្នុងការរៀបចំធ្វើសំណើជាបន្ទាន់ ដើម្បីដាក់ជូនដល់រាជរដ្ឋាភិបាល ស្នើសុំទៅរដ្ឋសភា សុំការសម្រេចជាផ្លូវការ ព្រោះតំបន់រុនតាឯកនេះ ក៏ជាសក្តានុពលនៃវិស័យទេសចរណ៍មួយផងដែររបស់ខេត្ត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទៅទស្សនាកម្សាន្ត»។
ទាក់ទងនឹងការបង្កើតក្រុងនេះដែរ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៤ ខែធ្នូថា ទោះជាតំបន់ណាក៏ដោយ ឱ្យតែមានការរៀបចំក្លាយជាតំបន់ដែលមានភាពទាក់ទាញវិស័យទេសចរណ៍ គឺវាអាចលក់ផលិតផលបានហើយ។
លោកបានបន្តថា ចំណែកការលក់ផលិតផលបាន ក៏លុះត្រាតែប្រជាពលរដ្ឋនៅមូលដ្ឋាន បានស្គាល់ពីសក្តានុពល ជាមួយនឹងផលិតផលរបស់ខ្លួន ហេតុនេះប្រសិនថ្ងៃក្រោយតំបន់រុនតាឯក ក្លាយជាតំបន់ទាក់ទាញ អ្វីដែលស្ថាប័នពាក់ព័ន្ធត្រូវគិតនោះគឺប្រភេទនៃភាពទាក់ទាញណាបន្ថែមទៀតនៅក្នុងតំបន់នេះ។
លោកបានបញ្ជាក់ថា៖ «ប្រសិនជាយើងបានដាក់គោលការណ៍ហើយក្នុងករណីវាជាតំបន់ទាក់ទាញស្រាប់ ក៏ប៉ុន្តែយើងមិនបង្ហាញថាថ្ងៃក្រោយយើងនឹងធ្វើអី ដើម្បីឱ្យក្លាយជាតំបន់ទាក់ទាញប្រភេទយ៉ាងម៉េចដែរ ឬជាប្រភេទវប្បធម៌ ប្រភេទកែច្នៃ ឬក៏ប្រភេទធម្មជាតិ ក៏វាមិនទទួលបានលទ្ធផលប្រសើរដែរ»។
លោកបានបន្ថែមថា ក្រៅពីនេះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានតំបន់ដែលកែប្រែឱ្យក្លាយទៅជាទីក្រុង ក៏ត្រូវស្គាល់ និងយល់ឱ្យច្បាស់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការសិក្សារៀនសូត្រម្ដងបន្តិចៗពីការផ្ដល់សេវាកម្ម ឬក៏បម្រើនូវសេវាកម្មជូនអ្នកទេសចរបានថែមទៀតរាល់ផលិតផលដែលជាសក្ដានុពលរបស់ខ្លួន។
ចំណែក លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា បានឱ្យដឹងដែរថា រាល់ការពង្រីក និងការអភិវឌ្ឍនៅក្នុងខេត្តសៀមរាប គឺលោកគាំទ្រជានិច្ច ព្រោះវាជាយុទ្ធសាស្ត្ររបស់រាជរាដ្ឋាភិបាលក្នុងការជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្ត។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ គួរពិនិត្យមើលការងារចាស់ឡើងវិញ ដើម្បីធានាឱ្យមានការអភិវឌ្ឍរឹងមាំហើយយើងអាចចាប់ផ្ដើមគិតទៅកន្លែងផ្សេងមួយទៀត ដែលមានន័យថាពិនិត្យមើលក្រុងសៀមរាប ក្នុងតំបន់អង្គរ ឱ្យក្លាយជាកន្លែងមួយទាក់ទាញទេសចរ និងជាកន្លែងដែលភ្ញៀវទេសចរចង់បានសិន»។
លោកបន្តថា នៅពេលក្លាយទៅជាកន្លែងមួយដែលរឹងមាំ និងជាកន្លែងដែលភ្ញៀវទេសចរចង់បាន នោះការអភិវឌ្ឍ និងការពង្រីកក្រុងបន្ថែមទៀត គឺវាកាន់តែល្អ ទាំងប្រជាពលរដ្ឋមូលដ្ឋាន និងភ្ញៀវទេសចរនឹងដឹងកាន់តែច្បាស់ពីផលិតផលសេវាកម្ម និងសក្ដានុពលក្នុងតំបន់អភិវឌ្ឍន៍នោះ។
សូមបញ្ជាក់ថា ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលមានប្រជាពលរដ្ឋរស់នៅ ៤៤២គ្រួសារ ហើយត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការអភិវឌ្ឍជាភូមិធម្មជាតិរុនតាឯក ដោយសារតែប្រជាពលរដ្ឋមានលំនៅឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានស្ម័គ្រចិត្តទៅរស់នៅទីនោះ ដែលបានផ្តល់ផ្ទះ និងដីសម្រាប់ធ្វើកសិកម្មជាដើម៕