​ភ្នំពេញៈ​ ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​នៅតែ​អាច​រក្សា​ភាព​ខ្លាំង​ក្នុង​ការ​បន្ត​យក​ឈ្នះ​លើ​ក្រុម​វិសាខា​សម្រាប់​ការ​ប្រកួត​ជើង​ទី​២ នៃ​លី​គ​កំពូល​កម្ពុជា ​ចំណែក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ក៏​ដណ្តើម​បាន​៣​ពិន្ទុ​ដ៏​មាន​ន័យនៅ​ក្រៅ​ផ្ទះ ​ប៉ុន្តែ​ក្រុម​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ក្រុម​បឹង​កេត​ មិន​អាច​រក​បាន​គ្រាប់​បាល់​ដូច​គ្នា ​សម្រាប់​ការជួប​គ្នាជា​លើក​ទី​២ នា​រដូវ​កាល​ថ្មី ឆ្នាំ​២០២៣-​២០២៤​។​

​យ៉ាង​ណាក៏​ដោយ ​ការ​យក​ឈ្នះ​លើ​ក្រុម​ភ្ញៀវ​វិសាខា​ ៤-៣ ​ដែល​ត្រូវ​ធ្វើ​នៅ​កីឡ​ដ្ឋាន​ខេត្ត​ស្វាយ​រៀង​កាល​ពី​យប់​ថ្ងៃទី​២៣ ខែធ្នូ ​កន្លង​ទៅ​គឺ​ហាក់​មិន​បាន​បំពេញ​តាម​ការ​ចង់​បាន​របស់​លោក ​Pep Muñoz នោះ​ទេ ​ព្រោះ​តាម​រយៈ​ការ​ប្រកួត​ជាក់​ស្តែង​នោះ ​លោក​បាន​មើល​ឃើញ​ថា ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​គួរតែ​អាច​យក​ឈ្នះ​លើ​ក្រុម​វិសាខា ​ត្រឹម​ការ​ប្រកួត​ដ៏​អំណោយ​ផលនៅ​ដើម​តង់​ទី​១ ដែល​ស្វាយ​រៀងមាន​ឱកាស​ជា​ច្រើន​ តែ​រក​បាន​ត្រឹម​៣​គ្រាប់​។​

​​លោក ​Pep Muñoz បាន​និយាយ​ថា​៖ «​យើង​ត្រូវ​ចែក​ការ​ប្រកួត​នេះ​ជា​២​ផ្នែក គឺ​ទី​១ វា​ទាក់​ទង​ជា​មួយ​ក្រុម​របស់​យើង​ផ្ទាល់ដែល​ត្រូវ​បញ្ចប់​ការ​ប្រកួត​តាំងពី​តង់​ទី​១ ដោយ​សារ​យើង​មានឱ​កាស​ច្រើន​ក្នុ​ងការ​បញ្ជូន​បាល់​ឱ្យ​គ្នា នៅ​តាម​តំបន់ដែល​យើង​ចង់​បាន​ ហើយ​យើង​ក៏​គ្រប់​គ្រង​បាល់​បាន​ច្រើន​ទៀត​។ នេះ​ជា​ចំណុច​សំខាន់ ​ហើយ​ប្រសិន​បើ​យើង​ធ្វើ​បាន​ល្អ​ជាង​នេះទៀ​ត គឺ​យើង​អាច​នឹង​បញ្ចប់​ការ​ប្រកួត​តាំង​ពី​ដើម​តង់​»​។​


​ចំណែក​ផ្នែក​ទី​​២ លោក Pep Muñoz បាន​ទទួល​ស្គាល់​ថា វិសាខា ​ជា​ក្រុម​ធំ និង​លេង​បាន​ល្អ ពិ​សេស​ជា​ក្រុម​ដែល​មិនចេះ​បោះ​បង់ ​អ៊ីចឹង​ហើយ​ចូល​ដល់​តង់​ទី​២ក្រុម​ទាំង​២ មាន​ភាព​ស្វិត​ស្វាញ​ដូចគ្នាដែល​ធ្វើឱ្យ​ការ​ប្រកួត​នេះមាន​ភាព​ប្រទាញ​ប្រទង់​គ្នា​រហូតដ​ល់​នាទី​ចុង​ក្រោយ​ ទើប​អាច​ឈ្នះ​បាន​៣​ពិន្ទុ ​មុន​ពេល​លី​គ​កំពូល​កម្ពុជា ត្រូវ​សម្រាក​រយៈ​ពេល​ខ្លីដើម្បី​ទុក​ពេល​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជាត្រៀម​ខ្លួន​សម្រាប់​កា​រប្រកួត​មិត្ត​ភាព​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កាតា​ នៅ​ថ្ងៃទី​៣១ ​ខែធ្នូ ឆ្នាំ​២០២៣​។​

 គ្រូ​បង្វឹក​អេ​ស្ប៉ា​ញ​រូប​នេះ ​បាន​បញ្ជាក់ថា​៖ «​ការ​ប្រកួត​នេះ​ មាន​ចំណុច​មួយ​ចំនួន​ដែល​យើង​មិន​អាច​គ្រប់​គ្រង​បាន​ច្រើន ​ដោយ​សារ​​យើង​ឃើញ​តំបន់​ទំនេរ​លឿន​ពេក ​ហើយ​កីឡា​ករ​ចេះ​តែ​ចង់​លេង​ទៅ​មុខ​លឿន ​ក៏ប៉ុន្តែ​ចុង​ក្រោយ​កីឡា​ករ​របស់​យើង ​ជា​ពិសេស​កីឡា​ករ​វ័យ​ក្មេង​ដែល​ដាក់​ឱ្យ​ចូល​លេង គឺ​លេង​ដោយ​គុណ​ភាពនិង​ជួយ​ឱ្យ​ក្រុម​ទទួល​បាន​ជ័យ​ជម្នះ​ ហើយ​ខ្ញុំ​សូម​ជូន​ពរ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​រប​ស់​ពួក​គាត់​ នៅ​ក្នុង​កា​រប្រកួត​ដ៏​សំខាន់​មួយ​នេះ​»​។​


​តាម​រយៈ​ការ​ប្រកួត ​កាល​ពី​ថ្ងៃ​សៅរ៍​នោះ ​ក្រុម​ម្ចាស់​ផ្ទះ ​ព្រះខ័ន​រាជ​ស្វាយ​រៀ​ង បាន​បង្កើត​ឱកាស​ជាច្រើន​នៅ​ក្នុង​តង់​ទី​១ ហើយ​ខ្សែ​ប្រយុទ្ធ​របស់​កាណា​ដា ​Marcus Warren Haber អាច​រក​បាន​៣​គ្រាប់​តែ​ម្នាក់​ឯង​ គឺ​ការ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី​៨ ​និង​ការ​ទាត់​បាល់​ពិន័យ​ ១១​ម៉ែត្រ ​បាន​សម្រេច​នៅ​នាទី​ទី​១២​ ហើយ​១​គ្រាប់​ទៀត​ ជា​ការ​លោត​តែ​ត​បញ្ចូល​ទី​យ៉ាង​ស្អាត​ពី​ការលើ​ក​បាល់​ចេញពី​ជ្រុង​របស់​ប្រាក់​ មុន្នី​ឧ​ត្ត​ម នៅ​នាទី​ទី​២២​។​

​បន្ថែម​លើ​គ្រាប់​បាល់​នាំ​មុខ ​៣-០ នេះ ​ក្រុម​ម្ចាស់​ផ្ទះ​ស្វាយរៀ​ង ក៏បាន​បង្កើត​ឱកាស​មាស​ជាច្រើន​ទៀត​ផង​ដែរ ប៉ុន្តែ​ពួក​គេ ​មិន​អាច​រក​បាន​គ្រាប់​បាល់​បន្ថែមទៅ​តាម​ការ​ចង់​បានរ​បស់​លោក​Pep Muñoz​។ ផ្ទុយ​ទៅវិ​ញ ក្រុម​ស្វាយ​រៀងបាន​រហូត​២​គ្រាប់​វិញនៅ​នាទី​ទី​៣៨ ​ដែលជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ​ទី​ម័​រ​ខាង​កើត Barreto De Lima Mouzinhoនិង​គ្រាប់​បាល់​ទាត់​ហ្វ្រី​ឃី​ករ​បស់​ខ្សែ​ប្រយុទ្ធ ​ស៊ិន ​កក្កដា ​នៅ​នាទី​ទី​៤៤​។​

​ឈាន​ចូល​តង់​ទី​២​ កីឡា​ករ ​ស រតនា​ បាន​អូស​បាល់​រំលង​ខ្សែកា​រពារ​ទាំង​២​នាក់​របស់​ក្រុម​ស្វាយ​រៀង​ទាំង​លំបាក​ រួច​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ទៀត​ ដើម្បី​ជួយ​ឱ្យ​ក្រុម​វិសាខា​ អាច​តាម​ស្មើ​ក្រុម​ស្វាយ​រៀង ​៣-៣ ​នៅ​នាទី​ទី​៧៣​។ តែ​ទោះ​បី​ជា​យ៉ាង​ណា ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា​ដ៏​តានតឹ​ង​នេះ​ ខ្សែ​ប្រយុទ្ធ​ប្រេ​ស៊ី​ល ដែល​ដាក់​ឱ្យចូល​លេង​នៅ​នាទី​ទី​៦៥ Iago Bento Fernandesបាន​ស៊ុត​ជើង​ឆ្វេង​ពី​ចម្ងាយ​បញ្ចូល​ទី​ល្អ​បំផុត​នៅ​នាទី​ទី​៩០+៥ ​ជួយ​ឱ្យ​ក្រុម​ស្វាយ​រៀង ​ឈ្នះ ​វិសាខា ​៤-៣ យ៉ាង​រំភើប​បំផុត​។​

​ជា​មួយ​ការ​ដណ្តើម​បាន​៣​ពិន្ទុ​ដ៏​មាន​ន័យ​ពី​ក្រុម​វិសាខា​ នេះ​ បាន​ជួយ​ឱ្យ​ក្រុម​ព្រះខ័​ន​រាជ​ស្វាយ​រៀង​ បន្ត​ឈរ​នៅ​លេខ​រៀង​ទី​១ ដោយ​មាន​៣៧​ពិន្ទុ ​ចំណែក​ក្រុម​វិសាខា ​បន្ត​ឈរ​នៅ​លេខ​៣ មាន​២៦​ពិន្ទុ​ដដែល​។ ជា​មួយ​គ្នា​នេះ ក្រុម​បឹង​កេត ​បាន​ត្រឹម​ស្មើ ​០-០ ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ​កង​យោធ​ពល​ខេ​មរ​ភូមិ​ន្ទុ ​ប៉ុន្តែ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះព្រៃវែង​អេ​ហ្វ​ស៊ី​ ៣-២ ​ហើយ​នេះ​ជា​ជ័យ​ជម្នះ​លើក​ទី​៤ ​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​១៥​លើក​របស់​ពួក​គេ​នៅ​លី​គ​កំពូល​កម្ពុជា ​នា​រដូវ​កាល​ថ្មី​នេះ​៕