ភ្នំពេញៈ ក្រសួង​មុខងារសាធារណៈ បានប្រកាស​ឱ្យដឹងថា ដំណើរការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ ឆ្នាំ ​២០២៣ បាន​ប្រព្រឹត្តទៅ និង​បញ្ចប់​ដោយ​ជោគជ័យ​គួរ​ជាទី​មោទនៈ និង​ឆ្លើយតប​នឹង​គោលការណ៍​នៃ​វិធានការ​គន្លឹះ​ក្នុងការ​កែទម្រង់រដ្ឋបាល​សាធារណៈ និង​ការពង្រឹង​អភិបាលកិច្ច​មូលដ្ឋាន ដែល​មានចែង​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​


យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការបញ្ចប់​ដំណើរការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ ឆ្នាំ​២០២៣ ដោយ​ជោគជ័យ ចុះ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២៣ បានឱ្យដឹងថា ដំណើរការ​ប្រឡង​សំណេរ​នៃ​ការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ ឆ្នាំ​២០២៣ នា​សម័យ​ប្រឡង​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិតក្នុង​មណ្ឌល​ប្រឡង សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​កំណែ​សន្លឹក​កិច្ចការ ដែល​បាន ប្រព្រឹត្តទៅ​នៅ​មណ្ឌល​កំណែ​សាលា​ភូមិន្ទ​រដ្ឋបាល​បានបញ្ចប់​ដោយ​ជោគជ័យ​។​

សេចក្តីប្រកាស​បាន​បន្ត​ថា ៖ «​ការប្រឡង​នេះ​បានបញ្ចប់​ដោយ​ជោគជ័យ មាន​វិន័យ បើកចំហ សណ្តាប់ធ្នាប់ និង​ភាព​សុក្រឹត ស្ថិតក្រោម​ការឃ្លាំមើលរ​បស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ អ្នកសង្កេតការណ៍ និង​សារព័ត៌មាន​»​។​


​ការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ ឆ្នាំ​២០២៣ ជាការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល​លើក​ទី​១​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់​ខ្ពង់​ប្រកបដោយ​ថាមពល​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ផ្អែកលើ​គោលការណ៍​គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិ​យាប​ន្ន និង​ប្រសិទ្ធភាព​។ 

ការប្រឡង​នេះ មាន​បេក្ខជន​ចូលរួម​ប្រឡងប្រជែង​សរុប​ចំនួន ៣ ១៧៣​នាក់ (​ស្រី ១ ៤៧៤​នាក់​) ដោយបាន​ប្រើប្រាស់​អគារ​ប្រឡង​ចំនួន​៣​អគារ និង​បន្ទប់​ប្រឡង​ចំនួន ៩៣​បន្ទប់​។ បេក្ខជន​គ្រប់ៗ​រូប​ត្រូវ​ឆ្លងកាត់​ច្រក​ត្រួតពិនិត្យ ចំនួន ២​កន្លែង ដើម្បី​ទទួលបាន​ការអនុញ្ញាត​ឱ្យចូល​មកកាន់​បរិវេណ​មណ្ឌល​ប្រឡង ហើយ​ត្រូវ​បង្ហាញ​សលាក​ប​ត្រ ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​យ៉ាង ហ្មត់ចត់​មុនពេល​អនុញ្ញាត​ចូលក្នុង​បន្ទប់​ប្រឡង​។​


សេចក្តីប្រកាស​ព័ត៌មាន​បានលើកឡើង​ថា កំណែ​វិញ្ញាសា និង​ការ​បូក​ពិន្ទុ ដែល​ត្រូវបាន​អនុវត្តតាម​ប្រព័ន្ធ​ចុះ​លេខ​សម្ងាត់ និង​អនាមិក បាន​ចប់សព្វគ្រប់​នា​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៣ ដោយ​ប្រើប្រាស់​រយៈពេល ៥​ថ្ងៃ​។ ជា​លទ្ធផល​បេក្ខជន​ចំនួន ២៥០ ​នាក់ (​ស្រី ៩៤ ​នាក់​) ជាប់​ជា​ស្ថាពរ​សម្រាប់​ឃុំ​គោលដៅ​នៃ​ការជ្រើសរើស​ទាំង​២៥០ និង​មាន​បេក្ខជន​ចំនួន ១០​នាក់ ក្នុង ១​ស្រុក ជា​បេក្ខជន​ជាប់​បម្រុង​។​

សេចក្តីប្រកាស​បានបញ្ជាក់​ថា ៖ «​គណៈកម្មការ​រៀបចំ​កា​រ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ សូម​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ និង​ក្រុមការងារ​ទាំងអស់ ដែល​បាន​ចូលរួម​ជា​ចលករ​នាំឱ្យ​ដំណើរការ​ប្រឡងប្រជែង​ប្រព្រឹត្តទៅបាន​ដោយ​ជោគជ័យ​គួរ​ជាទី​មោទនៈ ហើយ​ឆ្លើយតប​នឹង​គោលការណ៍​នៃ​វិធានការ​គន្លឹះ​ក្នុងការ​កែទម្រង់រដ្ឋបាល​សាធារណៈ និង​ការពង្រឹង​អភិបាលកិច្ច​មូលដ្ឋាន ដែល​មានចែង​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​»​។​

លោក ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​ថ្លែង​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៣​ថា អ្វី​ដែលជា​លទ្ធផល​នៃ​ការប្រឡង​នេះ គឺ​បញ្ជាក់​ពី​សមត្ថ​ភាពជា​មូលដ្ឋាន ទាំង​ការឆ្លង​វិញ្ញាសា ទាំង​ចំណេះដឹង​ទូទៅ ទាំង​ជំនាញ និង​ភាសា​ជា​មូលដ្ឋាន គឺអាច​បញ្ជាក់ថា ពួកគាត់​មាន​សមត្ថ​ភាពជា​មូលដ្ឋាន​ហើយ​។ 

​លោក​បាន​ថ្លែងថា ៖ «​ក្រោយ​ពីនេះ​ទៀត គឺ​យើង​ត្រូវការ​បណ្តុះបណ្តាល​ពួកគាត់​ក្នុង​រយៈពេល ១​ឆ្នាំ ឱ្យស្រប​ទៅតាម​អ្វី​ដែលជា​ជំហាន​ជាក់ស្តែង​។ យើង​ជ្រើសរើស​ជា​មូលដ្ឋាន​សិន​ដែលជា​សមត្ថភាព ហើយ​បន្ទាប់ គឺ​ការបណ្តុះបណ្តាល​ឱ្យ​ជំនាញ​ស្របទៅតាម​អ្វី​ដែលជា​គោលដៅ ដែល​យើង​បានដាក់​ចំពោះ ២៥០​នាក់ ហើយ​គោលដៅ គឺកំណត់​លើ​ការដាំដុះ​តែម្តង​»​។​

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ លោក ប៉ាង វណ្ណា​សេដ្ឋ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៤ ខែធ្នូ​ថា ចំពោះ​ការជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ​របស់​រាជរដ្ឋាភិបាល​នៅពេលនេះ ពិត​ជាមាន​សារៈសំខាន់ សម្រាប់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ 

លោក​បាន​និយាយថា ៖ «​ដូចដែល​យើង​បានដឹង​ហើយ ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ដែល​ត្រូវការ​កសិកម្ម​ជា​អាទិភាព​នៅឡើយ និង​មាន​ទំហំធំធេង ចំពោះ​ការបង្កបង្កើន​ផលរប​ស់​កសិករ​នៅ​មូលដ្ឋាន ក៏​ជា​ចាំបាច់​ត្រូវតែ​យល់​ពី​បច្ចេក ទេស​នៃ​ការដាំដុះ​។ ដូច្នេះ យើង​ត្រូវតែ​ជួយ​ពួកគាត់ (​កសិករ​) បន្ថែមទៀត​ទាក់ទង​នឹង​បច្ចេកទេស​ដាំ​ដុះ​នេះ ដើម្បី​ឱ្យទាន់​អ្វីដែល​គាត់​ចង់បាន​»​។​

ទោះជា​យ៉ាងណា លោក ប៉ាង វណ្ណា​សេដ្ឋ បញ្ជាក់ថា លោក​មិនទាន់​ដឹងថា មន្ត្រី​កសិកម្ម​ឃុំ​ដែល​ទើបតែ​ប្រឡង​ជាប់​នេះ នឹង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ផ្ទាល់​ដោយ​មន្ទីរ​កសិកម្ម ឬ​ក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​ក្រសួង​នៅឡើយ​ទេ ប៉ុន្តែ​មន្ទីរ​នៅតែ​បន្ត​ជួយ​គាំទ្រ និង​សហការ​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ​ទាំងនោះ​ជានិច្ច​៕