ភ្នំពេញៈ ​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែងថា ក្រសួង​កំពុង​ពិនិត្យឡើងវិញ​ពី​លទ្ធផល​ដំឡើង​កម្រិត​បរិមាណ​នាំចេញ​អង្ករ​ចំនួន ២០​ភាគរយ​ថែមទៀត ទៅកាន់​ទីផ្សារ​ចិន ខណៈដែល​ពីមុន​នេះ​ការនាំចេញ​អង្ករ​ទៅ​ចិន ស្ថិតនៅក្នុង​បរិមាណ ៤០ ម៉ឺន​តោន​រួចហើយ​។​

លោកស្រី​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៣ និង​ទិសដៅ​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៤ របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៣​។ លោកស្រី​រដ្ឋមន្ត្រី បាន​ថ្លែងថា សម្រាប់​ទីផ្សារ​អង្ករ ជាមួយ​ប្រទេស​ចិន ក្រសួងពាណិជ្ជកម្ម បាននិងកំពុង​ចរចា​រៀបចំ​នីតិវិធី​ក្នុង​ការចុះ​អនុស្សរណៈ​យោគយល់​លើក​ទី​៧ សម្រាប់​បរិមាណ​កើនឡើង ២០​ភាគរយ បន្ថែមទៀត សម្រាប់​ឆ្នាំ​២០២៣-២០២៤ ផងដែរ​។  


​លោកស្រី​បាន​ថ្លែងថា​៖«​នេះ​ជាការ​អនុវត្ត​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា CTIS ២០១៩-២០២៣ ដែល​ផ្តោត​សំខាន់​លើ​ការពង្រឹង​ទីផ្សា​ចាស់ និង​ពង្រីក​ទីផ្សារ​ថ្មី គួបផ្សំ​នឹង​ការធ្វើ​ពិពិធ​កម្ម​ទំនិញ និង​ទីផ្សារ​តាមរយៈ​ការចុះ​កិច្ច​ព្រម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន រួមទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វ​ភាគី និង​ពហុភាគី​ដទៃទៀត​»​។​

លោកស្រី​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ដើម្បី​ធ្វើឱ្យ​វិស័យ​ស្រូវ​អង្ករ​កម្ពុ​ជាមាន​ភាព​ប្រកួតប្រជែង ដែលមាន​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ដោយ​លើកលែង​ពន្ធ​គ្រប់​ប្រភេទ និង​អាករ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នក​នាំចេញ​តាំងពី​ឆ្នាំ​២០១១ ហើយ​បាន​បន្ត​ជូន​រយៈពេល ៥​ឆ្នាំ​បន្ថែមទៀត​សម្រាប់​សហគ្រាស​ដែល​អស់​អាណត្តិ​។


 ​លោកស្រី​ចម និម្មល បានបញ្ជាក់​ទៀតថា​៖«​ក្រសួងពាណិជ្ជកម្ម​បាន​ខិតខំ​ជំរុញ និង​បើក​ច្រក​ទីផ្សារ​ស្រូវ​អង្ករ និង​ផលិត ផល​ដែល​កែច្នៃ​ចេញពី​ស្រូវ​អង្ករ តាម​រយៈពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (CCFTA) កិច្ច​ព្រៀម​ព្រៀង​សេរី​កម្ពុជា​-​កូរ៉េ (CKFTA) កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ាត់​អារ៉ាប់​រួម​»​។​

ជាមួយគ្នា​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏បាន​ថ្លែង​នា​ពិធី​នោះដែរ​ថា នៅក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន នាពេល​កន្លងទៅ លោក​ទទួល​ការឯកភាព​រួចហើយ​ពី លោក ស៊ី ជីន​ភីង ក្នុងការ​បង្កើន​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ចិន​នេះ​។​

លោក​បាន​ថ្លែង​បែបនេះ​ថា​៖«​កាលពីដើមឆ្នាំ ខ្ញុំ​ជួប​ជាមួយ​ឯកឧត្តម ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន ដោយ​ឯកឧត្តម បាន​ឯកភាព​បង្កើន​២០​ភាគរយ ដោយ​នៅក្នុង​កិច្ចការងារ​នេះ យើង​បន្ត​ចរចា ហើយ​យើង​នឹង​ខិតខំ​ធ្វើយ៉ាងណា​ឱ្យបាន​សម្រេច​ការចរចា​»​។​

បែបនេះ​ក្តី លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ជំរុញ​ឱ្យ​ក្រសួងពាណិជ្ជកម្ម បន្ត​យកចិត្តទុកដាក់​ពង្រឹង​ទីផ្សារ​ចាស់ និង​ពង្រីក​ទីផ្សារ​ថ្មី​សម្រាប់​ផលិតផល​របស់​កម្ពុជា ដែលជា​កិច្ច​ការសំខាន់ និង​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​គ្រប់ពេលវេលា​។  
​លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ៖ «​ការបាត់បង់​ទីផ្សារ មិនមែនជា​រឿង​ល្អ​ឡើយ​សម្រាប់​ផលិតផល​របស់​កម្ពុជា ហើយ​ទីផ្សារ​ដែល​បើក​ហើយ គឺ​ត្រូវ​ព្យាយាម​ថែរក្សា ធានា​គុណភាព​ទំនិញ ផលិតផល និង​ធានា​ភាពជឿជាក់​ឱ្យបាន និង​បង្កើន​មុខទំនិញ​ដែល​នាំចេញ​នីមួយៗ​ជា​ជំហានៗ​ឱ្យបាន​ច្រើន តាម​លទ្ធភាព​សម្រាប់​ផលប្រយោជន៍​កម្ពុជា​»​។​

លោក​បាន​សង្កត់ធ្ងន់ថា​៖«​កន្លងទៅ​យើង​ធ្លាប់មាន​បញ្ហា​នៅ​អឺរ៉ុប ហើយ​ឥឡូវ​បញ្ហា​ខ្លះ​យើង​កំពុង​ចរចា​ទាក់ទង​នឹង​ការនាំចេញ​ផលិតផល​មួយចំនួន​។ កន្លែង​ខ្លះ​ដោយសារ​កត្តា​គេ គឺ​ដោយសារតែ​គេ​កែប្រែ​បច្ចេកទេស​មួយចំនួន​។ ឧទាហរណ៍​នាំ​អង្ករ​ទៅ គេ​មិនដឹងថា​នាំ​ពី​ក្រុមហ៊ុន​ណា​ទេ ប៉ុន្តែ​គេ​តែ​នាំ​អង្ករ​ពី​កម្ពុជា បើសិន​ក្រុមហ៊ុន​មួយ​ធ្វើឱ្យ​ខូច​ស្តង់ដា​កម្ពុជា យើង​អាច​ខូច​ទីផ្សារ​តែម្តង​»​។​

ទាក់ទង​នឹង​បញ្ហា​នេះដែរ លោក ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី​២៤ ខែធ្នូ បាន​លើកឡើងថា កូតា​នាំចេញ​អង្ករ​ថ្មី​ចំនួន ៤​សែន​តោន ដែល​ផ្តល់​ដោយ​មិត្ត​ចិន បានចាប់ផ្តើម​អនុវត្ត​ការនាំចេញ កាលពី​ខែធ្នូ ឆ្នាំ​២០២១​នេះ​តទៅ ដែលមាន​រយៈពេល​ចំនួន ១៧​ខែ ពោល​បាន​ផុតកំណត់​កាលពី​មិថុនា ឆ្នាំ​២០២៣​កន្លងទៅ ដោយ​មកទល់នឹង​ពេលនេះ ភាគី​ទាំង​២ កំពុង​ចរចា​លើ​លក្ខណ​បច្ចេកទេស​មួយចំនួនទៀត​នៅឡើយ​។​

លោក​បាន​បញ្ជាក់ថា​៖​​«​ការផ្តល់​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា​របស់​មិត្ត​ចិន បាន​ជួយ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា​។ ចាប់ពី​ឆ្នាំ​២០១៤ មកដល់​ឆ្នាំ​២០២១ មិត្ត​ចិន​បានផ្តល់​កូតា​ចំនួន ៦​លើក​រួចមកហើយ​។ ដោយឡែក​លើក​ទី​៧​នេះ យើង​ក៏​សង្ឃឹម ២០​ភាគរយ ដែល​យើង​នឹង​ទទួលបាន​បន្ថែម នឹង​ជំរុញ​កំណើន​នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​បន្ថែ​ម​ទៀត​»​។​

សូមជម្រាបថា ចិន បានផ្តល់​កូតា​នាំចូល​អង្ករ​កម្ពុជា លើកដំបូង​ចំនួន ១​សែន​តោន នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៤, លើក​ទី​២ ចំនួន ១​សែន​តោន​ដដែល នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥, លើក​ទី​៣ ចំនួន ២​សែន​តោន ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦, លើក​ទី​៤ ចំនួន ៣​សែន​តោន នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨, លើក​ទី​៥ ចំនួន ៤​សែន​តោន នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ និង​លើក​ទី​៦ ចំនួន ៤​សែន​តោន នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

បើតាម​របាយការណ៍​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅក្នុង​រយៈពេល ១០​ខែ ឆ្នាំ​២០២៣​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​បាន​ជិត ៥៣​ម៉ឺន​តោន ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ៣៧៧​លាន​ដុល្លារ​។ ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន ៥៧​ក្រុមហ៊ុន បាន​នាំចេញ​អង្ករ​ទៅកាន់​គោលដៅ​ចំនួន ៥៩ ដែល​ក្នុងនោះ ប្រទេស​ចិន និង​តំបន់​រដ្ឋបាល​ស្វយ័ត​របស់​ចិន​មាន​ចំនួន ១៧៧ ២៨៥​តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១១៥,៣០​លាន​ដុល្លារ​៕