ភ្នំពេញៈ វិទ្យាស្ថានជាតិស្ថិតិ(NIS)រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្ទង់មតិកសិកម្មកម្ពុជាឆ្នាំ២០២១(CAS 2021)ក្រោមគំនិតផ្តួចផ្តើម «៥០x២០៣០»ក្នុងគោលដៅពង្រឹងសមត្ថភាពស្ថិតិជាតិ និងដើម្បីជំរុញបង្កើតប្រព័ន្ធប្រមូលទិន្នន័យកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ និងយូរអង្វែង។
សិក្ខាសាលានេះធ្វើឡើងកាលពីថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២៣ ដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ(FAO)ដែលគាំទ្រដោយធនាគារពិភពលោក(World Bank), អង្គការ FAO និងអង្គការមូលនិធិដើម្បីអភិវឌ្ឍន៍កសិកម្ម(IFAD)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានរួមបានឱ្យដឹងថា ក្នុងសិក្ខាសាលាបង្ហាញរបាយការណ៍ស្ទង់មតិកសិកម្មកម្ពុជាឆ្នាំ២០២១ ដោយបានប្រមូលទិន្នន័យពីការដាំដុះ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ ផលប៉ះពាល់ខាងក្រៅដល់វិស័យកសិកម្ម បញ្ហាពលកម្ម សេដ្ឋកិច្ចកសិកម្ម និងបញ្ហាជាច្រើនទៀត។
ប្រភពដដែលបន្តថា វិធីសាស្ត្រស្ទង់មតិ គឺជ្រើសរើសគំរូតំណាងតាមតំបន់(EA) នៅទូទាំងប្រទេសកម្ពុជាតាមរយៈគំរូជំរឿនប្រជាជនកាលពីឆ្នាំ២០១៩ រាប់បញ្ចូលភូមិចំនួន ១៤ ៥០០ និងតំបន់ចំនួន ៣៨ ០០០ (EAs) ដោយស្ទង់មតិក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១។
សេចក្តីប្រកាសព័ត៌មាបានបញ្ជាក់ថា៖ «ការស្ទង់មតិនេះវាយតម្លៃថា ប្រមាណ២ ២៧៧ ០០០គ្រួសារ ឬប្រមាណ ៥៧ភាគរយនៃគ្រួសារសរុបនៅកម្ពុជា ធ្វើកសិកម្មដោយយោងតាមតួលេខពីជំរឿនឆ្នាំ២០១៩។ក្នុងនោះ សកម្មភាពដំណាំបានគ្របដណ្តប់ប្រមាណ៩៨ភាគរយនៃគ្រួសារសរុបនៃប្រទេសកម្ពុជា ខណៈគ្រួសារប្រមាណ ៨៣ភាគរយចិញ្ចឹមសត្វ,២១ភាគរយធ្វើសកម្មភាពនេសាទ និងប្រមាណ៤ភាគរយនៅក្នុងវិស័យវារីវប្បកម្មឬចិញ្ចឹមត្រី»។
ការស្ទង់មតិដដែលបានបន្តថា ១ភាគ៤ឬប្រមាណ២៧ភាគរយនៃគ្រួសារសរុបទូទាំងប្រទេស អះអាងថា ចំណូលពីវិស័យកសិកម្មរបស់ពួកគេទាបជាងចំណូលសរុបពីបណ្តាឆ្នាំមុនៗ។ ក្នុងការប៉ាន់ប្រមាណចំណូលកសិកម្មពីគ្រួសារនីមួយៗនេះទៀតសោត បញ្ជាក់ថា ៣៥ភាគរយនៃគ្រួសារសរុបបញ្ជាក់ថា ពាក់កណ្តាលនៃចំណូលសរុបរបស់ពួកគេបានមកពីវិស័យកសិកម្ម។ ចំណែក១៨ភាគរយវិញ បញ្ជាក់ថា ភាគច្រើនឬស្ទើរតែទាំងស្រុងរំពឹងលើចំណូលកសិកម្មតែ៤ភាគរយប៉ុណ្ណោះដែលទទួលប្រាក់ចំណូលសរុបបានមកពីការធ្វើកសិកម្ម។
សម្រាប់បញ្ហាប្រឈមក្នុងវិស័យកសិកម្មវិញ ការស្ទង់មតិនេះបង្ហាញថា ៣០ភាគរយនៃគ្រួសារកសិកម្ម ជួបប្រទះការយាយីផ្សេងៗ តួយ៉ាងគ្រោះរាំងស្ងួតមានជាង២៤ម៉ឺនគ្រួសារ,ទឹកជំនន់ប្រមាណជាង២០ម៉ឺនគ្រួសារ និងផលប៉ះពាល់ដោយផ្ទាល់ពីវិបត្តិកូវីដ១៩ដល់ជាង១៣ម៉ឺនគ្រួសារ។
ជាមួយគ្នានេះ លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា នៅពេលដែលការរីកចម្រើនផ្នែកបច្ចេកវិទ្យាកាន់តែមានល្បឿនលឿន ការពឹងផ្អែកលើទិន្នន័យកសិកម្មក៏មានការរីកចម្រើនដូចគ្នាដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមដដែល។
លោកស្រីថា៖ «វាគឺជាទំនាក់ទំនងស៊ីចង្វាក់ដែលអនុញ្ញាតឱ្យយើងសម្របខ្លួនបង្កើតថ្មី និងដឹកនាំវិស័យកសិកម្មកម្ពុជាឆ្ពោះទៅអនាគតប្រកបដោយចីរភាព និងវិបុលភាព»។
សម្រាប់លោក នរ វណ្ណឌី តំណាងវិទ្យាស្ថានស្ថិតិជាតិនៃក្រសួងផែនការវិញបានលើកឡើងដែរថា កិច្ចសហការរវាងវិទ្យាស្ថានលោកជាមួយក្រសួងកសិកម្ម អង្គការ FAO និងដៃគូសហការនានាទៀត តាមរយៈគំនិត ផ្តួចផ្តើម ៥០x២០៣០នេះធ្វើឱ្យការស្ទង់មតិកសិកម្មកម្ពុជាឆ្នាំ២០២១ជាឧទាហរណ៍មួយនៃគំរូជោគជ័យនៃកិច្ចសហការរួម។
លោកបានថ្លែងថា៖ «គម្រោងនេះ យើងបានឃើញគុណភាពកាន់តែប្រសើរឡើងក្នុងការងារវាស់វែងរបស់យើង និងការបង្កើនជំនាញក្នុងការវិភាគទិន្នន័យដែលជំហានទៅមុខដ៏មានសារៈសំខាន់នេះ ផ្តើមចេញពីការពង្រឹងសមត្ថភាពរបស់ក្រសួងផែនការ ហើយនឹងជួយដល់ការសម្រេចចិត្តមួយប្រកបដោយព័ត៌មានច្បាស់លាស់ និងការបង្កើតគោលនយោបាយផ្អែកលើទិន្នន័យដែលអាចទុកចិត្តបាន»។
ជាមួយគ្នានេះ លោក ម៉ក់ មុនី ប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងដែរថា ខាងក្រសួងកសិកម្មក៏ដូចជារដ្ឋាភិបាលមានគោលដៅពង្រឹងផែនការ និងការបង្កើតគោលនយោបាយទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។
លោកថា សម្រាប់ក្រសួងកសិកម្ម កំពុងយកចិត្តទុកដាក់លើការលើកកម្ពស់វិស័យនេះ តាមរយៈយុទ្ធសាស្ត្រពីប្រភពទិន្នន័យដែលប្រមូលបាននៅចំពោះមុខនៃការវិវត្តនៃបញ្ហាប្រឈមជាសកលតួយ៉ាងការផ្លាស់ប្តូរអាកាសធាតុ ការប្រែប្រួលទីផ្សារ ជាដើម។
លោកបានបន្តថា៖ «ព័ត៌មានជំរុញឱ្យយើងខិតទៅជិតអនាគតកសិកម្ម ដែលធន់ និងរីកចម្រើនសម្រាប់ប្រទេសកម្ពុជា»។
សូមជម្រាបថា គំនិតផ្តួចផ្តើម៥០x២០៣០ មានគោលបំណងបំពេញគម្លាតទិន្នន័យកសិកម្មនៅបណ្តាប្រទេសប្រាក់ចំណូលទាប និងចំណូលមធ្យមកម្រិតទាបចំនួន ៥០ប្រទេស ជុំវិញពិភពលោកឱ្យបាននៅត្រឹមឆ្នាំ២០៣០ ដើម្បីផ្សារភ្ជាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) ពាក់ព័ន្ធបញ្ហាកសិកម្ម។ ក្នុងនោះរួមមានកម្ពុជាផងដោយទទួលបានជំនួយការផ្តល់ទិន្នន័យដោយមិនគិតថ្លៃដើម្បីស្ថាប័នស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ ដៃគូអភិវឌ្ឍន៍អាចប្រើប្រាស់ទិន្នន័យដែលមានភាពទំនើប និងប្រកបដោយគុណភាពក្នុងការធ្វើការសម្រេចចិត្តណាមួយ៕