ភ្នំពេញៈ ​ក្រោម​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន​សិក្សា​ដើម្បី​បេតិកភណ្ឌ​វប្បធម៌ និស្សិត​ជនជាតិ​ជប៉ុន ៦​នាក់ បានមក​សិក្សា​ស្រាវជ្រាវ​នៅ​ស្ថានីយ​ឡ​បុរាណ​គោក​ដី​ឆ្នាំង ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ស្គេ​ន (Ground Penetrating Radar-GPR) ដើម្បី​កំណត់​ទីតាំង​សម្រាប់​ការធ្វើ​កំណាយ​។​


លោក ភិន សំណាង ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល និង​តម្កល់​ឯកសារ នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៤ ខែធ្នូ​ថា ជាដំបូង​ការងារ​សិក្សា​ស្រាវជ្រាវ​ស្ថានីយ​ឡ​បុរាណ​គោក​ដី​ឆ្នាំង​នេះ ត្រូវបាន​ចាប់ផ្ដើម​ឡើង​តាំងពី​ឆ្នាំ​២០១៩ ក្រោម​ការដឹកនាំ​ដោយ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ជាតិ​ព្រះវិហារ ប៉ុន្តែ​ក្រោយមក​ភាគី​ជប៉ុន ចាប់អារម្មណ៍​លើ​ការងារ​ស្រាវជ្រាវ​នេះ​។

​លោក​បន្តថា ហេតុនេះ​នៅ​ឆ្នាំ​២០២០ សាស្ត្រាចារ្យ Yugitsugu TABATA នាយក​វិទ្យាស្ថាន​សិក្សា​ដើម្បី​បេតិកភណ្ឌ​វប្បធម៌​របស់​សាកលវិទ្យាល័យ WASEDA នៃ​ប្រទេស​ជប៉ុន បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ដើម្បី​អនុវត្ត​គម្រោង​ទៅលើ​ការងារ​កំណាយ​ស្ថានីយ​ឡ​បុរាណ​គោក​ដី​ឆ្នាំង​នេះ​។​


​លោក​បាន​ឱ្យដឹងទៀតថា ចំពោះ​និស្សិត​ជនជាតិ​ជប៉ុន​ទាំង ៦​នាក់​នេះ ស្ថិតក្រោម​ការដឹកនាំ​ដោយ​សាស្ត្រាចារ្យ TABATA ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​កំណាយ​ស្ថានីយ​ឡ​បុរាណ​គោក​ដី​ឆ្នាំង​នេះ ដោយមាន​ការប្រើប្រាស់​ម៉ាស៊ីន​ស្គេ​ន (GPR) ដើម្បី​ពិនិត្យមើល​សំណល់​បុរាណវិទ្យា​ផ្សេងៗ​នៅក្រោម​ដី និង​ងាយស្រួល​កំណត់​ទីតាំង​សម្រាប់​ការធ្វើ​កំណាយ​ផងដែរ ខណៈដែល​ការសិក្សា​ស្រាវជ្រាវ​នេះ វា​ជា​លើក​ទី​៣​ហើយ ដែល​សាស្ត្រាចារ្យ​ជនជាតិ​ជប៉ុន បាន​ដឹកនាំ​សិស្ស​របស់ខ្លួន​មក​កម្ពុជា​។​

​លោក ​ភិន សំណាង បាន​ថ្លែងថា​៖ «​គោលបំណង​ស្រាវជ្រាវ​របស់​ពួកគាត់​នេះ គឺ​ដើម្បី​ចង់ដឹង​បន្ថែម​អំពី​ឧស្សាហកម្ម​ផលិត​កុលាលភាជន៍ ពិសេស​ចង់​សិក្សា​អំពី​ទ្រង់ទ្រាយ​រចនាសម្ព័ន្ធ និង​ទំហំ​ឡ​ដុត​កុលា​ភាជន៍ នៅក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​»​។​


បើតាម​លោក ភិន សំណាង ក្រោយពី​ការប្រើប្រាស់​ម៉ាស៊ីន​ស្គេ​ន​នេះហើយ វា​នឹង​កំណត់​ទីតាំង​សម្រាប់​ការធ្វើ​កំណាយ ដូច្នេះ​នៅពេល​ឃើញ​ទីតាំង​ទាំងនោះ គឺ​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​ជប៉ុន គ្រាន់តែ​កត់ត្រា ថតរូប ទីតាំង​ដែល​រកឃើញ​នៃ​ផ្នែក​ទាំងនោះ យកមក​វិភាគ​សិន ដោយ​រង់ចាំ​បន្តការងារ​ទៅ​ឆ្នាំក្រោយ​ទៀត ពីព្រោះ​ការងារ​ស្រាវជ្រាវ​កំណាយ​ទាំងនេះ មិនមែន​១​ឆ្នាំ​ធ្វើ​បានឡើយ ដោយ​ត្រូវការ​ពេល​ច្រើន​ដើម្បី​វិភាគ និង​ធ្វើការ​បកស្រាយ​ទៅលើ​កំណាយ​ដែល​បាន​រកឃើញ​នេះ​។ ​

លោក​បាន​បញ្ជាក់ទៀតថា​៖ «​ចំពោះ​វត្ថុ​ដែល​បានមកពី​កំណាយ គឺ​យើង​យកមក​កត់ត្រា ចុះបញ្ជី​ឱ្យ​ត្រឹមត្រូវ ក្នុងការ​យកមក​ទុក​ស្រាវជ្រាវ​នៅ​ការិយាល័យ​បន្តទៀត ដើម្បី​បែងចែក​នៃ​ប្រភេទ​កុលាលភាជន៍ ឬ​ប្រភេទ​ផ្សេងៗ​ទៀត ហើយ​យើង​នឹង​រៀបចំ​របាយការណ៍ សម្រាប់ធ្វើ​ការងារ​ហ្នឹង​ទៅ​ឆ្នាំក្រោយៗ​ទៀត​»​។​

​លោក​បន្ថែមថា ជាមួយគ្នានេះ រាល់​ការរកឃើញ​ទីតាំង​កំណាយ​នីមួយៗ គឺ​វា​មាន​សារៈសំខាន់​ណាស់ ព្រោះ​នៅក្នុង​តំបន់​បេតិកភណ្ឌ មិន​អនុញ្ញាត​ឱ្យមាន​ការជីក​កកាយ​ឡើយ ដូច្នេះ​ការបើក​ទីតាំង​កំណាយ​ណាមួយ​បាន លុះត្រាតែ​មានការ​សិក្សា​ស្រាវជ្រាវ និង​ការអង្កេត​ពី​អ្នកជំនាញ​ជាមុនសិន​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​ព្រះវិហារ កាលពី​ថ្ងៃទី​២២ ខែធ្នូ បានឱ្យដឹងថា គោលបំណង​គម្រោង​ស្រាវជ្រាវ​នៅ​ស្ថានីយ​ឡ​បុរាណ​គោក​ដី​ឆ្នាំង​នេះ គឺ​ចង់​សិក្សា​ស្វែងយល់​អំពី​ឧស្សាហកម្ម​ផលិត​កុលាលភាជន៍ ពិសេស​ចង់​សិក្សា​អំពី​ទ្រង់ទ្រាយ​រចនាសម្ព័ន្ធ និង​ទំហំ​ឡ​ដុត​កុលា​ភាជន៍ នៅក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​។​

​ក្នុង​បេសកកម្ម​សិក្សា​ស្រាវជ្រាវ​នេះ ស្ថិតក្រោម​កិច្ចសហការ​ជាមួយ​នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល និង​តម្កល់​ឯកសារ និង​នាយកដ្ឋាន​អភិរក្ស និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ជាមួយនឹង​វិទ្យាស្ថាន​សិក្សា​ដើម្បី​បេតិកភណ្ឌ​វប្បធម៌​របស់​សាកលវិទ្យាល័យ WASEDA នៃ​ប្រទេស​ជប៉ុន លើ​គម្រោង​កំណាយ​ស្រាវជ្រាវ​នៅ​ស្ថានីយ​ឡ​បុរាណ​គោក​ដី​ឆ្នាំង​៕