ភ្នំពេញៈ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​ព្យាករ​ថា សីតុណ្ហភាព​នឹង​កើន​ឡើង​កម្តៅ​ដល់ ៤១ ​អង្សាសេ នៅ​រដូវ​ប្រាំង​ឆ្នាំ​ ២០២៤​ ខាង​មុខ ដោយ​ក្រ​សួង​​បាន​អំពាវ​នាវ​ឱ្យស្ថា​ប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ​ជាពិ​សេស​បណ្តា​តំបន់​ជន​បទ​ដាច់​ស្រយាល ចូល​រួម​ប្រើ​ប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ​។


ការ​ព្យាករ​បែប​នេះ​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​​តាម​រយៈ​សេចក្តី​​ជូន​ដំណឹង ស្តី​ពីកា​រ​ព្យាករ​អាកាស​ធាតុលើ​កទី​១​ សម្រាប់​រដូវ​ប្រាំង (ខែ​ធ្នូ ឆ្នាំ​២០២៣ ដល់​ដើមខែ​ឧ​សភា ឆ្នាំ២​០២៤)​ ​របស់ក្រ​សួង​ធន​ធាន​ទឹក និង​ឧតុនិយម កាល​ពី​ថ្ងៃ​ទី២​២ ខែ​ធ្នូ ឆ្នាំ​២០២៣​។

ក្រសួង​បាន​ឱ្យដឹ​ង​ទៀត​ថា បន្ទាប់​ពីបា​ន​ធ្វើ​ការ​តាម​ដាន និង​ពិនិត្យ​សង្កេត និង​ព្យាករ​ស្ថានភាព​វិវត្តន៍នៃ​សីតុណ្ហ​ភាព​លើ​ផ្ទៃ​សមុទ្រ ប៉ាស៊ីហ្វិក​ក្បែរ​អេក្វាទ័រ​បង្ហាញ​ឱ្យ​ឃើញ​ថា ស្ថានភាព​អាកាសធាតុ​នៅ​ក្នុង​រដូវ​ប្រាំងចាប់​ពីខែ​​កុម្ភៈ ដល់​ដើម​ខែ​ឧសភា អាកាសធាតុ​កើន​កម្ដៅ​ជា​លំដាប់ នឹងក្តៅ​​ខ្លាំង​នៅ​ក្នុង​ខែ​មេសា ដល់​ដើ​ម​​ខែ​ឧសភា ជា​មួយ​នឹង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៨​អង្សាសេ និងសី​តុណ្ហភាព​អតិ​បរមា​នៅ​ក្នុង​ថ្ងៃ​ខ្លះ​អាច​ឡើង​ដល់ ៤១​អង្សាសេ​។


ក្រសួង​បញ្ជាក់​ថា​៖ «​​សូម​អំពាវ​នាវ​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​ អាជ្ញាធរ​ដែនដី និង​សាធារណជន សូម​ចូល​រួ​ម​សហការ​ថែរក្សា និង​ប្រើប្រា​ស់​ទឹក​ដោយស​ន្សំសំ​ចៃ​ក្នុង​កម្រិត​ខ្ពស់​បំផុត ជា​ពិសេស​បណ្តា​តំបន់ជ​ន​បទ​ដា​ច់ស្រ​យាល នៅឆ្ងា​យ​ពី​ប្រភព​ទឹក​»។​

បើ​តាម​ប្រភពដដែល​ ចំពោះ​ការ​ព្យាករ​ស្ថានភាព​អាកាស​ធាតុ​នៅ​ក្នុង​រដូវ​ប្រាំង​នេះ​ដែរ គឺអា​ច​នឹង​មាន​ភ្លៀង​ក​ក់​ខែ​ធ្លាក់​តិច​ជាង​​ឆ្នាំ​២០២៣ និងអា​ច​មាន​បាតុភូតផ្គ​រ​រន្ទះ និង​ខ្យល់​កន្ត្រាក់​កើត​ច្រើន​។ ជា​មួយ​គ្នា​នេះ ក្រ​សួង ក៏​សូម​ឱ្យ​យក​ចិត្ត​ទុក​ដាក់ និង​ប្រុងប្រ​យ័ត្ន​ចំពោះ​បាតុភូត​ផ្គររ​ន្ទះ និងខ្យ​ល់​កន្ត្រាក់​ដែល​នឹង​អាច​កើ​ត​មាន​ច្រើន​ក្នុង​ខែ​មេសា និងខែ​​ឧសភា ឆ្នាំ​២០២៤ ​ខាង​មុខ​។


លោក សឿម ប៊ុនរិទ្ធិ អភិបាល​​​រង​​ខេត្ត​​បាត់​ដំបង បានប្រាប់​ឱ្យដឹង​ថា ​ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ក្រៅពី​ពួក​គាត់​ពឹង​ទៅ​លើ​ទឹក​ភ្លៀង​ហើយ ក៏​មាន​ប្រព័ន្ធ​ប្រឡាយ​ទឹក អាង​ស្ដុក​ទឹក និង​មាន​ស្ទឹង បឹង​ជា​ច្រើន​ថែម​ទៀត​ផង​ដែរ សម្រាប់​ប្រើប្រាស់​ធ្វើ​កសិកម្ម និង​ប្រើ​ប្រាស់​ប្រចាំថ្ងៃ​។

លោកថ្លែងថា៖ «​ដូច្នេះ​អាជ្ញាធរ​ខេត្ត​មិន​មាន​ការ​បារម្ភ​រឿង​ខ្វះ​ខាត​ទឹក​អ្វី​នោះ​ទេ ក៏​ប៉ុន្តែ​យើង​សូម​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​ទឹក​ដោយ​កុំ​​ខ្ជះខ្ជាយ ជាពិសេសចំពោះ​តំបន់​មួយ​ចំនួន​តូច​នៅ​ក្នុង​ខេត្ត​​បាត់​ដំបង ដែល​មិន​ទាន់​មាន​ប្រព័ន្ធ​ធារា​សាស្ត្រ​សម្រាប់​ប្រើ​ប្រាស់ យើង​ស្នើ​ឱ្យ​កសិករ​ត្រូវ​ចេះ​ប្រើ​ប្រាស់​ទឹក​ដែល​មានហ្នឹង ដោយ​​សន្សំ​សំចៃ​ផង»។

ចំណែក​លោក ណុប វុទ្ធី អភិបាល​រ​ងខេ​ត្ត​ព្រះវិ​ហា​រ ​បាន​​ឱ្យដឹ​​ង​ដែ​រ​ថា​ ​ក​ន្ល​ង​មក​អា​ជ្ញាធ​រ​​ខេ​ត្ត ​​បាន​ត្រៀម​វិធាន​ការ​រួច​ហើយ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ខ្វះ​ខាត​ទឹក​នៅ​តាម​តំបន់​ជន​បទ ពីព្រោះ​ខេត្ត​ព្រះវិហារ បាន​សាង​សង់​ប្រព័ន្ធ​ធារា​សាស្ត្រ​ច្រើន​នៅ​តាម​តំបន់​មូល​ដ្ឋាន ហើយ​ថែម​ទាំង​មាន​អាង​ស្ដុក​ទឹក «​រក្សា​» ដែល​ស្ថិត​នៅ​លើ​ដង​ស្ទឹង​សែន សម្រាប់​ទុក​ចែក​ជូន​ និង​បើក​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ខ្វះ​ខាត​ទឹក​សម្រាប់​ប្រើ​ប្រាស់ និង​ប្រជា​ពលរដ្ឋ​ដែល​ប្រកប​អាជីវ​កម្ម និង​កសិកម្ម​ផង​ដែរ​។

លោកបានប្រាប់ថា៖ «នៅ​ខាង​ខ្ញុំ​មិន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ខ្វះ​ខាត​ទឹក​នោះ​ទេ ដោយ​សារ​យើង​មាន​ប្រភព​ទឹក​ជា​ច្រើន ហើយ​ប្រសិន​ជា​យើង​មាន​ការ​ខ្វះ​ខាត គឺ​យើង​អាច​បើក​អាង​ស្ដុក​ទឹក​ហ្នឹង​ចែកចា​យ​ជូន​ប្រជាពលរដ្ឋ​យើង​តែ​ម្ដង​»​។

លោក​ប​ន្ថែម​ថា ​ជាមួ​យ​គ្នា​នេះ​ ​ទោះ​បីមិ​ន​​មា​ន​កា​​រ​បា​រ​ម្ភរឿ​ងប​ញ្ហា​ខ្វះ​ខាត​ទឹ​ក​សម្រា​ប់​ប្រើ​ប្រាស់​ក៏​ដោ​យ ​ប៉ុ​ន្តែ​អា​ជ្ញាធ​រ​​​ខេ​ត្ត ​នៅ​​តែបន្ត​ណែនាំ​ឱ្យ​អាជ្ញាធរ​មូល​ដ្ឋាន​ ចុះ​ទៅ​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ពី​កា​រព្យា​ករ​រ​​បស់​ក្រ​សួ​ង​ធន​ធា​ន​ទឹក​ ​ដើម្បី​​ចូល​រួម​ប្រើ​ប្រាស់​ទឹកដោយ​​មានត្រូវ​សន្សំ​​សំចៃផង​ដែរ៕