ភ្នំពេញ​: មន្ត្រីការទូត​របស់​ក​ម្ពុ​ជាប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​បាន​លើកឡើងថា ប្រទេស​កម្ពុជា​នៅមាន​វិស័យ​សក្ដា​នុ​ពល​ជាច្រើន​ដើម្បី​ស្វាគមន៍​វិ​និ​យោគិន​កូរ៉េ ខណៈដែល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ ៣​ ផ្សេងទៀត​ដែល​អនុញ្ញាត​ដល់​អ្នក​នាំចេញ​ក្នុង​អត្រា​អត់​គិត​ពន្ធ​។​

​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច និង​វិនិយោគ រវាង​កម្ពុជា​-​កូរ៉េ លើក​ទី​ ២ បានរៀបចំ​ឡើង​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ កន្លងទៅ នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង លោកស្រី ជ្រឹង បុ​ទុមរ​ង្សី ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រ​​ទេស​កូរ៉េ វេទិកា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ និង​លើក​កម្ពស់​ឱកាស​វិនិយោគ​រវាង​កម្ពុជា និង​កូរ៉េ តាមរយៈ​ការ​ចែករំលែក​ព័ត៌មាន បទពិសោធ​ល្អៗ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការវិនិយោគ ក៏ដូចជា​បង្ក​បរិយាកាស​ក្នុងការ​បង្កើត​ដៃគូ​ថ្មីៗ សម្រាប់​អ្នកវិនិយោគ​នៃ​ប្រទេស​ទាំង​ ២​ ផងដែរ​។​


​លោកស្រី​បាន​បញ្ជាក់ថា​៖«​ជាក់ស្ដែង ភាគី​ទាំង ​២ ​មាន​យន្ដ​ការជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ដូចជា កិច្ចប្រជុំ​គណៈកម្មាធិការ​សេដ្ឋ​កិច្ច​ចម្រុះ កិច្ចព្រមព្រៀង​ស្ដីពី​ការមិន​យកពន្ធ​ត្រួតស៊ីគ្នា និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ស្រប​ពេលដែល​ប្រទេស​ទាំង ​២ ​ជា​សមាជិក​នៃ​ភាពជា​ដៃគូ​សេដ្ឋ​កិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) និង​កិច្ចព្រមព្រៀង​ពា​​ណិ​ជ្ជ​កម្ម​សេរី​អាស៊ាន​-​កូរ៉េ ដែល​យន្តការ​ទាំងអស់​នេះ បាននិងកំពុង​ជំរុញ​កិច្ច​សហប្រតិបត្តិ​​ការ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​នៃ​ប្រទេស​ទាំងពីរ​»​។​

​លោកស្រី ជ្រឹង បុ​ទុមរ​ង្សី​បាន បញ្ជាក់​បន្ថែមថា ៖ «​ជាង​នេះ ទៅទៀត ដោយ​ផ្តោតលើ​ការ​កាត់បន្ថយ​របាំង​ពាណិជ្ជកម្ម​ក្នុង​អាស៊ាន និង​ដៃគូ​សន្ទនា​អាស៊ាន ការវិនិយោគ​នៅ​កម្ពុជា​បើកទ្វារ​ទៅកាន់​ទីផ្សារ​កាន់តែ​ទូលំ​ទូលាយ​។ ប្រទេស​កម្ពុជា​បាន ចាប់ផ្តើម ការផ្លាស់ប្តូរ​របស់ខ្លួន​ពី​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​ជា​ចម្បង​លើ​កសិកម្ម​ប្រពៃណី​ទៅជា​សេដ្ឋកិច្ច​ទំនើប​ដោយ​ផ្អែកលើ​កសិកម្ម​ឆ្លាត​វៃ ឧស្សា​ហក​ម្ម សេវាកម្ម និង​ការបង្កើន ល្បឿន​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល​»​។ លោកស្រី​បន្តថា ៖ «​យើង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ស្វាគមន៍​អ្នកវិនិយោគ ហើយ​យើង​លើកទឹកចិត្ត​អ្នក​ វិនិយោគ​កូរ៉េ​ឱ្យឃើញ​ពីស​ក្តា​នុ​ពល ដោយផ្ទាល់​»​។​


​លោក MARN Kijeong ​អនុប្រធាន​ប្រតិបត្តិ​នៃ​សមាគម​អ្នក​នាំចូល​កូរ៉េ ក៏បាន​ថ្លែង​ដែរ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល មាន​សក្ដានុពល ដោយ​អាច​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ក្នុង​រង្វង់ ៧ ​ភាគរយ ក្នុង​រយៈពេល ២ ទសវត្សរ៍​ចុងក្រោយ​នេះ ខណៈដែល​ប្រទេស​នេះ ស្ថិតនៅ​ក្នុងភូមិ​សាស្ដ្រ​អា​ចត​ភ្ជាប់​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ទីផ្សារ​ពិភពលោក​។ 

​លោក​ក៏បាន​បញ្ជាក់ថា​៖«​ស្ថានភាព​សេដ្ឋ​​កិច្ច​របស់​ប្រទេស​កម្ពុជា ជាពិសេស​ការដាក់ចេញ​នូវ​គោល​នយោបាយ​ឌី​ជី​ថ​លូ​ប​នីយកម្ម និង​ឧស្សាហូបនីយកម្ម ច្បាប់​ការងារ ច្បាប់​វិនិយោគ និង​កត្តា​អំណោយផល​នានា ដែល​បានផ្តល់​ការ​គាំពារ និង​ការគាំទ្រ​ដល់​ការវិនិយោគ​ពី​ក្រៅប្រទេស  ​បាន​ជំរុញ​ឱ្យ​សមាគម មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​»​។​

​របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញថា គិត​ត្រឹម​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ សាធារណរដ្ឋ​កូរ៉េខាងត្បូង ជា​ប្រទេស​ដែលមាន​ការវិនិយោគ​ផ្ទាល់ ​(FDI) ច្រើនជាងគេ​នៅ​កម្ពុជា លំដាប់​ទី​ ២ បន្ទាប់ពី​ចិន ដែល​បាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ ២២,៤ ទ្រី​លាន​រៀល ដែល​ស្មើនឹង​ជាង​ ១០​ ភាគរយ នៃ​ FDI សរុប​។​

​ការវិនិយោគ​របស់​កូរ៉េ​ភាគច្រើន លើ​វិស័យ ហិរញ្ញវត្ថុ​, អចលនទ្រព្យ​,​កម្មន្តសាល​,​កសិកម្ម​,​វា​រី​អគ្គិ​ស​នី និង​សំណង់​ជាដើម​។​

​ដោយឡែក បើ​យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ព្រះរាជា​​ណា​ចក្រ​កម្ពុជា​ក៏បាន​បង្ហាញឱ្យឃើញថា នៅក្នុង​រយៈពេល ​១១​ ខែ ឆ្នាំ​ ២០២៣​នេះ ទំហំ​ពាណិជ្ជកម្ម រវាង​កម្ពុជា​និង​កូរ៉េខាងត្បូង សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​ ៦៨៣ ​លាន​ដុល្លារ ថយ​ជិត​៤​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២​ កន្លងមកនេះ​៕