ភ្នំពេញៈ ក្នុងរយៈពេលជិត ២ សប្តាហ៍ គឺគិតចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២២ ខែធ្នូ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន ១៤៩ ករណី ដែលបានបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ៦៩ នាក់ និងរងរបួសរហូតដល់ ២៤៨ នាក់។ នេះបើយោងតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣។
លោកបង្ហោះតាមហ្វេសប៊ុកថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាវិញ្ញាសាចំពោះមុខ ជាពិសេសកើតលើអ្នកប្រើប្រាស់ម៉ូតូ រងគ្រោះច្រើនជាងគេ។
ហេតុដូច្នេះហើយបានជា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បញ្ហាចរាចរណ៍ជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង ៦ របស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧ នេះ។ ជាបន្តបន្ទាប់លោកឧបនាយករដ្ឋមន្ត្រី តែងដាក់គោលការណ៍អនុវត្តដល់អង្គភាពជំនាញជាប្រចាំ។
លោក ទូច សុខៈ បញ្ជាក់ថា៖ «ចំនួនអ្នកស្លាប់ និងរងរបួស នៅតែបន្តកើតឡើង ពី ១ ថ្ងៃ ទៅ ១ ថ្ងៃ ដែលក្នុងនោះបណ្ដាលមកពីការបើកបរធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើសល្បឿនកំណត់ មើលស្រាលស្ថានការណ៍ ការចង់ចាញ់ចង់ឈ្នះមិនយោគយល់គ្នាលើដងផ្លូវ...។ ជារួម កង្វះការឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍... ដែលទាមទារឱ្យមានការចូលរួមព្រមគ្នាដើម្បីដោះស្រាយ»។
ជុំវិញបញ្ហានេះ លោក គឹម បញ្ញា នាយកអង្គការបង្ការរបួសអាស៊ី បានថ្លែងនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ ថា ចំនួននៃអ្នកស្លាប់ និងរបួស នៃគ្រោះថ្នាក់ចរាចរណ៍ ដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើងនេះ គឺពិតជាចំនួនមួយច្រើន ហើយលោកបានដាក់ការព្រួយបារម្ភកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍នេះចាប់តាំងពីទទួលរបាយការណ៍ស្តីពីគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមកដែរ។
លោកថ្លែងថា៖ «យើងមើលឃើញថា ឆ្នាំ ២០២៣ នេះ អាចថា ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅមានចំនួនទាបជាងដោយសារតែ បើយើងប្រៀបធៀបប៉ុន្មានខែ ឆ្នាំ២០២៣ ជាមួយនឹងឆ្នាំ ២០២២ ឃើញថា តួលេខហាក់មានការថយចុះ។ អ៊ីចឹងអ្វីដែលសំខាន់គឺយើងត្រូវធ្វើគឺការរឹតបន្តឹងវិធានការឱ្យបានខ្លាំងជាងមុន ហើយវិធានការហ្នឹង មិនលើសពីការអនុវត្តច្បាប់ម៉ឺងម៉ាត់ និងជាអាទិភាពឱ្យបានទូលំទូលាយនោះទេ ពោលគឺត្រូវធ្វើឱ្យបានគ្រប់រាជធានី ខេត្ត និងទាំងថ្ងៃទាំងយប់»។
ទោះជាយ៉ាងណា លោកក៏បានស្នើឱ្យមានការអនុវត្តច្បាប់ ឱ្យមានតម្លាភាព និងស្មើភាព ស្របតាមច្បាប់ដែលបានកំណត់ ដោយមិនត្រូវទាមទារលើស ឬមានមនោសញ្ចេតនាដោយយកថវិកាពីការផាកពិន័យមកដាក់ក្នុងហោប៉ៅរបស់ខ្លួន ដោយមិនបានចេញវិក្កយបត្រឱ្យអ្នកល្មើសប្រកបដោយតម្លាភាព និងត្រឹមត្រូវនោះទេ។
ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២១ ខែធ្នូ បានបញ្ជាឱ្យមានការចាប់ខ្លួនជនដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានមនុស្សស្លាប់នៅនឹងកន្លែងកើតហេតុ និងចាប់វ៉ៃខ្នោះតែម្តងបើមានការតវ៉ា ដោយរូបលោកនឹងធ្វើជាខ្នងបង្អែកដល់មន្ត្រីដែលបានអនុវត្តតួនាទីបានត្រឹមត្រូវទៅតាមច្បាប់។
លោកលើកឡើងថា៖ «បើសិនជាគេថា មានខ្នងណាទៀតមិនបាច់សួរទេ ព្រោះនាយករដ្ឋមន្ត្រី ចេញគោលការណ៍ហើយ ហើយប្រសិនបើធ្វើទៅមានបញ្ហាទៅដល់កន្លែងគេដកបញ្ឈរជើង សូមប្រាប់ខ្ញុំ ខ្ញុំនឹងដំឡើងស័កិ្តឱ្យ។ ចំពោះមេដែលចាត់ចែងបងប្អូនអនុវត្តច្បាប់ ហើយដាក់ពិន័យបងប្អូនដែលធ្វើខុសគ្មានមូលហេតុ ខ្ញុំនឹងចាត់វិធានការ»។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលោក ស សុខា ក្នុងពិធីផ្សព្វផ្សាយផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ ២០២១-២០៣០ កាលពីចុងខែវិច្ឆិកាកន្លងទៅ បានដាក់ចេញការណែនាំឱ្យបង្កើនការអនុវត្តច្បាប់ចំពោះបញ្ហាដែលបានកើតឡើងនៃគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះលោកបានជំរុញឱ្យសមត្ថកិច្ចផាកពិន័យឱ្យធ្ងន់ធ្ងរបន្ថែមទៀតចំពោះអ្នកស្រវឹងបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួស។
លោកក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់លើអ្នកបើកបរម៉ូតូទាំងការប្រើប្រាស់ផ្លូវជាតិ និងផ្លូវលំ សំដៅធ្វើយ៉ាងណាចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះរួមទាំងវិធានការណែនាំ និងការរឹតបន្ដឹងការអនុវត្តច្បាប់។
លោក ស សុខា បញ្ជាក់ថា៖«យើងមើលឃើញថា អត្រានៃការគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនលើអ្នកប្រើប្រាស់ម៉ូតូនៅពេលយប់ ហើយសុទ្ធតែប្រើប្រាស់គ្រឿងស្រវឹងនៅពេលបើកបរ ដូច្នេះត្រូវតែដាក់ពិន័យឱ្យបានធ្ងន់ដល់អ្នកប្រើប្រាស់គ្រឿងស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យអ្នកដទៃស្លាប់ និងរបួស»៕