​ភ្នំពេញៈ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នឹងធ្វើ​តេស្ត​រក​សារធាតុ​ជាតិ​ញៀន​លើ​មន្ត្រីក្រោមឱវាទ​ទាំងអស់​របស់​ស្ថា​ប័ន​នេះ​ចាប់ពី​សប្តាហ៍​ក្រោយ​ទៅ ដោយ​ក្នុងនោះ​រាល់​មន្ត្រី​ទាំង​ឡាយ​ណា​ដែល​រកឃើញ​មាន​សារធាតុ​ញៀន និង​ពាក់ព័ន្ធ​គ្រឿងញៀន​នឹងត្រូវ​ចាត់​វិធាន​ការ​ដោយ​បណ្តេញ​ចេញពី​ក្រប​ខ័​ណ្ឌ និង​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​


​យោងតាម​សេចក្តីប្រកាស​ព័​ត៌​មាន ដែល​ចុះហត្ថលេខា​ដោយ​លោក​ ណុប វី អគ្គនាយក​អន្តោ​ប្រវេសន៍ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចុះ​នៅ​ថ្ងៃទី​ ​២២ ខែធ្នូ ឆ្នាំ ២០២៣ វិធានការ​នេះ​អនុវត្តតាម​ការណែនាំរ​បស់ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​លោក ណុប វី បានលើកឡើង​តាមរយៈ​សេចក្តីប្រកាស​ដដែល​ថា ការ​អនុវត្តតាម​ខ្លឹមសារ​ណែ​នាំ និង​មាន​វិធានការ​ម៉ឺងម៉ាត់ ចំពោះ​មន្ត្រីនគរបាល​អន្តោ​ប្រ​​វេស​ន៍ ដែលមាន​ការពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​នេះ​ដើម្បី​ធានា​ភាព​ស្អាតស្អំ​របស់​មន្ត្រីក្រោមឱវាទ​លើ​បញ្ហា​គ្រឿង​​ញៀន​។


លោក​បញ្ជក់​ថា​៖ «​ដូ​ច្នេះ​ហើយ​ការធ្វើ​តេស្ត​គ្រឿង​ញៀន​ដល់​មន្ត្រី​ទាំងអស់​គឺ​ស្របតាម​ការណែនាំ​របស់​ថ្នាក់លើ​។ ដោយឡែក ចំពោះ​ពេលវេលា និង​ទីកន្លែង​ច្បាស់លាស់ អគ្គ​នាយកដ្ឋាន​អន្ដោប្រវេសន៍ នឹង​ជម្រាបជូន​តាម​ក្រោយ​»​។​

​លោក ​ទូច សុ​ខៈ អ្នកនាំពាក្យ​​រង​ក្រសួងមហាផ្ទៃ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​២៤ ខែធ្នូថា មកទល់ពេលនេះ​មាន​មន្ត្រី​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ​ចំនួន ១២ ​រូប​ហើយ ដែល​ត្រូវបាន​បណ្តេញចេញ​បន្ទាប់ពី​រកឃើញ​មាន​សារធាតុ​ញៀន ហើយ​តួលេខ​នេះ មិន​ច្រើន​រហូត​ក្លាយជា​ក្តីកង្វល់​ធ្ងន់ធ្ងរ​ទេ​។ ដោយឡែក​ការធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​លើ​មន្ត្រី​អន្តោប្រវេសន៍ នឹង​ចាប់​អនុវត្ត​នៅ​សប្តាហ៍​ក្រោយនេះ​តែម្តង​។


​លោក​បន្ថែមថា ការធ្វើ​តេស្ត​រក​សារធាតុ​ញៀន​របស់​ក្រសួង​​មហាផ្ទៃ​លើ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​នេះ​គឺជា​គោលនយោបាយ​មួយ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​នា​អាណត្តិ​ទី​៧ ​នេះហើយ​ការធ្វើ​តេស្ត​នឹងត្រូវ​បន្តធ្វើ ដើម្បី​កម្ចាត់​ចោល​ឱ្យអស់​មន្ត្រី​ទាំងឡាយណា​ដែល​ប្រើប្រាស់​គ្រឿងញៀន​និង​ពាក់ព័ន្ធ​គ្រឿងញៀន​។

​លោក ទូច សុ​ខៈ បញ្ជាក់ថា​៖ «​យើង​ធ្វើ​ប្រកបដោយ​ការទទួលខុសត្រូវ មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ និង​លទ្ធផល ហើយ​យន្តការ​ធ្វើតេស្ត​រកសារ​ធាតុ​ញៀន​លើ​មន្ត្រី​ក្រសួងមហាផ្ទៃ​នេះ​ក៏​ស្របតាម​ពាក្យស្លោក​របស់​សម្តេចនាយក​រដ្ឋមន្ត្រី «​បោស​សម្អាតផ្ទះ​យើង​»​។ ក្នុងន័យនេះ ប្រសិនបើ​គ្មាន​ភាព​ស្អាតស្អំ​លើ​បញ្ហា​គ្រឿងញៀន​សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់ នោះ​​មិនមែនជា​គំរូ​ល្អ​សម្រាប់​មហាជន​និង​យុវជន​នោះទេ​។ ជា​​ពិសេស​នោះ​មានការ​លំបាក​ដល់​ការអនុវត្ត​ច្បាប់​និង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​»​។

​សូម​រំឭក​ផងដែរ​ថា នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការ​ងារ ឆ្នាំ ​២០២៣ ​និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ​ ២០២៤ របស់​ក្រសួងបរិស្ថាន នា​រសៀល​ថ្ងៃទី​ ២១ ខែធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់ថា ក្រសួងមហាផ្ទៃ​ក្រសួង​ការពារ​​ជាតិ និង​អគ្គស្នងការដ្ឋាន​នគរ​​បាល​ជាតិ ត្រូវ​ចាត់​វិធាន​លើ​មន្ត្រីក្រោមឱវាទ​ណា​ដែល​រកឃើញ និង​ធ្វើការ​ពាក់ព័ន្ធ​នឹង​គ្រឿង​​ញៀន​ដោយ​ត្រូវតែ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ និង​វិធានការ​ច្បាប់​នានា​ដាច់ខាត​។

​លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា​៖ «​ប្រសិនបើ​យើង​មិន​ធ្វើ​បន្សុទ្ធ​លើ​កងកម្លាំងប្រដាប់អាវុធ​យើង​ទេនោះ វា​នឹង​យ៉ាប់​ហើយ​។ នៅ​សាលា​ទាហាន​អី​ក៏ដោយ​ឱ្យ​តែមាន​ត្រូវតែ​បណ្តេញចេញ មិន​ថា​គ្រូ​មិន​ថា​អ្វី​ក៏ដោយ​។ រដ្ឋាភិបាល​អាណត្តិ​នេះ​បានដាក់​អភិក្រម​ទាំងមូល​នេះ​តែម្តង គឺ​ចាប់ផ្តើម​ពី​កងកម្លាំងប្រដាប់អាវុធ​នេះ​តែ​​ម្តង អ្នក​ដែល​ប្រើប្រាស់​គ្រឿង​ញៀន​នឹងត្រូវ​បណ្តេញចេញ​»៕

​វង្ស ដា​រា​វ៉ា​ឌី​