ភ្នំពេញៈ លោក កែវ រ៉េមី ប្រធានគណៈកម្មាសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ចេញមុខច្រានចោលការលើកឡើងពីអង្គការសិទ្ធិមនុស្សអន្តរជាតិចំនួន ៦ ដែលថា ស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅកម្ពុជាមានការធ្លាក់ចុះក្រោមហេតុផលការរំលាយអតីតគណបក្សសង្គ្រោះជាតិ និងការបំបិទមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតកាលពីខែកក្កដា និងការធ្វើទុក្ខបុកម្នេញអ្នកទោសនយោបាយ។
ការចេញមុខច្រានចោលរបស់ប្រមុខសិទ្ធិមនុស្សកម្ពុជារូបនេះ ធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ បន្ទាប់ពីអង្គការចំនួន ៦ រួមមាន បណ្តាញសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHR), បណ្តាញប្រជាធិបតេយ្យអាស៊ី (ADN), វេទិកាអាស៊ានដើម្បីការអភិវឌ្ឍសិទ្ធិមនុស្ស (FORUM ASIA), បណ្តាញអាស៊ានដើម្បីការបោះឆ្នោតដោយសេរី (ANFREL), សម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ (CIVICUS) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានដាក់លិខិតបង្ហាញក្តីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទៅកាន់សភាអន្តរជាតិដល់ប្រទេសចំនួន ៧ រួមមាន៖ សភាអឺរ៉ុប អាមេរិក កាណាដា អូស្ត្រាលី អង់គ្លេស នូវែលសេឡង់ និងជប៉ុន។
លោក កែវ រ៉េមី បានថ្លែងថា លោកធ្វើសន្និសីទកាសែតនេះឡើង ផ្តោតសំខាន់សម្រាប់ឆ្លើយតបទៅនឹងការចោទប្រកាន់របស់អង្គការអន្តរជាតិទាំងនេះ ដែលលោកថា ជារឿងចាស់ ដោយយករូបភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មកលើកឡើង ប៉ុន្តែខ្លឹមសារក្នុងលិខិតប្តឹងផ្តល់ដែលព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សនោះគឺផ្តោតតែចំពោះសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ និងរារាំងការចូលរួមបោះឆ្នោតកាលពីខែកក្កដា កន្លងទៅរបស់គណបក្សភ្លើងទៀននោះទេ។
លោកបន្តថា៖ «ត្រង់នេះយើងមានចំណាត់ការ ២ ទី១ ធ្វើសន្និសីទកាសែតបំភ្លឺមហាជនហើយទី ២ យើងនឹងធ្វើលិខិតបំភ្លឺទៅកាន់សភាទាំង ៧ ដើម្បីឱ្យគាត់បានជ្រាប។ ខ្លឹមសារលិខិតពួកគាត់ និយាយតែពីរឿងគណបក្ស CNRP [គណបក្សសង្គ្រោះជាតិ] និងគណបក្សភ្លើងទៀន តែប៉ុណ្ណឹង តែលើករូបភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យថា ធ្លាក់ចុះ»។
លោកបានអះអាងថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាមានដំណើរការប្រក្រតី ដោយពលរដ្ឋមានសិទ្ធិឈរឈ្មោះបោះឆ្នោត ចូលរួមការបោះឆ្នោត ព្រមទាំងអាចមានសិទ្ធិបញ្ចេញមតិទៅតាមច្បាប់បានអនុញ្ញាត ដោយជារៀងរាល់ ៥ ឆ្នាំម្តង កម្ពុជាមានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានឡើងជាទៀងទាត់តាមការកំណត់។ ត្រង់សំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ លោក កែវ រ៉េមី អះអាងថា ដោយសារគណបក្សនេះជាប់ពាក់ព័ន្ធការឃុបឃិតជាមួយបរទេសដោយទទួលទាំងជំនួយថវិកានិងយុទ្ធសាស្ត្រដែលផ្ទុយនឹងច្បាប់ស្តីពីគណបក្សនយោបាយរបស់ជាតិ។
ចំពោះសំណុំរឿងគណបក្សភ្លើងទៀនវិញ លោកបានបញ្ជាក់ដែរថា ការមិនបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គឺដោយសារគណបក្សភ្លើងទៀនមិនបានបំពេញគ្រប់លក្ខខណ្ឌដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ .ប.)។
ចំណែកការអំពាវនាវពី អង្គការសង្គមស៊ីវិលឱ្យដោះលែងអ្នកទោសនយោបាយវិញលោកឆ្លើយតបថាមិនមានទាក់ទងអ្នកទោសនយោបាយនោះទេគឺអ្នកទោសនយោបាយប្រព្រឹត្តបទល្មើសខុសច្បាប់ ដែលត្រូវគោរពតាមច្បាប់។
ពាក់ព័ន្ធនឹងបញ្ហានេះលោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកបានថ្លែងថា ប្រតិកម្មរបស់អង្គការសង្គមស៊ីវិលទាំង ៦ ជាការព្រួយបារម្ភលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងស្តង់ដាអន្តរជាតិ ហើយការច្រានចោលរបស់គណៈកម្មាសិទ្ធិមនុស្សកម្ពុជាអាចទទួលផលអវិជ្ជមានពីបណ្តាប្រទេសទាំង ៧ ដែលសុទ្ធសឹងតែជាប្រទេសម្ចាស់ជំនួយធំរបស់កម្ពុជា។
លោកថ្លែងថា៖ «គួរតែមានការពិនិត្យ ហើយឆ្លើយតបដោយសន្តិវិធីដោយទទួលយកចំណុចទាំងហ្នឹងដើម្បីយកមកកែលម្អ។ ខ្ញុំយល់ថា ជាចំណុចប្រសើរជាងការច្រានចោលដដែលៗ ដែលគ្មានការកែលម្អ។ តាំងពីរំលាយគណបក្សប្រឆាំង ពោលគឺគណបក្សសង្គ្រោះជាតិមក មកទល់ពេលនេះ ស្ថានភាពសិទ្ធិមនុស្សមិនមានភាពល្អប្រសើរទេ»។
ជាមួយគ្នានេះលោក សែនករុណា បានសម្តែងការព្រួយបារម្ភចំពោះវិធានការម៉ឺងម៉ាត់ណាមួយ ដែលអាចដាក់ចេញពីរង្វង់បណ្តាប្រទេសទាំង ៧ ដែលទទួលបានលិខិតពីក្រុមអង្គការសង្គមស៊ីវិល ដែលអាចធ្វើឱ្យខាតបង់ចំពោះកម្ពុជានៅចំពោះមុខវិបត្តិសេដ្ឋកិច្ចជាសកល ហើយលោកស្នើឱ្យរដ្ឋាភិបាលបើកលម្ហសេរីភាព និងប្រជាធិបតេយ្យឡើងវិញ។
សម្រាប់លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា កត់សម្គាល់ថា អង្គការទាំង ៦ ដែលដាក់លិខិតសុទ្ធសឹងតែជាអង្គការដែលមានឥទ្ធិពលខណៈសភាទាំង ៧ ដែលទទួលលិខិត សុទ្ធតែជាប្រទេសដែលមានឥទ្ធិពល និងជាអ្នកជួយជ្រោមជ្រែងកម្ពុជាផងដែរ។ លោកបានអំពាវនាវឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញដើម្បីធ្វើកែលម្អស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្រៅតែពីការប្រកាសច្រានចោលរបាយការណ៍នានាពីក្រុមសង្គមស៊ីវិល ឬបណ្តាប្រទេសលោកខាងលិច។
សូមបញ្ជាក់ថា អង្គការអន្តរជាតិធំៗចំនួន ៦ នេះបានចុះផ្សាយលិខិតចំហរបស់ខ្លួន កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ ទៅកាន់សភាអឺរ៉ុប និងបណ្តាប្រទេសចំនួន ៦ ដោយបង្ហាញក្តីបារម្ភថា កម្ពុជាកំពុងបន្តធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និង«បន្តធ្លាក់ចូលក្នុងរណ្តៅនៃរបបផ្តាច់ការ» ដោយស្នើឱ្យសហគមន៍អន្តរជាតិចាត់វិធានការបន្ទាន់ មុនបញ្ហានេះបន្តរាលដាលយាយីដល់ការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ ២០២៤ ខាងមុខ។
ប៉ុន្តែទោះជាយ៉ាងណាលោក កែវ រ៉េមី បានគូសបញ្ជាក់ថា៖ «ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយើងដំណើរការល្អ ដោយសម្តេចធិបតីកំពុងជំរុញការអភិវឌ្ឍប្រទេសជាតិ គោរពនីតិរដ្ឋ ដាក់ទោសទណ្ឌមន្ត្រីអនុវត្តខុស មន្ត្រីអាងខ្នង កូនមន្ត្រីណាអាងឪពុកធ្វើធំ ប្រព្រឹត្តខុស។ កម្ពុជាកំពុងបោះជំហានលុបបំបាត់វប្បធម៌និទណ្ឌភាពកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។ គិតគូរគាំពារសង្គម និងមិនទុកនរណាម្នាក់ចោលឡើយ»៕