ភ្នំពេញៈ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនឹងផ្តល់ប្រយោជន៍ដល់គ្រួសារមានបណ្ណសមធម៌ប្រមាណ ៧០ ម៉ឺនគ្រួសារ ស្មើនឹង ២,៨ លាននាក់ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ៦៧៤,៥ ប៊ីលានរៀល ស្មើនឹង ១៦៥ លានដុល្លារ ដែលនឹងចាប់ផ្តើមពីខែមេសា ឆ្នាំ ២០២៤ តទៅ។
នេះជាគោលការណ៍មួយដែលស្ថិតនៅក្នុងគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គមដែលជាគោលនយោបាយអាទិភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង ៦ ដែលប្រកាសដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ ២០២៣ នេះ។ នេះបើយោងតាមរបាយការណ៍ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ក្រសួងបានឱ្យដឹងថា គោលការណ៍ណែនាំនេះ ត្រូវបានរៀបចំឡើងសម្រាប់អនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលជាបណ្ដុំនៃកម្មវិធីជាតិជំនួយសង្គម (កម្មវិធីដែលមានស្រាប់ និងកម្មវិធីដែលនឹងត្រូវបង្កើតថ្មីមួយចំនួន) ដែលមានលក្ខណៈសមាហរណ និងអនុវត្តក្នុងទម្រង់រួមមួយក្រោមប្រតិបត្តិករទោល ពោលគឺមូលនិធិជាតិជំនួយសង្គម និងមានការចូលរួមគាំទ្រអនុវត្តពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ក្រសួងបញ្ជាក់ថា៖ «កម្មវិធីចំនួន ៤ នឹងត្រូវធ្វើសមាហរណមុខងារក្រោមកញ្ចប់គ្រួសាររួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ,កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា,កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ ឆ្នាំឡើង)»។
នាពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នកាលពីដើមខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងប្រព័ន្ធគាំពារសង្គមដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ, សមាហរណ និងស្វ័យប្រវត្តិកម្ម មានសារៈសំខាន់ក្នុងការទ្រទ្រង់សុខុមាលភាពប្រជាពលរដ្ឋជាពិសេសក្នុងពេលមានគ្រោះអាសន្ន ឬវិបត្តិ អនុលោមតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥។
លោកបញ្ជាក់ថា៖ «លើសពីនេះក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ក៏បានចង្អុលបង្ហាញឱ្យរៀបចំក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលជាការប្រមូលផ្ដុំកម្មវិធីជំនួយសង្គមមានលក្ខណៈជាការឧបត្ថម្ភសាច់ប្រាក់ឱ្យមកអនុវត្តក្រោមប្រតិបត្តិករទោលមួយក្នុងគោលដៅពង្រឹងអភិបាលកិច្ច និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីក៏ដូចជាបង្កើនសង្គតិភាព និងពង្រីកការគ្របដណ្តប់កាន់តែទូលំទូលាយដល់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះក្នុងគ្រួសារនោះ»។
ជាមួយគ្នានោះដែរ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក៏បានលើកឡើងដែរថា ក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងក្លាយជាទម្រនៅពេលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានបញ្ចប់ ហើយការអនុវត្តផ្លូវការនូវក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងចាប់ផ្តើមពីខែមេសា ឆ្នាំ ២០២៤ តទៅ។
ក្រោយពីទទួលបានគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង ១៤ និងសង្កាត់ទាំង ១០៥ ចុះធ្វើបច្ចុប្បន្នភាពឡើងវិញ ពីប្រជាពលរដ្ឋក្រីក្រ (ក្រ១ ក្រ២) និងពលរដ្ឋដែលរងហានិភ័យ ដើម្បីអាជ្ញាធរបានជួយពួកគាត់ឱ្យចំគោលដៅ តាមគោលការណ៍របស់រាជរដ្ឋាភិបាល។
ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងទិសដៅបន្តសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី ១៨ ខែធ្នូកន្លងទៅនៅសាលារាជធានីភ្នំពេញ លោកបានលើកឡើងថា ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ និងផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន-រុស្ស៊ី បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ក្នុងនោះសម្រាប់ប្រទេសកម្ពុជា ក៏បានទទួលរងផលប៉ះពាល់ទាំងនេះដែរ។
លោកបន្តថា ដូចនេះ ទាមទារឱ្យអាជ្ញាធរខណ្ឌទាំង ១៤ ពិសេសចៅសង្កាត់ទាំង ១០៥ ដែលជាប្រតិបត្តិករត្រូវពិនិត្យមើលប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលរងហានិភ័យ ដើម្បីយើងបានជួយពួកគាត់ឱ្យចំគោលដៅ។
លោកថា៖ «រាជរដ្ឋាភិបាលបានចំណាយថវិកាច្រើនណាស់ ដល់ជំនួយសង្គមនេះ ដូច្នេះក្នុងនាមជាប្រតិបត្តិករត្រូវធ្វើការងារឱ្យចំគោលដៅ ពោលគឺចំប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ កុំឱ្យមានការច្រណែនគ្នា បើយើងអនុវត្តការងារនេះចំគោលដៅហើយនោះវាមិនត្រឹមតែមិនមានភាពច្រណែនគ្នាប៉ុណ្ណោះទេ តែយើងក៏មានឧត្ដមភាពលើការងារនេះផងដែរ»។ លោកឃួង ស្រេង ក៏បញ្ជាឱ្យខណ្ឌទាំង ១៤ ពិសេសគឺចៅសង្កាត់ទាំង ១០៥ ត្រូវប្រជុំរៀបចំផែនការ ប្រជុំដាក់ផែនការ និងត្រួតពិនិត្យផែនការដកស្រង់បទពិសោធន៍យ៉ាងហោចណាស់ក្នុង ១ ឆ្នាំឱ្យបាន ២ ដង។
ដោយឡែកលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានបង្ហាញការសាទរចំពោះកម្មវិធីជាតិជំនួយដែលរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តនាពេលកន្លងទៅដោយលោកយល់ឃើញថា ជាការផ្តល់ជំនួយដល់ពលរដ្ឋបានត្រឹមត្រូវ និងចំគោលដៅ។
ទោះជាយ៉ាងណាលោកនៅតែស្នើដល់មន្ត្រីអនុវត្តន៍ថ្នាក់ក្រោម ព្យាយាមអនុវត្តការងារឱ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើយ៉ាងណាឱ្យជំនួយសង្គម ដែលរដ្ឋាភិបាលផ្តល់ឱ្យដល់ដៃប្រជាពលរដ្ឋក្រីក្រ ដែលត្រូវការជំនួយពិតប្រាកដ។ លោកបានបញ្ជាក់ថា៖«ការអនុវត្តកម្មវិធីជាតិជំនួយសង្គមនាពេលកន្លងទៅ មានចន្លោះខ្វះខាតមួយចំនួន ជាពិសេសការផ្តល់ជំនួយដល់ពលរដ្ឋក្រីក្រ នៅខ្វះតម្លាភាព ដោយសារមន្ត្រីថ្នាក់ក្រោមអនុវត្តមិនបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល»។
លោក យង់ គិមអេង បានបន្តថា៖ «យើងចង់ឱ្យមានការតាមដានឱ្យបានហ្មត់ចត់ជាងនេះលើការអនុវត្តកម្មវិធីជំនួយសង្គម ដូចជាការបិទផ្សាយជាសាធារណៈពីឈ្មោះរបស់ពលរដ្ឋដែលទទួលបានជំនួយ,ការចូលរួមរបស់សង្គមស៊ីវិលលើការងារនេះ និងការដោះស្រាយជាបន្ទាន់នៅពេលរកឃើញថា មានករណីមិនប្រក្រតីក្នុងការផ្តល់បណ្ណសមធម៌ជូនពលរដ្ឋជាដើម»។
សូមជម្រាបថា បន្ទាប់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងគ្រោះទឹកជំនន់បានបិទបញ្ចប់ កាលពីខែកក្កដា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាជាតិគាំពារសង្គម និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានសិក្សាវាយតម្លៃរួមគ្នា ដោយរកឃើញថា អន្តរាគមន៍ជំនួយសង្គមពិសេសទាំង ២ របស់រាជរដ្ឋាភិបាលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយបច្ច័យអវិជ្ជមានមកលើគ្រួសារងាយរងហានិភ័យ។ កម្មវិធីជំនួយនេះរាជរដ្ឋាភិបាលបានចំណាយថវិកាជាតិសរុបប្រមាណ ៥៥,៧ លានដុល្លារ។
យោងតាមរបាយការណ៍ការសិក្សារបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និង UNDP រកឃើញថា គ្រួសារគោលដៅទទួលផលប្រមាណជាង ៩៧ ភាគរយ ពេញចិត្ត និងគាំទ្រការអន្តរាគមន៍ជាការឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាល៕