ភ្នំពេញៈ ​លោក ស ខេង ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បន្ត​ចូលរួម​ពង្រឹង និង​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ បូរណភាព​ទឹកដី អធិបតេយ្យ​ជាតិ ការពារ​ព្រះមហាក្សត្រ ព្រមទាំង​បន្ត​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ និង​ពង្រឹង​នីតិរដ្ឋ​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។


 លោក ស ខេង បានស្នើ​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា ១​ខ្នង នៃ​វិទ្យាល័យ​ព្រះមុនីវង្ស ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង នា​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២៣​។​

តាមរយៈ​ហ្វេ​ស​ប៊ុ​កលោក ស ខេង បាន​ថ្លែងថា ៖ «​ការរក្សាបាន​នូវ​សុខសន្តិភាព និង​ការសម្រេចបាន​នូវ​សមិទ្ធផល​ធំៗ ជាច្រើន រហូតមកទល់​ពេលនេះ មិនមែនជា​រឿង​ចៃដន្យ​នោះទេ តែ​ជាការ​សម្រេច​ដោយមាន​កា​រ​គ្រោងទុក​ប្រកបដោយ​ទស្សនវិស័យ​វែងឆ្ងាយ ពី​ជោគវាសនា​របស់​ប្រទេសជាតិ ឈរលើ​មូលដ្ឋាន​ពិភាក្សា​ស្រុះស្រួល​មូលមតិ​គ្នា សាមគ្គី និង​ឯកភាពគ្នា​យ៉ាងរឹងមាំ​។ យើង​ត្រូវ​រក្សា​ឱ្យបាន​នូវ​សន្តិភាព​នេះ ដែលជា​កិច្ចការ​របស់​យើងទាំងអស់គ្នា​ដែលមាន​ការពាក់ព័ន្ធ​»​។​


ជាមួយគ្នានេះដែរ លោក​ក៏បាន​ជំ​រុញឱ្យ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ដើម្បី​លើកកម្ពស់​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុងការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ពិសេស​សកម្មភាព​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន បទល្មើស​លួច ឆក់ ប្លន់ ល្បែងស៊ីសង​ខុសច្បាប់​តាម​មូលដ្ឋាន អំពើហិង្សា​ក្នុង​គ្រួសារ និង​ក្រុម​ក្មេង​ទំនើង​។​

បើតាម​លោក ស ខេង ឈរលើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ដែល​សម្រេចបាន​នាពេល​កន្លងមក បាននិងកំពុង​ជំរុញ​និង​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ ធានា​សមធម៌ បង្កើន​ប្រសិទ្ធភាព និង​រក្សា​ចីរភាព សំដៅ​កសាង​មូលដ្ឋានគ្រឹះ ឆ្ពោះទៅ​សម្រេចបាន​នូវ​គោលការណ៍​នៃ​ការកសាង​ជាតិ ស្របតាម​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០​។​


លោក ស៊ឺន សម អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៥ ខែធ្នូ ថា នេះ​គឺជា​រឿង​មួយ​ត្រឹមត្រូវ និង​ជា​រឿង​ធម្មតា​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច ដែល​តែង​តែង​ចង់​រំលឹក​នូវ​ស្នាដៃ ឬ​រឿង​ល្អៗ ក្រោម​ការដឹកនាំ​របស់​ខ្លួន និង​ជាពិសេស ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ពុ​ជាមាន​ស្ថិរភាព និង​សន្តិភាព​នៅក្នុង​ប្រទេស​។ 

​លោក ស៊ឺន សម បាន​បន្ថែមថា ទោះបីជា លោក ស ខេង មិនមែនជា​ប្រធាន​គណបក្ស​ក៏ដោយ ក៏ប៉ុន្តែ លោក​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ  ហើយក៏​ជា​សមាជិក​ដ៏​សំខាន់​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ 

លោក​មាន​ថ្លែងថា​៖«​អីចឹង​ទេ​! ការអំពាវនាវ​ឱ្យចូល​រួម​ពង្រឹង និង​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​បន្ត​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ នោះ​គឺជា​រឿង​ដ៏​សំខាន់ និង​ជា​សារ​មួយ ដែល​ថ្នាក់ដឹកនាំ ត្រូវតែ​អំពាវនាវ ឱ្យ​ពលរដ្ឋ​និយាយ​រឿង​ល្អៗ ដើម្បី​បង្ហាញ​ឱ្យ​ពលរដ្ឋ និង​សាធារណជន​បាន​យល់ដឹង​»​។​

​ទាក់ទង​នឹង​គោលនយោបាយ ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​វិញ លោក ស៊ឺន សម បាន​ប្រាប់ថា ជា​រឿង​មួយ​ដ៏​សំខាន់ ប៉ុន្តែ​វា​ជា​តួនាទី និង​កាតព្វកិច្ច​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ដែលមាន​មេ​ប៉ុស្តិ៍ និង​មេឃុំ ក្នុងការ​ពង្រឹង​គោលនយោបាយ​នេះ ឱ្យមាន​ប្រសិទ្ធភាព​៕