ភ្នំពេញៈ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា រដ្ឋាភិបាល​បាន​តាំងចិត្ត​ក្នុងការ​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ដោយ​យន្ត​ការបង្ក​ភាពងាយស្រួល​ដល់​ការធ្វើ​ចំណាកស្រុក​ស្របច្បាប់ ហើយ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ក៏​យក​ការ​គាំពារ​សិទ្ធិ​ពលករ​នៅក្រៅ​ប្រទេស​ជា​កម្មវិធី​នយោបាយ​អាទិភាព​មួយ​ដែរ​។​


ការ​ថ្លែង​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​ដូចនេះ ធ្វើឡើង​នៅក្នុង​ពិធី​បើក​ទិវា​អន្តរជាតិ​សម្រាប់​ទេ​សន្តរ​ប្រវេ​សករ​ឆ្នាំ​២០២៣ នា​ទីស្តីការក្រសួង​ការងារ កាលពី​សប្តាហ៍​មុន ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ មន្ត្រី​នៃ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) ឯកអគ្គរាជទូត និង​រដ្ឋទូត​នៅ​កម្ពុជា​មួយចំនួន​រួម​នឹង​មន្ត្រីជាន់ខ្ពស់​នៃ​បណ្តា​ក្រសួង​មន្ទីរ និង​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

លោក​ហេង សួរ លើកឡើង​តាមរយៈ​វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការងារ​នា​ថ្ងៃទី​២៤ ខែធ្នូ​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត មានការ​តាំងចិត្ត និង​ឆន្ទៈ​ខ្ពស់ ក្នុងការ​កាត់បន្ថយ​ចំនួន​ចំណាកស្រុក​ខុសច្បាប់ ព្រមទាំង​លើ​កម្ពស់ និង​គាំពារ​សិទ្ធិ​ពលករ​ខ្មែរ​ដែល​នៅក្រៅ​ប្រទេស​វិញ​។​


លោក​បាន​អះអាងថា រដ្ឋាភិបាល​នឹង​បង្កលក្ខណៈ​ងាយស្រួល មិនមាន​ភាពស្មុគស្មាញ​សម្រាប់​ពលករ និង​ការផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ តាមរយៈ​ការធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់​។​

​លោក ហេង សួរ បាន​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ក្រសួង​ការងារ​ជា​សេនាធិការ បាន​ពង្រាយ និង​ពង្រីក​ជា​បន្តបន្ទាប់​នូវ​អនុព័ន្ធ​ការងារ​នៅតាម​បណ្តា​ប្រទេស​គោលដៅ​ដែល​ពលករ​កម្ពុជា​កំពុងមាន​វត្តមាន​ដើម្បី​ដោះស្រាយ​បញ្ហា និង​ការពារ​សិទ្ធិ​ជូន​ពលករ​ក្នុងករណី​មានការ​រំលោភបំពាន​»​។ 


​រដ្ឋមន្ត្រី​ការងារ​បាន​បន្តថា ៖ «​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ក្នុង​ផ្នែក​ទេសន្តរប្រវេសន៍ ក៏​ជា​កម្មវិធី​នយោបាយ​អាទិភាព​សំខាន់​មួយ​ផងដែរ​ដែល​ក្រសួង​ការងារ​កំពុង​យកចិត្តទុកដាក់ ដើម្បី​លើកកម្ពស់ និង​គាំពារ​សិទ្ធិ​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស និង​ទាំង​សម្រាប់​ជនបរទេស​ដែល​កំពុង​បម្រើការ​នៅ​កម្ពុជា​»​។​

​លោក​បានឱ្យដឹង​បន្ថែមថា រដ្ឋាភិបាល ជាពិសេស​ក្រសួង​ការងារ បានរៀបចំ​ពិធី​សាសនា ពិធីបុណ្យ​នានា តួយ៉ាង បុណ្យ​ភ្ជុំបិណ្ឌ ចូលឆ្នាំ​ប្រពៃណី​ខ្មែរ និង​ពិធីបុណ្យ​ផ្សេងៗ​ទៀត នៅតាម​បណ្តា​ប្រទេស​គោលដៅ ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ដល់​ពលករ​ដែល​ចាក​ឆ្ងាយ​ស្រុកកំណើត ហើយ​រដ្ឋាភិបាល​នឹង​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​បែបនេះ​បន្ថែមទៀត​។​

ជា​ចុងក្រោយ លោក​ហេង សួរ ក៏បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​បន្ត​ចូលរួម​សហការ​ជិត​ស្និ​ទ្ធិ​ជាមួយ​រដ្ឋាភិបាល ដើម្បី​រួមគ្នា​សម្រេច​គោលដៅ​លើ​ការលើកកម្ពស់ ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​ស្របច្បាប់​ជូន​ពលករ​ទេសន្តរប្រវេសន៍​។​

​ជុំវិញ​រឿងនេះ លោក​មាស នី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម បានឱ្យដឹងថា បញ្ហា​នៃ​ការធ្វើ​ចំណាកស្រុក ជា​រឿង​ស្មុគស្មាញ​សម្រាប់​បណ្តា​ប្រទេស​ក្រីក្រ​ដូចជា​កម្ពុជា ហើយ​ការ​ចំណាកស្រុក​នេះ​ទៀតសោត​ជា​លំហូរ​ចេញ​នូវ​កម្លាំង​ពលកម្ម​ក្នុងស្រុក តែ​ជា​យ៉ាងណា ដោយសារ​លក្ខខណ្ឌ​សេដ្ឋកិច្ច ការផ្តល់​យន្តការ​ចំណាកស្រុក​ដោយ​ស្របច្បាប់ ការធ្វើ​ចំណាកស្រុក​ក្នុងសម័យ​សកលភាវូបនីយកម្ម​ជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​ពិភពលោក​។​

​លោក​បាន​ថ្លែងថា​៖ «​បើសិន​យើង​បណ្តោយឱ្យ​ការធ្វើ​ចំណាកស្រុក​នេះ​ដោយ​ខុសច្បាប់ និង​មិនមាន​សុវត្ថិភាព ឬ​មនុស្ស​ឆ្លងដែន​ដោយ​ខុសច្បាប់ ពេលនោះ​រដ្ឋ​ត្រូវ​ខាត​ច្រើនណាស់ ដែល​យើង​មិនអាច​ប្រមូលបាន​ពន្ធ​ពី​កម្លាំង​ពលកម្ម​របស់​យើង​ទេ​។ ត្រង់នេះ យើង​ត្រូវ​យល់ថា ពេល​សេដ្ឋកិច្ច មិនមាន​តុល្យភាព មនុស្ស​នឹង​ចេញពី​កន្លែង​ក្រ ទៅ​កន្លែង​មាន​»​។

​លោក មាស នី បាន​អះអាង​ទៀតថា មូល​ហេតុដែល​នាំឱ្យមាន​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់ គឺ​ដោយសារ​ពលរដ្ឋ​ចង់ទៅ​ទីកន្លែង​ដែល​អាច​កសាង​ប្រាក់ចំណូល​ខ្ពស់ ហើយ​មួយវិញទៀត​ភាពស្មុគស្មាញ​នៃ​ការធ្វើ​លិខិតគតិយុត្ត និង​តម្លៃ​ខ្ពស់​នៃ​សេវា​ឯកសារ​របស់​រដ្ឋ ដែល​លោក​ស្នើឱ្យ​មានការ​កែសម្រួល​ត្រង់ចំណុច​នេះ​។​

ជាមួយគ្នានេះដែរ លោក​មាស នី ក៏បាន​សម្តែង​ការ​សាទរ​ចំពោះ​ការពង្រីក​អនុព័ន្ធ​ការងារ​នៅតាម​បណ្តា​ប្រទេស​គោលដៅ ដើម្បី​ផ្តល់​ការថែទាំ​សុខុមាលភាព​ពលករ និង​ការពារ​សិទ្ធិ​ជូន​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស ហើយ​លោក​សង្ឃឹមថា មន្ត្រី​តាម​អនុព័ន្ធ​ការងារ​ទាំងនេះ​បម្រើ​ការងារ​ដោយស្មោះ​ត្រង់ ជាជាង​កេងប្រវ័ញ្ច​ពី​ពលករ​។​

​យោងតាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ឱ្យដឹងថា អនុព័ន្ធ​ការងារ​អម​ស្ថានទូត​កម្ពុជា​នៅ​ថៃ បានបង្ហាញ​ប្រព័ន្ធ​បណ្តាញ​សង្គម និង​លេខ​ទូរស័ព្ទ​ពិសេស​ដើម្បី​ដោះស្រាយ​បញ្ហា ពិគ្រោះ​យោបល់ និង​ឆ្លើយតប​សារ​ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ បន្ទាន់ ដល់​ពលករ និង​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ស្នាក់ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។ 

ក្រសួង​បាន​បញ្ជាក់ថា ៖ «​បងប្អូន​ពលករ​កម្ពុ​ជា អាជីវករ ព្រះសង្ឃ និង​និស្សិត​ទាំងអស់​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ អាច​ទំនាក់ទំនង​តាម​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​ផេ​ច (Facebook Page) ដែលមាន​ឈ្មោះថា «​អនុព័ន្ធ​ការងារ​អម​ស្ថានទូត​កម្ពុជា​នៅ​ថៃ ผู้ช่วยทูตฝ่ายแรงงาน Labour Attaché REC» ពលរដ្ឋ​ខ្មែរ​ទាំងអស់​អាច​ចូលរួម​ក្នុង​ក្រុម​តេ​ឡេ​ក្រាម​ដែលមាន​បណ្តាញ​ភ្ជាប់ https://t.me/lathailand និង​បណ្តាញ​សង្គម ឡាញ Line ID: Labour1234 »​។​

បន្ថែម​ពីនេះ ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ មាន​ចម្ងល់​ពាក់ព័ន្ធ​នឹង​ជំនួយ​ផ្នែក​ច្បាប់ បម្រាម សិទ្ធិ និង​អត្ថប្រយោជន៍​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​ស្នាក់នៅ និង​ធ្វើការ​ដោយ​ស្របច្បាប់​នៅក្នុង​ប្រទេស​ថៃ ក៏​អាច​ពី​គ្រោះ​យោបល់​មកកាន់​ក្រុម​អនុព័ន្ធ​ការងារ​តាមរយៈ​លេខ​ទូរស័ព្ទ​បន្ថែម ដូចជា  ផ្នែក​កិច្ចការ​អនុព័ន្ធ​ការងារ តាមរយៈ​លេខ​ទូរស័ព្ទ 094-0925-905, 094-416 5518  ផ្នែក​កិច្ចការ​កុងស៊ុល លេខ​ទូរស័ព្ទ 092-8050-561៕