ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន បាន​លើកឡើងថា សភាពាណិជ្ជកម្ម ម៉ាឡេស៊ី​នៅ​កម្ពុជា នឹងដាក់​ឱ្យ​ដំណើរការ​មូលនិធិ​អប់រំ និង​សុខភាព​នៅ​ឆ្នាំ​២០២៤​ខាងមុខនេះ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ តាមរយៈ​បណ្ណាល័យ​ចល័ត និង​គ្លីនិក​។​


​លោក ហង់​ជួន ណា​រ៉ុ​ន បានប្រកាស​បែបនេះ ក្នុង​ពិធី​អបអរសាទរ​ខួប ៣០​ឆ្នាំ នៃ​សភាពាណិជ្ជកម្ម ម៉ាឡេស៊ី នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២៣​។ 

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​ទទួលស្គាល់ និង​ថ្លែងអំណរគុណ ចំពោះ​ការរួមចំណែក​ជំរុញ​ពាណិជ្ជកម្ម និង​កំណើន​សេដ្ឋកិច្ចកម្ពុជា ពី​សំណាក់​សមាជិកសភា​ពាណិជ្ជកម្ម ម៉ាឡេស៊ី​នៅ​កម្ពុជា (MBCC)​ ទាំងអស់ ហើយ​លោក​ក៏​ចង់ឃើញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​ថែមទៀត រវាង​ប្រទេស និង​ប្រជាជន​ម៉ាឡេស៊ី​-​កម្ពុជា ឆ្ពោះទៅរក​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​នាពេលខាងមុខ​។ 


លោក​បាន​បន្តថា ទន្ទឹមគ្នានេះ ពាណិជ្ជកម្ម ម៉ាឡេស៊ី​នៅ​កម្ពុជា មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​ម៉ាឡេស៊ី និង​កម្ពុជា ក៏ដូចជា​លើកកម្ពស់​ឱកាស​អាជីវកម្ម សម្របសម្រួល​ការវិនិយោគ និង​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រជាជាតិ​ទាំង​២ ក្នុង​រយៈពេល​ប្រមាណ ៣​ទសវត្សរ៍​កន្លងមក​។ 

លោក ហង់​ជួន ណា​រ៉ុ​ន បាន​មានប្រសាសន៍ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​ពិត​រីករាយ​ចំពោះ​ដំណឹង​ដែល សភាពាណិជ្ជកម្ម ម៉ាឡេស៊ី​នៅ​កម្ពុជា នឹងដាក់​ឱ្យ​ដំណើរការ​មូលនិធិ​អប់រំ និង​សុខភាព​នៅ​ឆ្នាំ​២០២៤ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​តាមរយៈ​បណ្ណាល័យ​ចល័ត និង​គ្លីនិក​»​។​


បើតាម​លោក ហង់​ជួន ណា​រ៉ុ​ន តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ កម្ពុជា​បាននិងកំពុង​ខិតខំ​ពង្រឹងសមត្ថភាព​នាំចេញ និង​ការវិនិយោគ​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការគាំទ្រ​ដល់​អ្នក​នាំចេញ គឺជា​ជំហាន​វិជ្ជមាន​ក្នុងការ​ពង្រឹង​បន្ថែមទៀត​នូវ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម ដើម្បី​ជួយ​ពង្រីក និង​ការកសាង​សមត្ថភាព រួមទាំង​ជំនាញ​វិជ្ជាជីវៈ និង​ការអប់រំ ឈាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ តប​តាម​អនុសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​។​

សូមបញ្ជាក់ថា ម៉ាឡេស៊ី និង​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ម៉ាឡេស៊ី​-​កម្ពុជា (FTA) ដែលជា​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង​បន្ត​ដកចេញ​របាំង​ពាណិជ្ជកម្ម នៅ​ឆ្នាំ​២០២១ ដែល​ចាប់ពីពេលនោះ​មក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​មាន​កំណើន​ឥតឈប់ឈរ​។​

លោក ឈ​ត ប៊ុន​ថង មន្ត្រី​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង វប្បធម៌ អប់រំ និង​ទេសចរណ៍ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹង​ដែរ​ថា កន្លងមក​រាជរដ្ឋាភិបាល ក៏បាន​រៀបចំ​គោលនយោបាយ និង​ផែនការ​ជា​បន្ត​បន្ទាប់មក​ហើយ​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​។ ការជួយ​នេះ​មាន តាមរយៈ​ការផ្ដល់​នូវ​បណ្ណ​សមធម៌ បណ្ណ​ប​.​ស​.​ស ហើយ​និង​មានការ​បន្ធូរ​បន្ថយថ្លៃ​ព្យាបាល​សុខភាព​ដោយ​មិន​គិត​ប្រាក់​ជាដើម ខណៈដែល​ឥលូវ​នេះ មានការ​រួមចំណែក​ពីស​ភាព​ពាណិជ្ជកម្ម​ម៉ាឡេស៊ី ទៅលើ​ការផ្ដួចផ្ដើម​មូលនិធិជួយ​ប្រជ​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​បន្ថែមទៀតគឺ​វា​កាន់តែ​ប្រសើរ​។​

លោក​បាន​ថ្លែងថា​៖ «​ការផ្ដួចផ្ដើម​បង្កើត​មូលនិធិ​អប់រំ និង​សុខភាព​ជួយ​ប្រជាពលរដ្ឋ និង​ងាយ​រងគ្រោះ ខ្ញុំ​គិតថា វា​គឺជា​រឿង​កាន់តែ​ប្រសើរ​ណាស់ ពីព្រោះ​បញ្ហា​សុខភាព​នេះ ជា​ចំណុច​សំខាន់ ដែល​យើង​ត្រូវ​គិតគូរ​ថា​វា​ជា​ការងារ​អាទិភាព ដូច្នេះ​យើង​សប្បាយរីករាយ ប្រសិន​ជាមាន​ការជួយ​បែបនេះ​»​។​

លោក​សង្ឃឹម​ផងដែរ​ថា មូលនិធិ​ដែល​គ្រោង​ដាក់ឱ្យ​ដំណើរការ​ខាងមុខនេះ ទោះបី​មាន​ទំហំ​តិចក្ដី ច្រើនក្ដី​ក៏ដោយ ប៉ុន្តែ​អ្វីដែល​សំខាន់​សុំឱ្យ​មាន​និរន្តរភាព សម្រាប់​ក្នុងការ​លើកកម្ពស់​សុខ​ភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​៕