បាត់​ដំបងៈ ​រដ្ឋ​លេខា​ធិការ​ក្រសួង​បរិស្ថាន​ លោក ​ជួប ប៉ារីស៍ បាន​លើក​ឡើង​ថា ​ចំណេះដឹ​ង​នៃ​ការប្រែប្រួ​ល​អាកាស​ធាតុ​គឺជា​ការសំ​ខាន់​ដែល​អ្នក​សារ​ព័ត៌​មាន​គួរ​ដឹង​ ព្រោះ​អ្នក​ព័​ត៌មាន​ត្រូវ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ជូន​ប្រជា​ពល​រដ្ឋ ​ហើយក៏​ត្រូវតែ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ណា​ដែល​ពិត​ប្រកប​ដោយ​វិទ្យា​សាស្ត្រ​។​


​លោក​បាន​ថ្លែង​ដូចនេះ​​ក្នុង​សិក្ខា​សាលា​លើកក​ម្ពស់​ចំណេះដឹ​ង​ស្តីពី​ការប្រែ​ប្រួល​អាកាស​ធាតុ​សម្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​កម្ពុជា​ ដែល​រៀប​ចំឡើង​នៅ​ខេត្ត​បាត់​ដំបង​កាល​ពី​ថ្ងៃទី​២៣ ​ខែធ្នូ ឆ្នាំ២០២៣​។​

​លោក ​ជួប ប៉ារីស៍ បាន​ថ្លែង​ថា ៖ «​បើ​អ្នក​សា​រព័ត៌​មាន​មិន​មាន​ការយ​ល់​ច្បាស់​ពី​ការប្រែប្រួ​ល​​អាកាស​ធាតុ​អាច​ធ្វើឱ្យ​​មាន​កា​រ​ភាន់​ច្រឡំ​។ពីមុន​មាន​ការ​លើកឡើ​ងថា ​ប្រទេស​កម្ពុជា​យើង​ជា​អ្នក​ដែល​ធ្វើ​ឱ្យមាន​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ​ដោយ​សា​រ​យើង​មាន​ការ​បាត់​បង់​ព្រៃ​ឈឺ​តិ​ចតួច​​នេះ ​វា​ទៅជា​យើង​អ្នក​ខុស​ទៅវិ​ញ​ តែ​តាម​ពិត​មិន​មែន​ទេ​ ព្រោះ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ជា​បញ្ហា​សកល​»​។​


​លោក​បាន​បន្ត​ថា ៖ «​ជា​ការពិ​តទៅ​ ​ប្រ​ទេស​យើង​ជា​ប្រទេស​ដែល​រងគ្រោះ​។ ប្រទេស​​របស់​យើង​ជា​ប្រទេស​ដែល​បញ្ចេញ​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​តួច​បំផុ​ត បើ​ប្រៀប​ធៀ​ប​ទៅនឹ​ង​ប្រទេស​អភិ​វឌ្ឍន៍​។ ប្រទេស​អ​ភិវឌ្ឍ​​ន៍គេ​ប្រើ​ប្រេង​ឥន្ធ​នៈ​ហ្វូ​ស៊ី​ល ដែល​បំ​ភាយ​ច្រើន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​ក្នុង​បរិ​យា​កាស​​ធ្វើឱ្យ​កើនឡើ​ង​កម្ដៅ​ បណ្តាល​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​»​។​

​ការប្រែ​ប្រួ​ល​អាកាស​ធាតុ​បាន​នាំ​មក​នូវ​ខ្យល់​កន្ត្រាក់​ ខ្យល់​ព្យុះ ​ទឹកជំ​នន់​ ការ​រាំង​ស្ងួត​ និង​ទឹក
​ស​មុទ្រ​កើន​ឡើង​ដែល​ធ្វើឱ្យ​លិច​កោះ​មួយ​ចំនួន​ផង​ដែរ​។​​


​បើ​តា​ម​លោក​ ជួប ប៉ារីស៍​ កា​រប្រែប្រួ​ល​អាកាស​ធាតុ​នេះ គឺ​ប្រទេស​អភិវឌ្ឍន៍​ទេ​ដែល​ជា​អ្នក​ធ្វើ​ឱ្យ​កើត​មាន​ឡើង រីឯ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​បញ្ចេញ​តិចតួច​ហើ​យក៏​​រងគ្រោះ​ផងដែរ​។ ដូចនេះ​ហើ​យ​បាន​ជា​នៅ​រាល់​ការ​ប្រជុំ​ធំៗ​ម្តង ​ជាពិ​សេស​នៅ​ឆ្នាំ​នេះនៅ​​ទីក្រុង​ឌូ​បៃក​ន្លង​ទៅ​ថ្មីៗ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​បរិ​ស្ថាន លោ​ក អ៊ាង សុ​ផល្លែត បាន​បញ្ជាក់​ថា៖ «​ប្រទេស​យើង​ជា​ប្រទេស​តូចជា​ប្រទេស​ដែល​បញ្ចេញ​តិច ប៉ុន្តែ​យើង​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​ចូល​រួម​បញ្ហា​សកល​»​។​

​សូម​រំឭក​ដែរ​ថា ក្នុង​អាណត្តិ​ទី​៧ នៃ​រដ្ឋស​ភា​ ប្រមុខ​រាជរ​ដ្ឋា​ភិបា​ល​កម្ពុជា​លោកហ៊ុន ម៉ា​ណែ​ត បាន​តាំងចិ​ត្ត​ខ្ពស់​ក្នុង​ការចូ​ល​រួម​ជា​មួយ​នឹង​អន្តរ​ជាតិ​ដោយ​ក្នុង​អាណត្តិ​ទី​៧​នេះ លោក​នាយ​ក​រដ្ឋមន្ត្រី​បាន​បដិ​សេធ​រោង​ចក្រ​ធ្យូង​ថ្ម​៧០០​មេហ្គា​វ៉ា​ត់ ព្រោះ​វា​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​ណាស់​ ដោយ​ជំនួស​មក​វិញ​នូវ​ថាម​ពល​ធម្មជាតិ​រាវ ​។​

​លោក ​ជួប ប៉ារីស៍ ​បាន​បញ្ជាក់​ថា៖ «​ថាម​ពល​កកើត​ឡើង​វិញ​របស់​យើង​នាពេល​បច្ចុប្បន្ន​មាន​រហូត​ដល់​ប្រមាណ​៦២​ភាគ​រយ​ ដោយ​យើង​រាប់​តាំង​ពី​ថាម​ពល​បាន​មកពី​វា​រី​អគ្គិ​សនី ​បាន​មកពី​សូ​ឡា ហើយ​យើង​បាន​តាំង​ចិត្ត​ថា​យើង​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រទេស​របស់​យើង​មាន​ថាម​ពល​កកើត​ឡើងវិញ​នេះ​បាន​រហូត​ដល់​៧០​ភាគ​រយ​នៅ​ឆ្នាំ​២០៣០»​។​

​ទាក់​ទង​នឹង​ការ​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​នេះដែរ​ លោក ​ជួប ប៉ារីស៍ ក៏បាន​បញ្ជាក់​ដែរ​ថា ក្នុង​យុទ្ធ​សាស្ត្រ​ច​ក្រា​មុំ​បៃតង​ដោយ​បាន​ដាក់​ចេញ​យុទ្ធ​សាស្ត្រ​ដាំ​ដើមឈើ​យ៉ាង​តិច​១​លាន​ដើម​ដើម្បី​ពង្រីក​លម្ហ​បៃតង ហើយ​ក៏​នឹង​មាន​ការដាំ​ដើម​ឈើ​១​លាន​ដើម​សម្រាប់​ការចែក​ចាយ​ដល់​ពលរដ្ឋ​ឱ្យ​ចូល​រួម​ដាំ​ដោយ​មិន​គិត​ថ្លៃ ហើយ​ចាប់ពី​ឆ្នាំ​២០២៤​ទៅ គឺ​ក្រសួង​នឹង​ចែក​ជូន​ពួកគាត់​សម្រាប់​ដាំ គឺ​ដាំ​នៅទី​ណា ​កន្លែង​ណា​ក៏បាន​។​

​លោក​បាន​បន្ថែម​ថា ៖ «​មួយ​វិញ​ទៀត ​គឺ​ការដាំ​តាម​សហគ​មន៍​ ដោយ​យើង​បំផុស​ឱ្យដាំ​តាម​សហ​គមន៍ ​ដោយ​យើង​ចង់​ឱ្យមា​ន​សហគ​មន៍​អព្យា​ក្រឹត​កាបូន ​សហគមន៍​ដែល​មិន​បញ្ចេញ​កាបូន​ ដូច​ជា​អគ្គិ​សនី​ប្រើ​ដោយ​សូ​ឡា ការដាំ​ដើម​ឈើ​ជា​ដើម ​ហើយ​អាទិ​ភាព​មួយ​ទៀត​គឺ​ការដាំ​ដើម​ឈើ​នៅ​តំបន់​រេច​រឹល​ឡើង​វិញ​»​។​

​សូម​បញ្ជាក់​ដែរ​ថា ក្នុង​សន្និ​សីទ​កំពូល​បណ្តា​ភាគី​នៃ​អនុ​សញ្ញា​ក្រប​ខ័ណ្ឌសហ​ប្រជា​ជាតិ​ស្តីពី​ការប្រែ​ប្រួល​អាកាស​ធាតុ​ លើក​ទី២៨ (COP28) និង​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធនៅ​ទីក្រុង​ឌូ​បៃប្រទេស​អេ​មី​រ៉ា​ត​អា​រ៉ាប់​រួមថ្មីៗ​នេះ​ លោក​ អ៊ាង សុផល្លែត បាន​បញ្ជាក់​ពី​ជំហរ​កម្ពុជា​ ដោយ​ប្តេជ្ញា​ចិត្ត​ខ្ពស់ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​ទប់​ស្កាត់​និង​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​៕