ភ្នំពេញៈលោក ​សេង ក​ដិ​កា អ្នក​គ្រប់​គ្រង​កម្ម​វិធី​ប្រដាល់​ប្រចាំ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥បាន​អះ​អាង​ថា ការ​ចាញ់​ដោយ​សន្លប់​របស់​អ្នក​ប្រដាល់​ចាស់​វស្សា​ថៃT​uon Pe សម្រាប់​ការ​បង្ហាញ​ខ្លួន​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ កាល​ពី​យប់​ថ្ងៃទី​២៤ ​ខែធ្នូ ឆ្នាំ​២០២៣ ​ មិន​មែន​ជា​ការធ្វើ​ពុត​ទេ គឺជា​ការ​ចាញ់​ដោយ​ពិត​ប្រា​កដ ដោយសា​រតែ Tuon Pe បាន​មើល​ស្រាល​ទៅ​លើ​សមត្ថ​ភាព​របស់​កីឡា​ករ​កម្ពុជា ​ផាន់ សុ​ផាត​។​

​ការ​អះ​អាង​បែប​នេះ​របស់​លោក​សេង​ ក​ដិ​កា ​ដោយ​សារតែ​ខ្លា​ចាស់ ​Tuon Pe របស់​ថៃ ​ដែល​ធ្លាប់​មាន​សមត្ថ​ភាព​និង​មាន​ភាព​ស៊ូ​ខ្លាំង​នោះ បែរ​ជា​ត្រូវ​បាន​កីឡា​ករ​កំពុង​សាង​បាន​ភាព​ល្បី ​ផាន់​ សុផាត​ ទាត់​ឱ្យ​ខូច​ជើង​ មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន​នៅ​ត្រឹម​ទឹក​ទី​១ហើយ​ការ​ចាញ់​ដោយ​ផុយ​ស្រួយ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មួយ​ចំនួន​លើក​ឡើង​ថា អាច​មក​ពី​ Tuon Pe ធ្វើ​ពុត​ជា​ចាញ់ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​មួយ​។​

​​ការ​ដាក់​ការ​សង្ស័យ​បែប​នេះ ​ដោយ​សារ​តែ​អ្នក​ប្រដាល់​ចាស់​វស្សា​របស់​ថៃ Tuon Pe ត្រូវ​បាន​គេទទួល​ស្គាល់​ថា ជា​ខ្លា​ចាស់​ស្បែក​ស្វិត​ដែល​ធ្លាប់​បាន​យក​ឈ្នះ​កីឡាករ​លំដាប់​ខ្លាំងៗ​របស់​កម្ពុ​ជា​ច្រើន​នាក់​មក​ហើយ​។បើ​ទោះ​បីជា​ពេល​នេះ​ Tuon Pe  មាន​ការ​ធ្លាក់​កម្លាំង​បន្តិច ​ព្រោះ​មាន​វ័យ​កាន់​តែ​ចាស់ ប៉ុ​ន្តែ​កីឡាករ​ថៃ​ម្នាក់​នេះ នៅ​តែមា​ន​ភាព​ស៊ូ​ខ្លាំង​និង​មាន​បច្ចេក​ទេស​វាយ​ល្អ​ដោយ​កាលពី​ឆ្នាំ​២០២២​រូបគេ​ធ្លាប់​បាន​ឈ្នះ-ចាញ់​ជា​មួយ​ជើង​ខ្លាំង​ពេជ្រ ​សម្បត្តិ និង​បាន​ឈ្នះ​ជើង​ខ្លាំង​ជំនាន់​ក្រោយ​របស់​កម្ពុជា​មួយ​ចំនួន​ទៀត​ផង​ដែរ​តែ​បែរជា​មក​ចាញ់ ផាន់ ​សុផាត​ ត្រឹម​ទឹក​ទី​១​។​


​ចំពោះ​ការ​បរាជ័យ​ដោយ​ងាយ​នេះ ​លោក ​សេង ក​ដិ​កា បាន​បក​ស្រាយ​កាល​ពី​ថ្ងៃទី​២៥​ ខែធ្នូ​ថា​៖ «​ការ​ចាញ់​ដោយ​សន្លប់​របស់​Tuon Pe មិន​មែន​ជា​ការ​ធ្វើ​ពុត​នោះ​ទេ​។ បើ​ទោះបី​ជា​អ្នក​ទស្សនា​មួយ​ចំនួន​បាន​មើល​ឃើញ​ថា គា​ត់​ចាញ់ ​ផាន់ សុផាត ​ដោយ​ងាយ​ពេក ​មិន​សម​ទៅនឹង​សមត្ថ​ភាព និង​ភាព​ស៊ូ​របស់​គាត់​កន្លង​មក​ ប៉ុន្តែ​គាត់​បាន​ប្រាប់​ខ្ញុំ​ក្រោយ​ការ​ប្រកួត​ថា គាត់​ក៏​មិន​នឹក​ស្មាន​ដល់​ថា ​កីឡាករ​មាន​បទពិសោ​ធន៍​ក្មេង​ខ្ចី​ដូច​ ផាន់ ​សុផាត បែរ​ជា​មាន​ទម្ងន់​ជើង​ធ្ងន់​បែប​នេះ​នោះដែ​រ​»​។
 
​លោក​សេង​ ក​ដិ​កា បានឱ្យ​ដឹង​​ទៀត​ថា កីឡា​ករ​ចាស់វ​ស្សា​រប​ស់​ថៃ Toun Pe បាន​មើល​ស្រាល​ពី​សមត្ថ​ភាពរ​បស់​ផាន់ ​សុផាត ​ថា ជា​កីឡា​ករ​ក្មេងខ្ចី​ម្នាក់ដែល​មិន​អាច​មាន​សមត្ថ​ភាព​ទ​ប់​ទល់​ជាមួយ​គាត់​បាន​នោះ​ទេ ដោយ​គាត់​បាន​អះ​អាង​ថា គាត់​អាច​មាន​លទ្ធ​ភាព​ផ្តួល ​ផាន់ ​សុផាត ​ឱ្យ​សន្លប់​ដោយ​មិន​ពិបាក​ទេ​។ 

​អ្នក​គ្រប់​គ្រង​ក​ម្មវិធី​ប្រដាល់​ប្រចាំ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥​រូបនេះ​បញ្ជាក់​ថា​៖ «​កីឡាករ Tuon Pe បាន​ប្រាប់​ខ្ញុំ​ថា គាត់​អាច​នឹង​ផ្តួល​ផាន់ ​សុផាត ​ឱ្យ​សន្លប់​នៅ​ទឹក​ទី​២ ព្រោះ​សមត្ថ​ភាពនិង​បទ​ពិសោ​ធន៍​នៅ​ខ្ចី​។ ហេតុ​នេះ​ការ​ចាញ់​របស់ Tuon Pe លើក​នេះ ​ដោយ​សារ​គាត់​បាន​ប្រមាថ ​និង​មើល​ស្រាល​ពី​សមត្ថ​ភាពរ​បស់ ​ផាន់ សុផាត ​គឺ​មិន​មែ​នជា​ការធ្វើ​ពុត​នោះ​ឡើយ​ ហើយ​គាត់​មាន​ការ​សោក​ស្តាយ​ខ្លាំង​ចំពោះ​ការ​បរាជ័យ​នេះ ​ប៉ុន្តែ​នៅតែ​ចង់​ជួប​កីឡា​ករ​កម្ពុជា​ ដែល​មាន​សមត្ថ​ភាព​ខ្លាំង  ជា​ពិសេស​អ្នក​ចូល​ចិត្ត​វាយ​បុក​»​។​


​តាម​រយៈ​ការ​ប្រកួត​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ កាល​ពី​យប់​ថ្ងៃអា​ទិត្យ​នោះ Tuon Pe បាន​ស្វា​គមន៍​ ផាន់​ សុផាត ដោយ​ការ​លោត​បុក​ជង្គង់ ​ប៉ុន្តែ​ត្រូវ​បាន​ជើង​ថ្មី​របស់​កម្ពុជា​រូបនេះ ​ម៉ាត់​ចូល​៣​ដៃ និង​ទាត់​ថែម​ ១​ ជើង ​ឡើង​សឺ​តាំង​ពី​ដើម​ទឹក​ទី​១​។ ជា​មួយ​គ្នានេះ​ សុផាត​ បាន​តាម​ទាត់ ​និង​ម៉ាត់​ថែម​ចូល​ធ្ងន់ៗ ​ហើយ​ពេល​ឃើញ ​Tuon Pe រាង​វង្វេង​នោះ ​ផាន់​ សុផាត ​បាន​ទាត់​ឆ្វេង​ចំ​ភ្លៅ​ខាង​ស្តាំបណ្តាល​ឱ្យ​ដៃគូ​ជើង​ចាស់​ម្នាក់​នេះ ​ដួល​ដេក​ទាំង​ឈឺ​ចាប់ ហើយ​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​ជា​លើក​ទី​១​។​

Tuon Pe បាន​ព្យា​យាម​ក្រោក​ឡើង​ដើម្បី​ប្រកួត​បន្ត​ជា​មួយ​ជើង​ថ្មី ផាន់ ​សុផាត ​ហើយ​រូបគេ​បាន​ញ​ញឹម​នៅ​ពេល ​សុផាត​ បាន​តាម​ទាត់​ទៅលើ​របួស​ចាស់​ជើង​ខាង​ស្តាំ​នេះ ប៉ុន្តែ​វិធី​សាស្ត្រ​បង្វែ​រស្ថាន​ភាព​ពិត​របស់ ​Tuon Pe ​ត្រូវ​បាន ផាន់ ​សុផាត​ មើល​ដឹង ​ដោយ​រូប​គេនៅតែ​បន្ត​តាម​ម៉ាត់​និង​ទាត់​ទៅ​លើ​ជើង​ខាង​ស្តាំរ​ហូត​ធ្វើឱ្យ​ខ្លា​ចាស់​របស់​ថៃ​ម្នាក់​នេះដួល​ក្រោក​លែ​ងរួចនៅ​ចុង​ទឹក​ទី​១​តែ​ម្តង​។

​​កីឡាក​រ ផាន់ សុផាត បាន​បង្ហាញ​ការ​រីក​រាយ​ខ្លាំងចំពោះ​ការ​ផ្តួល Tuon Pe ឱ្យ​សន្លប់​យ៉ាង​លឿន​នេះ ​ព្រោះ​សូម្បី​រូបគេ​ផ្ទាល់ក៏​មិន​នឹក​ស្មាន​ថា ​អាច​វាយ​ឱ្យ​កីឡាករ​ស៊ូ​ខ្លាំង​របស់​ថៃ​ម្នាក់​នេះ​ ចុះ​ចាញ់​លឿន​បែប​នេះ​នោះដែ​រ​។ ប៉ុ​ន្តែ​កីឡាករ​កម្ពុជា​ឡុង ឡា ដែល​ទើប​ឈ្នះ​បាន​មេដាយ​ប្រាក់​ពី​ការ​ប្រកួត​ MMA ជើងឯក​ពិភព​លោក​បាន​ចាញ់​ពិន្ទុ​កីឡា​ករ​​ថៃ Den Phechhit ដោយ​អស់​ចិត្ត ចំណែក​ ថុល​ មករា​ បាន​ត្រឹម​ស្មើ​ពិន្ទុ​ជា​មួយ​កីឡាករ​របស់​ឡាវ ​Sing  Yai​៕