ភ្នំពេញៈ​ ​ក្រសួងមហាផ្ទៃ កំពុង​ចុះ​ជំ​រុញឱ្យ​អាជ្ញាធរ​ទាំង ​២៥ ​រាជ​​ធានី​-ខេត្ត ពង្រឹង​ការអនុវត្ត​គោល​​នយោបាយ​ភូមិ​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ដែល​ផ្ដោតទៅលើ​ការ​យកចិត្តទុកដាក់​លុប​បំបាត់​ការ​ជួញដូរ ​និង​ការប្រើប្រាស់​គ្រឿង​​ញៀន​នៅក្នុង​សហគមន៍​។​


​លោក ទូច សុ​ខៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២៥ ធ្នូ​ថា លក្ខណ​​សម្បត្តិ​គោលនយោបាយ​ភូមិ ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​មាន ៧ ​ចំណុច​សំខាន់ ​ដែល​មន្ត្រី​ក្រសួង​កំពុង​ចុះ​ពង្រឹង​ការអនុវត្ត គោល​នយោបាយ​នេះ គឺ​នៅ​ទូទាំង​រាជ​​ធានី​-​ខេត្ត​របស់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ធានា​ដល់​បរិយាកាស​ស​ង្គ​ម ដែលមាន​សន្តិសុខ និង​សុវត្ថិភាព​ល្អប្រសើរ ជាពិសេស​ផ្ដល់​ភាពកក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​។​

​ចំណុច​គោល​ទាំងនេះ​រួមមាន​៖ ទី​១. ផ្តល់​សេវាសាធារណៈ ជាពិសេស សេវា​រដ្ឋបាល​ប្រកបដោយ​គុណភាព តម្លាភាព និង​ទទួលបាន​ជំនឿ​ទុកចិត្ត​, ទី​២. គ្មាន​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែង​ស៊ី​សង​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ​,​ទី​៣. មាន​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ ជាពិសេស គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​។ ទី​៤.​គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ​គ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ និង​គ្មាន ក្មេង​ទំនើង​, ទី​៥. ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធតុលាការ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​,​ទី​៦.​ មាន​អ​នា​​ម័​យ មាន​សោភណភាព​ល្អ និង​បរិស្ថាន​ល្អ និង​ចំណុច​ចុងក្រោយ គឺ​ឆ្លើយតបបាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្តរាយ និង​រាល់​ជំងឺឆ្លង​រាតត្បាត​កាច​សាហាវ​ប្រកបដោយ​ប្រសិទ្ធភាព​។​


​លោក ទូច សុ​ខៈ បញ្ជាក់ថា​៖ «​ការចុះទៅ​ជំរុញ​ពង្រឹង​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​នេះ គឺមាន​សារៈសំខាន់​ខ្លាំងណាស់ បានជា​ថ្នាក់ដឹកនាំ​បង្កើតឡើង ដែល​ក្នុងនោះ​ក្រសួង​ជា​អ្នក​ជួយ​គាំទ្រ ត្រួតពិនិត្យ​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ដែល​ប្រឈម​បញ្ហា​ផ្សេងៗ​»​។ លោក​ថា​៖«​ដូច្នេះ​រាល់​ការត្រួតពិនិត្យ​ទាំងអស់​ហ្នឹង​គឺ​មិនមែន​ដាក់បន្ទុក​កំហុស​លើ​ថ្នាក់ក្រោម​ជាតិ​នោះទេ ប៉ុន្តែ​យើង​ចូលរួម​គាំទ្រ​និង​ផ្ដល់​អនុសាសន៍​ផ្សេងៗ​ជូន​ពួកគាត់​»​។​

​នៅ​អាណត្តិ​ថ្មី​នេះដែរ ក្រសួងមហាផ្ទៃ​ក៏បាន​ដាក់​ទិសដៅ​អាទិ​ភាព​ចំនួន ៦ ​ចំណុច​ដោយ​ផ្តោតលើ​បញ្ហា​គ្រឿងញៀន​, បញ្ហា​ច​រា​ចរណ៍​, បញ្ហា​បទល្មើស​នានា​ដែល​កើតឡើង​នៅតាម​មូលដ្ឋាន​,​ការ​គ្រប់គ្រង​ក្រុម​ក្មេង​ទំនើង​, បញ្ហា​ការជួញដូរ​មនុស្ស និង​ញ្ហា​ដែល​កើតឡើង​នៅតាម​បណ្ដា​ព្រំដែន​ជាប់​ប្រទេសជិតខាង​។ ទិសដៅ​អាទិភាព​ទាំងនេះ គឺ​មិនមែន​សម្រាប់តែ​អនុវត្ត​នៅ​ឆ្នាំ​ ២០២៤​ ខាងមុខនេះ​នោះទេ​ប៉ុន្តែ​វា​ជា​ទិស​ដៅ​សម្រាប់​អនុវត្ត​ក្នុង​អាណត្តិ​ទី​៧ នេះ​តែម្តង​។ នេះ​បើតាម លោក ទូច សុ​ខៈ​។​


​លោក​បន្ថែមថា៖ «​ទិសដៅ​អាទិភាព​ទាំង ៦​ ចំណុច​នេះ​វា  ​ក៏​ស៊ីចង្វាក់​គ្នា ទៅនឹង​លក្ខណសម្បត្តិ​នៃ​គោលនយោបាយ ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ដូច្នេះ​មន្ត្រី​ក្រសួង​ដែល​ចុះទៅ​ធ្វើការ​ផ្សព្វផ្សាយ និង​ជំរុញ​លើ​ការងារ​នេះ នឹង​ណែនាំ​ឱ្យ​អាជ្ញាធរខេត្ត​ផ្តោតលើ​ការយកចិត្តទុកដាក់​ក្នុងការ​កាត់បន្ថយ និង​ឈានទៅដល់​ការលុបបំបាត់​ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​សហគមន៍​»​។​

​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​មើលឃើញថា មាន​មេឃុំ ចៅសង្កាត់ និង​នាយប៉ុស្តិ៍​ខ្លះ​ពួកគាត់​ក៏​អនុវត្ត​គោល​នយោបាយ​នេះ​បានល្អ និង​មាន​ប្រសិទ្ធភាព​ដែរ​។

​លោក​ គិ​ម​អេង បញ្ជាក់ថា​៖ «​អ៊ី​ចឹ​ង‌​​! ខ្ញុំ​គិតថា តាម​យោបល់​ខ្ញុំ ប្រសិនបើ​ចង់ឱ្យ​គោ​លន​យោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អាចអនុវត្ត​ទៅបាន​ប្រសិទ្ធ​ភាពល្អ គឺ​យើង​ផ្ដល់​មធ្យោបាយ​ទៅឱ្យ​ថ្នាក់ក្រោម​ជាតិ​ទៅ ហើយ​ជួយ​ពង្រឹង សមត្ថភាព​ពួកគាត់​ដែល​នៅ​ថ្នាក់ក្រោម​ជាតិ​ហ្នឹង​វិញ​»​។​

​លោក​បាន​បន្តថា ក្រៅពីនេះ អាជ្ញាធរ ក៏ត្រូវ​តែពិនិត្យ​មើលទៅ​លើ​រឿង​គ្រឿង​ស្រវឹង​ដែរ​មិនមែន​ផ្ដោត​តែ​លើ​បញ្ហា​គ្រឿងញៀន​នោះទេ ព្រោះ​ការប្រើប្រាស់​គ្រឿង​ស្រវឹង ក៏បាន​បង្កឱ្យមាន​ភាព​អសន្តិសុខ​សង្គម អំពើហិង្សា​នានា​នៅក្នុង​សហគមន៍​ដូចគ្នា​ផងដែរ​៕