​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែ​ត បានលើកឡើង​នូវ​គោលដៅ​ចម្បង និង​មូលដ្ឋានគ្រឹះ​នៃ​ទស្សនាទាន​ការអភិវឌ្ឍ​របស់​កិច្ចប្រជុំ​កំពូល នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ចំនួន​ ២ ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​កិច្ច​សហ​​ប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​ ៤​។​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង លើក​ទី​៤ ធ្វើឡើង​ក្រោម​មូលបទ «​ចូលរួម​កសាង​សហ​គម​ន៍​វាសនា​រួមគ្នា និង​ទំនើបកម្ម​ក្នុងចំណោម​ប្រទេស​មេគង្គ​-​ឡាន​ឆាង​» តាម​ប្រព័ន្ធ​វីដេអូ នា​រសៀល​ថ្ងៃទី​ ២៥ ខែធ្នូ ឆ្នាំ ​២០២៣​។​


​លោក ហ៊ុន ម៉ា​ណែ​ត តាមរយៈ​តេ​ឡេ​​ក្រាម​ផ្លូវការ​របស់លោក​បានលើកឡើង​ថា គោលដៅ​ចម្បង និង​មូលដ្ឋានគ្រឹះ​នៃ​ទស្សនាទាន​ការអភិវឌ្ឍ​របស់​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង គឺ​ដើម្បី​សម្រេច​បានការ​អភិ​​វ​ឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​នៃ​បណ្តា​ប្រទេស​អនុតំបន់ លើក​កម្ពស់​សុខុមាលភាពរ​បស់​ប្រជាជន បង្រួម​គម្លាត​នៃ​ការ​អភិវឌ្ឍ និង​ការកសាង​សហ​គម​ន៍​នៃ​អនាគត​រួម​សន្តិភាព និង​វិបុលភាព​។​

​លោក​បាន​បន្តថា​៖ «​តាម​​រយៈ​ការធ្វើសមាហរណកម្ម​ជា​មួយ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ប្រទេស​ចិន ចក្ខុ​​វិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​ ២០២៥ ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ​ ២០២៥ និង​កិច្ចសហប្រតិបត្តិការ​អនុតំបន់​​មេគង្គ​ផ្សេងទៀត និង​យន្ត​ការជំរុញ​ការអនុវត្ត​របៀបវារៈ​ឆ្នាំ​ ២០៣០ របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​និរន្តរភាព​ការអភិវឌ្ឍ​»​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​ការ​បរ​ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​​ ២៣ ខែ​​ធ្នូ បានឱ្យដឹងថា លោក ហ៊ុន ម៉ា​ណែ​ត ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​ ៤ នេះ​តប​តាម​ការអញ្ជើញ​របស់​ស​ហ​ប្រធាន​នៃ​កិច្ចប្រជុំ​គឺ​លោក មីន អ៊ុង​ឡាំង ប្រធាន​​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព មី​យ៉ាន់​ម៉ា និង​លោក លី ឈាង នាយក​រដ្ឋ​​មន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជា​មា​​និ​ត​ចិន​។​

​សេចក្តីប្រកាស​របស់​ក្រសួង​ការបរទេស បាន​បញ្ជាក់ថា ឯកសារ​ចំនួន ​៣ គ្រោង​នឹង​អនុ​ម័ត​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ រួមមាន​៖ (១) សេចក្តី​ថ្លែង​​ការណ៍​ទីក្រុង​ណៃ​ពិដោ (២) ផែនការ​សកម្មភាព ​៥ ​ឆ្នាំ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (២០២៣- ២០២៧) និង (៣) គំនិត​ផ្តួចផ្តើម​រួម​ស្ដីពី​ការអភិវឌ្ឍ​ច្រករបៀង​ន​វា​​នុ​វត្ត​ន៍​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង​។​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី៤ ​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍ ដ៏​សំខាន់​សម្រាប់​ប្រទេស​សមា​​ជិ​ក​មេគង្គ​-​ឡាន​ឆាង ដើម្បី​សម្រេចបាន​នូវ​គោលដៅ​រួម​ក្នុងការ​លើកកម្ពស់​សន្តិ​ភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​អនុតំបន់ ព្រមទាំង​ជំរុញ​កិច្ច​សហ ប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឈាន​ទៅមុខ​បន្ថែមទៀត តាមរយៈ​ការដាក់ឱ្យ​អនុវត្ត​ផែន​ការ​សកម្មភាព​ ៥ ​ឆ្នាំ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​។​


​លោក គិ​ន ភា ប្រធាន​វិទ្យា​​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី ​២៥ ខែធ្នូ​ថា កិច្ច​​ប្រជុំ​នេះ​មាន​សារៈសំខាន់​ណាស់​នៅក្នុង​បណ្តា​ប្រទេស​នៅ​តំបន់​មេគង្គ​ឡាន​ឆាង ដែល​នៅក្នុង​ឯកសារ​គោល​ទី​ ១ ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​បណ្តា​ប្រទេស​មេគង្គ គឺជា​រឿង​មួយ​សំខាន់បំផុត​សម្រាប់​ប្រទេស​នៅ​តំបន់​មេគង្គ​។​

​លោក​បាន​បន្តថា​៖ «​យើង​ឃើញថា យើង​នៅមាន​គម្លាត​នៃ​ការអភិវឌ្ឍ​ច្រើន បើ​យើង​មើល​ដូចជា កម្ពុជា ឡាវ មី​​យ៉ាន់​ម៉ា ហាក់​នៅ​ឆ្ងាយ​ពី​គេ បើ​ធៀប​ជាមួយនឹង​ថៃ វៀត​ណា​ម ហើយ​និង​ចិន ដែលមាន​ការអភិវឌ្ឍ​រីកចម្រើន​ខ្លាំង​។ អ៊ីចឹង​ទេ​! ការរួមចំណែក​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​បណ្តា​ប្រទេស​មេគង្គ​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​កម្រិត​នៃ​ការអភិវឌ្ឍ​ប្រហាក់ប្រហែលគ្នា​គឺជា​រឿង​សំខាន់​»​។​

​លោក គិ​ន ភា បាន​បន្តថា ចំណែក​ទាក់ទង​នឹង​សន្តិភាព វិបុលភាព​តំបន់ គឺជា​រឿង​សំ​ខាន់​ផងដែរ ដើម្បី​ធានា​ការ​​អភិវឌ្ឍ​នូវ​វិបុលភាព​ផ្សេងៗ​។​លោក​បាន​បន្តថា ដោយឡែក ចក្ខុវិស័យ​របស់​សហ​គម​ន៍​អាស៊ាន​ឆ្នាំ ​២០១៥ ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន និង​កិច្ចសហប្រតិបត្តិការ​នៅ​អនុ​​តំបន់​មេគង្គ​ផ្សេងទៀត​សម្រាប់​ការជំរុញ​ការអនុវត្ត​របៀបវារៈ​ឆ្នាំ​ ២០៣០ ​របស់​អង្គការ​សហ​​ប្រជាជាតិ​ក៏មាន​សារៈសំខាន់​ដែរ បើ​មានការ​អនុវត្តបាន ព្រោះ​ការតភ្ជាប់​នេះ​ជា​រឿង​សំខាន់​។​

​លោក​បាន​ថ្លែងថា ៖ «​យើង​ដឹង​ហើយ​ថា ការតភ្ជាប់​ផ្ទៃក្នុង​តំបន់​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ដែល​វា​ជា​កត្តា​ជំរុញឱ្យមាន​លំហូរ​វិនិយោគទុន​ផ្ទា​ល់ពី​បរទេស​មកកាន់​តំបន់​មេគង្គ​ឱ្យបាន​កាន់តែច្រើន ហើយ​ជំរុញ​ការលើកកម្ពស់​ការផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​តំបន់​មេគង្គ ហើយនឹង​ពី​មេគង្គ​ទៅកាន់​តំបន់​ផ្សេងទៀត ហើយក៏​ជាការ​ជំរុញ​ការតភ្ជាប់​ឬក៏​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​ផងដែរ​»​។ លោក គិ​នភា បាន​បន្ថែមថា ប្រសិនបើ​មូលដ្ឋានគ្រឹះ ​២ ​នេះ​អាច​អនុវត្តបាន នោះ​នឹង​ទទួលបាន​ផល​ប្រយោជន៍​ទាំងអស់គ្នា​៕