ពោធិ៍សាត់ៈ លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​កាត់បន្ថយ​ផ្ទៃដី​ធ្វើស្រែ​ប្រាំង ដោយសារ​ប្រភពទឹក​នៅក្នុង​ខេត្តមិនអាច​អន្តរាគមន៍​ជួយ​បាន​គ្រប់គ្រាន់​ទេ ពីព្រោះ​ទឹក​សម្រាប់​បង្កបង្កើនផល​ស្រូវ​ក្នុង​រដូវប្រាំង​មាន​សម្រាប់តែ​ផ្ទៃដី​ ២​ ​ម៉ឺន​ហិកតា​ប៉ុណ្ណោះ ខណៈ​ផ្ទៃដី​ដែល​កសិករ​បង្កបង្កើន​ផល​មាន​ដល់​ទៅ​ជាង ៤ ​ម៉ឺន​ហិកតា​។​


​លោក ​ខូ​យ រី​ដា លើកឡើង​កាលពី​ថ្ងៃទី​ ២៤ ខែធ្នូ តាមរយៈ​ហ្វេ​ស​ប៊ុ​កលោក​ថា​៖ «​សូម​អំពាវ​នាវ​ដល់​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​មេត្តា​កុំ​បង្កបង្កើន​ផល​លើក​ទី​ ៣ ​ទៀត​ព្រោះ​ប្រភពទឹក​មិនអាច​អន្តរាគមន៍​ជូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ​បាន​តាម​តម្រូវ​ការ​ទេ ដែល​អាចធ្វើឱ្យ​យើង​ខាត​​បង់ ថវិកា​ដោយ​មិន​ទទួលបាន​ផល​ឡើយ​»​។ 

​ទោះជា​យ៉ាងណា លោក​អភិបាលខេត្ត​ក៏បាន​លើក​ឡើង​ដែរ​ថា រដ្ឋបាលខេត្ត​នឹង​ខិតខំ​រក​ដំណោះស្រាយ​ឱ្យអស់​លទ្ធ​​ភាព​សម្រាប់​ជួយ​អន្តរាគមន៍​ដល់​កសិករ​ដែល​កំពុង​បង្កបង្កើនផល​ស្រូវ​លើក​ទី​២ និង​លើក​ទី៣ ​ក្នុង​រដូវប្រាំង​នេះ​ដែល​មកដល់ពេលនេះ​ទំនប់ទឹក​ដ៏​ធំ​របស់​ខេត្តពោធិ៍សាត់​គឺ​ទំនប់​ទី​ ៥ ចាប់ផ្តើម​អន្តរាគមន៍​បញ្ចូល​ទឹក​ចូលក្នុង​ស្រែ​ដែរ​។​


​ជុំវិញ​បញ្ហា​នេះ​លោក ហៃ ធូ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​ ២៥ ខែធ្នូ បាន​ប្រាប់​ឱ្យដឹងថា គិត​មកទល់​បច្ចុប្បន្ន​នេះ​ខេត្ត​ពោធិ៍សាត់ មិនទាន់មាន​ការខ្វះ​ខាត​ទឹក​សម្រាប់​ផ្គត់ផ្គង់​ដល់​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​បន្ត​សម្រុក​ធ្វើ​ស្រូវប្រាំង​កាន់តែច្រើន​ថែមទៀត វា​អាច​នឹង​ប្រឈម​ខ្វះខាត​ទឹក​ជាក់​ជាមិនខាន​ឡើយ​។​

​លោក​ថ្លែងថា​៖ «​និយាយ​ទៅ មកទល់ពេលនេះ យើង​មិនទាន់មាន​ការខ្វះខាត​ទឹក​ទេ គ្រាន់តែ​ត្រៀមៗ ពីព្រោះ​ប្រជាពលរដ្ឋ​គាត់​សម្រុក​ធ្វើ​ច្រើនពេក ស្រូវ​ឡើងថ្លៃ​ផង គាត់​ក៏​នាំគ្នា​សម្រុក​ធ្វើ គឺ​ច្រូត​ហើយ​ធ្វើៗ​។​យើង​ក៏​ចុះទៅ​ពិនិត្យមើល​កន្លែង​ណា​ខ្វះខាត​យើង​បង្ហូរ​តិចៗ​ឱ្យ​គាត់​ដែរ​»​។​


​បើតាម​លោក ហៃ ធូ​រ៉ា សម្រាប់​ការប្រមូល​ផល​ស្រូវ​ឆ្នាំនេះ លឿន​ជាង​ឆ្នាំមុន បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​ដី​នៅជាប់​ប្រឡាយ និង​ទឹកស​ល់ពី​រដូវវស្សា​ផង ក៏​នាំគ្នា​បន្តធ្វើ​ស្រូវប្រាំង​នេះ​ច្រើនឡើងៗ​។ ដូច្នេះ បើ​ពួកគាត់​នៅតែ​បន្តធ្វើ​ទៀត​អាច​នឹងធ្វើ​ឱ្យមាន​ភាព​រាំ​ង​ស្ងួត​ដោយសារតែ​កង្វះខាត​ទឹក​សម្រាប់​បង្ហូរ​ចូលទៅក្នុង​ស្រែ​របស់​ពួកគាត់​។​

​ជា​ដំណោះស្រាយ​បឋម គឺ​រដ្ឋ​បាល​ខេត្តពោធិ៍សាត់​បាន​ជូនដំណឹង​ដល់​រដ្ឋបាល​ស្រុក និង​ឃុំ សង្កាត់ ដែល​ចំណុះឱ្យ​ខេត្ត ត្រូវ​ចុះទៅ​ណែនាំ និង​ពន្យល់​ប្រជាពលរដ្ឋ កុំឱ្យ​ធ្វើស្រែ​ប្រាំង​លើក​ទី​៣ ​ឬ​ទី​៤​ ទៀត ព្រោះ​អាច​ប្រឈម​នឹង​ការខាតបង់​ថវិកា និង​ពេលវេលា ដោយសារតែ​គ្មាន​ទឹក​។ ជាមួយគ្នានេះ​លោក​ហៃ ធូ​រ៉ា ក៏បាន​បញ្ជា​ក់ទៀត​ដែរ​ថា សម្រាប់​ប្រព័ន្ធធារាសាស្ត្រ​នៅក្នុង​ខេត្ត គឺ​មិន​ខ្វះ​ទេ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​ចោទ គឺ​ប្រព័ន្ធ​វា​រី​អគ្គិសនី​ទឹក​ពោធិ៍សាត់​មិនទាន់​ធ្វើ​ហើយ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​យើង​សង្ឃឹមថា ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​ធ្វើ​រួច​នៅ​ឆ្នាំ​ ២០២៥ យើង​អាច​ស្តុក​ទឹក​បន្ថែម វា​អាចជួយ​កសិករ​បង្កើន​លទ្ធភាព ធ្វើស្រែ​ប្រាំង​បាន​ច្រើនដង​ថែម​»​។​

​សូម​បញ្ជាក់ដែរថា ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង កាលពី​សប្តាហ៍​មុន ដោយបាន​អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​ដែន​​ដី និង​ប្រជាពលរដ្ឋ ជាពិសេស​បណ្តា​តំបន់​ជនបទ​ដាច់ស្រយាល ចូលរួម​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​។

ក្រសួង​បាន​បញ្ជាក់ថា ការ​ព្យាករ​អាកាសធាតុ​លើក​ទី១ សម្រាប់​រដូវប្រាំង (​ខែធ្នូ ឆ្នាំ ​២០២៣ ដល់​ដើមខែ​ឧសភា ឆ្នាំ​ ២០២៤) ចាប់ពី​ខែកុម្ភៈ ដល់​ដើម​​ខែឧសភា អាកាសធាតុ​កើន​កម្ដៅ​ជា​លំដាប់ នឹង​ក្តៅ​ខ្លាំង​នៅក្នុង​ខែមេសា ដល់​ដើមខែ​ឧសភា ជាមួយនឹង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៨ ​អង្សា​សេ និង​សី​តុ​ណ្ហ​ភាព​អតិបរមា​នៅក្នុង​ថ្ងៃ​ខ្លះ​អាច​ឡើងដល់ ៤១​ អង្សា​សេ​។​

​ក្រសួង​បញ្ជាក់ថា​៖​ «​សូម​អំពាវ​នាវ​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន សូម​ចូលរួម​សហការ​ថែរក្សា និង​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ក្នុង​កម្រិត​ខ្ពស់បំផុត ជាពិសេស​បណ្តា​តំបន់​ជនបទ​ដាច់ស្រយាល នៅ​ឆ្ងាយ​ពី​ប្រភពទឹក​»៕