​ភ្នំពេញៈ អាជ្ញាធរ​អគ្គិសនី​កម្ពុជា គ្រោង​កំណត់​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​ឆ្នាំ ២០២៤ ដោយ​រក្សា​ស្ថានភាព​ថ្លៃ​អគ្គិសនី និង​រចនាសម្ព័ន្ធ​ថ្លៃ​អគ្គិសនី​ឱ្យនៅ​ដដែល​ដូច​ឆ្នាំ​​ ២០២៣ ដោយ​គ្រាន់តែ​បន្ថយ​អត្រា​ថ្លៃ​ប្រើប្រាស់​អានុភាព និង​កែលម្អ​លក្ខខណ្ឌ​និង​រចនាសម្ព័ន្ធ​ថ្លៃ​ខ្លះ​ដែល​មិន​ធ្វើឱ្យប៉ះពាល់​ដល់​អត្រា​ថ្លៃ​លក់​របស់​អ្នកប្រើប្រាស់​អគ្គិសនី​ឡើយ​។​


​នេះ​បើ​យោងតាម​សេចក្តី​ជូន​​ដំណឹង​របស់ខ្លួន​ដែល​ចុះហត្ថលេខា​ដោយ​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​លោក ​យឹម វិសិដ្ឋ ដល់​អ្នកប្រើប្រាស់​អគ្គិសនី​ដែល​ស្ថិតនៅក្នុង​តំបន់​ផ្គត់ផ្គង់​អគ្គិសនី​របស់​អ្នកផ្គត់ផ្គង់​អគ្គិសនី​ឯកជន​ចំនួន ៣៤២ ​អាជ្ញាប័ណ្ណ​គ្របដណ្តប់​លើ​ភូមិសាស្ត្រ​ ២៤ រាជធានី​-​ខេត្ត​។​

​នៅក្នុង​សេចក្តីជូនដំណឹង​នោះ​លោក​បាន​លើកឡើងថា យោងតាម​ប្រកាស​របស់​ក្រសួង​រ៉ែ និង​ថាមពល​ចុះ​ថ្ងៃទី​ ១២ ខែធ្នូ ឆ្នាំ ​២០២៣ ស្ដីពី​ការដាក់ឱ្យ​អនុវត្ត​ផែនការ​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​សម្រាប់​ឆ្នាំ​ ២០២៤ អាជ្ញាធរ​អគ្គិសនី​​កម្ពុជា​គ្រោង​កំណត់​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​ឆ្នាំ​ ២០២៤ គឺ​រក្សា​ស្ថានភាព​ថ្លៃ​អគ្គិសនី និង​រចនាសម្ព័ន្ធ​ថ្លៃ​អគ្គិសនី​ឱ្យនៅ​ដដែល​ដូច​ឆ្នាំ​ ២០២៣ ដោយ​គ្រាន់តែ​បន្ថយ​អត្រា​ថ្លៃ​ប្រើប្រាស់ អានុភាព និង​កែលម្អ​លក្ខខណ្ឌ និង​រចនាសម្ព័ន្ធ​ថ្លៃ​ខ្លះ​ដែល​មិន​ធ្វើឱ្យប៉ះពាល់​ដល់​អត្រា​ថ្លៃ​លក់​របស់​អ្នកប្រើប្រាស់​អគ្គិសនី​ទេ​។​


​ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្នុងករណី​ថ្លៃ​សម្រាប់​អ្នកប្រើប្រាស់​មាន​ដាក់​ដំឡើង​ប្រភព​ពន្លឺព្រះអាទិត្យ​ត្រូវដាក់​ផែនការ​ឱ្យ​អនុវត្តតាម​ការកំណត់​នៅក្នុង​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​ឆ្នាំ​ ២០២៣ ជា​បណ្តោះអាសន្ន​សិន រហូតដល់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ធ្វើការ​កំណត់​អត្រា​ថ្លៃ​ប៉ះប៉ូវ​ពី​អ្នកប្រើប្រាស់​ដែលមាន​ដំឡើង​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រកាស​របស់​ក្រសួង​រ៉ែ និង​ថាមពល​ជា​ផ្លូវការ​រួចរាល់ ទើប​កំណត់ឱ្យ​អនុវត្តតាម​អត្រា​ថ្លៃ​ប៉ះប៉ូវ​នេះ​។​

​លោក​ យឹម វិសិដ្ឋ បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​នោះ​ថា អនុវត្តតាម​នីតិវិធី​កំណត់​របស់​ច្បាប់​ស្តីពី​អគ្គិសនី​នៃ​កម្ពុជា អាជ្ញាធរ​អគ្គិសនី​កម្ពុជា​សូម​ដាក់​ «​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​»​ នេះ ពិគ្រោះ​​យោបល់​ជា​សាធារណៈ ជាមួយ​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន និង​អ្នកប្រើប្រាស់​អគ្គិសនី​នៅក្នុង​តំបន់​ផ្គត់ផ្គង់​អគ្គិសនី​ឯកជន​ទាំង ​៣៤២ អាជ្ញាប័ណ្ណ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី ​១៥ ខែមករា ឆ្នាំ ​២០២៤​។​


​លោក​បាន​បន្តថា​៖ «​ក្រោយ​ថ្ងៃទី ​១៥ ខែមករា ឆ្នាំ ​២០២៤ បញ្ជី​ថ្លៃ​លក់​អគ្គិ​ស​នី​នេះ នឹងត្រូវ​ចាត់ទុកថា បាន​ឆ្លងកាត់​ការពិគ្រោះ​យោបល់​រួចហើយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា អាចធ្វើ​ការពិនិត្យ និង​អនុម័ត​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​នេះ ទៅតាម​ការកំណត់​រប​ស់​ច្បាប់​ស្តីពី​អគ្គិសនី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​លោក យឹម វិសិដ្ឋ បញ្ជាក់ទៀតថា​៖ «​ដើម្បីឱ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​អាចអនុវត្ត​ការកំណត់​បញ្ជី​ថ្លៃ​លក់​អគ្គិសនី ស្របទៅតាម​ច្បាប់​ស្តីពី​អគ្គិសនី អាជ្ញាធរ​អគ្គិសនី​កម្ពុជា​សំណូមពរ​ឱ្យ​ការផ្តល់​យោបល់​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា មាន​មូលដ្ឋាន​សំអាង​គ្រប់គ្រាន់ ដើម្បី​រក្សាបាន​យុត្តិធម៌​រវាង​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់​ផង និង​អ្នកផ្គត់ផ្គង់​ផង​»​។​

​លោក​ ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ​ការយល់ឃើញថា ការកំណត់ថ្លៃ​អគ្គិសនី​ឱ្យបាន​ច្បាស់លាស់ និង​ការបើក​ទទួលយក​សំណូមពរ និង​ការផ្តល់​យោបល់​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​នេះ គឺជា​ការអនុវត្ត​យ៉ាង​ត្រឹមត្រូវ ដែល​បង្ហាញ​ពី​តម្លាភាព និង​ប្រសិទ្ធភាព​នៃ​ការផ្គត់ផ្គង់​សេវា​អគ្គិសនី​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ដូច​យើង​ដឹង​ស្រាប់​ហើយ មនុស្ស ផ្លូវ ទឹក ភ្លើង ​(​អគ្គិសនី​)​ គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងសំខាន់​ក្នុង​ការកសាង​គ្រឹះ​នៃ​សេដ្ឋកិច្ចជាតិ​។ យើង​បាន​មើលឃើញ រាជរដ្ឋាភិបាល​បាន​ខិតខំ​ច្រើន​លើ​ការកសាង​បណ្តាញ​អគ្គិសនី ជាពិសេស​ការកសាង​ស្ថានីយ​វា​រី​អគ្គិសនី​បន្ថែម​ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ​ឱ្យបាន​គ្រប់គ្រាន់ ហើយ​នេះ​ជា​អ្វីដែល​យើង​គួរ​សាទរ​»​។​

​លោក ហុង វណ្ណៈ បាន​បន្ថែមថា ថ្មីៗ​នេះ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​ឱ្យ​អគ្គិសនី​កម្ពុជា​បញ្ចុះ​ថ្លៃ​បន្ថែម​ជូន​ចំពោះ​វិស័យ​កសិកម្ម​,​ការកែច្នៃ​កសិឧស្សាហកម្ម​,​ឧស្សាហកម្ម​,​ពាណិជ្ជកម្ម និង​ទេសចរណ៍​ទៅតាម​រដូវ​កាល​ដែលមាន​កំណើន​ដើម្បី​ជំរុញ​ការផលិត និង​បង្កើន​សកម្មភាព​ទេសចរណ៍ ក្នុងន័យ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​ក្រោយ​វិបត្តិ​ជា​សកល​បណ្តាលមកពី​កូ​វីដ ​១៩ និង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​

​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ ធ្លាប់បាន​លើកឡើង​ដែរ​ថា រាជរដ្ឋាភិបាល​បានផ្តល់​ការ​ឧបត្ថម្ភ​ធន​ជាង ១០០​ លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ​ពី​អាជីវកម្ម​របស់​អគ្គិសនី​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​ថ្លៃ​លក់​អគ្គិសនី​នេះ មាន​អត្រា​ថ្លៃ​អនុ​​គ្រោះ​ ៣៨០ ​រៀល​,៤៨០ ​រៀល និង ៦១០ ​រៀល​ក្នុង ១ ​គីឡូវ៉ាត់ម៉ោង សម្រាប់​ជួយ​ដល់​លំនៅឋាន​គ្រួសារ​មាន​ចំណូល​ទាប​និង​មធ្យម​ដែល​ប្រើ​អគ្គិសនី​តិច​, ថ្លៃ​ ៤៨០ ​រៀល​សម្រាប់​ជួយ​ដល់​ការប្រើប្រាស់​អគ្គិសនី​លើ​វិស័យ​កសិកម្ម​ដែល​ប្រើ​ពេលយប់​ចាប់ពី​ម៉ោង​ ៩:០០​ យប់ ដល់​ម៉ោង​ ៧:០០ ​ព្រឹក និង​ថ្លៃ​ ៦១០ ​រៀល ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង សម្រាប់​ជួយ​ដល់​អ្នកប្រើប្រាស់​ប្រភេទ​សាលារៀន មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​នៅ​ជនបទ​»៕