​ភ្នំពេញៈ លោកស្រី ម៉ែន សំអន ឧ​ត្ត​ម​​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បានលើកឡើង​ថា ប្រសិនបើ​គ្មាន​ការឯកភាព​ជាតិ គ្មាន​សុខសន្តិភាព​ទេនោះ ការអភិវឌ្ឍ​ផ្សេងៗ​ក៏​មិនអាច​រុញ​ទៅមុខ​បានដែរ ទាំង​វិស័យ​ពុទ្ធចក្រ និង​វិស័យ​អាណាចក្រ​។​


​ការលើកឡើង​របស់លោក​ស្រី ម៉ែន សំអន បែបនេះ​នៅក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា​នៅក្នុង​វត្ត​ចាក់អង្រែ​ក្រោម​ក្នុង​សង្កាត់​ចាក់អង្រែ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ ​២០២៣​។​

​លោកស្រីបានលើកឡើង​នៅក្នុង​ហ្វេ​ស​ប៊ុ​កថា សមិទ្ធផល​ជិត ​១ ​លាន​ដុល្លារ​នៅ​វត្ត​ចាក់អង្រែ​ក្រោម​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នេះ​ដើម្បី​ទុកជា​ប្រយោជន៍​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ក្រោម​ដំបូល​សុខសន្តិភាព ហើយ​រាល់​សមិទ្ធផល​ទាំងឡាយ​ដែល​បាន​អភិវឌ្ឍ គឺ​ដោយសារ​ប្រទេស​មាន​សុខសន្តិភាព​ដែល​ទាំងអស់គ្នា​ទទួលបាន​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ដែល​បាន​អនុវត្ត​ទៅលើ​នយោបាយ​ឈ្នះ ឈ្នះ​។​


​លោកស្រី ម៉ែន សំអន បាន​មានប្រសាសន៍ថា៖ «​ប្រសិនបើ​គ្មាន​ការឯកភាព​ជាតិ គ្មាន​សុខសន្តិភាព​ទេនោះ ការអភិវឌ្ឍ​ផ្សេងៗ ក៏​យើង​មិនអាច​រុញ​ទៅមុខ​បានដែរ ទាំង​វិស័យ​ពុទ្ធចក្រ និង​វិស័យ​អាណាចក្រ​ពោលគឺ​ពុទ្ធបរិស័ទ​ ១ ​រូបៗ​គ្មាន​លទ្ធភាព​បង្កបង្កើន​ចំណូល​យកមក​ចូល​បច្ច័យ​ដើម្បី​កសាង​សមិទ្ធផល​ក្នុង​ទី​អារាម ចំណែក​ព្រះសង្ឃ​ក៏​គ្មាន​ចង្ហាន់​គ្រប់គ្រាន់​ដែរ​»​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖ «​ប៉ុន្តែ​ដោយ​សារ​សន្តិភាព​មាននៅ​ក្នុងប្រទេស​យើង​នេះហើយ​ដែល​យើង​អាច​ជំរុញ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ធ្វើឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ពី ​១ ​ថ្ងៃ ទៅ ​១ ​ថ្ងៃ​មានការ​រីកចម្រើន​»​។​


​ជាមួយគ្នានេះ​លោកស្រី ម៉ែន សំអន ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា​សុខសន្តិភាព និង​ចូលរួម​ថែរក្សា​សមិទ្ធផល​នានា​ឱ្យនៅ​គង់​វង្ស​ដើម្បី​ជាការ​ចូលរួមចំណែក​លើ​ក​ស្ទួយ​ដល់​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​។​

​លោក ​ជ័យ តិច អ្នកសិក្សា​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៥ ខែធ្នូ​ថា ការលើកឡើង​របស់លោក​ស្រី ម៉ែន​សំអន គឺ​ពិតជា​ត្រឹមត្រូវ​ណាស់ ប្រសិនបើ​គ្មាន​ការឯកភាព​ជាតិ គ្មាន​សុខសន្តិភាព​ទេ ក៏​គ្មាន​ការអភិវឌ្ឍ រួមទាំង​វិស័យ​ពុទ្ធចក្រ​និង​វិស័យ​អាណាចក្រ​នោះដែរ​។​

​លោក​ ជ័យ តិច បាន​ថ្លែងឱ្យដឹងថា​៖«​សន្តិភាព​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​។ ដើម្បី​រក្សា និង​ពង្រឹង​ឯកភាព​ជាតិ សន្តិភាព នោះ​កម្ពុជា​ត្រូវ​ពង្រីក​លម្ហ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស អភិ​បាល​កិច្ច ព្រមទាំង​បង្ក​ភាពងាយស្រួល​ថែមទៀត​លើ​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ការលើកកម្ពស់​ជីវភាព​ប្រជា​ពលរដ្ឋ សេវា​គាំពារ​សង្គម​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ជាដើម​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ធ្លាប់បាន​លើកឡើងថា កត្តា​ជា​មូលដ្ឋាន​ចម្បង​ដែល​អ្វី​គ្រប់យ៉ាង អាច​កើតមាន និង​បន្ត​រីក​ទៅទៀត​តាម​ផែនការ តាម​គោលដៅ​ដែល​រាជរដ្ឋាភិបាល​ចង់បាន​ឱ្យ​ប្រទេស​ឈានទៅ​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០ គឺ​ត្រូវ​ធានា​ឱ្យបាន​សន្តិភាព​នៅក្នុង​ប្រទេស ដែល​នេះ​ជា​ពាក្យ​មិនអាច​បាត់​ចោល​បានទេ​។​

​លោក​បាន​ថ្លែងថា​៖ «​គ្មាន​សន្តិភាព​គឺ​គ្មាន​ស្ថិរភាព ហើយ​បើ​គ្មាន​ស្ថិរភាព គឺ​គ្មាន​ការអភិវឌ្ឍ​ស្រួលបួល​នោះទេ​។ ប្រជាជន​រងរបួស ស្លាប់ ដីស្រែ​ចម្ការ ដី​ធ្វើ​រោងចក្រ ក្លាយទៅជា​ដីចម្ការ​មីន​។ អ៊ីចឹង​ហើយ​បានជា​យើង​ត្រូវ​រួម​កសាង​ស្ថិរភាព​សេដ្ឋកិច្ច​ជាមួយនឹង​សន្តិភាព​»៕