ភ្នំពេញៈ កម្ពុជា​ដែល​ធ្លាប់ជា​ប្រទេស​ទទួល​កងកម្លាំង​រក្សា​សន្តិ​ភាព​របស់​អង្គការសហប្រជាជាតិ​ក្នុងសម័យ​អន្តរកាល​អ៊ុនតាក់ (UNTAC)​​ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០​ បាន​ប្រែក្លាយជា​ប្រទេស​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ក្រោម​ឆត្រ​ UN ដ៏​សកម្ម​ទៅកាន់​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​អាហ្រ្វិក មជ្ឈិម​បូ​ពា និង​អឺរ៉ុប​។​


​លើសពីនេះ​កម្ពុជា​នៅតែ​បន្ត​ការប្តេជ្ញា​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​បន្តទៀត​នៅពេល​មាន​តម្រូវការ​ពី ​UN ខណៈដែល​នៅ​ឆ្នាំ​ ២០២៤ កម្ពុជា​គ្រោង​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ប្តូរ​វេន​ប្រមាណ ​៦០០ ​បន្ថែមទៀត​ទៅកាន់​ប្រទេស​ចំនួន​ ៣​។

ចាប់​តាំង​ពី​ឆ្នាំ​ ២០០៦ កម្ពុជា​បាន​បញ្ជូន​កង​រក្សា​សន្តិភាព​ចំនួន​ជាង​ ៩ ពាន់​នាក់ ទៅ​បំពេញបេសកកម្ម​របស់ UN ក្នុងប្រទេស​ចំនួន ៩ រួមមាន ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ អាហ្រ្វិក​កណ្តាល ស៊ី​រី សាយ​ប្រឹស ម៉ាលី ឆាដ និង​យ៉េ​មែន​។ បច្ចុប្បន្ន​កម្ពុជា​មា​នក​ម្លាំ​ង​នៅក្នុង​ប្រព័ន្ធ​ត្រៀម​ជាស្រេច​របស់​ UN ហើយ​ការ​មាន​កងកម្លាំង​នៅក្នុង​ប្រព័ន្ធ​ត្រៀម​ជាស្រេច​នេះ​គឺ​ដើម្បី​នៅពេល​មាន​តម្រូវការ​ពី UN កម្ពុជា​អាច​ចល័ត​កងកម្លាំង​ទាំងនេះ​បាន​ភ្លាមៗ​។​


​លោកស្រី កុសល ម៉ា​លីន​ដា អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាពបាន​ប្រាប់ ​ភ្នំពេញ​​ ប៉ុស្តិ៍​ថា ក្នុង​ឆ្នាំ​ ២០២៤ ​នេះ កម្ពុជា​គ្រោង​បន្ត​​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ទៅកាន់​ប្រទេស​លី​បង់​ចំនួន​ ១៨៤ ​នាក់ អាហ្រ្វិក​កណ្តាល​មាន​ ២ ​កង ក្នុងនោះ​កងវិស្វកម្ម​មាន​ចំនួន​ ២៤៤​ នាក់ និង​កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​ (EOD) ចំនួន​ ៩៨​ នាក់ និង​ប្រទេស​ស៊ូដង់​ខាង​​ត្បូង​ចំនួន ៧៣ នាក់ លើកលែងតែ​ប្រទេស​ម៉ាលី ដោយសារ​បេសកកម្ម​ត្រូវបាន​បិទ​បញ្ចប់​។​

​ចំពោះ​ការបំពេញភារកិច្ច​រប​ស​កងកម្លាំង​មួក​ខៀវ​កម្ពុជា​នៅក្នុង​ប្រទេស​ទាំងនោះ លោកស្រីបញ្ជាក់ថា សម្រាប់​កង​អាវុធហត្ថ​នឹង​បំពេញភារកិច្ច​ជា​តម្រួត​សណ្តាប់ធ្នាប់ កងវិស្វកម្ម​នៅ​អាហ្រ្វិក​កណ្តាល​ដែល​ក្នុងនោះ​មាន​វិស្វកម្ម​ពហុ​ជំនាញ​ពាក់ព័ន្ធ​នឹង​ការកម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​នៅក្នុង​កងវិស្វកម្ម​នេះ​។


កងវិស្វកម្ម​ក្រៅពី​ធ្វើការ​ឈូសឆាយ​ផ្លូវ​ក៏មាន​ការជួយ​សាងសង់​បន្ទាយ​ស្នាក់​នៅ​របស់​មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ ក៏ដូចជា​បណ្តា​ប្រទេស​បរិច្ចាគ​កងកម្លាំង ហើយ​មានការ​​ជីក​អណ្តូង​ទឹកស្អាត​ផងដែរ​។ ដោយឡែក កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​នៅអាហ្រ្វិកកណ្តាល​គឺ​ចូលរួម​ក្នុង​សកម្មភាព​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​។​

​ចំពោះ​បញ្ហា​ប្រឈម​ក្នុងពេល​បំពេញការងារ​របស់​ក​ង​កម្លាំង លោកស្រី​កុសល ម៉ា​លីន​ដា បាន​បញ្ជាក់ថា​៖«​ក្រឡេកមើល លី​បង់ បច្ចុប្បន្ន ដោយសារតែ​ជម្លោះ​​រវាង​អ៊ីស្រា​អែល និង​ហា​ម៉ាស់ (Hamas) ​ហ្នឹង​មិនជា​ពាក់ព័ន្ធ​ដោយផ្ទាល់​ទេ ប៉ុន្តែ​គ្រាន់តែ​ថា យើង​បង្កើន​ការប្រុងប្រយ័ត្ន​អ៊ីចឹង​ណា៎​! ប្រសិនជា ដូច​ថា មានការ​​បាញ់​ផ្លោង​តទៅ​តម​ក UN ជាទូទៅ គឺ​គាត់​ប្រកាសអាសន្ន​ឱ្យកម្លាំង​យើង​ចូលក្នុង​ជម្រក​សុវត្ថិភាព​។ បើ​និយាយ​ទៅ​យើង​ទទួល​​បាន​ព័ត៌មាន​ពី​អង្គការ​សហ​ប្រជាជាតិ​ទាន់ពេលវេលា​ដែរ​ក្នុងការ​ការពារ​ខ្លួន​»​។​

​លោកស្រី​​ ម៉ា​លីន​ដា រៀបរាប់​បន្ថែមថា​៖ «​គ្រាន់តែ​ថា បើ​នៅអាហ្រ្វិក​កណ្តាល អ្វីដែល​យើង​ប្រឈម​ហ្នឹង​ដូចជា​គ្រុនចាញ់ ជំងឺឆ្លង​អី​ផ្សេងៗ​ទៀត​។ ភាគច្រើន​កម្លាំង​យើង​នៅអាហ្រ្វិក​កណ្តាល​គាត់​ត្រូវ​ធ្វើដំណើរ​ឆ្ងាយ​ដែរ​ក្នុង​ការជួយ​គាំទ្រ​ខាង​បេសកកម្ម​ហ្នឹង​។ អ៊ីចឹង ភាគច្រើន ដូចជា​គាត់​ប្រឈម​ជាមួយ​ក្រុម​ប្រដាប់​អាវុធ ដែល​ពេលខ្លះ​គាត់​ដូច​ថា កាត់​ដើមឈើ​ផ្តួលរំលំ​ក្នុងការ​រារាំង​មិនឱ្យ​កងកម្លាំង​រក្សា​សន្តិភាព​ធ្វើដំណើរ​ឆ្លងកាត់​។ នេះ​មិនមែន​តែ​កម្ពុជា​ទេ​ណា៎​! ប៉ុន្តែ​ទូទៅ​គឺ​កម្លាំង​រក្សា​សន្តិភាព​អង្គ​ការ​សហប្រជាជាតិ​ហ្នឹង​គឺ​គាត់​ទប់ស្កាត់​ដូច​ថា មិនឱ្យ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​ដែល​គាត់​គ្រប់គ្រង និង​កាន់កាប់​។ អ៊ីចឹង​វា​ប្រឈម​នឹង​បែប​ហ្នឹង​»​។

​លោកស្រី​បានលើកឡើង​ថា ពាក់ព័ន្ធ​នឹង​ការចូលរួម​បេសកកម្ម UN គឺ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ប្តេជ្ញា​បន្ត​ចូលរួម​នៅពេល​ដែលមាន​តម្រូវការ ដែល​បច្ចុប្បន្ន​កម្ពុ​ជាមាន​កម្លាំង​នៅក្នុង​ប្រព័ន្ធ​ត្រៀម​ជាស្រេច​របស់​ UN គឺ ១ ​កងវិស្វកម្ម​ពហុ​​ជំនាញ ១​ កង​អាវុធហត្ថ ១​ កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​បោស​​សម្អាត​មីន ១ ​កងវិស្វកម្ម​ស្ពាន​បណ្តែត​ទឹក និង​លើគោក​។​

​អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា កម្ពុ​ជាមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ UN និង​ប្រទេស​បរិ​ច្ចាគ​កងកម្លាំង​ហើយ​ការចូលរួម​របស់​កម្ពុ​ជា​ក្នុងការ​បញ្ជូន​កង​​កម្លាំង​រក្សា​សន្តិភាព​នេះ គឺ​កម្ពុជា​ទទួលបាន​ការទទួល​ស្គាល់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ជាពិសេស​ការកោតសរសើ​រ​ពី​មន្ត្រីជាន់ខ្ពស់​របស់ UN​ ផង ក៏ដូចជា​បណ្តា​ប្រទេស​បរិច្ចាគ​កងកម្លាំង​ដែល​កម្ពុជា​ឈរជើង​ជាមួយ​។​

​លោកស្រី​ កុសល ម៉ា​លីន​ដា បញ្ជាក់ថា ពាក់ព័ន្ធ​ទៅនឹង​ការចូលរួម​នេះ​កងកម្លាំង​រក្សា​សន្តិ​ភាព​របស់​កម្ពុ​ជាមាន​ជំនាញ និង​ចំណេះដឹង​ពិតប្រាកដ ជាពិសេស​ខាង​ផ្នែក IED នេះ ដែល​ទទួល​បានការ​កោតសរសើរ​ពី​ការចូលរួម​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី​។ មួយវិញទៀត​ប្រទេស​កម្ពុជា ធ្លាប់ជា​ប្រទេស​ដែល​ទទួល​កម្លាំង​រក្សា​សន្តិភាព​បានប្រែក្លាយ​ជា​ប្រទេស​ដែល​បញ្ជូន​កងកម្លាំង​ដោយសារ​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ​ក្រោម​ការដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ហើយ​កម្ពុជា​ក៏បាន​ចែករំលែក​ពី​សន្តិភាព​ទៅកាន់​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។​

​លោកស្រី​បន្ថែមទៀតថា​៖ «​អ៊ី​ចឹ​ង​យើង​ទទួល​បានការ​កោត​សរសើរ​ពី​ប្រទេស​ផ្សេងៗ​ទៀត ដោយសារ​យើង​ធ្លាប់​ទទួល​បេសកកម្ម ប៉ុន្តែ​យើង​ប្រែក្លាយជា​ប្រទេស​ដែលមាន​លទ្ធភាព​ក្នុង​ការបញ្ជូន​កងកម្លាំង​ចូលរួម​វិញ ហើយ​មួយទៀត អង្គការសហប្រជាជាតិ​កោតសរសើរ​យើង​ពាក់ព័ន្ធ​ទៅនឹង​ការចូលរួម​របស់​នារី​កម្ពុជា ដោយសារ​យើង​បានផ្តល់​ការហ្វឹកហ្វឺន ហើយ​យើង​បាន​លើកកម្ពស់​បង្កើន​ការចូល​​រួម​របស់​នារី​ហ្នឹង​គឺថា បាន​ទៅតាម​តម្រូវការ​របស់​អង្គការ​សហ​ប្រជាជាតិ ហើយ​រាជរដ្ឋាភិបាល​​កម្ពុជា​ក៏បាន​ប្តេជ្ញា​បន្ត​ពង្រីក​ការ​ចូលរួម​របស់​នារី​យើង​នៅក្នុង​តំបន់​បេសកកម្ម​ផងដែរ​។ អ៊ីចឹង​ពាក់ព័ន្ធ​នឹង​ចំណេះ​ជំនាញ​អី​គឺ​យើង​ទទួលបាន​ការ​កោត​សរ​សើរ​ជា​បន្តបន្ទាប់​»​។​

​ដោយ​ប្តេជ្ញា​ជំរុញ​សមភាព​យេនឌ័រ កម្ពុជា​គ្រោង​នឹង​បង្កើន​ចំនួន​កងកម្លាំង​នារី​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ឱ្យបាន ២០​ ភាគរយ​គិត​ត្រឹម​ឆ្នាំ​ ២០២៤​។​

លោកស្រី Melissa Brown ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរ​ទេស​សហរដ្ឋអាមេរិក បាន​ថ្លែង​កាលពី​ថ្ងៃទី ​១៥ ខែធ្នូ ក្នុងអំឡុង​ទស្សនកិច្ច​របស់លោក​ស្រី​នៅ​​កម្ពុជា​ថា វា​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ណាស់​ដែល​បានឃើញ​កម្ពុជា​ដើរតួនាទី​នៅលើ​ឆាក​អន្តរ​​ជាតិ​តាមរយៈ​កង​រក្សា​សន្តិភាព និង​ធ្វើជា​គំរូ​ដ៏​ល្អ​ដល់​ប្រទេស​
​មួយចំនួនទៀត​។​

​ឆ្លើយតប​នឹង​សំណួរ​របស់​ភ្នំ​ពេញ​ប៉ុស្តិ៍​ក្នុងជំនួប​ពិភាក្សា​តុមូល ជាមួយ​អ្នកសារព័ត៌មាន​ដែល​រៀបចំ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​លោក​ស្រី Melissa បាន​ថ្លែងថា​៖ «​ខ្ញុំ​ចង់ឃើញ​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​បន្ត​ស្ម័គ្រចិត្ត​បំពេញ​ការ​ងារ​ដ៏​លំបាក និង​ការងារ​ដ៏​សំខាន់​មួយចំនួន​ទាំងនេះ នៅ​ជុំវិញ​ពិភពលោក​ដែល​នេះ​ជា​ប្រភេទ​នៃ​ភាពជា​អ្នកដឹកនាំ​នៅលើ​ឆាក​​អន្តរជាតិ ដែល​នឹង​បន្ត​ធ្វើការ​ដើម្បី​ពង្រីក​បន្ថែម​»​។​

​ជាមួយគ្នានេះ លោក ចូ សូ​យ័រ  (Jo Scheuer) អ្នក​សម្រប​សម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​អំណរ​គុណ​ចំពោះ​កងកម្លាំង​រក្សា​សន្តិ​​ភាព រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​ដែល​បាន​ចូល​​រួម​បុព្វហេតុ​រួម​របស់​ពិភពលោក ដើម្បី​សម្រេចបាន​សន្តិភាព​។​

​សារ​ថ្លែងអំណរគុណ​លោក ចូ សូ​យ័រ ដែល​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ UN ប្រចាំ​កម្ពុ​ជានា​ថ្ងៃទី​ ២០ ខែធ្នូ ធ្វើឡើង​ក្រោយពី​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន ​៣៤៦​ នាក់​ដែល​បាន​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅ​ម៉ាលី និង​ស៊ូដង់​ខាងត្បូង​បានធ្វើ​មាតុភូមិនិវត្តន៍​មកកាន់​ប្រទេស​កម្ពុជា​វិញ កាលពី​ថ្ងៃទី ​១៨ ខែធ្នូ​។

​កម្ពុជា​បាន​ចូល​ជា​សមាជិក​ UN ក្នុង​ឆ្នាំ​ ១៩៥៥ គឺ​រយៈពេល​៩​ឆ្នាំក្រោយ UN​ ត្រូវបាន​បង្កើត​ក្នុង​ឆ្នាំ ​១៩៤៥​ ក្រោយ​សង្គ្រាមលោកលើកទី ​២ ​ត្រូវបាន​បញ្ចប់​។ កម្ពុជា​ចូល​ជា​សមាជិក ​UN រហូតមកដល់​ពេលនេះ​មាន​រយៈពេល​ ៦៨ ​ឆ្នាំ​ហើយ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​​ណែ​ត ក្នុងឱកាស​ខួប ៦៨​ឆ្នាំ ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​ UN កាលពី​ថ្ងៃទី ​១៤ ធ្នូ បាន​លើកឡើងថា បន្ទាប់ពី​កម្ពុជា​បាន​ចូល​ជា​សមាជិក UN កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​សកម្មភាព​ថែរក្សា​សន្តិភាព ស្ថិរ​​ភាព​ដែល​ក្នុង​រយៈពេល​កន្លងទៅនេះ កម្ពុជា​បាន​បញ្ជូន​កង​ទ័ព​មួក​ខៀវ​ទៅ​ក្រៅប្រទេស​ជា​​ច្រើន​នាក់​ផងដែរ ក្នុងនោះ​មាន​ទាំង​កងទ័ព​ជា​ស្ត្រី​ទាំង​ទ័ព​បុរស ទៅកាន់​ប្រទេស​មួយចំនួន​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​ថា​៖ «​កងកម្លាំង​ទ័ព​មួក​ខៀវ​កម្ពុជា ជា​កម្លាំង​ជំនាញ ផ្នែក​វិ​ស្វ​​កម្ម កម្លាំង​ពេទ្យ​កម្រិត​ ២ កម្លាំង​បោសសម្អាត​មីន កម្លាំង​អាវុធ​​ហត្ថ និង​កម្លាំង​កម្ទេច​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ហើយ​កាលពីពេល​ថ្មីៗ​នេះ កម្ពុជា​បានជា​ប់​ជា​ប្រទេស​នាំមុខគេ​ដែល​ផ្តល់ឱកាស​ឱ្យ​នារី​កងទ័ព​មួក​ខៀវ​ទៅ​ចូលរួម​បេសកកម្ម​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ​ទៀតផង​»៕