ភ្នំពេញៈ ​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​លើកទឹកចិត្ត​ឱ្យ​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ខ្នាត​មធ្យម​នៅ​កម្ពុជា ងាក​មកប្រើប្រាស់​ថាមពល​ស្អាត (Green energy) វិញ​ដើម្បី​លើកកម្ពស់​បរិស្ថាន ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ និង​អាច​លើកស្ទួយ​ជីវភាព​កសិករ​ដាំ​ស្វាយចន្ទី​ផងដែរ​។​


​ក្នុងជំនួប​ជាមួយ​ក្រុមហ៊ុន​ជប៉ុន មី​រ៉ាត់​អា​ហ្គ្រី​ធី​ច ខូ​អិ​ល​ធី​ឌី (MirarthAgri Teach Co., Ltd.) កាលពី​ថ្ងៃទី​២៥ ខែធ្នូ​លោក អ៊ាង សុផល្លែត បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន​នេះ ចំពោះ​ការអនុវត្ត​គម្រោង​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ខ្នាត​មធ្យម នៅ​ស្រុក​សំបូរ​ព្រៃ​គុក ក្នុង​ខេត្តកំពង់ធំ តាមរយៈ​ការប្រើប្រាស់​ថាមពល​ស្អាត (Green energy) ដើម្បី​លើកស្ទួយ​ជីវភាព​កសិករ​ដាំ​ស្វាយចន្ទី​នៅ​កម្ពុជា​។​

លោក​រដ្ឋមន្ត្រី​ក៏បាន​គាំទ្រ​ចំពោះ​ក្រុមហ៊ុន​របស់​ជប៉ុន​មួយ​នេះ ដែល​បាន​ជ្រើស​យក​កម្ពុជា ជា​ដៃ​ក្នុង​ការផលិត​គ្រាប់ស្វាយចន្ទី និង​នាំ​កសិផល​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​បាន​ប្រើប្រាស់​ថាមពល​ស្អាត ហើយ​ថាមពល​ស្អាត​នេះ​ទៀតសោត គឺជា​យុទ្ធសាស្ត្រ​ដែលមាន​នៅក្នុង​យុទ្ធសាស្ត្រ​គន្លឹះ យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ២០២៣-២០២៨ តាមរយៈ​ការ​ផ្តោតលើ​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​។ 


យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន លោក​បាន​ថ្លែងថា​៖ «​ក្រសួង​គាំទ្រ​ចំពោះ​ការអនុវត្ត​ថាមពល​ស្អាត (Green energy)​។ លើសពីនេះ ដំណាំ​ស្វាយចន្ទី​ជា​ផ្នែក​មួយ​នៃ​ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ម្យ៉ាងវិញទៀត​ដើម​ស្វាយចន្ទី​ក៏​ជា​ប្រភេទ​ដើមឈើ​ដែល​ជួយ​ស្រូបយក​ឧស្ម័ន​កាបូ​និក និង​ផលិត​ជា​អុក​ស៊ី​ហ្ស៊ែ​ន​ទៅក្នុង​បរិយាកាស​វិញ​»​។​

លោក អ៊ាង សុផល្លែត បាន​បន្ថែមថា កិច្ចសហប្រតិបត្តិការ​នេះ បាន​ឆ្លើយតប​ទៅនឹង​មុំ​ទី​៥​នៃ​យុទ្ធសាស្ត្រ​ស្នូល​ទី​៤ ដែល​បាន​ផ្តោតលើ​ការបន្ត​កសាង​ភាពជា​ដៃគូ​ប្រកបដោយ​បរិ​យាប​ន្ន និង​ស័ក្តិ​សិទ្ធ​ភាព​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​។​
​នា​ជំនួប​ដដែល​នោះដែរ លោក សា​សា​គី កូ​ជី (Sasaki Koji) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មី​រ៉ាត់​អា​ហ្គ្រី​ធី​ច ខូ​អិ​ល​ធី​ឌី (MirarthAgri Teach Co., Ltd.) បានលើកឡើង​ដែរ​ថា ក្រុមហ៊ុន​មាន​គម្រោង​ពង្រីក​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី ដោយ​ប្រើប្រាស់​ថាមពល​ស្អាត (Green energy) បន្ថែមទៀត នៅក្នុង​ខេត្តព្រះវិហារ តាមរយៈ​ការនាំយក​បច្ចេកវិទ្យា​ពី​ប្រទេស​ជប៉ុន សំដៅ​ដល់​ការផលិត​គ្រាប់ស្វាយចន្ទី​ឱ្យបាន​ជាង ២​ម៉ឺន​តោន​ក្នុង ១​ឆ្នាំៗ។​


លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា បច្ចុប្បន្ននេះ មានតែ​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ស្ទឹងត្រែង​មួយ​ទេ ដែល​បាន​ប្រើប្រាស់​ថាមពល​សូ​ឡា ដែលជា​ថាមពល​ស្អាត នៅក្នុង​ដំណើរការ​ខ្សែ​ច្រវាក់​ផលិត​របស់ខ្លួន​។​

លោក​បាន​បញ្ជាក់ថា​៖​​«​ការប្រើប្រាស់​ថាមពល​សូ​ឡា ជួយ​ដល់​បរិស្ថាន ប៉ុន្តែ​យើង​ត្រូវ​ចំណាយ​ច្រើន​ចំពោះ​ការរៀបចំ​ដំបូង ខណៈដែល​បច្ចុប្បន្ន​យើង​មាន​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ខ្នាត​មធ្យម​ប្រមាណ​តែ ៣​ទេ រួមមាន រោងចក្រ​កែច្នៃ​Santana ខេត្តព្រះវិហារ​,​រោងចក្រ Welwilling​ខេត្តកំពង់ចាម និង​MTST ខេត្ត​ត្បូងឃ្មុំ​។ ដោយឡែក សិប្បកម្ម​ខ្នាតតូច ២​ទៀត រួមមាន TPJC ជ័យ​សំបូរ ខេត្តកំពង់ធំ និង​HCST ខេត្តស្ទឹងត្រែង តូច​តែ​ដំណើរការ​ពេញ ១​ឆ្នាំ ខណៈដែល​កម្ពុ​ជាមាន​រោងចក្រ​ទាំងអស់ ៤១»​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក​អួន ស៊ី​ឡុ​ត បាន​បញ្ជាក់ថា មកទល់នឹង​ពេលនេះ លោក​មិនទាន់បាន​សិក្សា​ច្បាស់លាស់ ពី​ថាមពល​ស្អាត ដែល​ប្រើប្រាស់​សម្រាប់​ឧស្សាហកម្ម​ស្វាយចន្ទី​នៅឡើយ​ទេ ខណៈ​បច្ចុប្បន្ន​លោក​កំពុងតែ​ប្រមូល​របាយការណ៍​ពី​សមាជិក​។​

​លោកស្រី មុត ចរិយា ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ស្ទឹងត្រែង បាន​ប្រាប់ឱ្យដឹង​ដែរ​ថា លោកស្រី​បាន​ចំណាយ​លើ​ការដំឡើង​ថាមពល​សូ​ឡា ចន្លោះ​៦ ទៅ ៧​ម៉ឺន​ដុល្លារ ដោយ​ការជ្រើសរើស​ប្រើប្រាស់​ថាមពល​សូ​ឡា ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់​សិប្បក​ម្ម​លោកស្រី​នេះ ក្នុង​គោលដៅ​ជួយ​លើកកម្ពស់​ផ្នែក​បរិស្ថាន​។​

លោកស្រី​បាន​ប្រាប់ថា​៖ «​ការពិតទៅ ការប្រើប្រាស់​ថាមពល​សូ​ឡា វា​ចំណាយ​ច្រើន​បន្តិច​មែន​ពេល​ដំឡើង​ដំបូង ប៉ុន្តែ​វា​ចំណេញ​ជាង​ប្រើប្រាស់​អគ្គិសនី បើ​យើង​ធៀប​គ្នា​ទៅ​។ ម្យ៉ាង យើង​ចង់​រួមចំណែក​កាត់បន្ថយ​បំ​ភាយ​ឧស្ម័ន​ពុល​ទៅក្នុង​បរិយាកាស ដែល​ក្រៅតែពី​ទទួលបាន​ផលចំណេញ​ហើយ យើង​ចង់​គិតគូរ​ដល់​បញ្ហា​បរិស្ថាន​ផងដែរ​»​។​

​បើតាម​លោកស្រី មុត ចរិយា ក្រៅពី​ការប្រើប្រាស់​ថាមពល​សូ​ឡា​ហើយ សិប្បកម្ម​របស់លោក​ស្រី គិតគូរ​ដល់​ការកែច្នៃ​ឡើងវិញ នូវ​សម្បក​គ្រាប់ស្វាយចន្ទី ដែល​កន្លងទៅ​លោកស្រី​ធ្លាប់បាន​ពិភាក្សា​ជាមួយ​សមាគម ​ក្នុង​កែច្នៃ​សម្បក​គ្រាប់ស្វាយ​ចន្ទី ដោយ​កៀប​យក​ប្រេង ឬក៏​កែច្នៃ​ធ្វើជា​ចំណី​សត្វ​ជាដើម​៕