​ភ្នំពេញៈ​ គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ​(​គ​.​ជ​.​ប​)​ បាន​ឯក​ភាព​លើ​សេចក្តី​សម្រេច​ស្តីពី​ការផ្តល់​សុពល​ភាព ​និង​ដាក់​ឱ្យ​ប្រើប្រា​ស់​បញ្ជី​បោះឆ្នោ​ត​ផ្លូវ​ការ​ឆ្នាំ​២០២៣ ​ដែលមា​ន​ឈ្មោះ​អ្នក​បោះឆ្នោ​ត​ចំនួន​ជាង ​៩​លាន​នាក់ ស្មើនឹង ​៨៩,៩២ភាគរយ ​នៃ​ចំនួន​ប្រជា​ពលរដ្ឋ​ដែ​លមាន​អាយុ​១៨ឆ្នាំ​ឡើង​ជាង​១០​លាន​នាក់ ​និង​មាន​ការិ​យាល័យ​បោះ​ឆ្នោតចំនួន​២៤ ០៣៤ កន្លែង។​


​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​(​គ​.​ជ​.​ប​)នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ បាន​ឱ្យដឹ​ងថា ការ​ឯកភាព​នេះ ធ្វើ​ឡើង​បន្ទា​ប់ពី​មាន​កិច្ច​ប្រជុំ ដែល​ដឹកនាំ​ដោយ​លោក ប្រាជ្ញ​ ចន្ទ ប្រ​ធាន ​គ​.​ជ​.​ប និង​បាន​ពិនិត្យ​លើ​ឯក​សារ ​និង​ស្តាប់​របាយ​ការណ៍​របស់​អង្គ​ភាព​ជំនាញ​រួច​។ 

​សេចក្តី​ប្រកាស​បាន​បញ្ជាក់​ទៀត​ថា គ​.​ជ​.​ប ក៏បាន​ឯក​ភាព​លើ​សេចក្តី​ព្រាង​គោល​ការណ៍​ណែ​នាំ​ស្តីពី​ការត្រួតពិ​និត្យ​ផ្ទៀង​ផ្ទាត់ និង​រៀបចំទិន្នន័​យ​អ្នក​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរា​ស្ត្រនីតិកា​ល​ទី​៧ ឆ្នាំ​២០២៣ និ​ង​ឯកភាព​លើ​សេចក្តី​ណែនាំ​ស្តីពី ការងារ​បណ្តុះ​បណ្តាល និង​ការ​ងារ​អប់រំ​អ្នក​បោះឆ្នោ​ត​សម្រាប់​ការបោះឆ្នោ​ត​ជ្រើសតាំ​ង​សមាជិក​ព្រឹទ្ធស​ភានីតិកា​ល​ទី​៥ ឆ្នាំ​២០២៤​។​


​គ​.​ជ​.​ប ​បាន​ឱ្យដឹង​ថា​៖ «​ក្នុង​របៀប​វារៈ​ផ្សេងៗ​របស់​អង្គ​ប្រជុំ គ​.​ជ​.​ប បាន​ពិនិត្យ និង​បាន​ឯក​ភាព​លើ​ខ្លឹមសារ​វីដេអូ​ស្ប៉ត​អប់រំ​គំនូ​រជី​វចល​ ១រឿង ដែលមា​ន​ចំណងជើ​ង​ថា​៖ ការបោះ​ឆ្នោត​​ជ្រើសតាំ​ង​សមា​ជិក​ព្រឹទ្ធ​សភានីតិ​កាល​ទី​៥ ​ឆ្នាំ​២០២៤​។​ នេះ​ជា​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ គ​.​ជ​.​ប ក្នុង​អាណត្តិ​ថ្មី ​បន្ទាប់​ពី គ​.​ជ​.​ប បាន​ចូលកា​ន់​តំណែង​កាល​ពី​ថ្ងៃទី​១៤ ខែធ្នូ​ ឆ្នាំ​២០២៣»​។

​ទាក់​ទង​នឹង​សេចក្តី​ប្រកា​ស​ព័ត៌​មាន​នេះដែ​រ​ លោក ​សោម សូ​រី​ដា ស​មាជិក​​គ​.​ជ​​.​ប​ ក៏បាន​​ឱ្យដឹ​ង​នៅ​ថ្ងៃទី​២​៦ ខែធ្នូ​ដែរ​ថា បញ្ជី​បោះឆ្នោ​ត​ផ្លូវ​ការ​ឆ្នាំ​២០២៣ ​ត្រូវ​បានគ​​.​ជ​.​ប​ពិនិត្យ ​និង​សម្រេច​ជា​ផ្លូវការ​ និង​បញ្ចប់​ជា​ស្ថាពរ ​ដែល​នេះ ​គឺជា​សមិទ្ធ​ផល​មួយរប​ស់គ​.​ជ​.​ប ​សម្រាប់​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​ការបោះ​ឆ្នោត​នៅ​ពេ​ល​ខាង​មុខ​។ 

​លោក​បាន​បន្ត​ថា៖ «​ដោ​យឡែក​ពាក់​ព័ន្ធ​នឹង​ការ​ការត្រួត​ពិ​និត្យ​ផ្ទៀងផ្ទា​ត់ ​និង​រៀប​ចំទិ​ន្នន័យ​អ្នក​បាន​បោះឆ្នោត​​ជ្រើសតាំ​ង​តំណាង​រាស្ត្រ​នី​តិកាល​ទី​៧ ឆ្នាំ​២០២៣​នេះ​ ក៏ត្រូវ​បានគ​.​ជ​.​ប​ សម្រេច​ឱ្យ​នាយក​ដ្ឋាន​ជំនាញ​របស់​គ​.​ជ​.​ប ពិនិត្យ​លើ​ការងារ​នេះដែរ​»​។ 


​សូមប​ញ្ជា​ក់ថា ​ការស​ម្រេច​ផ្តល់​សុពលភា​ព និ​ង​ដាក់ឱ្យ​ប្រើប្រា​ស់​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ​ឆ្នាំ​២០២៣​នេះ ​បន្ទាប់ពី​គ​.​ជ​.​ប ​នៅ​ថ្ងៃទី​២៤ ​ខែវិច្ឆិ​កា ឆ្នាំ​២០២៣​ តា​មរយៈ​ក្រុម​ប្រឹក្សាឃុំ​ សង្កាត់ បា​នបិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង និ​ង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ​ការដាក់​ កា​រទទួ​ល និង​កា​រដោះស្រា​យ​ពាក្យ​បណ្តឹង​ពាក់ព័​ន្ធ​នឹង​បញ្ជី​បោះឆ្នោ​ត​ដំបូងនៅតាម​​សាលាឃុំ​ ស​ង្កាត់​ និង​នៅ​ទីតាំង​ណាមួ​យ​ក្នុង​ឃុំ សង្កាត់ ​ទូទាំង​ប្រទេស​។​

​ដោយ​ឡែ​ក (​គ​.​ជ​.​ប​)ក៏បាន​ចេញ​សេចក្តីជូ​ន​ដំណឹង​ស្តីពី​ការ​ចាប់​ឆ្នោត ​ដើម្បី​កំណត់​លំដាប់​លេខ​រៀង​ឈ្មោះ​គណប​ក្ស​នយោ​បាយ​​នៅលើ​សន្លឹក​ឆ្នោត​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​​សមាជិក​​ព្រឹទ្ធស​ភានីតិ​កាល​ទី​៥ ឆ្នាំ​២០២៤​ ដែល​នឹង​ធ្វើទៅ​នៅ​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ​ខាង​មុខ​។​

​សេច​ក្តីជូ​នដំ​ណឹ​ង​បានឱ្យ​ដឹងថា​ នៅ​ព្រឹក​ថ្ងៃទី​២៨ ​ខែធ្នូ គ​.​ជ​.​ប នឹង​រៀបចំ​ពិធី​ចា​ប់ឆ្នោត​ ដើម្បី​កំណត់​លំដាប់​លេខ​រៀង​ឈ្មោះ គណបក្ស​ន​យោបា​យ​​ឈរ​ឈ្មោះ​បោះឆ្នោត​​នៅលើ​សន្លឹកឆ្នោ​ត សម្រាប់​ការបោះឆ្នោត​​ជ្រើ​សតាំង​សមាជិ​ក​ព្រឹ​ទ្ធសភា​នីតិកា​ល​ទី​៥ ​ឆ្នាំ​២០២៤៕