ភ្នំពេញៈ គណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនៃក្រសួងយុត្តិធម៌ បានបើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស សម្រាប់ឱកាសនៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ថ្ងៃទី៧មករា ឆ្នាំ២០២៤។
យោងតាមហ្វេសប៊ុក ក្រសួងយុត្តិធម៌ បានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី២៦ ខែធ្នូ ដែលដឹកនាំដោយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ព្រមទាំងមានការចូលរួមពីសំណាក់អនុប្រធាន និងសមាជិកនៃគណៈកម្មការថ្នាក់ជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
ក្រសួងបានលើកឡើងថា៖ «បញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដែលត្រូវបានគណៈកម្មការថ្នាក់ជាតិប្រជុំពិនិត្យ និងវាយតម្លៃនាពេលនេះ គឺមានទណ្ឌិតចំនួន ៣៩៨នាក់ ក្នុងនោះមានស្រី ចំនួន ៣៨នាក់ ដែលបានបញ្ជូនមកពីបណ្តាពន្ធនាគាររាជធានីខេត្ត ចំនួន២៣ និងមណ្ឌលអប់រំកែប្រែចំនួន៤»។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែធ្នូថា ចំពោះការវាយតម្លៃ ក្នុងការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិតនេះ គណៈកម្មការពិនិត្យទៅលើកម្រិតទោស ការកែប្រែខ្លួន និងនយោបាយយុតិ្តធម៌របស់រាជរដ្ឋាភិបាល ដែលសំដៅលើបទល្មើសនៅក្នុងសហគមន៍ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
លោក នុត សវនា បានថ្លែងថា៖ «នយោបាយយុត្តិធម៌ ដែលដឹកនាំដោយឯកឧត្តម កើត រិទ្ធ គឺរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់បោសសម្អាតគ្រឿងញៀន។ ដូច្នេះ អ្នកដែលពាក់ព័ន្ធគ្រឿងញៀនមានកម្រិតទោសធ្ងន់ ចាប់ពី ១០ឆ្នាំឡើង មិនត្រូវបានយកមកពិចារណាបន្ធូរបន្ថយ ឬលើកលែងទេ»។
លោកបានបន្ថែមថា លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ពិនិត្យមើលរឿងហិង្សានៅក្នុងសហគមន៍ផងដែរ ដូចជាការប្រើដាវ និងកំាបិតជាដើម ដែលមានការវាយប្រហារគ្មានប្រណីពីជនដៃដល់ ក៏មិនត្រូវពិចារណាស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដែរ។
ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូបានថ្លែងថា ពាក់ព័ន្ធនឹងការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិតនេះ នៅក្នុង ១ឆ្នាំ គឺមាន ៥ដង ទៅតាមព្រះរាជក្រឹត្យ និងច្បាប់ ដោយមិនបានគិតពីការលើកលែងទោសពិសេសរបស់នាយករដ្ឋមន្ត្រីទេ។
ទោះជាយ៉ាងណា លោកបានកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ ការបន្ធូរបន្ថយទោស និងលើកលែងទោស ទណ្ឌិតមានចំនួនតិច ហើយអ្នកដែលលើកលែងទោសនេះ មានសភាពជំងឺធ្ងន់ធ្ងរ។ ជាក់ស្តែងនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបកន្លងមកនេះ បានលើកលែងទោសតែ ១នាក់គត់ ហើយមានជំងឺដំណាក់កាលចុងក្រោយថែមទៀត។
ជាមួយគ្នានេះ លោក អំ សំអាត បានស្នើថា៖ «យើងជាអង្គការសង្គមស៊ីវិល នៅតែទទូចថា ត្រូវធ្វើយ៉ាងណាលើកទឹកចិត្តការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត សុំឱ្យមានតម្លាភាព ដោយមិនមានការរើសអើង តាមលក្ខខណ្ឌនៃច្បាប់ និងគួរតែពិនិត្យផងដែរ ក្រៅពីការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិតនេះ សូមពិនិត្យទៅលើការសាកល្បងរបស់ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដែលដោះលែងអ្នកទោសដែលជិតផុតទោសឱ្យនៅក្រៅឃុំ គួរតែពិនិត្យអាហ្នឹង និងកាត់បន្ថយឱ្យច្រើន ដើម្បីកុំឱ្យចង្អៀតណែននៅក្នុងពន្ធនាគារ»។
សូមរំឭកដែរថា ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ទណ្ឌិតចំនួន ៥៣៨នាក់ ក្នុងនោះស្រីចំនួន៤៣នាក់ ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោស៕