ស្ទឹងត្រែង​/​កំពង់ធំៈ​ «​យើង​ចង់ឱ្យមាន​ការនាំចេញ​គ្រាប់ស្វាយចន្ទី ដែល​ផលិត​នៅក្នុង​ស្រុក​ខ្មែរ ដែល​រសជាតិ​ដើមពី​ស្រុក​ខ្មែរ​ទៅកាន់​ទីផ្សារ​ពិភពលោក​ឱ្យ​ពួកគេ​ស្គាល់​ទាំង​ប្រភពដើម​ ហើយ​មួយទៀត​យើង​ចង់​ជួយ​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រជាកសិករ​ក្នុងប្រទេស​កម្ពុជា​ផ្ទាល់​»​។ នេះ​ជាការ​លើកឡើង​របស់​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​មួយកន្លែង​នៅ​ខេត្តស្ទឹងត្រែង ដែល​បង្ហាញ​បំណង​ចង់​ពង្រីក​ការផលិត កែច្នៃ​គ្រាប់ស្វាយចន្ទី ប្រកបដោយ​គុណ​ភាព​ស្តង់ដា​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។


​ដោយ​ពិនិត្យឃើញថា ស្វាយ​​ចន្ទី​របស់​កម្ពុ​ជាមាន​គុណភាព​ខ្ពស់ មានការ​ប្រមូល​ផល​បាន​ច្រើន​រហូត​ឈរ​នៅ​លំដាប់​ទី​២​លើ​ពិភពលោក ប៉ុន្តែ​ការផលិត​កែច្នៃ នៅ​មិនទាន់មាន​ភាពទូលំទូលាយ ម្ចាស់​អាជីវកម្ម​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​នៅ​កម្ពុជា គ្រោង​បង្កើន​ការ​ផលិត​និង​កែច្នៃ​សម្រាប់​នាំចេញ ដែលជា​ឱកាសល្អ​ក្នុងការ​រកប្រាក់​ចំណូល បង្កើន​សេដ្ឋកិច្ច​សហ​គ​មន៍​និង​លើក​តម្លៃ​កេរ្តិ៍ឈ្មោះ​ស្វាយចន្ទី​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផង​។

​អ្នកស្រី​ មុត ចរិយា ម្ចាស់​សិប្ប​កម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ស្ទឹង​​ត្រែង ដែលមាន​ទីតាំងនៅ​ភូមិ​-​ឃុំ ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អ្នកស្រី​បាន​បង្កើត​សិប្ប​កម្មនេះ​នៅ​ខែតុលា ឆ្នាំ​ ២០២១ ដោយ​ចំណាយ​ទុន​ដំបូង​ ២ ​ម៉ឺន​ដុល្លារ​។ ក្នុង​រយៈពេល​តែ​​ ​២​ ​​ឆ្នាំ​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ស្ទឹងត្រែង បាន​ពង្រីក​ទុន​រហូតដល់​ជិត​ ១​ លាន​ដុល្លារ​។


​តាមរយៈ​ការចេញ​ទៅធ្វើ​បទ​​បង្ហាញ​នៅក្រៅ​ប្រទេស ​និង​បាន​នាំយក​ផលិតផល​ទៅជូន​អន្តរ​​ជាតិ​ភ្លក្សមើល​ដើម្បី​ស្ទង់​ចំណូល​ចិត្ត គ្រាប់ស្វាយចន្ទី​នៃ​សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី​ស្ទឹងត្រែង បានទទួល​បានការ​គាំទ្រ​រសជាតិ​ពី​បណ្តា​ប្រទេស​ជាច្រើន ដូចជា ប្រទេស​ជប៉ុន អាមេរិក អង់គ្លេស ហុងកុង កូរ៉េ អូស្ត្រាលី និង ប្រទេស​ហូ​ឡង់​ជាដើម​។​

​អ្នកស្រី​ ចរិយា ​ប្រាប់ថា បច្ចុប្បន្ន ផលិតផល​សិប្បកម្ម​កែច្នៃ​ស្វាយ​ចន្ទី​ស្ទឹងត្រែង​បាននិងកំពុង​ដាក់​លក់​នៅ​ប្រទេស​ជប៉ុន​ក្នុង​បរិមាណ​តិចតួច​នៅឡើយ ប៉ុន្តែ​នៅ​ឆ្នាំ ២០២៤ ​ខាងមុខនេះ និង​បង្កើន​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន ហុងកុង និង​ហូ​ឡង់ ក្នុង​ទំហំ​ប្រមាណ​ ៦ ០០០​ តោន​។


អ្នកស្រី​ថ្លែងថា​៖ «​យើង​បាន​នាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​ហើយ​គឺ​ប្រទេស​ជប៉ុន តែដោយសារ​យើង​ទើប​ចាប់ផ្តើម​យើង​លក់​នូវ​បរិមាណ​តិចតួច​នៅឡើយ​ទេ ហើយ​ខែ​ ១២​ នេះ​ យើង​ចេញទៅ​ហុងកុង​មួយទៀត ដែលមាន​បរិ​​មាណ​គ្រាន់បើ​ដែរ ចំណែក​ឆ្នាំក្រោយ​ទៅ​ចិន និង​ទៅ​ហូ​ឡង់ ចំណែក​ទីផ្សារ​នៅ​អាមេរិក​យើង​កំពុង​រៀបចំ Warehouse នៅ​ទីនោះ​»​។​

​បច្ចុប្បន្ន​នៅ​កម្ពុ​ជាមាន​អ្នក​ផលិត​កែច្នៃ​គ្រាប់ស្វាយចន្ទី តិចតួច​បំផុត មិនអាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​បានទេ ហេតុនេះ​វិនិយោគិន​ផ្សេងៗ គួរតែ​ធ្វើការ​បណ្តាក់ទុន​ក្នុង​វិស័យនេះ​ឱ្យ​កាន់តែច្រើន ដើម្បី​លើក​ស្ទួយ​ការកែច្នៃ ផលិត ឱ្យ​កាន់​តែមាន​វិសាលភាព​។

អ្នកស្រី មុត​ ចរិយា ​បញ្ជាក់ថា​៖ «​គ្រាប់ស្វាយ​ចន្ទី​មាន​ទីផ្សារ​ខ្លាំងណាស់ ប៉ុន្តែ ចំពោះ​ប្រទេស​កម្ពុជា​របស់​យើង​នៅ​ខ្វះ​បច្ចេកទេស​ក្នុងការ​ផលិត​ទី ​១​។ ទី​២ ​ខ្វះ​ទុនវិនិយោគ​ទាំងអស់​ហ្នឹង ព្រោះ​ស្វាយចន្ទី​ត្រូវការ​បច្ចេកទេស ជាមួយនឹង​ដើមទុន​ធំ​ណាស់​ក្នុងការ​ផលិត​វា បើ​មិន​អ៊ីចឹង​ទេ យើង​មិន​អាចធ្វើ​វា​ទៅ​បានទេ​»​។

​កញ្ញា​ សឿន សុទ្ធ​នី​តា សហ​​ស្ថាបនិក​នៃ​សិប្បកម្ម​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ស្ទឹងត្រែង ថ្លែងថា ការបង្កើន​ការផលិត កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​នេះ គឺ​ដើម្បី​កុំឱ្យ​គ្រាប់​ស្វាយចន្ទី​ខ្មែរ​នាំចេញ​ទាំង​គ្រាប់​ស្រស់​ទៅ​ក្រៅប្រទេស​បន្ថែមទៀត ដែលជា​ហេតុ​ធ្វើឱ្យ​បាត់​អត្តសញ្ញាណ​ឈ្មោះ​ប្រទេស​។ ជាមួយគ្នា​នោះ ក៏​ដើម្បី​បង្កើត​ការងារ ផ្តល់​ចំណូល​ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ផងដែរ​។

កញ្ញា​ថ្លែងថា​៖ «​ពី​ដើមឡើយ​ពលរដ្ឋ​គាត់​ធ្វើ​ចំណាកស្រុក​រក​ការងារ​ធ្វើ ប៉ុន្តែ​នៅពេល​ពួក​ខ្ញុំ​បើក​សិប្បកម្ម​គឺ​ពួកគាត់​មក​ធ្វើការ​នៅទីនេះ អាច​រកចំណូលបាន​រាល់​ខែ មិនបាច់​ពិបាកទៅ​ដាំដំឡូង​ហត់​ចំ​ណាយ​ពេល​ច្រើ​នោះទេ​។ បន្ថែម​លើ​ហ្នឹង​ពួកគាត់​ទទួលបាន​ចំណេះ​ដឹង​បន្ថែម​ច្រើន តាំងពី​ការកែច្នៃ ការផលិត​ស្តង់ដា​អនាម័យ​បរិស្ថាន កុំព្យូទ័រ​និង​ជំនាញ​បើកបរ​ផងដែរ​»​។

​អ្នកស្រី​ អ៊ិន ឡៃ​ហួត ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ នៅ​ខេត្តកំពង់ធំ ក៏បាន​ឱ្យដឹង​ដែរ​ថា ចាប់តាំងពី​បាន​សហការ​ជាមួយ​ដៃគូ​ជប៉ុន​នៅ​ឆ្នាំ​ ២០២០ រហូតដល់​ឆ្នាំ ​២០២៣​ នេះ ផលិតផល​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ជ័យ​សំបូរ បានធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន​ប្រមាណ ៧០ ​តោន និង​ផ្គត់ផ្គង់​ក្នុងស្រុក​ប្រមាណ ៣០ តោន​។

ដោយឡែក​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ​មិនទាន់មាន​ការនាំចេញ​នៅឡើយ​ទេ ព្រោះ​កំពុងស្ថិត​ក្នុងការ​​ស្នើសុំ​ការបញ្ជាក់​វិញ្ញាបនបត្រ​ស្តង់ដា​ជាថ្មី​ដែល​ត្រូវធ្វើ ​១ ​ឆ្នាំ​ម្តង​។ នៅ​ឆ្នាំ ២០២៤ ​ខាងមុខ​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ នឹង​ពង្រីក​ទីតាំង​សិប្បកម្ម​បន្ថែម​ឱ្យបាន​ធំ​ជាង​មុន និង​ធ្វើ​ការនាំ​ចេញ​ឱ្យបាន ១៥០០​ តោន​។ ជាមួយគ្នា​នោះ​អ្នកស្រី​ក៏​គ្រោង​នឹង​ត្រៀម​ផលិត​សម្រាប់​ទីផ្សារ​ក្នុងស្រុក​ផងដែរ​ព្រោះ​បច្ចុប្បន្ន​ទីផ្សារ​ក្នុងស្រុក​មាន​ដល់ ៧០ ​ភាគរយ​។

​អ្នកស្រី​ថ្លែងថា​៖ «​នៅ​ឆ្នាំ​ ២០២៤ គឺ​យើង​គ្រោង​ពង្រីក​ទីតាំង​នេះ​ឱ្យ​កាន់តែ​ធំ​ជាង​មុន​និយាយឱ្យចំ​ទៅ​ថា ទំហំ​ផលិត​របស់​យើង​ធ្វើយ៉ាងណា​ឱ្យបាន​ ៣ តោន​ ក្នុង ​១​ ថ្ងៃ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្រៅ​ប្រទេស និង​ក្នុងប្រទេស​ផងដែរ​។ បច្ចុប្បន្ន​យើង​ធ្វើ​នៅមានកម្រិត​នៅឡើយ​ដោយសារ​ទីតាំង​យើង​នៅ​តូច ហើយ​កញ្ចប់​ថវិកា​មិនទាន់​គ្រប់គ្រាន់​»​។

ចំពោះ​ការប្រមូលទិញ​គ្រាប់ស្វាយចន្ទី​ ដើម្បី​ធ្វើការ​ផលិត​នេះ អ្នកស្រី​មាន​ជំនឿ​ជាក់​ថា នឹង​អាច​ប្រមូល​ទិញ​បាន​គ្រាប់ស្វាយចន្ទី​ដែលមាន​ស្តង់ដា​គ្រប់គ្រាន់ សម្រាប់​យកទៅ​ផលិត​ឱ្យ​ត្រូវ​តាម​ស្តង់ដា ព្រោះ​កន្លងមក​ធ្លាប់មាន​បទ​ពិ​សោធន៍​ផ្ទាល់​ជាមួយ​សហគមន៍​កសិក​រ​ដែលមាន​ស្រាប់​។

​ក្នុងនាម​ជា​សហគ្រិន​ស្ត្រី​ម្នាក់​អ្នកស្រី អ៊ិ​ន ឡៃ​ហួត​ បានបង្ហាញ​អារម្មណ៍​មោទនភាព ដែល​បាន​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​នាំយក​ផលិតផល​ស្វាយចន្ទី ដែល​ដាំ​ដោយ​ដៃ​ក​សិ​ករ​ខ្មែរ​ទៅ​ដាក់លក់​នៅលើ​ទីផ្សារ​អន្តរជាតិ ដែល​មិន​ត្រឹមតែ​ប្រទេស​ជប៉ុន​នោះទេ អ្នកស្រី​នឹង​ពង្រីក​ទីផ្សារ​លក់ដូរ​ទៅកាន់​សហ​គ​មន៍​អឺរ៉ុប អាស៊ាន និង​កូរ៉េ​ផងដែរ​។​

​អ្នកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​នៅតែមាន​មហិច្ឆតា​ពង្រីក​បន្ថែម​ហើយ​ខ្ញុំ​នឹងចូលរួម​ផ្សព្វផ្សាយ​ក៏ដូចជា​ចូលរួម​បង្កើត​ការងារ​បន្ថែមទៀត​ដល់​ប្រជាពលរដ្ឋ ក្នុងភូមិ​ឃុំ ហើយ​យើង​នឹង​សហការ​ជាមួយ​ក្រុម​កែច្នៃ​តូចៗ ដើម្បី​ឱ្យបាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ជាមួយគ្នា​»​។

​លោក លី គឹម​ស៊ុយ ជា​ម្ចាស់​ចម្ការ​ស្វាយចន្ទី នៅ​ភូមិ​និម្មិត ឃុំ​ទីពោ ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​លើកឡើងថា ការបង្កើន​ការផលិត កែច្នៃ​គ្រាប់ស្វាយចន្ទី​ក្នុងស្រុក​គឺជា​រឿង​ល្អ​។ ទី​១ ការពង្រីក​កន្លែង​ផលិត កែច្នៃ គឺ​អំណោយផល​ដល់​ប្រជាកសិករ​ក្នុងការ​លក់ដូរ​គ្រាប់ស្វាយចន្ទី ទី​២ ការផលិត​កែច្នៃ ដែលមាន​ស្តង់ដា​ត្រឹមត្រូវ ធ្វើឱ្យ​ចន្ទី​កម្ពុជា​កាន់តែ​មានតម្លៃ និង​មានការ​ទទួលស្គាល់​នៅ​ទីផ្សារ​អន្តរជាតិ​។

ក្នុងនាម​ជា​កសិករ​ដាំ​ស្វាយចន្ទី​ម្នាក់ លោក​ចង់ឱ្យមាន​រោងចក្រ​ផលិត កែច្នៃ​គ្រាប់ស្វាយចន្ទី​ក្នុង​មូលដ្ឋាន ទោះបី​បច្ចុប្បន្ន ស្វាយចន្ទី​មិន​ខ្វះ​ទីផ្សារ​យ៉ាងណាក៏ដោយ លោក​នៅតែ​មានបំណង​ផ្គត់ផ្គង់​គ្រាប់ស្វាយ​​ចន្ទី​ទៅឱ្យ​រោងចក្រ​ក្នុងស្រុក ព្រោះ​ងាយស្រួល​និង​ច្បាស់លាស់​ជាង​ការលក់ដូរ​ទៅឱ្យ​កូនកញ្ច្រែង​ដើរ​ប្រមូល​ទិញ​។ 

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ផ្ទាល់​ដែលមាន​ចម្ការ​ស្វាយ​ចន្ទី​​ ​១៩ ហិកតា បើសិនជា​អ្នកមាន​លុយ​គាត់​អាចបង្កើត​រោងចក្រ​កែច្នៃ​ផលិត​គ្រាប់ស្វាយចន្ទី ក្នុង​មូលដ្ឋាន​របស់​យើង ភាគច្រើន​ខ្ញុំ​អត់​អាច​លក់​ឱ្យទៅ​កូនកញ្ច្រែង​ទេ គឺ​ខ្ញុំ​លក់​ទៅ​កន្លែង​ដែល​កែច្នៃ​នោះ​តែម្តង​»​។​

​លោក​ ស៊ុយ កុក​ធាន អនុ​ប្រ​​ធាន​សមាគម​ស្វាយចន្ទី បានឱ្យដឹងថា តាម​ការកត់សម្គាល់រ​បស់​លោក​មួយ​រយៈពេល​ចុងក្រោយ​នេះ​មាន​អ្នកមាន​ធនធាន​មួយចំនួន​បាន បែរមក​ចាប់អារម្មណ៍​លើ​ការវិនិយោគ​លើ​ស្វាយចន្ទី ដោយ​អ្នក​ទាំង​នោះបាន​ណាត់ជួប​ជា​​មួយ​សមាគម​ស្វាយចន្ទី​ជា​ញឹក​ញាប់​ដើម្បី​ស្វែងយល់​បន្ថែម ហេតុនេះ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ នឹងមាន​វិនិយោគិន​ក្នុងស្រុក​អាចធ្វើ​ការវិនិយោគ​ច្រើន​ទៅលើ​ការ​​កែច្នៃ គ្រាប់ស្វាយចន្ទី​។ បើតាម​លោក​កុក​ធាន​កម្ពុជា​អាច​នឹង​ក្លាយ​អធិរាជ​ស្វាយចន្ទី​ដែល​មានន័យថា ជា​ប្រទេស​ដែលមាន​ស្វាយ​​ចន្ទី​ល្អ​ជាងគេ​លើ​ពិភពលោក ពោលគឺ​គុណភាព​គ្រាប់ស្វាយ​ចន្ទី​កម្ពុជា​មិនមាន​ប្រទេស​ផ្សេង​ណា​មាន​នោះទេ​។ 

​លោក​ថា​៖ «​អ្វីដែល​ខ្ញុំ​រំពឹងទុក​មែនទែន​នោះ​គឺ​គុណភាព​ស្វាយចន្ទី​របស់​កម្ពុជា​យើង​គឺ​នៅលើ​ពិភពលោក​អត់​​មាន​អ្នកណា​ប្រៀប​បានទេ ប៉ុន្តែ​គ្រាន់តែ​នៅ​ចំណុច​តូច​មួយ​ដែល​យើង​ត្រូវ​កែច្នៃ​ផលិតផល​ដែល​ល្អ​របស់​យើង​ហ្នឹង ឱ្យ​ក្លាយជា​ផលិតផល​ដែល​គេ​ទទួលស្គាល់​លើ​ពិភពលោក​»​។​

​បច្ចុប្បន្ន​ទុនវិនិយោគ​លើ​វិស័យ​ស្វាយចន្ទី​នេះ​មិនមាន​បញ្ហា​ចោទ​នោះទេ​ដោយ​សារ​តែ​រាជរដ្ឋាភិបាល​បានដាក់​បញ្ចូល​កញ្ចប់​ថ​វិកា​ក្នុង​វិស័យនេះ ដោយមាន​ធនាគារ ARDB និង SME ហើយ​ក្រសួងកសិកម្ម​ក៏មាន​ទុន​ជួយ​ប្រមាណ​ ​​​១០០​​ ​លាន​ដុល្លារ​ថែមទៀត​ជុំវិញ​ការជំរុញ​កសិកម្ម​ល្អ​នៅ​កម្ពុជា​។

ទន្ទឹមនេះ ដៃគូ​អភិវឌ្ឍន៍​ក៏មាន​ចំណែក​ទុន​ធំៗ​ក្នុង​ការជួយ​គាំទ្រ​លើ​វិស័យនេះ ផងដែរ​។ លោក​ថ្លែងថា​៖«​អ្វីដែល​យើង​ធ្វើ​គឺ​យើង​ធ្វើយ៉ាងណា​ឱ្យ​ប្រជាកសិករ​របស់​យើង​អាច​យល់ដឹង ពី​ការងារ​ហ្នឹង [​កម្ពុ​ជាមាន​ស្វាយចន្ទី ល្អ​ជាងគេ​លើ​ពិភពលោក​] ហើយ​អ្នក​កែ​​ច្នៃ​របស់​យើង​អាច​យល់ដឹង​ពី​បញ្ហា​ទាំងអស់​ហ្នឹង​ដែរ​»​។​

​កញ្ញា​ អ៊ឹ​ម រចនា អនុ​រដ្ឋលេខា​​ធិ​ការ និង​ជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យដឹងថា ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្វាយ​ចន្ទី​នៅ​កម្ពុ​ជាមាន​ទំហំធំធេង ប៉ុន្តែ​បច្ចុប្បន្ន ការដាំដុះ​មាន​ប្រមាណ​តែ​​ ៧០ ​ម៉ឺន​ហិកតា​ប៉ុណ្ណោះ​ដែល​អាច​ផ្តល់​ផល​ជា​មធ្យម​ប្រមាណ ១ ​លាន​តោន ​ក្នុង​ ១ ឆ្នាំ ដែល​ផល​នេះ​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​ច្រើនជាងគេ​។ ថ្វីបើ​កម្ពុជា​មិន​ខ្វះ​ស្វាយចន្ទី​សម្រាប់​នាំចេញ ក៏ដូចជា​ការផ្គត់ផ្គង់​ក្នុងស្រុក​ក៏ដោយ​ប៉ុន្តែ​បញ្ហា​នៅត្រង់ថា កម្ពុជា​នៅ​មិនទាន់​សម្បូរ​អ្នក​ផលិត កែច្នៃ គ្រាប់ស្វាយចន្ទី ដែលមាន​គុណភាព​ស្តង់ដា​សម្រាប់ធ្វើ​ការនាំចេញ​ទៅ​ក្រៅប្រទេស​។

​កញ្ញា​បញ្ជាក់ថា​៖ «​អ្វីដែល​យើង​ចង់បាន​គឺ​ធ្វើ​ម៉េច​ជំរុញឱ្យមាន​ការកែច្នៃ​ធ្វើ​ម៉េច​ឱ្យ​ទីផ្សា​ត​ស្វាយ​ចន្ទី​និង​ស្ថិតនៅក្នុង​ស្រុក​យើង​ទាំងអស់​បើ​អាចធ្វើ​ទៅបាន​យើង​ផលិត​នៅក្នុង​ស្រុក ​១​ លាន​តោន យើង​កែច្នៃ​ក្នុងស្រុក ​១​ លាន​តោន ឬ​បើ​ល្អ​ជាង​ហ្នឹង​ទៀត​យើង​នាំចូល​មកហើយ​កែច្នៃ​នាំទៅ​ក្រៅប្រទេស​វិញ​»​។

បើតាម​អ្នក​នាំ​ពាក្យ​ក្រសួងកសិកម្ម កន្លងមក​ការរារែក​ចិត្ត​ពី​សំណាក់​អ្នក​វិ​និ​យោគ ក្នុងការ​បណ្តាក់ទុន​លើ​វិស័យនេះ ដោយសារតែ មិនមាន​តុល្យការ​ក្នុងការ​ផ្គត់ផ្គង់​គ្រាប់​ស្វាយចន្ទី​ពី​កសិករ ហេតុនេះ​អា​ណ​ត្តិ​ថ្មី​នេះ​ជា​ដំណោះស្រាយ ក្រសួងកសិកម្ម​បង្កើត​សហគមន៍​កសិកម្ម​ទំនើប ដែល​ចងភ្ជាប់​គ្នា​រវាង​អ្នក​ដាំ​ដុះ អ្នកប្រមូល​ទិញ និង​សហគ្រាស​កែច្នៃ​៕